ថ្វីត្បិតតែច្បាប់ថ្មី ស្តីពីគណបក្សនយោបាយ បានផាត់លោក សម រង្ស៊ី ចេញដាច់ស្រឡះពីគណបក្សសង្គ្រោះជាតិ ហើយក្តី ប៉ុន្តែលោក សម រង្ស៊ី នៅតែសកម្មក្នុងកិច្ចការនយោបាយ លើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន បន្តចែកចាយ នៅលើបណ្តាញសារព័ត៌មានជាច្រើន ដែលជាសារដ៏ធំទូលាយ ទៅកាន់អ្នកគាំទ្របក្សប្រឆាំងដដែល។ ច្បាប់គណបក្សនយោបាយថ្មី កើតឡើងតាមការចង់បានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមេដឹកនាំផ្តាច់ការនៅកម្ពុជា។ ច្បាប់ថ្មីនេះ ធ្វើឡើងដើម្បីរឹតបន្តឹង សកម្មភាពការងារគណបក្សប្រឆាំង បង្ខំឲ្យដើរលើមាត់ជ្រោះដ៏គ្រោះថ្នាក់ និងជាការបង្ខំលោក សម រង្ស៊ី លែងឲ្យពាក់ព័ន្ធ នឹងជីវភាពនយោបាយ ជាមួយគណបក្សប្រឆាំង។
លោក សម រង្ស៊ី បានបង្ខំចិត្តលាឈប់ពីប្រធានគណបក្សសង្គ្រោះជាតិ កាលពីខែ កុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីលោក ហ៊ុន សែន ព្រមានរំលាយគណបក្សប្រឆាំងនេះ ហើយក៏ព្រមានរឹបអូសទីស្នាក់ការគណបក្ស នៅចាក់អង្រែលើ ភ្នំពេញ និងដីធ្លីមួយដុំ នៅក្រុងព្រះសីហនុ ដែលជាកម្មសិទ្ធិរបស់ភរិយារបស់លោក ។ លោក សម រង្ស៊ី សព្វថ្ងៃភៀសខ្លួននយោបាយ នៅប្រទេសបារាំង ចាប់តាំងពីរដ្ឋសភា លោក ហេង សំរិន ដកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់លោក កាលពីពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ ២០១៥ ហើយត្រូវតុលាការភ្នំពេញ ចោទប្រកាន់ទោស«នយោបាយ» ជាច្រើនករណី។
(អត្ថបទបន្ថែមដោយលោក ម៉ែន ណាត)
វិភាគ៖ គណបក្សប្រឆាំងស្ថិតនៅលើផ្លូវតូចចង្អៀតទៅកាន់ការបោះឆ្នោត
(VOD News, ដោយ លោក អុឹង ប៊ុនថន, 18-8-2017)
នៅសល់ពេលតែមួយឆ្នាំទៀតប៉ុណ្ណោះ ការបោះឆ្នោតថ្នាក់ជាតិដើម្បីជ្រើសរើសតំណាងរាស្ត្រ ឬហៅម្យ៉ាងទៀតថា ដើម្បីរើសមេដឹកនាំរដ្ឋាភិបាល ឬនាយករដ្ឋមន្រ្តី នឹងចូលមកដល់ ពោលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ខណៈពេលនេះ គណបក្សប្រឆាំង និងគណបក្សនៅក្រៅរដ្ឋាភិបាលជាច្រើន កំពុងតែស្ថិតនៅលើផ្លូវតូចចង្អៀតមួយ ដែលអ្នកវិភាគមើលឃើញថា «ត្រូវបានគណបក្សកាន់អំណាច បង្រួមផ្លូវឲ្យដើរនៅលើមាត់ជ្រោះដ៏គ្រោះថ្នាក់មួយ»។
ផ្លូវតូចចង្អៀតទៅកាន់ការបោះឆ្នោត តាមបែបប្រជាធិបតេយ្យនៅកម្ពុជា សម្រាប់ក្រុមគណបក្សមិនកាន់អំណាច ត្រូវបានបង្ហាញឲ្យឃើញកាន់តែច្បាស់នៅពេលកន្លងទៅថ្មីៗនេះ។
ការធ្វើវិសោធនកម្ម ឬកែច្បាប់ស្តីពីគណបក្សនយោបាយ ជាលើកទី២ តាមការចង់បានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការផាត់លោក សម រង្ស៊ី មិនឲ្យឈរនៅពីក្រោយគណបក្សសង្រ្គោះជាតិ គឺត្រូវបានអ្នកវិភាគកត់សំគាល់់ថា «ជាសម្ពាធដ៏ធំមួយ សម្រាប់គណបក្សសង្រ្គោះជាតិ» ក្នុងការហ្វឹកហាត់មុនឡើងសង្វៀនប្រកួតផ្តាច់ព្រាត់ នៅឆ្នាំ២០១៨។
ស្របពេលច្បាប់ដ៏ចម្រូងចម្រាស់នេះត្រូវបានគេអនុវត្ត គណបក្សសង្រ្គោះជាតិ កំពុងតែដុតដៃដុតជើង លុបរូបភាពលោក សម រង្ស៊ី ចាប់ដៃលើកឡើងលើជាមួយលោក កឹម សុខា ចេញពីស្លាកគណបក្សរបស់ខ្លួន ដោយរក្សាទុកតែរូបសញ្ញាព្រះអាទិត្យប៉ុណ្ណោះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការដករូបលោក សម រង្ស៊ី ចេញពីស្លាកគណបក្សសង្គ្រោះជាតិវិញនេះ លោកវិភាគថា គណបក្សនេះ អាចនឹងធ្លាក់ចុះប្រជាប្រិយភាពបន្តិចវិញ បើអ្នកមានភក្តីភាពនឹងលោក សម រង្ស៊ី គ្មានជំនឿលើក្បាលម៉ាស៊ីនដឹកនាំថ្មី។ លោកថា៖ «គណបក្សសង្គ្រោះជាតិ វាចេញពីឫសគល់សំខាន់ គឺអ្នកហែហម ដែលឲ្យតម្លៃខ្លាំងទៅលើលោក សម រង្ស៊ី ។កាលណាដករូបលោកចេញទៅ ធ្វើឲ្យអ្នកគាំទ្រហ្នឹង គិតថា លោក សម រង្ស៊ី បានដាច់ស្រឡះពីគណបក្សសង្គ្រោះជាតិ។ ដូចនេះ ប្រជាប្រិយភាពហ្នឹង វាអាចថមថយខ្លះ។ ប៉ុន្តែវាមិនទាំងស្រុងទេ ដោយសារតែបរិបទ បរិយាកាស [បច្ចុប្បន្ន]នេះ គណបក្សប្រជែង [បក្សប្រឆាំង] នឹងបក្សកាន់អំណាច អត់មានគណបក្សណាធំ ដូចគណបក្សសង្គ្រោះជាតិទេ»។
ដោយសារតែគណបក្សសង្រ្គោះជាតិ ស្ថិតនៅលើផ្លូវមួយ ដែលត្រូវបានគេគូសឲ្យដើរយ៉ាងប្រយ័ត្នប្រយ៉ែងនោះ ប្រធានគណបក្សសង្រ្គោះជាតិ បានប្តូរវិធីសាស្ត្ររិះគន់តាមវេទិកាជាសាធារណៈ ទៅជាយុទ្ធសាស្ត្រ «មិនឈ្លោះ មិនឆ្លើយ មិនឆ្លង»។
អ្នកវិភាគនយោបាយ លោក ឆាំ ប៊ុនថេត លើកឡើងថា ជាការល្អទៅវិញទេ ដែលគណបក្សសង្គ្រោះជាតិ ចេះសម្របខ្លួនតាមស្ថានការណ៍នយោបាយ។
លោក ឆាំ ប៊ុនថេត វិភាគទៀតថា ការសម្រេចចិត្តបែបនេះ នឹងធ្វើឲ្យអ្នកគំាទ្រកាន់តែមើលឃើញច្បាស់ថា គណបក្សប្រឆាំងនេះ មិនមែនជា របស់បុគ្គលណាមួយផ្តាច់មុខនោះទេ ហើយពឹងផ្អែកតែមេដឹកនាំម្នាក់ ឬពីរនាក់នោះឡើយ ពោលគឺត្រូវបង្កើតគោលនយោបាយដោះស្រាយបញ្ហាជាតិ ឆ្លើយតបនឹងបញ្ហាសង្គមពិតៗ។ លោកថា៖ «អញ្ចឹងបើសិនក្នុងចេតនាចង់ដោះស្រាយវិបត្តិជាតិ គួរជជែករឿងគោលការណ៍ជាតិឲ្យបានច្រើន ថាតើជាតិត្រូវដោះស្រាយរបៀបណា? ដើម្បីឲ្យមានសេដ្ឋកិច្ចប្រសើរឡើង ដើម្បីឲ្យមានសន្តិសុខជាងមុន ដើម្បីឲ្យមានប្រព័ន្ធយុត្តិធម៌ល្អជាងមុន ហើយឈប់យកអាចំណុចជាទង្វើអាក្រក់របស់អ្នកដទៃ មកធ្វើជាចំណុចខ្លាំងខ្លួនឯង ដោយមិនបានកសាងអាសេចក្តីខ្លាំងខ្លួនឯង»។
គួរកត់សំគាល់ថា ឲ្យតែជិតដល់ពេលបោះឆ្នោតម្តងៗ មេដឹកនាំគណបក្សប្រឆាំង តែងតែចុះជួបពលរដ្ឋនៅតាមមូលដ្ឋានយ៉ាងសកម្ម ជាពិសេសជួបកម្មករ នៅតាមបណ្តារោងចក្រ ដោយឆ្លៀតបង្ហាញនូវគោលនយោបាយរបស់គណបក្សទៀតផង។ ប៉ុន្តែពេលនេះ សកម្មភាពទាំងនោះរបស់គណបក្សសង្រ្គោះជាតិហាក់បានថមថយជាងមុន ដោយសារតែលោក សម រង្ស៊ី ត្រូវបានគេផាត់ចេញគណបក្ស ហើយរស់នៅក្រៅប្រទេស។
យ៉ាងណាក៏ដោយ សកម្មភាពចុះជួបពលរដ្ឋនៅតាមមូលដ្ឋាននេះ ត្រូវបានជំនួសមកវិញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយលោកក៏គ្រោងចុះជួបកម្មករ នៅតាមបណ្តារោងចក្រដែរ។
សម្រាប់គណបក្សសង្រ្គោះជាតិ ដែលពេលនេះត្រូវបានគេ កាត់ដៃម្ខាងចេញ (មិនឲ្យលោក សម រង្ស៊ី ធ្វើនយោបាយ) ហើយថែមទាំងមិនសូវមានថវិកាសម្បូហូរហៀរផងនោះ គឺមានតែពឹងលើទឹកចិត្តពលរដ្ឋដែលយល់ពីស្ថានភាពនេះ។
ចំណែកការចាប់ខ្លួន លោក ញឹក ប៊ុនឆៃ និងលោក សួន សេរីរដ្ឋា គឺត្រូវបានអ្នកវិភាគកត់សំគាល់់ថា ជាសញ្ញាគំរាមមិនឲ្យអ្នកគាំទ្រគណបក្សខ្មែរួបរួមជាតិ និងអ្នកគាំទ្រគណបក្សអំណាចខ្មែរ ងាកទៅគាំទ្រគណបក្សសង្រ្គោះជាតិ ស្របពេលដែល លោក ញឹក ប៊ុនឆៃ បានទាក់ទងជាមួយ លោក អេង ឆៃអ៊ាង ហើយលោក សួន សេរីរដ្ឋា ប្រកាសមិនចូលរួមបោះឆ្នោតជាតិ ឆ្នាំ២០១៨។
ថ្វីត្បិតតែមិននិយាយចំៗ ករណីចាប់ខ្លួនលោក ញឹក ប៊ុនឆៃ និងលោក សួន សេរីរដ្ឋា តែលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី ១៣ ខែសីហា បានសរសេរថា «សូមកុំចូលលេងល្បែងរបស់គេ សូមធ្វើតែអ្វី ដែលយើងត្រូវធ្វើតាមរយៈ ផែនការសកម្មភាព ដែលយើងកំណត់នេះទៅបានហើយ»។
ផែនការយុទ្ធសាស្រ្ដ របស់លោក កឹម សុខា គឺគណបក្សសង្រ្គោះជាតិ មិនធ្វើអ្វីឲ្យ “ប្រជាពលរដ្ឋខ្មែរ មានការភ័យខ្លាច” និង “មិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិជាដាច់ខាត” ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “អហិង្សា និងផែនការជាវិជ្ជមាន” ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ យល់ថា ការដែលគណបក្សប្រឆាំង រក្សាភាពស្ងៀមស្ងាត់ មិនឆ្លើយឆ្លងនៅពេលនេះ អាចធ្វើឲ្យពលរដ្ឋខ្លះខកចិត្ត ប៉ុន្តែក្នុងកាលៈទេសៈនេះ លោកថា មិនចាំបាច់តបត នាំខាតពេលនោះទេ។ លោកយល់ថា «ក្រែងលោគេមានយុទ្ធសាស្ត្រថា មួយស្របក់នេះ គឺពាក្យខ្មែរថាសម្ងំយកពឹស ក៏មិនដឹងដែរ ហើយដល់ពេលធ្វើយុទ្ធនាការបោះឆ្នោតផ្លូវការចេញមក ក៏ខ្ញុំមិនដឹងដែរ»។
អ្នកវិភាគកត់សំគាល់ថា យុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា គឺអាងលើកម្លាំងទ័ពក្នុងដៃ ការប្រើប្រាស់ធនធានទាំងមនុស្ស និងហិរញ្ញវត្ថុសម្បូរបែប រួមទាំងយុទ្ធសាស្ត្រគំរាមកំហែងផងដែរ។
យុទ្ធសាស្ត្រគំរាមកំហែងនេះ ត្រូវបានរបាយការណ៍ស្ទង់មួយ រកឃើញថា នៅតែមានប្រសិទ្ធិភាពទៅលើពលរដ្ឋ ដែលធ្លាប់ឆ្លងកាត់សង្រ្គាម ពោលគឺមនុស្សដែលមានវ័យចំណាស់ៗ ប៉ុន្តែសម្រាប់យុវជន ដែលមិនធ្លាប់ឆ្លងកាត់សង្រ្គាម គឺការប្រើយុទ្ធសាស្ត្រគំរាមនេះ មិនមានប្រសិទ្ធភាពទេ៕
.