អត្ថបទ The Cambodia Daily / 05th-12-2020

អនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិត​ដើម្បី​​លទ្ធិ​​ប្រជា​ធិបតេយ្យ បាន​លើក​ឡើង​ថា យុទ្ធវិធី​ល្អ​បំផុត​ នៃ​ក្រុម​ប្រឆាំង សម្រាប់​​អ្នក​ដែល​រស់នៅ​ក្រៅ​ប្រទេស ត្រូវ​នាំគ្នា​ប្រកាស​គាំទ្រ​អ្នកខាង​ក្នុងស្រុក ឲ្យ​រៀបចំ​បណ្ដាញ​អ្នកគាំទ្រ​របស់​ខ្លួន​ឡើង​វិញ ​ដើម្បី​ប្រកួត​ប្រជែង​បន្ត​ទៀត។

អ្នកវិភាគ​នយោបាយសង្គម និង​ជាអនុប្រធាន​​ក្រុមប្រឹក្សា​​ភិបាល​​នៃ ចលនា​និស្សិត​​ដើម្បី​​លទ្ធិ​​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​អះអាង​ថា សម្រាប់​ក្រុមប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​​រស់នៅ​ក្រៅ​ប្រទេស មាន​តែ​វិធី​សម្រប​សម្រួល សុំ​បើក​ផ្លូវ​ចូល​មក​ក្នុង​ស្រុក​វិញ ខណ:​អ្នក​ខាង​ក្នុង​ស្រុក ត្រូវ​រក​ឱកាស​ពង្រឹង​បណ្តាញ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ផង​ដែរ។

លោក {គឹម សុខ} បញ្ចាក់ថា ជម្លោះ​នយោបាយ​នៅ​កម្ពុជា នឹង​​មិន​​មាន​​ការ​ចរចា​ជាផ្លូវ​ការ ដើម្បី​ដោះ​ស្រាយ​បញ្ចប់​វិបតិបត្តិ​នោះ​ទេ ប៉ុន្តែ​នឹង​អាច​មាន​ការ​ប្រែ​ប្រួល​ខ្លះ ដោយ​សារ​ស្ថានការណ៍​ជ្រួលច្របល់​ជិត​ដល់​ពេល​បោះឆ្នោត នៅ​អាណត្តិ​បន្ទាប់ ដែល​លោក ហ៊ុន សែន អាច​នឹង​បន្ធូរ​បន្ថយ​ភាពតានតឹ​ងខ្លះ តាម​យុទ្ធសាស្ត្រ​របស់​គាត់។ ការអះអាង​នេះ ធ្វើ​ឡើង​​បន្ទាប់​ពី​​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍ ដើម្បី​រកការចរចា​ផ្សះផ្សា​នយោបាយ ជាមួយ​លោក ហ៊ុន សែន កាល​ពីថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ។

គណបក្ស​សង្គ្រោះជាតិ កាល​ពីថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​​ចេញ​​សេចក្តី​ប្រកាស​​ព័ត៌មា​នមួយ ដោយ​អះអាង​ថា អ្នកស្រី មួរ សុខហួរ នឹង​ដឹកនាំ​ថ្នាក់​ដឹកនាំ ព្រមទាំង​សកម្មជន​គណបក្ស​ប្រឆាំង {ភាគី​លោក សម រង្ស៊ី} ធ្វើ​មាតុភូមិ​និវត្តន៍ រក​ការចរចា​នយោបាយ និង​ផ្សះផ្សា​ជាតិ ដើម្បី​បញ្ចប់​វិបតិបត្តិ​នយោបាយ​ ដែល​កំពុង​ជាប់​គាំង​សព្វថ្ងៃ​នេះ។ {គម្រោង​ធ្វើ​មាតុភូមិ​និវត្តិន៍​នេះ សន្យា​ថា​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២១ ខាង​មុខ}។

ទោះជា​យ៉ាងណា​ក៏ដោយ ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ផែនការ​ធ្វើមាតុភូមិ​និវត្តន៍​ ដែល​បាន​ប្រគល់​ឲ្យ​អ្នកស្រី មួរ សុខហួរ ដឹកនាំ​​​រក​ការ​ផ្សះផ្សា​ជាតិ ដោយ​ផ្អែក​លើ​ភាព​ទន់​ភ្លន់​​របស់​អ្នកស្រី ជំនួស​លោក សម រង្ស៊ី ហាក់​ដូចជា​ទាត់ចោល​ស្មារតី​បង្រួប​បង្រួម​ជាតិ និង​នយោបាយ​អហិង្សា​របស់​លោក កឹម សុខា ដែល​កំពុង​រង​ទុក្ខវេទនា​ម្នាក់ឯង​ នៅ​ក្នុង​ប្រទេស។

ចំណែកអ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា បើ​អ្នក​នយោបាយ និង​អ្នក​ដឹកនាំ​ខ្មែរ​​ប្រកាន់​​ចរិត​នយោបាយ ​មាន​មួយ​​អត់មួយ មានឯង​អត់​អញ នោះ​បញ្ជាក់​ថា ពួកគេ​មិន​មែន​ជា​អ្នក​នយោបាយ​ដែល​ទ្រទ្រង់​លទ្ធិ​ប្រជា​ធិបតេយ្យ​នោះ​ទេ

.

.