ពីគេហទំព័រវិទ្យុមណ្ឌលព័ត៌មានស្ត្រី WMC /អត្ថបទដោយ នួន បូរិន /០៣ កក្កដា ២០២០
ក្រោយពីសហគមន៍អាស៊ានដែលមានប្រទេសវៀតណាម ជាប្រធានឆ្លាស់វេននៅឆ្នាំនេះ បានបង្ហាញជំហរគាំទ្រនៅក្នុងកិច្ចប្រជុំកំពូលលើកទី៣៦ របស់ខ្លួន កាលពីសប្តាហ៍មុន ក្នុងការដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដោយសុំអោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា UNCLOS ច្បាប់សមុទ្រអន្តរជាតិ។ នៅពេលនេះ គណបក្សសង្រ្គោះជាតិ បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្រើអនុសញ្ញានេះ ទាមទារកោះត្រល់ និងកោះមួយចំនួនផ្សេងទៀត ពីប្រទេសវៀតណាមវិញ តែយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បាន មិន សាទរ ការទាមទាររបស់ក្រុមប្រឆាំងនេះទេ។
គណបក្សសង្រ្គោះជាតិ នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយគាំទ្រចំពោះការដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ទៅតាមច្បាប់អន្តរជាតិ ដែលស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ទន្ទឹមនឹងការគាំទ្រនេះ គណបក្សសង្រ្គោះជាតិ ក៏បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាទៅលើច្បាប់នេះ ដើម្បីទាមទារកោះត្រល់ មកឲ្យកម្ពុជាវិញបានដូចគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទំព័រ ចេញផ្សាយជាសាធារណៈ នៅលើគេហទំព័រហ្វេសប៊ុករបស់ គណបក្សសង្រ្គោះជាតិ បានលើកឡើងថា៖ «គណបក្សសង្រ្គោះជាតិ គាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានប្តូរនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលបានជម្រុញឲ្យប្រទេសពាក់ព័ន្ធក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ ដោយបានបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (the United Nations Convention for the Law of the Sea) ហៅកាត់ថា UNCLOS គឺជាមូលដ្ឋាននៃការកំណត់សិទ្ធិនៅលើដែនសមុទ្រ សិទ្ធិអធិបតេយ្យ យុត្តាធិការ និងផលប្រោជន៍ស្របច្បាប់ នៅលើតំបន់ដែនសមុទ្រ»។
អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ គឺជាលិខិតបទដ្ឋានគតិយុត្តិមួយ ដែលកំណត់សិទ្ធិរបស់ប្រទេសនីមួយៗ នៅលើដែនសមុទ្រ ព្រមទាំងកំណត់ពីព្រំដែនសមុទ្រ នាវាចរ តំបន់នេសាទ និងចំណុចសំខាន់ជាច្រើនទៀត ទាក់ទិនសមុទ្រ ដែលប្រទេសកម្ពុជា ត្រូវតែយកមកធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហាព្រំសមុទ្រ ជាមួយប្រទេសជិតខាង។
មាត្រា ៣ ជំពូកទី២ នៃអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ បានចែងថា រាល់រដ្ឋទាំងអស់មានសិទ្ធិបង្កើតវិសាលភាព នៃដែនសមុទ្ររបស់ខ្លួន រហូតដល់ដែនកំណត់មិនលើសពីចម្ងាយ ១២ ម៉ាយល៍សមុទ្រ ដែលវាស់ពីបន្ទាត់មូលដ្ឋាន ដែលបានកំណត់ដោយអនុលោមតាមអនុសញ្ញានេះ។
ដោយផ្អែកទៅតាមអនុសញ្ញានេះ គណបក្សសង្រ្គោះជាតិ បានទាមទារឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រើប្រាស់អនុសញ្ញាអន្តរជាតិនេះ និងឯកសារគតិយុត្តិនានា នៅក្នុងការប្តឹងទាមទារយកមកឲ្យប្រទេសកម្ពុជាវិញនូវ កោះត្រល់ ចង្កោមកោះក្រចកសេះ និងដែនសមុទ្រនៃប្រទេសកម្ពុជា ដែលកំពុងត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាម។
លោក អ៊ុំ សំអាន អតីតអ្នកតំណាងរាស្ត្រ និងបច្ចុប្បន្នជាអ្នកទទួលខុសត្រូវខាងកិច្ចការព្រំដែន នៃអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងនៅក្នុងវិទ្យុសំលេងសហរដ្ឋអាមេរិកថា «ខណៈដែលប្រទេសវៀតណាម ចង់ប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីទាមទារដែនសមុទ្រ ដែលខ្លួនមានជម្លោះជាមួយចិន ក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ រដ្ឋាភិបាលកម្ពុជា ក៏ត្រូវប្រើយន្តការច្បាប់អន្តរជាតិ ដើម្បីទាមទារដែនសមុទ្រ ដែលខ្លួនបានបាត់បង់មកវិញដែរ»។ លោកបានបន្តថា «រដ្ឋាភិបាល គួរតែប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ នៅទីក្រុងឡាអេ ដោយប្រើអនុសញ្ញាមួយនេះ ដើម្បីទាមទារយកកោះត្រល់ ចង្កោមកោះក្រចកសេះ ហើយនិងដែនសមុទ្រកម្ពុជា មកឲ្យកម្ពុជាវិញ»។
តែយ៉ាងណាអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា «មុននឹងនិយាយពីចំណុចអស់ទាំងនេះ យើងគួរតែពិនិត្យមើលទៅលើចំណុច ៣ ជាមុនសិន ដែលទី១ គឺប្រវត្តិសាស្រ្ត ទី២ ស្ថានភាពជាក់ស្តែង និងទី៣ គឺផ្លូវច្បាប់ ហើយចំពោះការបាត់បង់នេះ មិនមែនមានតែគណបក្សប្រឆាំងទេ ដែលឈឺចិត្តនោះ ប្រជាជនកម្ពុជាទាំងមូលក៏មានការឈឺចាប់ដូចគ្នា»។
កោះត្រល់ ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀតណាម ស្ថិតនៅចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រកម្ពុជា នៃខេត្តកំពត និងប្រមាណ ៤៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រវៀតណាម។ កោះនេះមានផ្ទៃក្រឡា ៥៧៤ គ.ម.ការ៉េ ។
ចង្កោមកោះដ៏ចម្រូងចម្រាសមួយចំនួន រួមទាំងកោះត្រល់ផងនោះ គឺជាបញ្ហារសើប រវាងប្រទេសជិតខាងទាំងពីរ អស់រយៈពេលជាច្រើនទសវត្សន៍មកហើយ ដោយគណបក្សប្រឆាំង តែងចោទគណបក្សកាន់អំណាចថា ជា «អាយ៉ង» របស់វៀតណាម ព្រោះតែមិនហ៊ានទាមទារកោះទាំងនេះ ពីវៀតណាមមកវិញ។
តែបែបនេះ ក្រុមអ្នកច្បាប់របស់រដ្ឋាភិបាល ដែលតែងតែការពារ គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដោយមិនបានយល់ស្របនឹងការយល់ឃើញរបស់ក្រុមប្រឆាំង រឿងកោះត្រល់នោះទេ ព្រោះថា កោះនោះបានបាត់ដោយសារអាណានិគមបារាំង កាត់ទៅក្នុងដែនដីកូសាំងស៊ីន ដែលជាហេតុនាំអោយ វៀតណាម មានសិទិ្ធកាន់កាប់កោះនេះ៕
.