វិទ្យុអាស៊ីសេរី RFA /ដោយ សេក បណ្ឌិត
24-8-2023
មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើល លើកឡើងថា បរិមាណយ៉ាងធំសម្បើម នៃសមាជិកគណៈរដ្ឋមន្ត្រី ព្រមទាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការតាមក្រសួង គ្មានផលចំណេញ ដល់សង្គមជាតិ និងប្រជាពលរដ្ឋនោះទេ។ ពួកគាត់ថា ការបង្កើនចំនួនគណៈរដ្ឋមន្ត្រីនេះ ជាការខ្ជះខ្ជាយថវិកាជាតិ និងបង្កើតឱ្យមានអំពើពុករលួយកាន់តែច្រើនឡើងថែមទៀត។
ក្រោយទទួលបានកេរពីឪពុកនោះ និងបានក្លាយជានាយករដ្ឋមន្ត្រីរួចហើយ ពេលនេះ គណៈរដ្ឋមន្ត្រីថ្មី របស់លោក ហ៊ុន ម៉ាណែត ធំមិនចាញ់ឪនោះទេ ដោយលោកបានបង្កើនចំនួន គណៈរដ្ឋមន្ត្រីច្រើនជាងអាណត្តិមុន។ អ្នកឃ្លាំមើលលើកឡើងថា ចំនួនគណៈរដ្ឋមន្ត្រីថ្មីនេះ គឺមានភាពចម្លែកលើពិភពលោក ដែលរដ្ឋាភិបាលមួយ មានសមាជិកគណៈរដ្ឋមន្ត្រី មិនសមាមាត្រទៅនឹងចំនួនប្រជាពលរដ្ឋ និងបង្កើតទៅជារដ្ឋាភិបាល ដែលមានក្បាលធំជាងខ្លួន។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត កត់សម្គាល់ឃើញថា កំណើនសមាសភាពមន្ត្រីរដ្ឋាភិបាល មានការកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ ដោយសារការសម្របសម្រួល និងការសម្បទានផ្នែកនយោបាយ ច្រើនជាង តម្រូវការ និងចំនួនប្រជាជនក្នុងប្រទេស។ ជាមួយគ្នានេះ លោកមើលឃើញថា ទោះបីមានមន្ត្រីរដ្ឋាភិបាលច្រើន តែបញ្ហាប្រជាពលរដ្ឋ និងប្រទេសជាតិមួយចំនួន មិនត្រូវបានដោះស្រាយ ដោយសារមន្ត្រីខ្លះគ្មានសកម្មភាព និងខ្លះទៀត បម្រើតែប្រយោជន៍បក្សពួករបស់ខ្លួន។
លោក វ៉ន ចាន់ឡូត៖ «យើងមើលពីបញ្ហាចាក់ស្រែះក្នុងសង្គម ឬបញ្ហាធំៗ ដូចជាអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស បញ្ហានីតិរដ្ឋ ឬក៏បញ្ហានិទ្ទណ្ឌភាព ទាំងអស់ហ្នឹង ការដោះស្រាយ មិនសូវមានប្រសិទ្ធភាពប៉ុន្មានទេកន្លងមកនោះ។ ហើយយើងឃើញថា ភាគច្រើន វាជាការចាយលុយជាតិខ្ជះខ្ជាយ ហើយពេលខ្លះ វាធ្វើឱ្យមានទំនាស់ផលប្រយោជន៍»។
គណៈរដ្ឋមន្ត្រីថ្មី សម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នេះ រួមមានឧបនាយករដ្ឋមន្ត្រីចំនួន ១០ រូប ទេសរដ្ឋមន្ត្រីចំនួន ២១ រូប កើនឡើងចំនួន ៤រូប និងរដ្ឋមន្ត្រី ៣០ រូប កើនឡើងចំនួន ១រូប គឺរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា។ ចំណែកមន្ត្រីនៅតាមក្រសួងស្ថាប័នមួយចំនួន ដែលមានតួនាទីជា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មានចំនួនកើនឡើងច្រើនគួរឱ្យកត់សម្គាល់។ ក្នុងនោះ រដ្ឋលេខាធិការមានចំនួន ៧១៨ រូប និងអនុរដ្ឋលេខាធិការមានចំនួន ៧៣៤ រូប ដោយក្រសួងមហាផ្ទៃ មានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការសរុបចំនួន ១០៤ រូប ខណៈកាលអាណត្តិទី៦ មានតែ ៦៣ នាក់ប៉ុណ្ណោះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រៀបធៀបស្ថានភាពនេះ ទៅនឹងសុភាសិតខ្មែរ «កន្ទេលធំបន្លំដេក» ឬ «គ្នាច្រើនអន្សមខ្លោច» ដោយផ្អែកលើការដឹកនាំរបស់លោក ហ៊ុន សែន ជាង៣០ ឆ្នាំមក ដែលមានតែមន្ត្រីចាំស៊ីប្រាក់ខែរាស្ត្រ តែបែរជាប្រព្រឹត្តអំពើពុករលួយ បម្រើផលប្រយោជន៍បក្ស និងគ្រួសារខ្លួនទៅវិញ។ លោកយល់ឃើញថា ការបង្កើនចំនួនគណៈរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៅតាមក្រសួងនីមួយៗ មិនមែនដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការដោះស្រាយបញ្ហាសង្គមនោះឡើយ តែវាជាយុទ្ធសាស្ត្ររបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការកៀរគរមនុស្សឱ្យគាំទ្រ និងផ្តល់តំណែងតាមស្ថាប័នជាតិ ជាការលើកទឹកចិត្ត តាមបែបពុករលួយនយោបាយ។
លោក អ៊ុំ សំអាន៖ «រដ្ឋាភិបាលកន្លងមក មានមនុស្សច្រើនមែន តែការងារអត់មានប្រសិទ្ធភាពទេ ខុសពីប្រទេសគេដែលមានគណៈរដ្ឋមន្ត្រីតូច តែប្រសិទ្ធភាពការងារខ្ពស់»។
ទោះជាយ៉ាងណា ការបង្កើនចំនួនគណៈរដ្ឋមន្ត្រីនេះ ហាក់មិនបានធ្វើឱ្យអភិបាលកិច្ច ឬការអនុវត្តតួនាទីរបស់មន្ត្រីតាមក្រសួងស្ថាប័ន មានភាពល្អប្រសើរជាងមុននោះទេ។ ជាក់ស្ដែងបញ្ហាកសិកម្ម បើទោះបីជាមានក្រសួងកសិកម្ម ក្រសួងធនធានទឹក ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ធ្វើការចម្រុះគ្នាក្ដី ក៏ប្រជាកសិករ នៅតែប្រឈមនឹងបញ្ហាខ្វះទឹកធ្វើកសិកម្ម កសិផលគ្មានទីផ្សារ និងជីកសិកម្ម មានតម្លៃថ្លៃ ជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៣ សីហា។
ទាក់ទិនរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេសន៍ (Norway) លោក ម៉ែន ណាត មានប្រសាសន៍ថា ការកើនឡើងនៃចំនួនគណៈរដ្ឋមន្ត្រី នៅក្នុងនីតិកាលទី៧ នេះ បង្ហាញថា រដ្ឋាភិបាលថ្មី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងតែធ្លាក់ក្នុងវិបត្តិអតិផរណា ដែលមានន័យថា ចំនួនមន្ត្រីពាក់អាវធំកើនឡើង ប៉ុន្តែពួកគេកាន់តួនាទីជាន់គ្នា។
តែយ៉ាងណា លោក ម៉ែន ណាត សង្កេតឃើញថា កំណើនចំនួនគណៈរដ្ឋមន្ត្រីនេះ មិនមែនជាចំណុចល្អ សម្រាប់ពលរដ្ឋនោះទេ ព្រោះសមាជិកគណៈរដ្ឋមន្ត្រីទាំងនោះ ភាគច្រើនជាមន្ត្រីសម្រាប់ហែហមបក្ស ដោយពួកគេមិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាសង្គម និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋនោះទេ។
លោក ម៉ែន ណាត៖ «យើងគួរតែកែទម្រង់ កាត់បន្ថយថ្នាក់ដឹកនាំកំពូលៗ ដើម្បីអ្វី? ដើម្បីធានានិរន្តរភាពជាតិ។ ហើយការបង្កើនចំនួនអ៊ីចឹង វាមិននាំឱ្យជាតិប្រសើរឡើងទេ គិតតែរឿងហែកហួរគ្នាយកតួនាទី ស្ថាប័នរដ្ឋហ្នឹងទៅរកស៊ី។ ទៅរកស៊ីហ្នឹង មិនទៅរកស៊ីអី គឺទៅប្លន់ដីប្រជាពលរដ្ឋហ្នឹង ហើយទៅយកដីបឹងតាមោក ទៀត»។
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង ស្នើឱ្យរដ្ឋាភិបាលថ្មី គួរតែពង្រឹងពីគុណភាពការងារ ទំនួលខុសត្រូវបញ្ហាសង្គម និងសមត្ថភាពរបស់មន្ត្រីរដ្ឋាភិបាល ជាជាងបង្កើនតែចំនួនគណៈរដ្ឋមន្ត្រី ដែលធ្វើឱ្យខ្ជះខ្ជាយថវិកាជាតិ និងបង្កើនឱកាសប្រព្រឹត្តិអំពើពុករលួយ៕
