អត្ថបទ The Cambodia Daily
09th-6-2022
ប្រធានវេទិកាពលរដ្ឋ អំពាវនាវឱ្យគណបក្សក្រៅរដ្ឋាភិបាលទាំងអស់ ស្វែងរកការជួបជជែកគ្នា ដោយសុទ្ធចិត្ត និងស្មារតីជាតិជាមូលដ្ឋាន ដើម្បីបង្កើតកម្លាំងរួបរួមដ៏មានសក្ដានុពលធំមួយ ទប់ទល់នឹងការបោះឆ្នោតដ៏អាក្រក់ ដែលបានកើតមាននៅអាណត្តិទី៥ ឆ្នាំ២០២២ និងឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមាន តាមបំណងប្រាថ្នារបស់ពលរដ្ឋម្ចាស់ឆ្នោត។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ថា ការបង្កើតកម្លាំងរួបរួមនេះ គួរតែធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០២២ នេះ ឬកាន់តែឆាប់កាន់តែល្អ ចៀសវាងការខ្ជះខ្ជាយពេលវេលា ដូចពេលដែលក្រោយការរំលាយ គណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
លោក គឹម សុខ អះអាងថា គណបក្សខ្លះដូចជា គណបក្សភ្លើងទៀន ជាដើម ពីដំបូងបង្ហាញជំហរមិនយល់ស្របនឹងការវាយតម្លៃរបស់ ក្រុមការងារវេទិកាពលរដ្ឋឡើយ ប៉ុន្តែនៅទីបំផុត ក្រោយប្រកាសលទ្ធផលនៃការបោះឆ្នោត គណបក្សនេះក៏បានទទួលស្គាល់ថា ការបោះឆ្នោតក្នុងអាណត្តិនេះ ពិតជាអាក្រក់មែន។
ប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា វេទិកាពលរដ្ឋបានធ្វើការកត់សម្គាល់ និងវាយតម្លៃថា ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅនេះ គឺជាឧក្រិដ្ឋកម្មប្លន់លទ្ធផលបោះឆ្នោត បំភ្លៃឆន្ទៈរបស់ពលរដ្ឋដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតនៅប្រទេសកម្ពុជា។
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គណបក្សនយោបាយចំនួន ១៦ គណបក្ស នាំគ្នាទៅចូលរួមការបោះឆ្នោតជាមួយបក្សកាន់អំណាច បើទោះបីជាមានការអំពាវនាវពីសំណាក់អ្នកឃ្លាំមើល និងអ្នកវិភាគឱ្យមានការរួបរួមគ្នាទាមទារឱ្យមានការកែសម្រួលសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មុននឹងពួកគេចូលរួមក៏ដោយ ក៏គណបក្សទាំងនោះនៅតែបន្តចូលរួមការបោះឆ្នោតនេះដដែល។
ប៉ុន្តែក្រោយប្រកាសលទ្ធផលនៃការបោះឆ្នោតនេះ គណបក្សមួយចំនួន ដូចជាគណបក្សភ្លើងទៀន ជាដើម បែរជាប្រកាសថា លទ្ធផលនៃការបោះឆ្នោត មិនឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋទៅវិញ បន្ទាប់ពីខ្លួនបានបាត់បង់មេឃុំ និងចៅសង្កាត់យ៉ាងច្រើន នៅអាណត្តិនេះ ក្រោយពីខ្លួនសម្រេចបែកចេញពីស្មារតីរួបរួមរបស់ គណបក្សសង្គ្រោះជាតិ ជាមួយគណបក្សសិទ្ធិមនុស្ស ដែលជាសម្ពន្ធមិត្តរបស់ខ្លួន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។
ឆ្លងកាត់ការបោះឆ្នោតឃុំ-សង្កាត់ ដែលគ្មានគណបក្សសង្គ្រោះជាតិ ចូលរួមនៅអាណត្តិទី៥ ឆ្នាំ២០២២ នេះ គណបក្សកាន់អំណាច ទទួលបានមេឃុំ និងចៅសង្កាត់ជាង ៩៩% ដែលស្មើនឹង ១៦៤៨ មេឃុំ-ចៅសង្កាត់ ដែលលទ្ធផលដ៏ខ្ពស់បំផុតមួយ ដែលគណបក្សនេះ មិនធ្លាប់ទទួលបានតាំងពីការបោះឆ្នោតលើកដំបូង ក្នុងឆ្នាំ២០០២។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ប្រាប់សារព័ត៌វីអូឌី ថា លទ្ធផលបោះឆ្នោតបឋមនៅអាណត្តិនេះ ដូចគ្នាទៅនឹងលទ្ធផលបោះឆ្នោត ឆ្នាំ២០១២ ដែរ ដែលមិនអាចយកជ័យជម្នះពីបក្សកាន់អំណាចបាន នោះក៏ដោយសារតែចរន្តបែកបាក់របស់អ្នកប្រជាធិបតេយ្យ។ លោកគិតថា ការបោះឆ្នោត នៅឆ្នាំ២០២៣ ខាងមុខ អ្នកប្រជាធិបតេយ្យ ក៏នៅតែមិនអាចដណ្តើមប្រជាប្រិយភាព ពីគណបក្សកាន់អំណាច បានដដែល បើចរន្តបែកបាក់នេះ នៅតែអូសបន្លាយ។
មួយវិញទៀត លោកគិតថា គណបក្សប្រជាជនកម្ពុជា ក៏អាចប្រឈមនឹងការរង្គោះរង្គើការគ្រប់គ្រងអំណាចដែរ បើមិនឆ្លើយតបជាវិជ្ជមាន ទៅនឹងកង្វល់របស់សហគមន៍អន្តរជាតិ ដែលគេចង់ឃើញកម្ពុជា វិលទៅស្ដារប្រជាធិបតេយ្យឡើងវិញនោះ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត មាស នី ត្រូវបានសារព័ត៌មាន VOA ស្រង់សម្ដីកាលពីពេលថ្មីៗនេះថា ការបែកបាក់គ្នា ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិ គឺជាហេតុផលចម្បងមួយ ដែលធ្វើឱ្យបក្សមួយនេះ មិនមានការគាំទ្រច្រើនសន្ធឹកសន្ធាប់ ដូចអតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។
មេឃុំ ២២ នាក់របស់គណបក្ស សម រង្ស៊ី និងមេឃុំ ១៨ នាក់របស់គណបក្សសិទ្ធិមនុស្ស ក្នុងឆ្នាំ២០១២ បានក្លាយទៅជាមេឃុំ ៤៨៩ នាក់ក្នុងឆ្នាំ២០១៧ បន្ទាប់ពីគណបក្សទាំងពីរនេះ បានរួបរួមគ្នាបង្កើតទៅជា គណបក្សសង្គ្រោះជាតិ។
ប៉ុន្តែក្រោយពីគណបក្ស សម រង្ស៊ី កែឈ្មោះមកជាគណបក្សភ្លើងទៀន និងបែកចេញពីគណបក្សសិទ្ធិមនុស្ស មកចូលរួមបោះឆ្នោតឆ្នាំ២០២២ នេះ ទទួលបានមេឃុំ-ចៅសង្កាត់តែ ៤ នាក់ប៉ុណ្ណោះ ខណៈបក្សកាន់អំណាច បានកើនឡើងនូវចំនួនមេឃុំ និងចៅសង្កាត់ស្ទើរតែគ្រប់ឃុំទាំងអស់ នៅទូទាំងប្រទេស៕
.