The Cambodia Daily
03rd-5-2022

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ប្រឆាំង​ដាច់អហង្ការ​ចំពោះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ ព្រោះ​ជា​ការ​បោះឆ្នោត​មួយ ​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច ​ដែល​ធ្វើ​ឲ្យ​គ្មាន​យុត្តិធម៌ និង​គ្មាន​តម្លាភាព។

អ្នកវិភាគ​នយោបាយសង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​ របស់​លោក​កាលពី​ថ្ងៃ​ទី​០១ ឧសភា ថា ការ​បោះឆ្នោត​ដែល​គ្មាន​យុត្តិធម៌ និង​គ្មាន​តម្លាភាព គ្រាន់តែ​ជា​ការ​រៀបចំ​នូវ​ផែនការ​មួយ​ ដើម្បី​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស ​ឱ្យ​ចូលរួម​ក្នុង​ល្បិចកល ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

លោក គឹម សុខ អះអាង​ថា ការ​ចូលរួម​នូវ​ការ​បោះឆ្នោត ​ដែល​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​បែប​នេះ គឺជា​ការ​ជួយ​លើក​តម្កើង​នូវ​សភាវៈ​អាក្រក់ ដើម្បី​សម្លាប់​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ ទង្វើ​បែប​នេះ ក៏​ជា​អំពើ​ទុច្ចរិត​នយោបាយ​មួយ ​ដែល​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត​ ត្រូវតែ​ចូលរួម​ថ្កោលទោស ​លើ​ទង្វើ​អ្នក​នយោបាយ​ទាំងនោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ដំណើរការ​នៃ​ការ​បោះឆ្នោត​ អាណត្តិ​ទី​៥ នៅ​កម្ពុជា​ កាន់តែ​ខិត​ជិត​មក​ដល់​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។

កាលពី​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិ​ទី​៥ ដោយ​កំណត់​យក​ថ្ងៃ​ទី ០​៥ ខែ​មិថុនា ឆ្នាំ​២០២២ ជា​កំណត់។ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា គ្រាន់តែ​ជា​ដំណើរការ​បង្គ្រប់​កិច្ច ​ឱ្យ​បក្ស​កាន់​អំណាច ដើម្បី​ឱ្យ​ពួកគេ​អាច​បន្ត​ការ​ដឹកនាំ​ នូវ​អាណត្តិ​ថ្មី​ទាំង​បំពាន​ច្បាប់​ប៉ុណ្ណោះ។

ចំណែក​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​អះអាង​កាលពី​ថ្ងៃ​ម្សិលមិញ (ថ្ងៃ​ទី​១ ឧសភា) ថា បើ​ពិនិត្យ​លើ​ប្រព័ន្ធ​ច្បាប់​បោះឆ្នោត ពិនិត្យ​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ពិនិត្យ​លើ​សមាសភាព​អាជ្ញាធរ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប និង​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ស្រប​ពេល​ដែល​កម្ពុជា​ កំពុងតែ​ជួប​វិបត្តិ​នយោបាយ​ផង​នោះ គេ​អាច​វាយតម្លៃ​បាន​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​ខាងមុខ​នេះ ​ត្រូវ​បាន​ចាត់ចែង​ដោយ​គណបក្ស​កាន់​អំណាច​គ្រប់​បែប​យ៉ាង​ទាំងអស់

លោក ម៉ែន ណាត អះអាង​ថា បើ​ក្រឡេក​ទៅ​មើល​យន្តការ​បោះឆ្នោត ដូចជា​ការ​បែងចែក​អាសនៈ និង​ដកហូត​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧ ដោយ​ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នោះ គណបក្ស​ដែល​ចូលរួម​ការ​បោះឆ្នោត​ទាំងអស់ គួរតែ​រៀនសូត្រ​ពី​ប្រវត្តិ​ដ៏​អាក្រក់​ របស់​បក្ស​កាន់​អំណាច​ឡើងវិញ ដើម្បី​កុំ​ឱ្យ​ខ្លួន​ដើរ​ជាន់​ដាន​ចាស់​ ដែល​គណបក្ស​កាន់​អំណាច ​ធ្លាប់​បាន​ធ្វើ​លើ​គណបក្ស​ប្រឆាំង​ កាលពី​អតីតកាល​នោះ។

ក្រុម​អ្នក​សង្កេតការណ៍​ ធ្លាប់​បាន​លើកឡើង​ជុំវិញ​ការ​បោះឆ្នោត​នេះ​ដែរ​ថា ដើម្បី​ធានា​ឯករាជភាព​ នូវ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ទៅ​បាន លុះត្រាតែ​រៀបចំ គ.ជ.ប ឱ្យ​ជា​ស្ថាប័ន​អព្យាក្រឹត​ពេញលេញ​ជា​មុន​សិន ក្នុង​នោះ​គឺ​មាន​សមាសភាព​ប្រធាន អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​របស់ គ.ជ.ប ត្រូវតែ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ជាដាច់ខាត។ លើស​ពី​នេះ អនុប្រធាន គ.ជ.ប ត្រូវ​ជ្រើស​តាំង​ដោយ​ព្រឹទ្ធសភា ហើយ​រដ្ឋសភា​មាន​សិទ្ធិ​ជ្រើស​តាំង​សមាជិក គ.ជ.ប ១ ​រូប និង​សមាជិក ១ ​រូប​ផ្សេង​ទៀត ​ត្រូវ​ជ្រើស​តាំង​ដោយ​រដ្ឋាភិបាល។

យ៉ាងណាក៏ដោយ បច្ចុប្បន្ន​នេះ សមាសភាព​ទាំង ៩ ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សុទ្ធ​សឹង​តែ​​មកពី​គណបក្ស​កាន់​អំណាច​ទាំងអស់ ក្នុង​នោះ​រួម​មាន ​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន លោក នុត សុខុម ជា​អនុប្រធាន និង​ លោក ហង្ស ពុទ្ធា ជា​សមាជិក ជាដើម ដែល​ផ្ទុយ​ទាំងស្រុង​ពី​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ​ ដែល​បាន​ចែង​ពី​សមាសភាព​របស់​គណៈកម្មាធិការ​នេះ៕