The Cambodia Daily
31-3-2023

ក្រុមប្រឹក្សាធម្មនុញ្ញ​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​វៀតណាម​លើក​បន្តុប និង​កំពុង​ក្រាញ​អំណាច​ជា​នាយករដ្ឋមន្ត្រី​បន្ត​វង្ស​ត្រកូល លោក ហ៊ុន សែន គឺជា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ និង​ជា​អ្នក​លើក​កម្ពស់​នីតិរដ្ឋ​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ក្នុង​ឆ្នាំ​១៩៩៧ និង​ព្រឹត្តិការណ៍​បាតុកម្ម​ក្នុង​ឆ្នាំ​២០១៣ រួម​ទាំង​សកម្មភាព​ជ្រុលនិយម​ របស់​គណបក្ស​នយោបាយ​មួយ​ចំនួន ​នា​ពេល​ថ្មីៗ​នេះ សុទ្ធតែ​រុញ​ឱ្យ​ប្រទេស​កម្ពុជា ​ស្ថិត​នៅ​លើ​មាត់ជ្រោះ​នៃ​សោកនាដកម្ម​សង្គម​ជាតិ​ទាំងអស់។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​រូប​នេះ ​លើកឡើង​ថា ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ បាន​អះអាង​ថា ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​ ដោយ​ប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​បង្ក​ឱ្យ​មាន​ភាព​ភ័យខ្លាច ដោយ​ការ​បញ្ឆេះ​កំហឹង​វណ្ណៈ ញុះ​ញង់​​ឱ្យ​មាន​អំពើ​ហិង្សា​សង្គម ញុះញង់​ឱ្យ​ស្អប់​ខ្ពើម​អ្នក​មាន​ទ្រព្យសម្បត្តិ និង​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ ដែល​ទង្វើ​ទាំងនេះ​បាន​បំផ្លាញ​សេចក្តី​សុខ និង​សន្តិភាព​របស់​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​បញ្ជាក់​ថា ចេតនា​របស់​ពួកគេ​ គឺ​មាន​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ប្រទេស​កម្ពុជា តាមរយៈ​នៃ​ការ​សុំ​ឱ្យ​បរទេស​ ដាក់​ទណ្ឌកម្ម​លើ​ប្រជាពលរដ្ឋ​ខ្មែរ និង​ឈាន​ទៅ​បំផ្លាញ​ប្រទេស​ជាតិ ដូចជា​ករណី​ប្រទេស​ស៊ីរី ប្រទេស​លីប៊ី ប្រទេស​យៀមែន និង​ប្រទេស​អ៊ីរ៉ាក់ ជាដើម ដើម្បី​តែ​មហិច្ឆតា​អំណាច​ នៃ​ក្រុម​បក្សពួក​របស់​ពួកគេ​តែប៉ុណ្ណោះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មីនា នេះ​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ពោរពេញ​ដោយ​ការ​រំលោភ​ច្បាប់ រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​១៩៩១ រំលោភ​សិទ្ធិ​មនុស្ស ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​សព្វថ្ងៃ​នេះ មិន​អាច​ចាត់ទុក​ថា​ជា​អ្នក​ការពារ​​រដ្ឋធម្មនុញ្ញ​ទេ ប៉ុន្តែ​អាច​ចាត់ទុក​ជា​អ្នក​បំផ្លាញ​រដ្ឋធម្មនុញ្ញ​វិញ ​ទើប​ត្រឹមត្រូវ។

លោក គឹម សុខ លើកឡើង​ថា ការ​បំផ្ទុះ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម ​ឆ្នាំ​១៩៩៧ មិនមែន​លោក ហ៊ុន សែន ការពារ​ប្រទេស​កម្ពុជា ឬ​ការពារ​រដ្ឋធម្មនុញ្ញ​នោះ​ទេ គឺ​គាត់​បំផ្លាញ​ប្រទេស​កម្ពុជា និង​បំផ្លាញ​រដ្ឋធម្មនុញ្ញ ដើម្បី​តែ​អំណាច​របស់​គាត់​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ដើម្បី​តែ​ការពារ​អំណាច​របស់​ខ្លួន លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាង​ខ្លាំង ដោយសារតែ​គាត់​ ត្រូវ​ទទួល​ខុសត្រូវ​ លើ​ការ​សម្លាប់​កងទ័ព​រាជា​និយម ​ដែល​បាន​សារភាព​ចុះចាញ់ ​នៅ​ពេល​នោះ។

ជាង​នេះ​ទៀត រដ្ឋាភិបាល​របស់​គាត់​ ក៏​បង្កើត​ឱ្យ​មាន​អំពើពុករលួយ​ពេញ​ប្រទេស និង​បង្កើត​ឱ្យ​មាន​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​​ច្បាប់​យ៉ាង​​ធ្ងន់ធ្ងរ​ថែម​ទៀត ដែល​ឃាតកម្ម​ទាំងនោះ​ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​លោក ហ៊ុន សែន ខ្លួនឯង​យ៉ាង​ខ្លាំង ដែល​ទង្វើ​ទាំងនោះ​ អាច​ចាត់ទុក​បាន​ថា​ មេដឹកនាំ​ខ្មែរ​រូប​នេះ​ កំពុង​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​នឹង​ឧក្រិដ្ឋកម្ម​ភេរវកម្ម​រដ្ឋ​សព្វថ្ងៃ​នេះ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ [លោ គឹម សុខ] ​បញ្ជាក់​ថា ក្នុង​នាម​ជា​មន្ត្រី​ជាន់ខ្ពស់​ នៃ​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ មិន​គួរ​លើកឡើង​ពី​ទស្សនៈ​ការពារ​បុគ្គល​ណា​មួយ​បែប​នេះ​ទេ ព្រោះ​ថា​រឿង​ដែល​រំលោភ​ច្បាប់​ដែល​ខុស​នឹង​តួនាទី​របស់​ខ្លួន ​ដែល​ត្រូវ​បកស្រាយ​បំភ្លឺ​ខ្លឹមសារ​ច្បាប់​ដោយ​ឯករាជ្យ មិនមែន​ចេញ​មក​បកស្រាយ​ ការពារ​អ្នក​នយោបាយ​ណា​មួយ​នោះ​ឡើយ។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​រុញ​ឱ្យ​ប្រទេស​ក្រីក្រ​មួយ​នេះ ​ធ្លាក់​ទៅ​ក្នុង​ចំណោម​ប្រទេស​ ដែល​មាន​ចំណាត់ថ្នាក់​ទាប​ ជុំវិញ​ការ​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​សព្វថ្ងៃ​នេះ។

ជាក់ស្តែង អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៩ ក្នុង​ចំណោម​ប្រទេស​១៤០ ដោយសារតែ​ការ​ដឹកនាំ​ដោយ​ការ​រំលោភ​ច្បាប់ គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

.