ជុំវិញការធ្វើច្បាប់កែរដ្ឋធម្មនុញ្ញដើម្បីគំណត់សញ្ជាតិតែមួយ សម្រាប់មេដឹកនាំកំពូលៗ នាំឲ្យមានភាពចម្រូងចម្រាស និងមានការរិះគន់ថា រដ្ឋាភិបាលកម្ពុជានៃលោក ហ៊ុន សែន រៀបចំច្បាប់នេះឡើងក្នុងគោលដៅក្តោបក្តាប់អំណាចណែនក្នុងដៃប៉ុណញណោះ។
The Cambodia Daily
10-10-2021
លោក ហ៊ុន សែន អះអាងថា ការបង្កើតច្បាប់កំណត់សញ្ជាតិសម្រាប់មេដឹកនាំ ដែលត្រូវកាន់តំណែងកំពូលៗក្នុងស្ថាប័នជាតិនេះ គឺដើម្បីកុំឲ្យកម្ពុជាស្ថិតក្រោមឥទ្ធិពលរដ្ឋបរទេស ដោយការបង្កកទ្រព្យសម្បត្តិមេដឹកនាំធំៗ និងលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាផង និងដើម្បីបង្ហាញពីភាពស្មោះត្រង់ ចំពោះជាតិខ្លួនឯងផងដែរ។
បុរសខ្លាំងនៅកម្ពុជា ដែលឧស្សាហ៍រំលោភរដ្ឋធម្មនុញ្ញរបស់ប្រទេសរូបនេះ បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅថ្ងៃសុក្រ ទី៨ តុលា នេះថា ការបង្កើតច្បាប់កំណត់សញ្ជាតិតែមួយនេះ គឺមានផលប្រយោជន៍រយៈពេលវែងសម្រាប់កម្ពុជា ដែលអាចបញ្ចៀសការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជាពីបរទេស និងចៀសវាងពីការកាត់ពន្ធពីរដ្ឋ នៃប្រទេសដែលខ្លួនមានសញ្ជាតិនោះផងដែរក្នុងតំណែងសំខាន់ៗទាំងនេះ ជាពិសេសគឺតំណែងជានាយករដ្ឋមន្ត្រីតែម្តង។
លោក ហ៊ុន សែន បញ្ជាក់ថា ច្បាប់នេះត្រូវអនុម័តជាបន្ទាន់ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ពីឋានៈរបស់លោក ដែលមានការចោទប្រកាន់ថា មានសញ្ជាតិបរទេស។ លោកបន្តថា បើច្បាប់នេះចូលជាធរមាន លោកនឹងត្រូវបញ្ចប់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជាភ្លាមៗ ប្រសិនបើលោកមានសញ្ជាតិពីរ ដូចការចោទប្រកាន់មែន ប៉ុន្តែបើលោកមានសញ្ជាតិខ្មែរតែមួយ នោះលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។
មេដឹកនាំកម្ពុជាដែលប្ដេជ្ញាកាន់អំណាចជានាយករដ្ឋមន្ត្រី គ្មានពេលកំណត់រូបនេះ ព្រមានថា លោកនឹងរង់ចាំមើលថា តើអ្នកណាខ្លះប្រឆាំងនឹងច្បាប់នេះ ពេលនោះលោកនឹងដឹងច្បាស់ថា អ្នកទាំងនោះគឺមានបំណងចង់ធ្វើជានាយករដ្ឋមន្ត្រី ឬគាំទ្រអ្នកដែលត្រៀមធ្វើជានាយករដ្ឋមន្ត្រី។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៨ តុលា នេះថា បុគ្គលដែលដឹកនាំធ្វើច្បាប់កំណត់សញ្ជាតិនេះ គឺជាមនុស្សដែលលង់នឹងអំណាច យកចិត្តវៀតណាម ដែលឈ្លានពានខ្មែរ ប្រើប្រាស់ឈ្មោះជាតិខ្មែរជាឈ្នាន់ និងឈ្មោះពលរដ្ឋខ្មែរជាឧបករណ៍នៃនយោបាយកុម្មុយនីស្តប្រែរូប ដើម្បីបំភ័ន្តពលរដ្ឋខ្មែរប៉ុណ្ណោះ។
លោកបន្តថា ផែនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អំពីបញ្ហាសញ្ជាតិមួយនេះ មិនមានផលប្រយោជន៍អ្វីបន្តិចសោះសម្រាប់ពលរដ្ឋខ្មែរ ប៉ុន្តែវានឹងមានប្រយោជន៍វែងឆ្ងាយ សម្រាប់ផែនការផ្ទេរអំណាចបន្តវង្សត្រកូលរបស់គាត់ ដើម្បីកាន់កាប់ប្រទេសកម្ពុជាផ្ដាច់មុខ ទៅថ្ងៃក្រោយ។
ជុំវិញបញ្ហានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញពីការផ្ដួចផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅពេលនេះ ព្រោះថាបច្ចុប្បន្ននេះ កម្ពុជាកំពុងប្រឈមនឹងបញ្ហាជាច្រើន ដែលអ្នកដឹកនាំត្រូវតែរួមគ្នាដោះស្រាយវិបត្តិនានាជូនពលរដ្ឋ ដូចជាបញ្ហា Covid-19 បញ្ហាទឹកជំនន់ បញ្ហាទំនាស់ដីធ្លី និងបញ្ហាគ្រឿងញៀន ជាដើម។
គណបក្សក្រៅរដ្ឋាភិបាលមួយនេះ អំពាវនាវឲ្យអ្នកដឹកនាំនយោបាយជើងចាស់ទាំងអស់ បញ្ឈប់នូវការបង្កជម្លោះជាលក្ខណៈបុគ្គល ហើយងាកទៅជជែកគ្នាលើបញ្ហាជីវភាពរបស់ពលរដ្ឋ ដើម្បីផ្តល់ជាគំរូល្អសម្រាប់អ្នកនយោបាយជំនាន់ក្រោយ ក្នុងការកសាងជាតិមាតុភូមិ ឲ្យក្លាយជាអរិយប្រទេសនាពេលអនាគត។
ដោយឡែកប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ តុលា នេះថា លោក ហ៊ុន សែន ខឹងសម្បានឹងសហរដ្ឋអាមេរិកយ៉ាងខ្លាំង ដែលអនុម័តឲ្យមានច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់គាត់ ដូច្នេះដើម្បីបង្ហាញថា ខ្លួនមិនស្ថិតក្នុងគំនាបរបស់អាមេរិក ឬក៏ខ្លាចពីការបង្កកទ្រព្យសម្បត្តិនៃច្បាប់នោះ ក៏បង្កើតច្បាប់កំណត់សញ្ជាតិនេះឡើងតែម្តងទៅ ប៉ុន្តែមិនមែនដើម្បីបញ្ជាក់ពីការស្មោះត្រង់នឹងប្រទេសជាតិ ដូចគាត់បានអះអាងនោះទេ។
លោក ម៉ែន ណាត បន្ថែមថា ការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ដែលថាមេដឹកនាំកំពូលៗដែលមានសញ្ជាតិពីរ នឹងត្រូវបង់ពន្ធឲ្យរដ្ឋបរទេសនោះ គ្រាន់តែជាការនិយាយកុហកពលរដ្ឋប៉ុណ្ណោះ ព្រោះថាអ្នកដែលមានសញ្ជាតិបរទេស មិនត្រូវបានជាប់កាតព្វកិច្ចបង់ពន្ធលើសញ្ជាតិរបស់ខ្លួននោះទេ ប៉ុន្តែបញ្ហាដែលគួរឲ្យភ័យព្រួយនោះ គឺមេដឹកនាំដែលមានសញ្ជាតិតែមួយ ប៉ុន្តែដាក់ខ្លួនបម្រើបរទេសដោយឥតលក្ខខណ្ឌ នោះទើបធ្វើឲ្យកម្ពុជាវិនាសពិតប្រាកដ។
សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបានឆ្លងគណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នេះ មាន ៦មាត្រា ក្នុងនោះមាត្រា១១៩ថ្មី (មួយ) ចែងថា វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រី ត្រូវតែជាតំណាងរាស្ត្រ ដែលមានសញ្ជាតិខ្មែរតែមួយគត់ ដោយឡែកមាត្រា១០៦ មាត្រា១៣៧ និងមាត្រា៨២ ដែលចែងពីប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏តម្រូវឲ្យពួកគេមានសញ្ជាតិខ្មែរពីកំណើតតែមួយគត់ផងដែរ៕
.
.