ប្រទេសន័រវេស៍ (Norway) បានសម្រេចផ្អាកជើងហោះហើរ ចំនួន ២២ ដែល​ហោះ​ហើរ​ទៅកាន់​សហរដ្ឋអាមេរិក និង​តំបន់​មួយចំនួន​ក្នុង អឺរ៉ុប បន្ទាប់ពី​ប្រទេសនេះ មានពលរដ្ឋ​របស់ខ្លួន បាន​ឆ្លង​មេរោគ Covid-19 កើនឡើង​ដល់ ៩០ នាក់ រហូត​មកដល់​ថ្ងៃទី ០៥ មីនា ២០២០ ក្រោយពី​ពួកគេ ត្រឡប់​ពីមក​ពីក្រៅប្រទេសវិញ។ ការប្រកាស​ផ្អាកជើង​ហោះ​ហើរ​នេះ ត្រូវចាប់​ផ្តើមអនុវត្ត​ពីថ្ងៃទី ២៩ មីនា ដល់ថ្ងៃទី ០៥ ខែឧសភា។ នេះបើ​តាម​ការផ្សាយ​របស់បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក នៅថ្ងៃទី ០៥ មីនា។

វិទ្យាស្ថាន​សុខាភិបាល​ជាតិ​របស់​ប្រទេសនេះ បាន​ដាក់​ការព្រួយបារម្ភ ចំពោះ​​ពលរដ្ឋ​​ន័រវេស៍ ​ដែល​​ចូលចិត្ត​​ធ្វើដំណើរ​​ទៅ​ក្រៅ​​ប្រទេស សម្រាប់​ការសម្រាក​លំហែរកាយ ការធ្វើ​បេសកកម្ម ឬជា​លក្ខណៈ​ទេសចរណ៍​ក្តី អាចប្រឈម​ការឆ្លង​មេរោគ​កូរ់ូណា។ វិទ្យាស្ថានេះ បានផ្តល់យោបល់​ឲ្យពលរដ្ឋ​ន័រវេស៍ ប្រុងប្រយ័ត្នខ្ពស់ និងជៀសវាង​ទៅកាន់​ប្រទេស​អ៊ីតាលី (Italy) ជាពិសេស​ភាគខាងជើង ដែល​ជាតំបន់​ឆ្លងមេរោគ Covid-19 ច្រើនជាងគេ និង​បណ្តាលឲ្យ​មានមនុស្ស​ស្លាប់ជាច្រើន។ ប្រទេស​អ៊ីតាលី មាន​អាត្រា​ឆ្លងមេរោគ Covid-19 ខ្ពស់ជាង​គេ ក្នុង​ចំណោម​ប្រទេស​ អឺរ៉ុប។

នៅថ្ងៃទី ០៥ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍សាស (SAS) បានជូន​ដំណឹង​ពី​ការលុប​ចោល​ជើង​​ហោះ​ហើរ​របស់ខ្លួន​ទាំងអស់ ជាបណ្តោះអាសន្ន ទៅកាន់​ភាគខាង​ជើង​ប្រទេស​អ៊ីតាលី រហូត​ដល់ថ្ងៃទី ១៦ មីនា។

ក្រសួងការបរទេស នៃប្រទេសន័រវេស៍ បានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួនថា «ត្រូវ​ជៀស​វាង​ការធ្វើដំណើរ​ទៅ​កាន់​តំបន់នានា បើសិន​មិនមាន​ការចាំបាច់ ជាពិសេស​ទៅក្រៅប្រទេស»

កាលពីខែមករា ២០២០ ប្រទេសនេះ បានផ្អាក​ការហោះហើរ​ចេញចូល​ប្រទេស​ចិន និង​មិនទទួល​អ្នក​ទេសចរណ៍​ចិន ឲ្យចូល​ទឹកដី​របស់ខ្លួន។ ហើយ​មានប្រទេស​ជាច្រើន​ទៀត នៅក្នុង​ពិភពលោក បាន​សម្រេចចិត្ត​ដូចគ្នា​នេះដែរ ដើម្បី​បង្កា​ការឆ្លង​រីករាលដាល​មេរោគ​កូរ៉ូណា ដែល​មាន​ប្រភព​ពីទីក្រុង​វូហាន ប្រទេស​ចិន៕
(អត្ថបទដោយលោក ម៉ែន ណាត /ពីប្រទេសន័រវេស៍)

.

.