អត្ថបទ The Cambodia Daily / 10th-12-2020

មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​ថ្កោល​ទោស អតីត​សមាជិក​សភា​ នៃ​​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប គឺ​លោក ឡុង រី ភាគី​លោក សម រង្ស៊ី ដែល​បាន​ប្រដូច​ពលរដ្ឋ​ខ្មែរ​មិន​គាំទ្រ​ក្រុម​ខ្លួន​ ទៅនឹងសត្វ ថា ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​នាម​មនុស្ស​ជាតិ​ដូច​គ្នា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និងជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក ម៉ែន ណាត ទាម​ទារ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​អតីត​បក្ស​ប្រឆាំង លោក ឡុង រី សុំ​ទោស​ជា​សាធារណៈ នូវ​កំហុស​ឆ្គង​របស់​ខ្លួន ដែល​បាន​ប្រមាថ​អ្នក​មិន​គាំទ្រ​សេណារីយ៉ូ​របស់​លោក សម រង្ស៊ី ថាជា សត្វ ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​នយោ​បាយ។

លោ​ក {ម៉ែន ណាត} ជុំរុញឲ្យ លោក សម រង្ស៊ី អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ គប្បី​ណែនាំ​មន្ត្រី​របស់​ខ្លួន ឲ្យ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ រក្សា​សេចក្តី​ថ្លៃថ្នូរ និង​ត្រូវ​ចាត់​វិធានការ លើ​ក្រុម​សកម្មជន​របស់​ខ្លួន​ណា ដែល​តែង​តែ​លាបពណ៌ ជេរ​ប្រមាថ និង​ប្រើ​ពាក្យ​អសីលធម៌ ទៅ​កាន់​អ្នកដទៃ ដែល​មិន​គាំទ្រ​ក្រុម​ខ្លួន​កន្លង​មក​ទៀត​ផង។

ការរិះគន់នេះ ធ្វើ​ឡើង​​បន្ទាប់​ពី​អតីត​សមាជិក​សភា​គណ​បក្ស​ប្រឆាំង លោក ឡុង រី បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​​របស់​លោក ដែល​បាន​ប្រដូច​ពលរដ្ឋ​ខ្មែរ​ទៅ​នឹង សត្វធាតុ កាល​ពី​ដើម ខែ​ធ្នូ ឆ្នាំ​២០២០ នេះ។

មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី កាល​ពី​ថ្ងៃទី​០៤ ខែ​ធ្នូ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ថា «បើ​មាន​សត្វ​ខ្លះ​ចង់រ​ស់​ក្នុង​ឋានៈ​ជា​សត្វ​មួយ​ជីវិត​នោះ គឺ​ជា​រឿង​របស់​គេ ប៉ុន្តែ​បើ​យើង​ជា​មនុស្ស និង​ជា​កូន​ខ្មែរ យើង​ត្រូវ​តែ​រួបរួម​កម្លាំង​គ្នា​ដើម្បី​ស្ដារ​ប្រទេស​កម្ពុជា​ឡើង​វិញ»

កាលើកឡើងនេះ​ បន្ទាប់​ពី​មាន​ការ​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​អនុប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មួរ សុខហួរ កាល​ពី​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ ដើម្បី​រក​ការ​ផ្សះ​ផ្សា​ជាតិ ដែល​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុមអ្នកឃ្លាំមើល ទាមទារ​ឲ្យ​លោក សម រង្ស៊ី ដឹក​នាំ​យុទ្ធនាការ​នេះ​ដោ​យ​ផ្ទាល់​ជំនួស​វិញ ប្រសិន​បើ មាន​ផែនការ​រក​ការ​ផ្សះ​ផ្សា​ជាតិ​នេះ មិន​បាន​ប្រគល់​ឲ្យ​លោក កឹម សុខា ជា​អ្នក​ដឹកនាំ​ទេ​នោះ។ {ថ្វីត្បិត​លោក កឹម សុខា មិន​ទាន់​មាន​សេរីភាព​ពេញ​លេញ ប៉ុន្តែ​លោក គឺ​ជា​ប្រធាន​គណ​បក្សប្រឆាំងនេះ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា}។

ពាក់ព័ន្ធ​នឹង​ការ​ធ្វើមាតុភូមិ​និវត្តន៍​នេះ កាល​ពី​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក សម រង្ស៊ី បាន​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​ម្តង​រួច​មក​ហើយ ដោយ​អំពាវនាវ​ឲ្យ​មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​យោធា កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​សមាជិក និង​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ចូលរួម​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ជាមួយ​រូប​លោក ដើម្បី​យក​អំណាច​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​វិញ។ ជាងនេះទៀត លោក សម រង្ស៊ី បាន​រិះគន់​ថា លោក​មិន​រំពឹង​ទៅ​លើ​ស្ថាប័ន​ណាមួយ​ឡើយ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​លោក​រំពឹង​តែ​អ្នក​ចូលរួម​ក្នុង​ព្រឹត្តការណ៍ ៩ វិច្ឆិកា របស់​លោក​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក មុត ចន្ថា មន្ត្រី​ជាន់ខ្ពស់ អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ពិត​ជាហួស​ហេតុ​ណាស់​ដែល​អ្នក​នយោបាយ​ ប្រមាថ​ពលរដ្ឋ​ខ្មែរ​ទៅ​នឹង​សត្វ បែប​នេះ។ លោក​ថា ការ​លើក​ឡើង​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ជា​អ្នកនយោបាយ​ដែល​ខ្វះ​ចំណេះដឹង និង​គ្មាន​សតិ​សម្បជញ្ញៈ ទៀត​ផង។

ចំណែក បណ្ឌិត ឡៅ ម៉ុងហៃ បាន​ប្រតិកម្ម​ថា ពួកគេ​គួរ​តែ​ចំណាយ​កម្លាំង​កាយ កម្លាំង​បញ្ញា និង​ពេល​វេលា រក​គំនិត​ថ្មី យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ដែល​បាន​កើត​មាន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ទើប​ជា​ការ​ប្រសើរ៕

.

.