The Cambodia Daily
24-8-2023

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កើត​មក​ក្បាល​​ធំ ដោយ​បក្ខពួក​ហែក​កម្ពុជា​ចែក​គ្នា​ស៊ី និង​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម។ លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត ឡើង​កាន់​​តំណែង​​ភ្លាម តែងតាំង​ទីប្រឹក្សា​រដ្ឋាភិបាល និង​ទីប្រឹក្សា​អម​ក្រសួង​ប្រមាណ ២​ពាន់​នាក់​ភ្លាម។

លោក អ៊ុំ សំអាន អះអាង​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ជា​រដ្ឋាភិបាល​ក្បាល​​ធំ ដោយសារ​លោក ហ៊ុន ម៉ាណែត ឡើង​ជា​នាយក​រដ្ឋមន្ត្រី​ភ្លាមៗ មន្ត្រី​ជាន់ខ្ពស់​ចំនួន ១៥៤៣ ​នាក់ ត្រូវ​បាន​តែងតាំង​ដើម្បី​អម​លោក។

លោក​បន្ត​ថា នាយករដ្ឋមន្ត្រី​តែ​ម្នាក់ ប៉ុន្តែ​ឧបនាយករដ្ឋមន្ត្រី ១០ ​នាក់ ហើយ​​ទេស​រដ្ឋ​មន្ត្រី​​វិញ​មាន​ចំនួន ២១ ​នាក់ ខណៈ​រដ្ឋមន្ត្រី​ចំនួន ៣០​ នាក់ និង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ២៩​ នាក់។ ចំពោះ​រដ្ឋលេខាធិការ​វិញ​ មាន​ចំនួន ៧១៨ ​នាក់ និង​អនុរដ្ឋលេខាធិការ ៧៣៤​ នាក់ ដែល​សរុប​មាន​ចំនួន ១៥៤៣ ​នាក់។ ចំណែក​ទីប្រឹក្សា​​រដ្ឋាភិបាល និង​ទីប្រឹក្សា​អម​ក្រសួង​មាន​រាប់​ពាន់​នាក់។ រីឯ​ទីប្រឹក្សា​ប្រធាន អនុប្រធាន អគ្គលេខា​ធិការដ្ឋាន​ នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា​ មាន​រាប់​ពាន់​នាក់​ទៀត

លោក អ៊ុំ សំអាន អះអាង​ថា ការ​ដាក់​មន្ត្រី​ច្រើន​លើសលប់​នេះ វា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​បន្ថែម​ទៀត​ តាម​រយៈ​ការ​បង់​ពន្ធ​ចូល​រដ្ឋ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត អាច​យក​ប្រាក់​ដែល​បាន​ពី​ពលរដ្ឋ​ទៅ​បើក​ប្រាក់ខែ និង​ចិញ្ចឹម​ពួក​មន្ត្រី​ធំៗ​ទាំងនោះ ខណៈ​ចំនួន​មន្ត្រី​ទាំង​សរុប​ជិត ១៦០០​ នាក់​នេះ គឺជា​ចំនួន​ច្រើន​ជាងគេ​លើ​ពិភពលោក។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ដែរ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នេះ ​ជា​ស្ថាប័ន​ខុស​ច្បាប់​ ដែល​កើតឡើង​ពី​ការ​បោះឆ្នោត​ខុស​ច្បាប់ និង​ជា​រដ្ឋាភិបាល​ក្បាល​ធំ ពីព្រោះ​សូម្បី​តួនាទី​ជា​​អនុ​រដ្ឋ​លេខា​ធិការ​ មាន​ដល់​ទៅ​ជាង ២៥០០ ​នាក់​ទៅ​ហើយ។

លោក​បន្ត​ថា គេ​មិនមែន​បង្កើត​រដ្ឋាភិបាល​ចិញ្ចឹម​រាស្ត្រ​ទេ គឺ​បង្កើត​មក​ដើម្បី​បង្កើន​បន្ទុក​ឲ្យ​រាស្ត្រ​ចិញ្ចឹម​ថែម​ទៀត​នៅ​ពេល​រាស្ត្រ​ក្រ​ហើយ អត់​ការងារ​ធ្វើ អត់​ចំណូល និង​ជំពាក់​បំណុល​វ័ណ្ឌក។

ចំពោះ​ការ​បង្កើន​ស្ថាប័ន បង្កើត​ចំនួន​ក្បាលម៉ាស៊ីន​វិញ អ្នកវិភាគ​រូប​នេះ​ ថា​ជា​ការ​ពង្រីក​ការិយាធិបតេយ្យ​ស្មុគ​ស្មាញ និង​សម្បូរ​ទៅ​ដោយ​ជន​មាន​ស្នាដៃ​ឧក្រិដ្ឋ​ចម្រុះ ដែល​ជា​ប្រភព​ដ៏​ធំ​ នៃ​ការ​រំលោភ​អំណាច និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ ​ដោយ​មិនមែន​បាន​ជួយ​ជាតិ​នោះ​ទេ។

កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋសភា​បាន​បោះឆ្នោត​គាំទ្រ​ទាំងស្រុង ​អនុម័ត​ឲ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ បន្ទាប់ពី​លោក ហ៊ុន សែន ជា​ឪពុក​សម្រេច​ចុះ​ពី​តំណែង ​ដើម្បី​ផ្ទេរ​ឲ្យ​កូន​ដឹកនាំ​កម្ពុជា​បន្ត​វេន​ពី​លោក។

ថ្លែង​សន្ទរកថា​នៅ​ចំពោះ​មុខ​រដ្ឋសភា​ កាលពី​ថ្ងៃទី​២២ ខែ​សីហា លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្ដេជ្ញា​ការពារ​សន្តិភាព​ ដែល​ឪពុក​របស់​លោក ​តែង​ប្រកាស​ក្ដែងៗ​ អំឡុង​ពេល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​​ដឹកនាំ​ប្រទេស​កម្ពុជា​ជិត ៤០​ ឆ្នាំ​មក​នេះ។

ការ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​អ្នកវិភាគ និង​បក្ស​ប្រឆាំង​ថា ​ជា​ការ​ឡើង​​តាម​ជើងខោ​ឪពុក​តែ​ប៉ុណ្ណោះ៕