វិទ្យុអាស៊ីសេរី RFA /ដោយ យ៉ង ចាន់តារា
05th-9-2023

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​នយោបាយ​ លើក​ឡើង​ថា លោក​​នាយក​​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែ​ដោះ​ស្រាយ​​បញ្ហា​​ក្នុង​​ស្រុក​​ឱ្យ​​ជ្រះ​ស្រឡះ​​ជា​មុន​សិន​ ចាំ​​ទៅ​​ដោះ​ស្រាយ​​បញ្ហា​​​​ប្រទេស​​ជិត​ខាង។ ប្រតិកម្ម​នេះ​​ធ្វើ​ឡើង​ បន្ទាប់​​ពី​​លោក ហ៊ុន ម៉ាណែត បាន​ជំរុញ​ឱ្យ​អាស៊ាន (ASEAN) រួម​គ្នា​ដោះ​​ស្រាយ​​បញ្ហា​​ប្រទេស​​មីយ៉ាន់ម៉ា ​ក្នុង​ពេល​​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខា​ធិការ​អាស៊ាន នៅ​ប្រទេស​​ឥណ្ឌូណេស៊ី (Indonesia) កាល​​ពី​រសៀល​ថ្ងៃ​​ទី​៤ កញ្ញា។

អតីត​តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី៥ កញ្ញា​ថា លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែ​ដោះស្រាយ​បញ្ហា​ក្នុង​ស្រុក​ ឱ្យ​​ជ្រះ​ស្រឡះ​​ជា​មុន​​សិន ចាំ​ទៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​ នៅ​ប្រទេស​​មីយ៉ាន់ម៉ា (Myanmar) ឬ ភូមា។ លោក អ៊ុំ សំអាន ប្រៀបប្រដូច​ការ​ផ្ដួចផ្ដើម​របស់​លោក ហ៊ុន ម៉ាណែត ដែល​លើក​យក​បញ្ហា​មីយ៉ាន់ម៉ា​ ទៅ​ដោះស្រាយ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ នេះ​ថា ជា​គីង្គក់​​លក់​ថ្នាំ​​ស្រែង ដែល​​មើល​​មិន​​ឃើញ​​ពី​​ទង្វើ​​អាក្រក់​​របស់​ខ្លួន​ឯង ​បែរ​​ជា​​ទៅ​​គិត​គួរ​​ដល់​​ប្រទេស​​ដទៃ ដែល​កំពុង​​មាន​ប្រព័ន្ធ​កាន់​អំណាច​បែប​ផ្ដាច់ការ ស្រដៀង​ខ្លួន​ទៅវិញ។

លោក អ៊ុំ សំអាន​៖ «សមាជិក​អាស៊ាន​ដទៃ​ទៀត គេ​ប្រាកដ​ជា​ពេបមាត់ ដាក់​លោក ហ៊ុន ម៉ាណែត គេ​ប្រាកដ​ជា​ពេបជ្រាយ​ហើយ​នឹង​ថា ចុះ​វិបត្តិ​នៅ​កម្ពុជា​របស់​អ្នក​ឯង​​មិន​ទាន់​ដោះស្រាយ​ផង មក​ចង់​ដោះ​ស្រាយ​បញ្ហា​អី​​នៅ​ភូមា។ ដោះស្រាយ​នៅ​កម្ពុជា​ឱ្យ​រួច​សិន​ទៅ ចាំ​មក​និយាយ​រឿង​បញ្ហា​វិបត្តិ​នៅ​ភូមា​ នេះ។ អា​ហ្នឹង​ដូច​ខ្ញុំ​ថា​ អីចឹង គីង្គក់​លក់​ថ្នាំ​ស្រែង​ណាស់ ស្រែង​ខ្លួន​ឯង​មិន​ទាន់​ព្យាបាល​ជា​ផង​ ទៅ​ព្យាបាល​ស្រែង​គេ ធ្វើ​ម៉េច​ជា?»។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ ​បន្ទាប់​ពី​​លោក​​នាយក​​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ការងារ​​ជា​មួយ​អគ្គលេខាធិការ​អាស៊ាន លោក កៅ គឹមហួន (Kao Kim Hourn) ក្នុង​ពេល​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​នៅ​ទីក្រុង​​ហ្សាកាតា (Jakarta) កាល​​ពី​​រសៀល​​ថ្ងៃ​​ទី​៤ កញ្ញា។ លោក កៅ គឹមហួន ជា​​អតីត​ទីប្រឹក្សា​​លោក ហ៊ុន សែន និង​ ជា​​អតីត​​រដ្ឋលេខាធិការ​ នៃ​ក្រសួង​ការបរទេស​កម្ពុជា។ ក្នុង​ជំនួប​នោះ លោក ហ៊ុន ម៉ាណែត បាន​ជំរុញ​​ឱ្យ​អាស៊ាន ​រួម​គ្នា​រក​ដំណោះស្រាយ​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា អាស៊ាន​ដើរ​តួ​សំខាន់​ ក្នុង​ការ​ជួយ​គាំទ្រ​ដល់​មីយ៉ាន់ម៉ា និង​លើក​ទឹក​ចិត្ត​ឱ្យ​អគ្គលេខាធិការ​អាស៊ាន​ ជួយ​​រក​​ជំនួយ​​មនុស្សធម៌​​ជួយ​​ដល់​​ពលរដ្ឋ​​មីយ៉ាន់ម៉ា។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​អត្ថាធិប្បាយ​បញ្ហា​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ឯក​បក្ស​សព្វ​ថ្ងៃ និង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ មាន​លក្ខណៈ​ស្រដៀង​គ្នា ពោល​គឺ ប្រទេស​មីយ៉ាន់ម៉ា​ កើត​ចេញ​ពី​​ការ​​ធ្វើ​រដ្ឋប្រហារ​​យោធា។ រីឯ​កម្ពុជា​វិញ កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​បង្គ្រប់​កិច្ច។ លោក គឺម សុខ ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ​ថា គ្រាន់​តែ​ជា​ការ​បិទ​បាំង​អំពើ​អាក្រក់ ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក គឹម សុខ​៖ «លោក ហ៊ុន ម៉ាណែត គួរ​ដោះស្រាយ​បញ្ហា​ប្រទេស​កម្ពុជា​ជា​មុន​សិន ពីព្រោះ​ខ្លួន​​មាន​សមត្ថកិច្ច​​ដោះស្រាយ​​នៅ​​កម្ពុជា។ ហើយ​ការ​ដោះស្រាយ​នៅ​កម្ពុជា​ គឺ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ ការ​ជម្រះ​ឱ្យ​បាន​នូវ​ការ​សង្ស័យ​អំពី​មូលដ្ឋាន​កង​ទ័ព​ចិន ​នៅ​សមុទ្រ​រាម​ ជា​ដើម។​ រឿង​ទាំង​អស់​នេះ ​សុទ្ធតែ​ជា​រឿង​បង្ក​អសន្តិសុខ​នៅ​ក្នុង​តំបន់​ធំធេង​ដែរ​ មិន​មែន​ត្រឹម​តែ​​នៅ​ប្រទេស​ភូមា​ទេ​។ ដូច្នេះ​ កុំ​លើក​បញ្ហា​ភូមា ​គ្រាន់​តែ​ដើម្បី​បិទ​បាំង​បញ្ហា​ ដែល​កើត​មាន​​នៅ​ប្រទេស​កម្ពុជា ដែល​បង្ក​ឡើង​ដោយ​ ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត»។

រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​​ខែ​​វិច្ឆិកា ឆ្នាំ​២០១៧ តាម​បំណង​របស់​លោក ហ៊ុន សែន។ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចុងក្រោយ​ ក្នុង​​ខែ​​កក្កដា ឆ្នាំ​២០២៣ នេះ​វិញ គណៈកម្មាធិការ​​ជាតិ​​រៀបចំ​​ការ​​បោះ​​ឆ្នោត (គ.ជ.ប) ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​​នយោបាយ​របស់​បក្ស​កាន់​អំណាច ​របស់​លោក ហ៊ុន សែន បាន​​ផាត់​​ចោល​​គណ​បក្ស​​ភ្លើង​​ទៀន​ មិន​​ឱ្យ​ចូល​រួម​ប្រកួតប្រជែង។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ឈ្នះ​បាន​ចំនួន ១២០ អាសនៈ ក្នុង​​រដ្ឋសភា ហើយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ របស់​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ទទួល​បាន ៥ អាសនៈ។

ចាប់​តាំង​ពី​ឆ្នាំ​២០១៧ រហូត​​មក​​ដល់​​បច្ចុប្បន្ន​​យ៉ាង​​ហោច​​ណាស់​ មាន​​សកម្មជន​សង្គម អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល និង​សកម្មជន​បក្ស​ប្រឆាំង រួម​ទាំង​ប្រធាន​​គណបក្ស​សង្គ្រោះ​​ជាតិ លោក កឹម សុខា ផង សរុប​ប្រមាណ ២០០ នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ ​ពី​​បទ​ញុះញង់ និង​​រួម​គំនិត​ក្បត់ ក្នុង​​នោះ​​មនុស្ស​​ជាង ១០០​នាក់ ត្រូវ​បាន​ដោះ​លែង​វិញ។ ក្រៅ​ពី​នេះ ​នៅ​មាន​​សកម្មជន​​បក្ស​ប្រឆាំង​​រាប់​រ​យ​​នាក់​​ផ្សេង​​ទៀត​ បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ​រហូត​មក​ទល់​សព្វ​ថ្ងៃ ដោយសារ​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ស្រាក​ស្រាន្ត៕

រូបថត​៖ លោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក​ គឹម សុខ។
រូបថត​៖ លោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក​ គឹម សុខ។