អត្ថបទសាព័ត៌មាន The Cambodia Daily / 07th-11-2020 / រូបភាព CWCI Cambodia
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅក្រៅប្រទេស បានថ្កោលទោសថា ការអនុម័តសេចក្តីព្រាងច្បាប់ លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កាលពីថ្ងៃទី០២ វិច្ឆកានេះ គឺជាការធ្វើសម្បទានទឹកដីកម្ពុជាថ្មីបន្ថែមទៀត ទៅឲ្យរដ្ឋាភិបាលវៀតណាម ដូចគ្នាទៅនឹងការអនុម័តច្បាប់កំណត់ព្រំដែនរដ្ឋ កាលឆ្នាំ ១៩៨៥ ដូច្នោះដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានរិះគន់ថា «ការអនុម័តលើសេចក្តីព្រាងច្បាប់នេះគឺរំលោភលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទាំងស្រុង ត្បិតសេចក្តីសម្រេចនេះ គឺផ្អែកតែទៅលើ{ឯកសារសន្ធិសញ្ញាព្រំដែនថ្មីៗ មិនស្របច្បាប់} និង ផែនទីខុសច្បាប់ថ្មី ខ្នាត ១/២៥.០០០ ដែលបង្កើតចេញពីផែនទីខ្នាត ១/១០០.០០០ ដែលបានបោះពុម្ពនៅវៀតណាម ដោយខុសច្បាប់ និងផែនទី UTM ខ្នាត ១/៥០.០០០ ដែលទាហានអាមេរិកកាំង ប្រើតែក្នុងសម័យសង្គ្រាមវៀតណាមតែប៉ុណ្ណោះ»។
លោក ចាត់ទុកថា ការការអនុម័តសេចក្តីព្រាងច្បាប់ថ្មីនេះ គឺជាការធ្វើឡើងដោយស្ងាត់ៗ និងមានការលាក់កំបាំងពីពលរដ្ឋខ្មែរម្ចាស់ប្រទេស ត្បិតជាការធ្វើឡើងដោយ ឯកបក្ស គ្មានការចូលរួមដឹងឮ និងទទួលស្គាល់ពីបកុ្សប្រឆាំង អង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ និងអ្នកជំនាញប្រទេសបារាំង ដែលជាម្ចាស់ផែនទីដើមរបស់កម្ពុជា ក្នុងសម័យអណានិគមនោះ។
ការរិះគន់{របស់លោក ម៉ែន ណាត} នេះ ធ្វើឡើងក្រោយរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
ជុំវិញការអនុម័តលើសេចក្តីព្រាងច្បាប់នេះ អនុប្រធានគណៈកម្មាធិការព្រំដែន អ្នកស្រី កុយ ពិសី បានអបរសាទរ រដ្ឋាភិបាលកម្ពុជាដែលបានបញ្ចប់ទាំងស្រុងក្នុងការបោះបង្គោលព្រំដែន និងខណ្ឌសីមាព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងខេត្តចំនួន ៣ គឺខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។
អនុប្រធានគណៈកម្មាធិការព្រំដែនរូបនេះ អួតថា នេះគឺជាសមិទ្ធិផលប្រវត្តិសាស្ត្រលើកដំបូង សម្រាប់ប្រទេសកម្ពុជា ដែលមានសិទ្ធិ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតកគ្រប់ជំនាន់តទៅ។ យ៉ាងណាក៏ដោយ អ្នកស្រី ក៏បានថ្លែងអំណរគុណដល់មន្ត្រីព្រំដែន និងស្ថាប័នពាក់ព័ន្ធនានា ដែលខិតខំទម្លុះទម្លាយគ្រប់ឧបសគ្គ តស៊ូក្រាញននៀលដើម្បីសម្រេចបាននូវផ្លែផ្កាមួយនេះ។
ការអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា-វៀតណាម នេះ ធ្វើឡើងក្រោយការចុះហត្ថលេខាយល់ព្រម រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន សែន {នាយករដ្ឋមន្រ្តីកម្ពុជា} ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ។
កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១២៧០ គីឡូម៉ែត្រ ជាប់ខេត្តចំនួន ៩ ដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រទេសទាំងពីរ បានបោះបង្គោលព្រំដែន សម្រេចបានចំនួន ៨៤% ហើយ {ឬស្មើ ៣១៥ បង្គោល} ខណៈ ១៦% ទៀត មិនទាន់ឯកភាពគ្នានៅឡើយ។
ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ធ្លាប់បានជំទាស់នឹងការអនុម័តរបស់រដ្ឋសភាជាតិ លើបញ្ហាព្រំដែន ស្តីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា-វៀតណាម ដោយថា «ក្នុងស្ថានភាពនយោបាយដែលប្រទេសកម្ពុជា នៅមិនទាន់ឯកភាពជាតិ និងក្នុងពេលដែលសភាជាតិ គ្រប់គ្រងដោយគណបក្សតែមួយ រដ្ឋសភាកម្ពុជា ពុំគួរផ្តល់សច្ចាប័នលើសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងនានា លើបញ្ហាព្រំដែននេះឡើយ»។
មន្ត្រីជាន់ខ្ពស់របស់សមាគមអាដហុក លោក សឹង សែនករុណា លើកឡើងលើគណនីហ្វេសប៊ុកថា «នៅពេលអានសៀវភៅប្រវត្តិសាស្ត្រ ស្រណោះណាស់នូវ វីរជនខ្មែរណាស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ទម្រាំនឹងសល់ទឹកដីប៉ុណ្ណេះ មិនគួរណា អ្នកនយោយបាយជំនាន់ក្រោយ ធ្វើឲ្យរួញទៅៗ ពីមួយជំនាន់ទៅមួយជំនាន់ នោះទេ»។
ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា-វៀតណាម នេះ នឹងចូលជាធរមានយកមកអនុវត្ត ក្រោយរដ្ឋសភា ព្រឹទ្ធសភាជាតិ អនុម័តយល់ព្រម និងទទួលបានការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រ ជាមុនសិន៕

.
.