សេចក្តីថ្លែងការណ៍ខាងក្រោមនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានធ្វើឡើងតាំងពីថ្ងៃទី ១៩ វិច្ឆិកា ២០១៦ បានសរសេរលំអិតទៅលើរឿងរ៉ាងវិវាទព្រំដែនកម្ពុជា និងវៀតណាម។

បច្ចុប្បន្នភាពនៃ​ដំណើររឿងនេះ មក​ទល់​ពេលនេះ ៖
១. រដ្ឋាភិបាលលោក ហ៊ុន សែន បាន​ផ្តល់​សច្ចាប័ន​លើសន្ធិសញ្ញា​ព្រំដែន​ថ្មី​គឺ សន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០១៩ អម​ជាមួយ​ផែនទី ខ្នាត ១/២៥​ពាន់ (បោះពុម្ភនៅ​ប្រទេស​ដាណឺម៉ាក ថ្មីៗ​នេះ) បន្ទាប់​​ពី​ប្រទេសទាំង ២ បាន​បោះ​បង្គោល​ព្រំដែន ៣១៥ បង្គោល ឬស្មើ ៨៤% ក្នុង​ចំណោម​បង្គោល​សរុប ៣៧៥ បង្គោល។ សន្ធិសញ្ញាថ្មីនេះ អនុលោម​តាម​សន្ធិសញ្ញា​​បំពេញប​ន្ថែម ឆ្នាំ​២០០៥ ដែល​ផ្អែក​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ ដែលជា​​សន្ធិសញ្ញា​ខុស​ច្បាប់​។
២. រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង ក្នុងឆ្នាំ២០១៥ និង​​ដើម​​ឆ្នាំ​២០១៦ បាន​​​​ធ្វើ​លិខិត​កំណត់​ទូត តវ៉ា​ទៅ​វៀតណាម​ជាច្រើន​លើក ករណី​វៀតណាម ឆ្លង​ព្រំដែន​ចូល​​មក​ជីកស្រះ ៧ កន្លែង នៅ​ខេត្ត​រតនគីរី និង សាងសង់​ប៉ុស្តិ៍​ព្រំដែន ១ កន្លែង​ក្នុង​ទឹកដី​ខ្មែរ នៅ​ឃុំ​សំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល។ ប៉ុន្តែ​លិខិត​កំណត់​ទូត​ តវ៉ាទៅ​វៀតណាម​​ទាំង​នោះ គ្មាន​បាន​ទទួល​លទ្ធផល​ផ្លែផ្កា​​ទេ។
 ​៣. ថ្ងៃទី ២៥ ខែមីនា ២០២០ ទាហាន​វៀតណាម ឆ្លង​​ព្រំដែន ចូល​​មក​​ហាម​​ឃា​ត់​​​ពលរដ្ឋ​​​ខ្មែរ ​មិន​​​ឱ្យ​​​ធ្វើ​​ស្រែ​​ចម្ការ ​លើ​​ដី​​ស្រែ​​របស់​​ខ្លួន​ ក្នុង​​ភូមិ​​ត្រពាំង​ថ្លុង ឃុំ​​​ត្រពាំង​ថ្លុង ស្រុក​​ពញាក្រែក​ ខេត្ត​​ត្បូង​ឃ្មុំ។ ការរំលោភ​ឈ្លានពាន​របស់​វៀតណាម​នេះ មាន​វីដេអូ​ផ្សព្វផ្សាយ​ផង ប៉ុន្តែ​មន្រ្តី​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង និយាយដោះសារ និង​​ច្រាន​ចោល។
៤. កម្ពុជា មានវិវាទថ្មីទៀត​ជាមួយ​វៀតណាម ខណៈ​ទាហាន​វៀតណាម ចូល​ក្នុង​ទឹកដីខ្មែរ បោះតង់ ២៥៦ កន្លែង​ផ្សេងគ្នា រំលោភ​ឈ្លានពាន​ចូល​ទឹកដី​ខ្មែរ តាមព្រំដែន ក្នុងនោះបានបោះ ៣១ កន្លែង នៅ​ស្រុក​កោះធំ និងស្រុកលើកដែក ខេត្ត​កណ្តាល តាំងពីថ្ងៃទី ២៦ មេសា ២០២០ និងបោះ ៨៣ កន្លែង នៅខេត្តតាកែវ។
ភាគី​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺរដ្ឋមន្រ្តី​ការបរទេស លោក ប្រាក់ សុខុន បញ្ជាក់​ថា​​កម្ពុជា ធ្វើ​លិខិតកំ​ណត់ទូត តវ៉ា​ទៅ​ប្រទេស​វៀត​ណាម​ ខណៈ​ក្រុម​អ្នកជំនាញ​ព្រំដែន​ខ្មែរ និង​អ្នកឃ្លាំមើល​ និយាយ «មិន​ដែល​មានប្រសិទ្ធភាព​»។ (មាន​សេចក្តីបញ្ជាក់​របស់​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)។
(អត្ថបទបន្ថែមដោយលោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / Updated 20-6-2020)

ដើម្បីសិក្សាស្វែងយល់បញ្ហាព្រំដែន សូម​លោក​អ្នក​អាន​អត្ថបទ​ខាង​ក្រោម៖

សេចក្តីថ្លែងការណ៍
បញ្ជាក់ជំហរប្រឆាំង​ជំទាស់ការ​ផ្ទេរខ្នាត​ផែនទី និង ការកែ​ប្រែ​​រដ្ឋធម្មនុញ្ញ មាត្រា២ (សូម​ចុច​ត្រង់​នេះ អាន​សេចក្តី​ថ្លែងការណ៍​ទាំងស្រុង)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមប​ញ្ជាក់​​ជំហរ​​ប្រឆាំង​​ជំទាស់​​ជាដាច់ខាត ចំពោះ​​រដ្ឋាភិបាល ​លោក ហ៊ុន សែន ដែល​​បាន​​ព្រម​​ព្រៀង​គ្នា ជាមួយ​​​រដ្ឋាភិបាល​​វៀតណាម ផ្ទេរខ្នាត​​ផែនទី​​ព្រំដែន បោន (Bonne) ១/១០០.០០០ មក​ខ្នាត​​ផែនទី UTM ១/៥០.០០០ វិញ ទៅ​​តាម​​​ការចង់​​បាន​​របស់​វៀតណាម ដើម្បី​ឲ្យ​​​ស្រប​​តាម​​​លទ្ធផល នៃ​ការបោះ​​បង្គោល​​ព្រំដែន​​​បាន​ជាង ៨៣% រួចហើយ តាំង​ពី​​ឆ្នាំ​​​២០០៦ មក​ដល់​សព្វថ្ងៃ ។ គោល​បំណង​នៃ ការផ្ទេរ​ខ្នាត ​ផែនទី​នេះ ក៏​ជាយន្តការ មួយ​ទៀត ដែល​នឹង​បោះ​ជំហាន​​ទៅ​ធ្វើការ​កែប្រែ ​រដ្ឋធម្មនុញ្ញ មាត្​រា២ ដែល​ជា​ឯកសារ​​ដ៏​រឹងមាំ ការពារ​បូរណភាព​​ទឹកដី​ខ្មែរ ទប់​ស្កាត់​ការរំលោភ​ឈ្លាន ពី​ប្រទេ​ស​វៀតណាម។

យើងសូមជំទាស់​​យ៉ាងដាច់អហង្កា ចំពោះ​​យន្តការ​របស់​​រដ្ឋាភិបាល ហ៊ុន សែន ដែល​ឈាន ទៅ​រក​​ការកែ​សម្រួល រដ្ឋធម្មនុញ្ញ មាត្រា២ ពីព្រោះ​ថា កម្ពុជា នឹង​បំបាត់​សិទ្ធិ​តវ៉ា​ដោយ​ខ្លួន​ឯង នៅ​លើ ផ្ទៃ​អន្តរជាតិ និង បោះ​បង់​ចោល​​មរតក​​ប្រវត្តិសាស្រ្ត ពីអាណា​និគម​​បារាំង ក្នុង​​ការប្តឹង តវ៉ា​ទាមទារ​មក​វិញ «ប្រជុំ​កោះត្រល់ និង​​ទឹកដី​ព្រំដែនខ្មែរ ដែល​បាត់បង់» ក្នុង​របប​ដឹកនាំ របស់​លោក ហ៊ុន សែន តាំង​ពីទសវត្ស​ទី​៨០ ដល់​បច្ចុប្បន្ន។ នេះ​គឺ​ជាចំណុច​គ្រោះថ្នាក់ ធ្ងន់​ធ្ងរបំផុត ដែល​ពលរដ្ឋខ្មែរ និង​អ្នកនយោបាយ​ខ្មែរ ត្រូវ​ស្វែង​យល់ ​ហើយ​និង​សិក្សា ឲ្យបាន ស៊ីជម្រៅ ទៅ​លើ​ប្រវត្តិ​សាស្រ្ត​របស់ខ្លួន។

សេចក្តីថ្លែងការណ៍នេះ ជាឯកសារសំខាន់ដែលនឹងបកប្រែជាភាសាអង់គ្លេស ផ្ញើទៅទៅកាន់ សហប្រធានហត្ថលេខីនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១, អគ្គលេខាធិការដ្ឋានអាស៊ាន និងស្ថាប័នពាក់ព័ន្ធឯទៀត ដោយភ្ជាប់ជាមួយនូវលិខិតបញ្ជូន របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។

១. ហេតុអ្វីបានជាយើង មិនគាំទ្រការផ្ទេរខ្នាតផែនទីព្រំដែន?

គោលបំណងនៃការផ្ទេរខ្នាតផែនទីព្រំដែន មិនមែនជារឿងថ្មីទេ ដែល​ភាគី​វៀតណាម ​បង្ខំ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​តែ​អនុវត្តឲ្យ​បាន​ជាវិជ្ជមាន។ ការអនុវត្ត​សន្ធិសញ្ញា ​ក្នុង​ការបោះ​បង្គោល​ព្រំដែន រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង បានរំលោភ​រដ្ឋធម្មនុញ្ញ មាត្រា២ ដែល​ការពារ បូរណភាព​ទឹកដីខ្មែរ ដោយបើកឲ្យប្រើ ផែនទីខ្នាតបោន(Bonne) ១/១០០.០០០ ប៉ុន្តែ​រដ្ឋាភិបាល បែរជាប្រើប្រាស់ផែនទី UTM ខ្នាត ១/៥០.០០០ តាមការទាមទារ​របស់​ភាគីវៀតណាម។ ម្ល៉ោះហើយរដ្ឋាភិបាល ហ៊ុន សែន ត្រូវតែលាក់លៀមឯកសារព្រំដែន​ទាំងអស់ មិនបញ្ចេញ ឲ្យពលរដ្ឋខ្មែរ, អ្នកនយោបាយខ្លះ, និងសមាជិករដ្ឋសភា បាន​យល់ដឹងនោះទេ។

ការព្រមព្រៀងគ្នា រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយលោកនាយករដ្ឋមន្រ្តី ង្វៀង ស៊ុនហ្វ៊ុក (Nguyen Xuan Phuc)  នៃប្រទេសវៀតណាម កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺជាការរំលឹកឡើងវិញ អំពីខ្លឹមសារសំខាន់ៗ មានចែងក្នុងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ នាសម័យវៀតណាម ត្រួតត្រាកម្ពុជា និង សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥។ ដូច្នេះ ការផ្ទេរខ្នាតផែនទីព្រំដែន ពីខ្នាតបោន(Bonne) ១/១០០.០០០ មក​ខ្នាតផែនទី UTM ១/៥០.០០០ គឺគ្រាន់តែជាការបង្គ្រប់កិច្ច និងជាធ្វើឲ្យស្របតាម ការបោះ​បង្គោលព្រំដែន បានជាង ៨៣% រួចហើយនោះ ។

សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដែលទទួលស្គាល់ឡើងវិញនូវ សន្ធិសញ្ញា​ព្រំដែន ខុស​ច្បាប់ ឆ្នាំ១៩៨៥ មាន​ចែងស្ទើរ​គ្រប់ចំណុច ត្រង់ប្រការ ២ និងប្រការ ៣ ដោយគូសបញ្ជាក់​ថា «ភាគីទាំងពីរ បានឯកភាពគ្នា ដើម្បីកែសម្រួលខ្សែបន្ទាត់ព្រំដែន ក្នុងការពិនិត្យ​ផ្ទៀងផ្ទាត់ ការចម្លងខ្សែបន្ទាត់ព្រំដែន ពីផែនទី Bonne ខ្នាត ១/១០០.០០០ មក​លើ​​ផែនទី UTM ខ្នាត ១/៥០.០០០»។ ហើយនៅប្រការ ៤ នៃសន្ធិសញ្ញានេះ បានបញ្ជាក់ដែរថា ភាគីទាំងពីរ ប្រើផែនទី Bonne ១/១០០.០០០ ចំនួន ២៦ ផ្ទាំង និងផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន ៤០ ផ្ទាំង (ជា ផែនទីដែលផលិតដោយកងទ័ពអាមេរិក ក្នុងសម័យ​សង្គ្រាមវៀតណាម) ដែលជាផែនទីអម សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា របស់រដ្ឋាភិបាល បាន​សារភាព​ក្នុង​សន្និសីទ ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ​២០១៥ ថា ផែនទី​ទាំង ២ ប្រភេទ​នេះ «ជា​ផែនទី ផលិតនៅ​ប្រទេស​វៀតណាម»។ វាជាការពិត នៅលើផែនទី ក៏​មាន​បញ្ជាក់​ដោយ «ហត្ថលេខា» ពីសមភាគី កម្ពុជា (លោក ឌិត មន្ទី ប្រធានគណៈប្រតិភូ នៃរដ្ឋាភិបាល កម្ពុជា) និង វៀតណាម (លោក លីវ វ៉ាន់ ឡឺយ ប្រធានគណៈប្រតិភូ នៃរដ្ឋាភិបាល​​វៀតណាម) កាលពី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥។

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ លោក វ៉ា គឹមហុង បានថ្លែងសារភាព នៅក្រសួង​​មហាផ្ទៃ​ថា ​«ភាគី​កម្ពុជា​យើង ចង់បោះបង្គោលព្រំដែន តាមផែនទីបោន(Bonne) ខ្នាត ១/១០០.០០០ ប៉ុន្តែ​វៀតណាម មិនព្រម។ ភាគី​វៀតណាម ទាមទារ​ឲ្យកម្ពុជា ត្រូវបោះ​​បង្គោល​​ព្រំដែន​តាម​ផែនទីខ្នាត UTM ខ្នាត ១/៥០.០០០»។

២. ប្រវត្តិនៃការបោះបង្គោលព្រំដែន និង ការរំកិលខ្សែបន្ទាត់ព្រំដែនថ្មី

រដ្ឋាភិបាល ហ៊ុន សែន បានបោះបង់ចោលខ្សែបន្ទាត់ព្រំដែន ដែលជាកេរ​មរតក ពី​របប អាណា​និគម បារាំង តាម​អនុសញ្ញា​បារាំង កម្ពុជា និងកូសាំស៊ីន​ (កម្ពុជាក្រោម) នា​ឆ្នាំ​១៨៧៣ ដែល​កាលនោះ បារាំង បានបោះបង្គោលព្រំដែនចំនួន ១២៤ បង្គោល។ មរតករបស់បារាំងនេះ បានសរសេរនៅក្នុង រដ្ឋធម្មនុញ្ញ មាត្រា២ ដែលរំលឹកឡើងវិញ នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សង្កត់ធ្ងន់ទៅលើ «មោឃភាព នៃសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ទាំងឡាយ ក្នុងទសវត្សទី៨០ ជាមួយភាគីវៀតណាម ដែលត្រួត​ត្រា​កម្ពុជា យ៉ាងខុសច្បាប់ អន្តរជាតិ»។ រដ្ឋធម្មនុញ្ញ មាត្រា ២ «បូរណភាពទឹកដីរបស់ ព្រះរាជាណាចក្រកម្ពុជា មិនអាច រំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩»។

ការបោះបង់ខ្សែព្រំដែនពីសម័យបារាំង ហើយបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី តាមការចង់បានរបស់ វៀតណាម មានន័យថា រដ្ឋាភិបាល ហ៊ុន សែន មាន​ទោសស្មើ​នឹង​ធ្វើជាតិប្រហារ ឬ​ក្បត់ជាតិ ពីព្រោះខ្សែ បន្ទាត់ព្រំដែនថ្មី វាច្បាស់ជារំកិលព្រំដែន ទៅតាមខ្លឹមសារសន្ធិសញ្ញា ឬអនុសញ្ញា ព្រំដែនថ្មីដែរ។ ដូច្នេះហើយ គេចាំបាច់ត្រូវតែ រកវិធីផលិតផែនទីថ្មី ដែលឆ្លុះបញ្ចាំង អំពីខ្សែ បន្ទាត់ព្រំដែនថ្មី និង ទិដ្ឋភាពដីជាស្តែង។

ប្រវត្តិសង្ខេបនៃការបោះបង្គោលព្រំដែន មាន ៣ ដំណាក់កាល

ក. ដំណាក់កាលទី១៖ តាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំស៊ីន(កម្ពុជាក្រោម) ឆ្នាំ ​១៨៧៣ បាន​បោះ​បង្គោល​ព្រំដែន ចំនួន ១២៤ បង្គោល ។ បង្គោល​ទាំង ១២៤ បង្គោល​នេះ ក្លាយជា ព្រំដែនកម្ពុជា-វៀតណាម នៅ​ពេល​បារាំង កាត់ដី​ខ្មែរក្រោម ឲ្យវៀតណាម ថ្ងៃទី០៤ ខែ​មិថុនា ឆ្នាំ១៩៤៩។ ខ្សែបន្ទាត់ព្រំដែន និង ផែនទី ព្រំដែននេះ ត្រូវបាន ទទួលស្គាល់ ដោយ​សន្និសីទ អន្តរជាតិ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ស្តីពីកម្ពុជាទទួលឯករាជ្យពីបារាំង ហើយ​​វៀតណាម និងឡាវ ក៏បានយល់ស្របដែរ។ ឯកសារព្រំដែន រវាងកម្ពុជា ជាមួយប្រទេស​​ជិតខាង ត្រូវ បានរំលឹកឡើងវិញ តាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

ខ. ដំណាក់កាលទី២៖ សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ដែល​ធ្វើឡើង​ក្នុង​សម័យ វៀត​ណាម ត្រួតត្រា​ប្រទេស​កម្ពុជា បានរំកិល​ខ្សែ​បន្ទាត់​ព្រំដែន ចេញ​ខ្សែ​របន្ទាត់​ព្រំដែនចាស់ ពីសម័យ អាណានិគម បារាំង ចូលក្នុង​បូរណភាព​ទឹកដីខ្មែរ ។ សន្ធិសញ្ញាថ្មីនេះ កម្ពុជា និង វៀតណាម បានបោះ​បង្គោល​ព្រំដែនថ្មី ចំនួន ៧២ បង្គោល នៅចន្លោះ​ឆ្នាំ​១៩៨៦-១៩៨៨ ។ ឯកសារ​សន្ធិសញ្ញាព្រំដែន និងការបោះបង្គោលព្រំដែន ធ្វើឡើងដោយឯកតោភាគី ពី​ព្រោះ​វៀតណាម គឺជាអ្នករៀបចំសំណុំឯកសារ និង ផែនទីព្រំដែន​រួចជាស្រេច ដើម្បីឲ្យរដ្ឋាភិបាល ទីក្រុងភ្នំពេញ​របស់លោក ហ៊ុន សែន ចុះហត្ថលេខា និងទទួលយល់ព្រម។

គ. ដំណាក់កាលទី៣៖ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ បាន​ទទួល​ស្គាល់​ឡើង​វិញ នូវ​សន្ធិ​សញ្ញា​ព្រំដែន​ខុសច្បាប់ ឆ្នាំ១៩៨៥ ជាមួយ​វៀតណាម ដោយ​មាន​ការរំកិល​ខ្សែបន្ទាត់​ព្រំដែន ជាថ្មីម្តង​ទៀត ចូល​មកក្នុង​បូរណភាព​ទឹកដីខ្មែរ។ សន្ធិសញ្ញា​ថ្មីនេះ គ្រោង​បោះ​​បង្គោល ព្រំដែនចំនួន ៣៥៣ បង្គោល និងអាច​បោះបន្ថែម តាម​ការចាំបាច់។ បច្ចុប្បន្ន រដ្ឋាភិបាល ហ៊ុន សែន និង​រដ្ឋាភិបាលវៀតណាម បោះបង្គោល​ព្រំដែន​បានជាង ៨៣% ហើយ ប្រើផែនទីអម សន្ធិសញ្ញា​ខុសច្បាប់ ឆ្នាំ១៩៨៥ និងប្រើផែនទី UTM ១/៥០.០០០។ លោក វ៉ា គឹមហុង ទេសដ្ឋមន្រ្តី​ទទួល​បន្ទុកកិច្ចការ​ព្រំដែន របស់​រដ្ឋាភិបាល បាន​សារភាពរឿងនេះ កាលពីថ្ងៃទី០២ និងថ្ងៃទី១៤  ខែកក្កដា ឆ្នាំ២០១៥ ថា​«ជាផែនទី ផលិត​នៅប្រទេស​វៀតណាម ។ ហើយ​វៀតណាម បង្ខំឲ្យ​ភាគីកម្ពុជា ប្រើប្រាស់ផែនទី UTM ខ្នាត ១/៥០.០០០ ក្នុងការបោះបង្គោល ព្រំដែន» ។

៣. ភាពជម្រោងចម្រាស និង ផលវិបាក នៃសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥

សន្ធិសញ្ញា​ព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ទៅលើ​សន្ធិសញ្ញាព្រំដែន​រដ្ឋ​ខុសច្បាប់ ឆ្នាំ​​១៩៨៥ ត្រូវបាន​ប្រឆាំង​ជំទាស់​យ៉ាង​ដាច់អហង្កា ពីក្រុមអ្នកជំនាញ​ការព្រំដែន​ខ្មែរ នៅក្រៅ​ប្រទេស, ពីក្រុមសកម្មជនព្រំដែន, អ្នកជំនាញការច្បាប់ និង ក្រុមសមាជិករដ្ឋសភា ពីគណបក្ស​ប្រឆាំង សម-រង្ស៊ី។ ខ្លឹមសារសន្ធិសញ្ញា​ព្រំដែនថ្មីនេះ បានរំលោភទាំងស្រុង ទៅ​លើ​រដ្ឋធម្មនុញ្ញ កម្ពុជា មាត្រា២ និង រំលោភទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីអំពី​អធិបតេយ្យភាព និងភាពមិនអាចរំលោភបាននៃ បូរណភាពទឹកដីខ្មែរ។ កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស បានបញ្ជាក់ ច្បាស់ថា «កិច្ចព្រមព្រៀង ឬសន្ធិសញ្ញាទាំងឡាយណា ដែល​​ធ្វើឡើងនៅទសវត្សទី ៨០ និងធ្វើឡើងដោយបង្ខំ ត្រូវបានដាក់ជាមោឃភាព»។ ប៉ុន្តែ​​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បែរជាប្រឆាំងរដ្ឋធម្មនុញ្ញ និង កិច្ចព្រមព្រៀងទីក្រុង​​ប៉ារីស ដែលជាឯកសារយ៉ាងសំខាន់ របស់កម្ពុជាខ្លួនឯងទៅវិញ។

ករណីមានភាពជម្រោងចម្រាស និង ស្ថិតនៅក្រោមការគំរាមកំហែងនានា ដូច​ចំណុច​ខាង​​លើ រួមទាំង​ការគំរាម​ការផ្លាស់ប្តូររបបដឹកនាំផង នោះកម្ពុជា នៅតែមាន​សិទ្ធិប្តឹងតវ៉ា​ទាមទារ យក ផលប្រយោជន៍ និង បូរណភាពទឹកដីខ្មែររបស់ខ្លួនមកវិញ ពីប្រទេស​វៀតណាម ដែលវៀតណាម បានបង្ខំឲ្យមេដឹកនាំខ្មែរ ជាសេនារីយ៉ូរបស់ខ្លួន អនុវត្តយុទ្ធសាស្រ្ត​នយោបាយរបស់ខ្លួន រំលោភ លើច្បាប់របស់កម្ពុជា និង ច្បាប់អន្តរជាតិ។ ការប្តឹងតវ៉ា​នេះ ត្រូវប្តឹងទៅភាគីអន្តរជាតិ ពាក់ព័ន្ធនានា និង ត្រូវពឹងផ្អែកលើរដ្ឋាភិបាលថ្មីណាមួយ ដែលស្រឡាញ់ពលរដ្ឋ និង ជាតិ ទឹកដីខ្មែរ។

រំលឹក៖ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ថ្មីនេះ ត្រូវបានចុះហត្ថលេខាដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ផាន វ៉ាន់ ខាយ នាយករដ្ឋមន្រ្តី​វៀតណាម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ​២០០៥ ហើយព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី បាន​ឡាយព្រះហស្ថលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស នៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០០៥ បន្ទាប់ពី​រដ្ឋសភា និង ព្រឹទ្ធសភា បានផ្តល់សច្ចាប័នយល់ព្រម ក្រោមស្ថានភាពដ៏ជម្រោងចម្រាស ហើយ​​និង ការគំរាមកំហែង រួចមក។

កំឡុងពេល សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម កំពុងស្វែងរកការគាំទ្រពី​ស្ថាប័ន​កំពូលៗរបស់​ជាតិ លោក ហ៊ុន សែន បានគំរាម​ផ្លាស់ប្តូរ​របបដឹកនាំ​ប្រទេស «ពី​រាជានិយម ទៅជា​សាធារណរដ្ឋ» បើសិនជា ព្រះមហាក្សត្រ មិនព្រមឡាយព្រះហស្ថលេខាទេនោះ។ កាលនោះព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាង​ទៅទីក្រុង​ប៉េកាំង ប្រទេសចិន តាមការ​យាង​ពី​​ព្រះមាតាបិតារបស់ ព្រះអង្គ ដែលគង់នៅទីនោះ ប៉ុន្តែព្រះអង្គ ត្រូវប្រញាប់​យាង​ត្រឡប់​មក​​កម្ពុជា​វិញជាបន្ទាន់ បន្ទាប់ពីលោក ហ៊ុន សែន បានគម្រាមផ្លាស់ប្តូរបប។

ក្រុមមេដឹកនាំនៃ ក្រុមប្រឹក្សឃ្លាំមើលកម្ពុជា ត្រូវបានលោក ហ៊ុន សែន ប្រកាស​ចាប់​ខ្លួន នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០០៥ ពោលគឺ ៣ ថ្ងៃក្រោយ​ពីក្រុមប្រឹក្សានេះ បាន​ចេញ​សេចក្តីថ្លែងការណ៍ ប្រឆាំង​ជំទាស់ សន្ធិសញ្ញា​ព្រំដែនបំពេញបន្ថែម ដោយ «ប្រកាសកាន់មរណកាន់​ទុក្ខ នៃការបាត់បង់​បូរណភាពទឹកដីខ្មែរ»។ ពេលនោះ លោក ម៉ែន ណាត ប្រធានសមាគម​​មន្រ្តីរាជការ​កម្ពុជា, លោក ឆាំ ឆានី ប្រធានសមាគមឯករាជ្យកសិករកម្ពុជា, និង លោក អៀ ចាន់ណា អគ្គលេខាធិការរង នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតយ្យ បាន​ភៀស ខ្លួនទៅប្រទេសថៃ រួចទទួល​បានសិទ្ធិ​ជ្រកកោន​ខាង​នយោបាយ នៅប្រទេស​ ន័រវេស៍ ហើយ លោក ប៉ាង សុខឿន ប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បាន​ភៀសខ្លួនទៅថៃ រួចទទួល​សិទ្ធិជ្រកកោន នៅ​ប្រទេស​ ស៊ុយអែត។ លោក  រ៉ុង ឈុន ប្រធានសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានចាប់ដាក់គុក ជាង ៣ ខែ ពីថ្ងទី១៥ ខែតុលា ឆ្នាំ២០០៥ ដល់ចុងខែមករា ឆ្នាំ២០០៦ ទើបត្រូវបាន​ដោះលែង។ លោក ជា មុន្នី ប្រធាន​សហជីពសេរីកម្មករកម្ពុជា បានភៀសខ្លួន នៅប្រទេសបារាំង ៤ ខែ ពីខែតុលា ឆ្នាំ២០០៥ ហើយវិល ចូលស្រុកវិញ នៅដើមខែកុម្ភៈ ឆ្នាំ២០០៦។

ដោយសារភាពជម្រោងចម្រាស ជំទាស់សនិ្ធសញ្ញាព្រំដែនបំពេញបន្ថែមនេះដែរ លោក ម៉ម សូណងដូ នាយកវិទ្យុសំបុកឃ្មុំ ត្រូវបានចាប់ដាក់​គុក​ជាង ៣ ខែ, លោក ប៉ា ងួនទៀង នាយក​ព័ត៌មាននៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ​ជាង ១ ខែ, លោក កឹម សុខា កាលនោះជាប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយនិង លោក យេង វីរៈ នាយកមជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់សហគមន៍ ក៏ត្រូវបាន​ចាប់ខ្លួនដាក់​គុកជាង ១ ខែដែរ ពីខែធ្នូ ឆ្នាំ២០០៥ ដល់ចុងខែមករា ឆ្នាំ២០០៦ ទើបត្រូវបានដោះលែងឲ្យមាន​សេរីភាព​ឡើងវិញ ដំណាលគ្នាជាមួយ លោក រ៉ុង ឈុន ដែរ បន្ទាប់ពីមានសម្ពាធធ្ងន់ធ្ងរ ពីសហគមគមន៍ អន្តរជាតិផង។

ជុំវិញភាពជម្រោងចម្រាស ប្រឆាំងជំទាស់ សនិ្ធសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដែល​មាន ភាពមិនប្រក្រតីនោះ លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេស បារាំង, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ  ធម្មិកោ ទីប្រឹក្សាផ្ទាល់របស់អតីតព្រះ​មហា​ក្សត្រ នរោត្តម សីហនុ, និង លោកបណ្ឌិតច្បាប់ សាយ បូរី ក៏ទទួលបានការគំរាមកំហែងធ្ងន់ ពីលោក ហ៊ុន សែន ហើយ មានការភៀសខ្លួនមួយរយៈ នៅចុងខែតុលា ឆ្នាំ​២០០៥ និង ដើមឆ្នាំ២០០៦។

៤. ការយាយីនយោបាយ ពាក់ព័ន្ធការរឿងព្រំដែន និង ការរំលោភសទ្ធិមនុស្ស

សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ពីគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួនភ្លាមៗ ទាំងនៅ មានអភ័យឯកសិទ្ធិ កាលពីថ្ងទី១៥ ខែសីហា ឆ្នាំ២០១៥ ក្រោយពេលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឲ្យចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា «ផ្សាយឯកសារព្រំដែនក្លែង​ក្លាយ» ចំពេលបញ្ហាព្រំដែនឡើងកំដៅ ហើយតុលាការ បានកាត់ទោសរូបលោក យ៉ាង​អយុត្តិធម៌ ឲ្យជាប់គុក ៧ ឆ្នាំ។ កាឃុំខ្លួនលោក ហុង សុខហួរ គឺជារឿងនយោបាយ និង ជាការរំលោភ រដ្ឋធម្មនុញ្ញ មាត្រា​១០៤ ថ្មី។

សមាជិសភា លោក អ៊ុំ សំអាន ពីគណបក្សសង្គ្រោះជាតិ ជាសមាជិកសភាសកម្ម ក្នុងរឿង ស្រាវជ្រាវ ផែនទីព្រំដែន និងដឹកនាំក្រុមការងារចុះពិនិត្យព្រំដែនខ្មែរ-វៀតណាម ត្រូវបានចាប់ខ្លួន ដាក់គុក កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ពីបទចោទប្រកាន់ «ញុះញង់ឲ្យការប្រព្រឹត្ត បទឧក្រឹដ្ឋ រឿងព្រំដែន និង ជំរុញឲ្យរើសអើង» ហើយតុលាការ កាត់ទោសឲ្យជាប់​ពន្ធនាគារ ២ ឆ្នាំ ៦ ខែ និងត្រូវបង់ពិន័យ ៤ លានរៀល។ លោក អ៊ុំ សំអាន គឺសមាជិក​សភា ដែលស្រឡាញ់ ជាតិ និងទឹកដី ហើយបានទៅស្រាវជ្រាវ ផែនទីព្រំដែន ពីអង្គការ​សហប្រជាជាតិ, បណ្ណាល័យ សភាសហរដ្ឋអាមេរិក និង ពីវិទ្យាស្ថានជាតិ ភូមិសាស្រ្តរបស់​បារាំង នៅទីក្រុងប៉ារីស ព្រមទាំង ដឹកនាំក្រុមតំណាងរាស្រ្ត និងក្រុមយុវជន ទៅពិនិត្យ​ព្រំដែនយ៉ាងផុលផុស។

ការចាប់ឃុំខ្លួន និងការកាត់ទោសសមាជិកសភា លោក អ៊ុំ សំអាន ប្រព្រឹត្តទៅទាំងងនៅមាន អភ័យឯកសិទ្ធិ ជាតំណាងរាស្រ្ត។ ការចាប់ឃុំខ្លួននេះ គឺការរំលោភរដ្ឋធម្មនុញ្ញ មាត្រា ៨០ និង ជាការធ្វើឡើងតាមការចង់បាន របស់លោក ហ៊ុន សែន ដើម្បីបំបិទសេរីភាពបញ្ចេញ​មតិ និងបង្ក្រាបក្រុមសកម្មជនព្រំដែនឯទៀត ដែលឈឺឆ្អាល រឿងព្រំដែន ដ៏ជម្រោងចម្រាស។

ដោយឡែក ក្រុមសកម្មជនដែលសកម្មក្នុងរឿងព្រំដែន និង ក្រុមមន្រ្តីសិទ្ធិមនុស្សជាង ២០ នាក់ កំពុង ជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ ក្រោមសម្ពាធនៃចំណាត់ការនយោបាយ ដែល​គ្មានគុណធម៌, រំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់ធ្ងន់ធ្ងរ ពីសំណាក់រដ្ឋាភិបាល ហ៊ុន សែន។ ជាមួយគ្នានេះ លោក សម រង្ស៊ី មេដឹកនាំគណបក្ស សង្គ្រោះជាតិ  ក៏កំពុងនីរទេសខ្លួន នៅប្រទេសបារាំង គេចចេញពីការចាប់ឃុំខ្លួន ពីរដ្ឋាភិបាល ហើយលោក កឹម សុខា មេដឹកនាំ​ទី២ នៃគណបក្សនេះ ក៍ត្រូវបានជាប់ឃុំខ្លួនឯង ក្នុងទីស្នាក់ការគណបក្ស ក្រោយ​ពី​តុលាការ ក្រោមការបង្កប់បញ្ជា របស់លោក ហ៊ុន សែន តាមយាយីខាងនយោបាយ។ អ្នកវិភាគសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់យ៉ាងឃោរឃៅ កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដែលពាក់ព័ន្ធ ការវិភាគរបស់លោក តាមវិទ្យុ និងបណ្តាញ​សារពត៌មាននានា ទៅលើរបាយការណ៍ របស់ អង្គការបរិស្ថានពិភពលោក Global Witness ស្តីពីត្រកូល ហ៊ុន របស់លោកនាយករដ្ឋមន្រ្ត ហ៊ុន សែន រកស៊ីខុសច្បាប់ និង រំលោភ​សិទ្ធិមនុស្ស។ បេសកម្មលោក កែម ឡី មួយទៀត គឺយុទ្ធនាការ ១០០ រាត្រី ដែលធ្វើការស្រាវជ្រាវរឿងព្រំដែនខ្មែរ-យួន, រឿងអន្តោប្រវេសន៍ ខុសច្បាប់, និងរឿង ក្រុមហ៊ុនរកស៊ីខុសច្បាប់ របស់ពួកមន្រ្តីរដ្ឋាភិបាល។ ឃាតកម្មនេះ មិនទាន់ត្រូវបាន វែកមុខ ឃាតក ទេ ហើយ​ក៏ត្រូវបានដាក់ការសង្ស័យ ទៅលើមនុស្សក្នុងត្រកូល ហ៊ុន ជាមេគំនិតផងដែរ។

ភាពជម្រោងចម្រាសរឿងព្រំដែនកម្ពុជា-វៀតណាម ដោយសាររដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស ផែនទី មិនទាន់ត្រឹមត្រូវ, ខ្វះការចួលរួមពីអ្នកជំនាញការឯករាជ្យ, ផ្ទៀងផ្ទាត់ផែនទី ដោយមិន ផ្ទៀងលើដីជាក់ស្តែង, បង្គោលព្រំដែនថ្មី មិននៅលើទីតាំងបង្គោលចាស់ ពីសម័យបារាំង, ពលរដ្ឋតាមព្រំដែន បាត់បង់ដីស្រែចំការ, និងការចាប់សកម្មជន ដាក់​គុក។ ម្ល៉ោះហើយទើប ពលរដ្ឋខ្មែរ បាត់បង់ទំនុកចិត្ត លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា  ព្រំដែន ជាមួយ វៀតណាម។ ការប្រើផែនទីខុស នៅក្នុងការបោះបង្គោលព្រំដែន​បច្ចុប្បន្ន គឺជាហេតុធ្វើឲ្យមាន ការគំរាមកំហែងពី រដ្ឋាភិបាល បោះជហានទៅរកការធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ មាត្រា២។

៥. យន្តការដោះស្រាយបញ្ហាព្រំដែនខ្មែរ

៥.១. មិនត្រូវមានការផ្ទេរខ្នាតផែនទីអ្វីទាំងអស់ ក្នុងកាលៈទេសៈនយោបាយសព្វថ្ងៃ ខណៈពេល ដែល​រដ្ឋាភិបាល ហ៊ុន សែន បាននិងកំពុងប្រើប្រាសផែនទី UTM ខ្នាត ១/៥០.០០០ បោះបង្គោល ព្រំដែន បានជាង ៨៣% មកដល់ពេលនេះ។
៥.២. ត្រូវរក្សាខ្លឹមសារដើមនៃ មាត្រា២ រដ្ឋធម្មនុញ្ញ ដោយមិនមានកែប្រែឡើយ ពីព្រោះវាមាន សារសំខាន់ ភ្ជាប់ខ្លឹមសារឯកសារជាប្រវត្តិសាស្រ្ត ដែលមានការទទួលស្គាល់ជាអន្តរជាតិ រួចមកហើយ។
៥.៣. ត្រូវអនុម័តលុបចោលសន្ធិសញ្ញាទាំងអស់ ដែលផ្ទុយខ្លឹមសារកិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ផ្ទុយមាត្រា២ រដ្ឋធម្មនុញ្ញ និង ត្រូវលុបចោល សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដោយ រដ្ឋសភាជាតិ។
៥.៤. (រដ្ឋាភិបាល) ត្រូវប្តឹងរឿងនេះ ទៅសហប្រធានហត្ថលេខី នៃកិច្ចព្រមព្រៀង ក្រុង​ប៉ារីស ឆ្នាំ១៩៩១ ដោយភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធនានា។
៥.៥. ត្រូវលើកបញ្ហាព្រំដែននេះ ប្តឹងភាគីវៀតណាម ទៅតុលាការយុត្តិធម៌អន្តរជាតិ នៅ ទីក្រុង​​ឡេអេ ដូចករណីប្រាសាទព្រះវិហារ នៅជាប់ព្រំដែនថៃ កាលីឆ្នាំ១៩៩៦២ ដែរ។

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦

(ហត្ថលេខា)
ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

ឯកសារ

  • – (សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០១៩ សូមទាញយកខ្លឹមសារទាំងស្រុង (ទាញយក / Download)។ អត្ថបទនេះវិញ គឺព្រះរាជក្រឹត្យព្រះមហាក្សត្រ លើសន្ធិសញ្ញានេះ (Download)}។
  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
  • – កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
  • – កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
  • – សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
  • – លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
  • – សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
  • – សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
  • – កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
  • – ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
  • – ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
  • – ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថាជន​ជាតិ​វៀត​ណាម រាប់លាននាក់ រស់​នៅ​កម្ពុជា​ (Download)
  • លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)

.