អត្ថបទ៖ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 28-12-2020
មន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា អះអាងថា កម្ពុជាប្តេជ្ញាចំពោះរដ្ឋាភិបាលក្រុងហាណូយថា ខ្លួននឹងគោរពតាម និងអនុវត្តឲ្យបានពេញលេញ នូវបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន លើកឡើងថា មន្ត្រីរដ្ឋាភិបាលកម្ពុជា និងវៀតណាម ជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក នៃប្រទេសទាំងពីរ ឲ្យធ្វើការកាន់តែជិតស្និទ្ធ ដើម្បីបង្កើនកិច្ចពិភាក្សាឲ្យកាន់តែសកម្មបន្ថែមទៀត។ លោក អះអាងថា ការធ្វើដូច្នេះ គឺដើម្បីរកដំណោះស្រាយព្រំដែន ដែលអាចទទួលយកបាននៃប្រទេសទាំងពីរ ដោយអនុលោមតាមច្បាប់អន្តរជាតិ។ ចំពោះព្រំដែនគោកដែលនៅសល់ចំនួន ១៦% ទៀត ខណៈភាគីទាំងពីរ មិនទាន់ព្រមព្រៀងកំណត់ខណ្ឌសីមានៅឡើយ។ លោកថា ប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់លើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានរួមសហការគ្នាកន្លងមក។
កិច្ចសហការទាំងនោះ រួមមាន ការផ្តល់អាហារូបករណ៍ ការរៀបចំបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា សិក្ខាសាលា ឬសន្និសិទស្តីពីការថែទាំសុខភាព ពីរដ្ឋាភិបាលវៀតណាម គឺជាការកិច្ចសហការដែលមិនអាចខ្វះបាន។
ការអះអាងនេះ ធ្វើឡើងក្រោយកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ នេះ។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ុន សែន យល់ព្រមនឹងសំណើរបស់រដ្ឋាភិបាលវៀតណាម ថានឹងពន្លឿននីតិវិធី ដើម្បីផ្លាស់ប្តូរលិខិតូបករណ៍ លើការផ្តល់សច្ចាប័ននៃការផ្តល់សន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ លើសពីនេះ នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរផែនទីឋានលេខាព្រំដែន រវាងកម្ពុជា-វៀតណាម ជាកិច្ចការចំបាច់បំផុត។
ជាងនេះទៀត រដ្ឋការក្រុងហាណូយ លោក ង្វៀន សួនហ្វុក និងរដ្ឋការក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណាត់ព្រំដែន ដែលនៅសេសសល់ចំនួន ១៦% ទៀត ដើម្បីប្រែក្លាយព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន បានអួតថា ក្រោមការបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី ដោយប្រើផែនទី ខ្នាត ១/២៥.០០០ ដែលបានបង្កើតមកពីផែនទីបោន ខ្នាត ១/១០០.០០០ ដែលបានបោះពុម្ពនៅប្រទេសវៀតណាម កម្ពុជាបានចំណេញដី ពីខាងភាគីវៀតណាម ដល់ទៅ ២០០០ ហិកតាឯណោះ។
ទាក់ទិននឹងបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់ The Cambodia Daily នៅថ្ងៃនេះថា លោកពិតជាមានការសោកស្តាយណាស់ ដែលរដ្ឋាភិបាល លោក ហ៊ុន សែន ព្យាយាមបន្តអនុវត្តសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ជាមួយវៀតណាម អំពីបញ្ហាព្រំដែននេះ។ លោកបន្តថា បើទោះបីជាលោក ហ៊ុន សែន ដឹងយ៉ាងច្បាស់ថា កិច្ចព្រមព្រៀង និង សន្ធិសញ្ញាទាំងនោះ គឺជាការបន្តកាត់ឆ្វៀលទឹកដីរបស់កម្ពុជា ឲ្យទៅវៀតណាម បន្ថែមទៀតយ៉ាងណាក៏ដោយ។
លោក ម៉ែន ណាត បញ្ជាក់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែធ្វើមោឃភាព ឬនារាករណ៍ទៅលើសន្ធិសញ្ញា និងឯកសារមិនស្របច្បាប់នានា ដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ព្រមទាំងមិនស្របនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីបើកផ្លូវក្នុងការប្តឹងប្រទេសវៀតណាម ទៅតាមយន្តការអន្តរជាតិ ជាធរមាន។
យ៉ាងណាក៏ដោយ លោក ម៉ែន ណាត អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាព្រំដែននេះ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ធ្វើជាគោលការណ៍ក្នុងការពិភាក្សា ជាមួយភាគីវៀតណាម។ លើសពីនេះទៀត រដ្ឋាភិបាលត្រូវអំពាវនាវឲ្យមានការចូលរួមដឹងឮ ពីអ្នកសារព័ត៌មានឯករាជ្យ ព្រមទាំងគណបក្សប្រឆាំងផងដែរ ដើម្បីលុបបំបាត់ការសង្ស័យរបស់ពលរដ្ឋ ដែលម្ចាស់ប្រទេស។
ក្រុមអ្នកឃ្លាំមើលសង្គម ព្រួយបារម្ភថា កម្ពុជាអាចនឹងត្រូវរលាយបាត់ពីផែនទីពិភពលោក ទៅថ្ងៃអនាគតមិនខានឡើយ ត្បិតកម្ពុជាមិនត្រឹមតែរងនូវវិបត្តិខ្សែព្រំដែន មិនរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រឈមនឹងការបាត់ប្រទេសទាំងមូលថែមទៀតផង។ ពួកគេថា បញ្ហានេះ ដោយសារ ពួកគេសង្កេតឃើញថា មានការប្រឹងប្រែងលុបដានប្រវត្តិសាស្ត្រព្រំដែន កម្ពុជា-វៀតណាម ដោយរំលោភបំពានលើខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
កម្ពុជា-វៀតណាម មានព្រំដែនគោក រួមមានប្រវែង ១២៧០ គីឡូម៉ែត្រ ដោយភាគីទាំងពីរ បានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤ បង្គោល ស្មើនឹង ៨៤% ខណៈ ១៦% ទៀត នៅមិនទាន់ឯកភាពគ្នានៅឡើយ៕

.
.