
សេចក្តីអំពាវនាវរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ «ពលរដ្ឋ និងមន្រ្តីរាជការ ចូរធ្វើពហិការ កុំដាក់ពាក្យជាមន្រ្តីបោះឆ្នោត តាមការជូនដំណឹង គជប» (សូមចុចត្រង់នេះ)
បានឃើញសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ស្តីពីការជ្រើសរើសមន្រ្តីកិច្ចសន្យារយៈពេលខ្លីជាង ១៣ ម៉ឺននាក់ សម្រាប់ការបោះឆ្នោតជាតិ ខែកក្កដា ខាងមុខនេះ លិខិតលេខ ០៥៧ គ.ជ.ប./សជណ ចុះថ្ងៃ ០៨ មិថុនា ២០១៨។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពិនិត្យឃើញថា ការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មិនអាចជាការបោះឆ្នោត តាមគន្លងលទ្ធិប្រជាធិបតេយ្យបានទេ ប៉ុន្តែវាជាការបោះឆ្នោតទៅតាមការចង់បានរបស់លោក ហ៊ុន សែន ដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ និងរំលោភបំពានសេចក្តីទុកចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតរួចទៅហើយ ហើយបង្កភាពអាមាស នៅលើឆាកអន្តរជាតិ តាមរយៈការដាក់ទណ្ឌកម្មមន្រ្តីគ្រាក់ៗក្នុងរបបលោក ហ៊ុន សែន ជាបឋម។
ករណីមន្រ្តីរាជការ និងពលរដ្ឋ ដាក់ពាក្យបម្រើការងារជា«មន្រ្តីបោះឆ្នោត» គឺមានន័យស្មើនឹងជួយរុញឲ្យប្រទេសកម្ពុជា កាន់ធ្លាក់ចូលជ្រៅទៅក្នុងរបបផ្តាច់ការ ដែលត្រូវទទួលរងទណ្ឌកម្មពីសហគមន៍អន្តរជាតិទេ្វឡើង។ ដល់ពេលនោះ វិស័យនាំចេញសម្លៀកបំពាក់ និងស្បែកជើង ហើយនិងវិស័យនាំចេញនានា ត្រូវបានសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក រាំងខ្ទប់កាន់តែមានកម្រិតខ្ពស់។ តើកម្មករនិយោជិត និងអាជីវករខ្មែរ ត្រូវទទួលរងគ្រោះ ឬជួបផលប៉ះពាល់យ៉ាងណាពីរបបលោក ហ៊ុន សែន?
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់ពលរដ្ឋខ្មែរ ធ្វើពហិការ កុំដាក់ពាក្យបម្រើការងារជាមន្រ្តីបោះឆ្នោត តាមការអំពាវនាវរបស់ គ.ជ.ប.។ ជាមួយគ្នានេះ យើងខ្ញុំអំពាវនាវជាថ្មីថា សូមពលរដ្ឋខ្មែរ មេត្តាកុំទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជៀសវាការងបំពេញចំនួនតួលេខ ចំនួនភាគរយ និងបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន។ សូមពលរដ្ឋដែលស្រឡាញ់ជាតិ ទឹកដី និងយុត្តិធម៌ សូមជ្រើសរើសយកវិធីនេះ ជាជម្រើសដ៏ល្អចុងក្រោយរបស់បងប្អូនជនរួមជាតិ។
ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវ៉េស៍) ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨
ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

