សេចក្តីអំពាវនាវរបស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា៖ សូមពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត បើ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ (ចុចត្រង់​នេះ​ទាញ​​យក​សេចក្តី​អំពាវនាវ)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សង្កេត​ឃើញ​បងប្អូន​ពលរដ្ឋខ្មែរ​ជាទីគោរព​ស្រឡាញ់ នាំគ្នា​ជជែក​ដេញដោល​ជាហូរហែរ ទៅលើ​ប្រធានបទ «តើ​ទៅ​បោះឆ្នោត ឬមិន​ទៅ​បោះឆ្នោត នៅ​ខែកក្កដា ឆ្នាំ​ ២០១៨?» ចាប់តាំង​ពីរបប ហ៊ុន សែន ប្រើ​យន្តការ​តុលាការ​​យ៉ាង​ទុច្ចរឹត និង​រំលាភ​រដ្ឋធម្មនុញ្ញ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អាសនៈ​សភា ៥៥ និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង ៥០០០ កៅ​អី ពីខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។

មានសំណួរ​ជាច្រើន​បាន​ចោទ​សួរថា ហេតុអ្វី​បា​នជា​លោក ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច​របស់​លោក ខំប្រឹង​ចុះ​ជួបទិញ​ទឹកចិត្ត​ក្រុម​កម្មករ​កម្មការិនី និង​ពលរដ្ឋ​យ៉ាង​សម្បើម​ម្ល៉េះ បើ​របប​នេះ រំលាយ​បក្សប្រឆាំង​រួចហើយ? តើចាំ​បាច់​ខំប្រឹង​ធ្វើអ្វី​ទៀត បើ​លោក ហ៊ុន សែន គង់​តែ​ធ្វើឡប់ឡែ​ឈ្នះឆ្នោត​ដដែល? 

ជាការពិត គណបក្សប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន នឹង​ឈ្នះឆ្នោត​ជាស្ថារពរ នៅ​ខែកក្កដា ខាង​មុខ ដោយ​គ្មាន​ការប្រកួត​ប្រជែង​ធំដុំ​ជាឡប់​ឡែ ​បើ​សិនណា​បងប្អូន​ពលរដ្ឋ​ខ្មែរ ទៅ​ចូលរួម​បោះឆ្នោត​ច្រើន​លើស​លប់ លើស​ពី ៥០% ឡើង​ទៅ ទោះបី​ជាគ្មាន​វត្តមាន គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដោយ។ លោក ហ៊ុន សែន ត្រូវការ​ចំនួន​អ្នកទៅ​បោះឆ្នោត ច្រើន​ជាង ៥០% ដើម្បី​បង្ហាញ​លទ្ធផល​ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ បើទោះ​បីជា​អ្នកទៅ​បោះឆ្នោត គូស ឬឆូត​លើសន្លឹក​ឆ្នោត​ចោល​យ៉ាងណា​ក្តី ក៏គេ​រាប់បញ្ចូល​ទៅក្នុង ចំនួន​អ្នក​ទៅ​បោះឆ្នោត។ ប៉ុន្តែ​បើ​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ថយចុះ ទាប​ជាង ៥០% មាន​ន័យ​ថា ពលរដ្ឋ​មិន​ពេញចិត្ត​នឹង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ហើយ​សហគមន៍​អន្តរជាតិ ក៏មិន​ទទួល​ស្គាល់​ការបោះ​ឆ្នោត​នោះ ជា​បាន​ការ​អីដែរ – នេះ​បើ​តាម​ប្រូតូកូល​អន្តរជាតិ (International protocols)។ នោះ​ហើយ​គឺជា​សេចក្តីបារម្ភ​ធំ​បំផុត​របស់​លោក ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច​របស់លោក។

ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ដែល​មាន​សិទ្ធិ​បោះឆ្នោត មាន​ឯសារ​បោះ​ឆ្នោត សូម​មេត្តា​កុំទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ បើគ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ ចូល​រួម​ប្រគួត​ប្រជែង​ដោយ​ស្មើភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ​នោះ ដើម្បី​ជៀស​វាង​ការបំពេញ​ចំនួន​តួលេខ ចំនួន​ភាគរយ និង​បង្គ្រប់​កិច្ច​ឲ្យ​របប ហ៊ុន សែន។ សូម​ពលរដ្ឋ​ដែល​ស្រឡាញ់​ជាតិ ទឹកដី និង​យុត្តិធម៌ សូម​ជ្រើសរើស​យក​វិធីនេះ ជាជំរើស​ដ៏ល្អ​ចុងក្រោយ​របស់​បងប្អូន​ជន​រួមជាតិ។

រូបថតក្រុមការងារ នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ២០១៨

.

.