ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពីប្រទេសន័រវេស៍ (Norway) បានអំពាវនាវជាថ្មី សម្តែងការព្រួយបារម្ភ ចំពោះការរីករាលដាលមេរោគកូរ៉ូណា ឬ Covid-19 ខណៈពេលពលករខ្មែរ រាប់ម៉ឺននាក់ វិលត្រឡប់ពីប្រទេសថៃ ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ តាំងពីថ្ងៃទី ២២ ខែមីនា ម្សិលមិញ។ សូមទាញយក សេចក្តីអំពាវនាវត្រង់នេះ (Download) ឬអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
សេចក្តីអំពាវនាវ
កម្ពុជាធ្លាក់ក្នុងស្ថានភាពទ្វេគ្រោះ បើសិនគ្មានវិធានការជាក់លាក់ ចំពោះមេរោគកូរ៉ូណា
ខណៈពេលអាត្រាឆ្លងមេរោគកូរ៉ូណា ឬ Covid-19 បន្តរីករាលដាលកើនឡើង ដែលមិនទាន់អាចទប់ស្កាត់បាននេះ កម្ពុជាត្រូវធ្លាក់ក្នុងស្ថានភាពទ្វេគ្រោះធ្ងន់ធ្ងរ នៅពេលក្រុមពលករខ្មែររាប់ម៉ឺននាក់ ត្រឡប់ពីប្រទេសថៃ ទៅកាន់ស្រុកកំណើតវិញ ដោយមិនទាន់បានឆ្លងកាត់ការធ្វើតេស្តរកមេរោគ Covid-19 មុន ឬក្រោយពេលឆ្លងព្រំដែន ចូលមកកម្ពុជា។ តាមដំណឹងផ្លូវការ កម្ពុជាមកទល់ព្រឹកថ្ងៃទី ២៣ ខែមីនា ការឆ្លងមេរោគកូរ៉ូណា កើនឡើង ៨៦ នាក់ហើយ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានការព្រួយបារម្ភជាខ្លាំង ចំពោះលទ្ធភាពនៃការឆ្លងមេរោគកូរ៉ូណា ឬ Covid-19 កាន់តែធំទូលាយជាងមុន នៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា បើសិនក្រសួងសុខាភិបាល អាជ្ញាធរពាក់ព័ន្ធនានា ចាត់វិធានការដោះស្រាយគ្រោះហានីភ័យនេះ មិនទាន់សភាពការណ៍ ឬយឺតយ៉ាវ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់អាជ្ញាធររដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋខ្មែរទាំងអស់ ត្រូវចេះសាមគ្គី, បន្ថែមការយកចិត្តទុកដាក់, ការលើកទឹកចិត្ត និង រួមគ្នាទប់ស្កាត់មេរោគ Covid-19 តាមវិធីងាយៗដូចខាងក្រោម៖
១. អំពីសុខភាពអនាម័យ គឺត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឬមណ្ឌលសុខភាព នៅតាមឃុំ-សង្កាត់។
២. ពលករ ដែលទើបត្រឡប់ពីប្រទេសថៃ ត្រូវប្រញាប់ទៅពិគ្រោះជាមួយមណ្ឌលសុខភាព និង ធ្វើតេស្តរកមេរោគ Covid-19 ហើយនិង នៅក្នុងផ្ទះ ឬដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេ ១៤ ថ្ងៃសិន។
៣. ការជួបជុំគ្នាជាក្រុម គួរតែមិនត្រូវឲ្យច្រើនជាង ២ នាក់ទៅ ៣ នាក់ និងត្រូវរក្សាចម្ងាយពីគ្នា ពី ១ ម៉ែត្រ ទៅ ១,៥០ ម៉ែត្រ។៤. អាជ្ញាធរឃុំ-សង្កាត់ គម្បីប្រើប្រាស់មេក្រូ ឬឧបករណ៍បំពងសម្លេង ផ្សព្វផ្សាយទៅកាន់ពលរដ្ឋតាមភូមិឃុំ។
ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០
ម៉ែន ណាត (ហត្ថលេខា និងត្រា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

.