អត្ថបទសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 05th-2-2021
ក្រុមអ្នកឃ្លាំមើលនិយាយថា លោក ហ៊ុន ម៉ាណែត មិនមានសមត្ថភាព និងបេះដូងការពារផលប្រយោជន៍របស់កម្ពុជានោះទេ ព្រោះលោកអាចត្រឹមតែដើរតាមគន្លងនយោបាយចាស់ របស់ឪពុកលោកតែប៉ុណ្ណោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោក ហ៊ុន ម៉ាណែត កំពុងអនុវត្តផែនការនយោបាយតម្កល់កម្ពុជា ជាទំនិញក្នុងការដូរយកអំណាចតាមគន្លងរបស់ឪពុកលោក គឺលោក ហ៊ុន សែន សុទ្ធសាធ។
លោកអះអាងថា ការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងលោក ហ៊ុន ម៉ាណែត និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម គឺគ្រាន់តែជាការហាត់រៀនអំពីនយោបាយក្មេងខ្ចី របស់ខ្លួន ដែលអ្នកជំនាញការវៀតណាម បានបណ្តុះបណ្តាលកន្លងមក ដើម្បីបន្តអំណាចរបស់លោក ហ៊ុន សែន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ អះអាងថា លោក ហ៊ុន ម៉ាណែត មិនអាចងាកចេញពីសេណារីយោនយោបាយឪពុករបស់លោកបានទេ គឺមានតែបម្រើផលប្រយោជន៍វៀតណាមតែប៉ុណ្ណោះ ព្រោះថា ពេលវៀតណាមឈ្លានពានមកបោះតង់ និងធ្វើសំណង់រឹងដោយរំលោភដែនអធិបតេយ្យកម្ពុជា ក្នុងឋានៈជាមេបញ្ជាការជើងគោករបស់ប្រទេស លោក ហ៊ុន ម៉ាណែត មិនបានប្រតិកម្មបន្តិចសោះឡើយ ចំពោះបញ្ហានេះ។
លោក ម៉ែន ណាត បញ្ជាក់ថា បើលោក ហ៊ុន ម៉ាណែត អាចបញ្ឈប់ការធ្វើសម្បទាននានា ទៅវៀតណាម ដែលលោក ហ៊ុន សែន បានធ្វើកន្លងមក នោះកម្ពុជាអាចមានពន្លឺរកបានអធិតេយ្យភាពរបស់ខ្លួន។ ប៉ុន្តែលោក អះអាងថា លោក ហ៊ុន ម៉ាណែត មិនអាចបញ្ឈប់បានទេ មានតែសម្បទានខ្លាំងជាងឪពុករបស់គាត់ទៀត ប្រសិនបើគាត់ចង់កាន់កាប់អំណាចឲ្យបានរឹងមាំប្រហែលលោក ហ៊ុន សែន។
ការអះអាងនេះធ្វើឡើង បន្ទាប់ពីមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
អនុស្សារណៈនៃការយោគយល់ជាមួយវៀតណាមនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងលើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារសហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរ។
ជាងនេះទៀត ដើម្បីឲ្យប្រទេសកម្ពុជា-វៀតណាម ទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍យូរអង្វែងផងដែរ។
កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១២៧០ គីឡូម៉ែត្រ ដោយភាគីទាំងពីរ បានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤ បង្គោល ស្មើនឹង ៨៤% ខណៈ ១៦% ទៀត នៅមិនទាន់ឯកភាពគ្នានៅឡើយ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាលនៃរដ្ឋការក្រុងហាណូយ លោក ង្វៀន សួនហ្វុក និងរដ្ឋាភិបាលក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណាត់ព្រំដែន ដែលនៅសេសសល់ចំនួន ១៦% នោះ ដើម្បីប្រែក្លាយព្រំដែនកម្ពុជា-វៀតណាម ឲ្យទៅជាព្រំដែនសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍឲ្យទាល់តែបាន។
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន បានអួតថា ក្រោមការបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី ដោយប្រើផែនទី ខ្នាត ១/២៥.០០០ កម្ពុជាបានចំណេញដី ពីខាងភាគីវៀតណាមដល់ទៅ ២០០០ ហិកតាឯណោះ។
យ៉ាងណាក៏ដោយ រាល់បញ្ហានៃផលប៉ះពាល់ដីធ្លី នៅតាមព្រំដែនកម្ពុជា-វៀតណាម កម្រឃើញវៀតណាម ស្រែកថាប៉ះពាល់ និងបាត់បង់ដីធ្លីណាស់ នៅពេលបោះបង្គោលព្រំដែនម្តងៗ ប៉ុន្តែឃើញតែពលរដ្ឋខ្មែរ ស្រែកទ្រហោយំ បាត់បង់ដីស្រែចម្ការ និងផ្ទះសម្បែងរបស់ពួកគេ នៅតែភាគីទាំងពីរ បោះបង្គោលតូច ឬធំម្តងៗនោះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ក៏ត្រូវបានជាប់គុក កាលពីចុងខែកក្កដា ឆ្នាំ ២០២០ ហើយលោកត្រូវបានតុលាការ ចោទប្រកាន់ពីបទបង្កភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ ព្រោះតែលោកឈឺឆ្អាលរឿងបញ្ហាព្រំដែននេះដែរ។
អ្នកហ៊ានរិះគន់រឿងព្រំដែនកម្ពុជា-វៀតណាម ពិសេសចោទប្រកាន់រដ្ឋាភិបាលថាក្បត់ជាតិ ត្រូវបានលោក ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនបន្ថែមទៀត បើទោះបីជារឿងនេះ ក្រុមអ្នកតាមដានសង្គមយល់ថា ជារឿងជាតិទាំងអស់គ្នាក៏ដោយ ក៏លោក ហ៊ុន សែន មិនផ្តល់ឱកាសឱ្យមានមតិរិះគន់ការដឹកនាំរបស់លោក នោះឡើយ៕
.
.