ប៉ុន្មានថ្ងៃនេះ មន្រ្តីជាន់ខ្ពស់ក្នុងរបប ហ៊ុន សែន រួមទាំងលោក ហ៊ុន សែន បានប្រតិកម្មផ្ទួនៗគ្នាជាបន្តបន្ទាប់ ប្រឆាំង​​នឹង​សេចក្តី​អំពាវនាវ​របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលលើកទឹកចិត្តពលរដ្ឋខ្មែរ ឲ្យ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​ជាតិ ថ្ងែទី២៩ ខែកក្កដា ឆ្នាំ​២០១៨ បើសិនជាគ្មានវត្តមាន គណបក្សសង្គ្រោះជាតិ ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ទេនោះ លោក ហ៊ុន សែន បាន​ប្រតិកម្ម​​ក្នុងរឿង​នេះ នៅថ្ងៃទី​២៨ ខែកម្ភៈ ឆ្នាំ​២០១៨ គឺ​ពេល​ដែល​​លោក សំណេះសំណាល​ជាមួយ​ក្រុមកម្មករ ជាង ១ ម៉ឺននាក់ នៅ​ខេត្តកំពង់ស្ពឺ។


ហ៊ុន សែន ប្រតិកម្មថា ការ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ជា​ការ «ឆោត​ល្ងង់»

(VOD News: ដោយ លោក ញឹម សុខន​​ | ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨)

លោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មខ្លាំងៗ​ ​ទៅនឹងអ្នកដែល​បាន​អំពាវនាវ កុំឲ្យ​ពលរដ្ឋ​ចេញ​​ទៅ​​បោះ​​ឆ្នោ​ត​ថា ​​ជា​មនុស្ស​ឆោត​ល្ងង់ ធ្វើយុទ្ធសាស្ត្រវង្វេងទិស ខណៈ​ស​ហគមន៍​អ​ន្តរ​ជា​តិ កំពុង​ដាក់​ស​​ម្ពា​ធ ឲ្យស្តា​រលទ្ធិប្រ​​​​ជា​ធិ​ប​​​​​​តេយ្យ​ឡើងវិញ។

កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានមូលដ្ឋាននៅក្រៅប្រទេស បានអំពាវនាវទៅ​ប្រជាពលរដ្ឋ កុំឲ្យ​ទៅ​បោះ​ឆ្នោត​​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែល​គ្រោងធ្វើនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដោយ​ថា «បើ​គ្មា​នគ​ណបក្ស​សង្គ្រោះ​ជាតិ​​ចូ​លរួមប្រ​កួតប្រ​ជែង»

ក្រុមអ្នកអំពាវនាវ បាន​លើក​ឡើង​ក្នុងលិខិតចំហរមួយ​ថា របបដឹកនាំ​របស់លោក ហ៊ុន សែន ត្រូវ​ការ​ពលរដ្ឋ​​ជា​ង ៥០ ​ភាគរយ ចេញ​ទៅបោះឆ្នោត ដើម្បី​​បង្ហាញ​ទៅ​​អន្ត​​រ​ជា​តិ​​ថា ពលរដ្ឋ​កម្ពុជា​ពេញ​ចិត្ត​ នឹង​របប​ដឹកនាំ​បច្ចុប្បន្ន។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថា​បើ​ចំនួន​អ្នកចេញ​ទៅ​បោះ​ឆ្នោត ​តិច​ជាង ៥០ ​ភាគរយ មានន័យថា ពលរដ្ឋ ​មិន​ពេញ​​ចិត្ត​នឹង​របប​ដឹកនាំ​របស់ លោក ហ៊ុន សែន។

ប៉ុន្តែ លោក ហ៊ុន សែន ក្នុងពិធីចុះជួបកម្មករ ​នៅខេត្តកំពង់ស្ពឺ​ នាថ្ងៃនេះ បាន​ថ្លែងថា ការអំពាវនាវនេះ ជាទង្វើ​ខុស​​ច្បា​​​​ប់​ផង និងថា ជាយុទ្ធសាស្ត្រ​បែប «ឆោតល្ងង់» ផង។

លោកថា៖ «អ្នកវង្វេងទិសខ្លះ សូមបន្តរឿងហ្នឹងទៅចុះ បន្តអំពាវនាវកុំឲ្យប្រជាជនទៅបោះឆ្នោត សុំ​អ្នក​ឯង​ធ្វើ​ទៅ ប៉ុន្តែ អ្នកឯង​គួរ​គិត​ទៅ។ អញ្ចឹង​ទេ ខ្ញុំចាំ​តែក្របួចយកតែម្តង អ្នកដែលទៅបោះ​[ឆ្នោត]ទាំ​ងប៉ុន្មាន អ្នក​ទាំង​អ​ស់​ហ្នឹង​ស្តាប់​ការអំ​ពាវនាវរបស់​គណ​បក្ស​ប្រជា​ជន។ ដល់ទៅបោះៗឲ្យគណបក្សប្រជាជន អាហ្នឹងយ៉ាង​ម៉េច​ទៅ​វិញ? អ​ញ្ចឹងទេ អ្នកឯង​អំពាវនាវ​បាន​ត្រឹម​សមាជិក ​របស់​អ្នកឯងប៉ុណ្ណោះ ឯសមាជិករបស់អ្នកឯង ​ទៅ​បោះ​ក៏​មិន​បោះ​ឲ្យខ្ញុំ​ឯ​ណា​​? អញ្ចឹងអ្នកឯងគិតឡើងវិញទៅ ក្រែង​លោ​​ចេះ​កែសម្រួលខាងយុទ្ធសាស្ត្រ ខ្ញុំប្រាប់ពីយុ​​ទ្ធ​សា​ស្ត្រទៅ​ចុះ។ ខ្ញុំឃើញអាហ្នឹងភ្លាម ខ្ញុំថា អានេះល្ងង់អីក៏ល្ងង់ម្ល៉េះ»

មន្ត្រីជាន់ខ្ពស់ផ្នែក​អង្កេត​របស់​ អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស លើក​ឡើង​ថា ច្បាប់​បោះ​ឆ្នោត​របស់​កម្ពុជា គ្មាន​មាត្រា​ណា​​ចែង​កំ​ណត់ ​​​គុណភាពនៃការបោះឆ្នោត តាមរយៈចំនួនអ្នក​ចេញ​ទៅ​បោះ​ឆ្នោត​តិច ឬច្រើននោះ​ទេ ប៉ុ​ន្តែ ​លោក​ថា ​​ប្រទេស​ប្រជា​ធិប​តេយ្យ គេត្រូវការ លទ្ធផលបោះឆ្នោត កើត​ចេញ​ពី​ការ​ប្រកួត​ប្រជែង​មួយ ប្រកប​​ដោ​​​​យតម្ភាភាព សេរី ត្រឹមត្រូវ គ្មាន​ការគំរាមកំហែងផ្នែកនយោបាយ និងមានការ​ទទួល​ស្គា​ល់ ពី​​​អន្តរជាតិ។

លោកថា៖ «អ្វីដែលជាចំណុចល្អ គឺថា កម្លាំងនៃគណបក្សប្រឆាំងហ្នឹង ជាគណបក្សប្រឆាំ​ងដ៏ធំមួយ នៅ​ប្រទេស​​កម្ពុជា​ហ្នឹ​ង បើក​ឲ្យមានការចូលរួមប្រកួតប្រជែង វាចំណុចល្អមួយ នៅក្នុងការបោះឆ្នោត។ បើ​សិនជាអ​ត់មានការចូល​រួមប្រ​កួតប្រជែងទេ​ មា​ន​ន័យ​ថា មានតែគណ​បក្សធំមួយ វាអត់មានកា​រប្រកួត​ប្រជែ​ងស្មើ​ភា​​ពគ្នា​​ទេ។ អញ្ចឹង យើ​ង​នៅ​តែ​ចង់ឃើ​ញ ការប្រកួតប្រជែង​មួយ​ ដោយស្មើភាព និងដោ​យត្រឹម​ត្រូវ»

របត់នយោបាយនៅកម្ពុជា ត្រូវបានសហគមន៍​អន្តរជាតិ ដែល​នាំ​មុខ​ដោយ​ សហភាព​អឺរ៉ុប និង ​អាមេរិក នៅ​តែ​បន្ត​ទាម​ទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ ដែល​​បាន​​​រំលាយទៅហើយនោះ បាន​ចូល​រួម​បោះ​ឆ្នោត ​ដោយ​សេរី​ត្រឹម​ត្រូវ និង​​ដោះ​លែង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា៕


ខាងក្រោមជាឯកសារដើម និង​រូបថតមួយចំនួន៖

CWCI អំពាវនាវពលរដ្ឋ កុំទៅបោះឆ្នោត ខែកក្កដា ២០១៨
CWCI ថ្លែងការណ៍រឿង ពហិការការបោះឆ្នោត ខែកក្កដា
10670187_918366958259408_8520807832688678037_n