ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពីប្រទេសន័រវេស៍ (Norway) បានដាក់សចក្តីព្រួយបារម្ភ ចំពោះការរីករាលដាលមេរោគកូរ៉ូណា (Covid-19) នៅប្រទេសកម្ពុជា មានការកើនឡើងជាលំដាប់ ក្រោយពេលរដ្ឋបាលដឹកនាំរបស់លោក ហ៊ុន សែន ដាក់បម្រាមតឹងតែង ចំពោះក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងពលរដ្ឋ ជុំវិញទស្សនៈ ឬមតិនានា អំពីការឆ្លងមេរោគនេះ កាលពី ២-៣ សប្តាហ៍មុន។ ក្រុមប្រឹក្សានេះ ហៅទង្វើរបស់លោក ហ៊ុន សែន ថា «ធ្វើឲ្យឆកល្វេង និងគ្មានវិធានការច្បាស់លាស់ ខណៈដែលប្រព័ន្ធសុខាភិបាលខ្មែរ នៅទន់ខ្សោយនៅឡើយ»។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវ ឲ្យពលរដ្ឋខ្មែរ គប្បីផ្អាកចូលរួមពិធីជួបជុំ និងពិធីបុណ្យទាននានា ជាបណ្តោះអាសន្ន។ «ការជួបប្រាស្រ័យទាក់ទងគ្នា ជាលក្ខណៈមិត្តភក្តិ ឬជាដៃគូការងារ គួរតែមិនត្រូវឲ្យច្រើនជាង ២ នាក់ទៅ ៣ នាក់ ហើយត្រូវរក្សាចម្ងាយពីគ្នា ពី ១ ម៉ែត្រ ទៅ ១,៥០ ម៉ែត្រ»។ មុនពេលជួបគ្នា ត្រូវលាងសម្អាតដៃ ដោយសាប៊ូលាងដៃ ឬអាល់កុល ហើយនៅក្រោយពេលជួបគ្នា ក៏ត្រូវលាងសម្អាតដៃដែរ។
សូមទាញសេចក្តីអំពាវនាវនៅត្រង់នេះ (Download) ឬអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
សេចក្តីអំពាវនាវ
ពលរដ្ឋខ្មែរ គម្បីផ្អាកចូលរួមវិធីជួបជុំ និងពិធីបុណ្យទាន ជាការរួមទប់ស្កាត់ជំងឺ Covid-19
ចំណាត់ការទប់ស្កាត់របស់ក្រសួងសុខាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណា ឬកូវីដ-១៩ (Covid-19) នៅមានកម្រិត ហើយមិនទានបានរំលឹកពលរដ្ឋខ្មែរ ឲ្យចូលរួមទប់ស្កាត់តាមរយៈពិធីជួបជុំនានា ដូច្នេះអាចជាសេចក្តីព្រួយបារម្ភទ្វេដង ដែលនាំឲ្យមានការរីករាលដាលមេរោគនេះ បើទោះបីរដ្ឋបាលដឹកនាំរបស់លោក ហ៊ុន សែន បានបញ្ជាឲ្យបិទទ្វារសាលារៀន នៅក្រុងសៀមរាប រាជធានីភ្នំពេញ និងកន្លែងពាក់ព័ន្ធមេរោគឆ្លងមួយចំនួនក្តី។
បន្ថែមលើការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់មេរោគកូរ៉ូណា គប្បីពលរដ្ឋខ្មែរ ជ្រើសរើសយកការសម្រាកនៅគេហដ្ឋានរៀងខ្លួន បើគ្មានការចាំបាច់បន្ទាន់ ទៅធ្វើការងារនៅកន្លែងធ្វើការ ឬការិយាល័យ។ ការចេញខាងក្រៅផ្ទះ គួរគប្បីត្រូវផ្អាកជាបណ្តោះអាសន្ន ដូចជាការជួបជុំមិត្តភក្តិ ឬទៅក្លឹបកំសាន្ត, មណ្ឌលកំសាន្ត, ទៅចូលរួមពិធីជប់លៀង, ចូលរួមពិធីភ្ជាប់ពាក្យ ឬអាពាហ៍ពិពាហ៍, និងពិធីបុណ្យទាននានា តាមគេហដ្ឋានក្តី ឬតាមទីវត្តអារាមក្តី ជាដើម។ល។
ការជួបប្រាស្រ័យទាក់ទងគ្នា ជាលក្ខណៈមិត្តភក្តិ ឬជាដៃគូការងារ គួរតែមិនត្រូវឲ្យច្រើនជាង ២ នាក់ទៅ ៣ នាក់ ហើយត្រូវរក្សាចម្ងាយពីគ្នា ពី ១ ម៉ែត្រ ទៅ ១,៥០ ម៉ែត្រ។ មុនពេលជួបគ្នា ត្រូវលាងសម្អាតដៃ ដោយសាប៊ូលាងដៃ ឬអាល់កុល ហើយនៅក្រោយពេលជួបគ្នា ក៏ត្រូវលាងសម្អាតដៃដែរ។ ចូរយក«ការសំពះជម្រាបសួរ» ជាប្រពៃណីដ៏ល្អរបស់ខ្មែរ ធ្វើជាគោលការណ៍ ក្នុងការជួបភ្ញៀវ ទាំងវិស័យការងារ និងការជួបគ្នាជាធម្មតា ដោយមិនត្រូវជួប«ចាប់ដៃ»ទេ។
មកទល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានប្រកាសដំណឹងផ្លូវការថា កម្ពុជា មានករណីឆ្លងមេរោគកូរ៉ូណា ឬ Covid-19 កើនឡើងដល់ ២៤ នាក់ហើយ ដែលជាការបង្កើនសេចក្តីព្រួយបារម្ភបន្ថែមទៀត សម្រាប់ពលរដ្ឋខ្មែរ ខណៈដែលប្រព័ន្ធសុខាភិបាលខ្មែរ នៅទន់ខ្សោយ និងគ្មានវិធានការច្បាស់លាស់ ព្រមទាំងធ្វើឲ្យឆកល្វេង ក្នុងការទប់ស្កាត់មេរោគដ៏កាចសាហាវនេះ តាំងពីដំបូងទី។
ទីក្រុងគ្រីស្ទានសាន់ ប្រទេសន័រវេស៍ (Norway) ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០
ម៉ែន ណាត (ហត្ថលខេា និងត្រា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា


.