ដោយ CWCI Cambodia

ពីប្រទេសន័រវែស ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ អំពាវ​នាវ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក អៀ ចាន់ណា សកម្មជន​​ព្រំដែន និង​​ជា​​សមាជិក​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ថ្ងៃទី​ ៣០ ខែ​ឧសភា ឆ្នាំ២០២២ នៅ​ពេល​​លោក ទៅ​ចូល​រួម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​ឃុំ​សង្កាត់ ជាមួយ​គណបក្ស​ភ្លើង​ទៀន។ សេចក្តី​ថ្លែងការណ៍​​នេះ ចុះ​ហត្ថលេខា​ដោយ​លោក ម៉ែន ណាត ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី​០១ ខែ​មិថុនា នេះ។

លោក អៀ ចាន់ណា ជា​អតិត​អគ្គលេខាធិការរង​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​ត្រូវ​បាន​ភៀស​ខ្លួន​​នយោបាយ ទៅ​រស់នៅ​ប្រទេស​ន័រវែស បន្ទាប់​ពី​​រដ្ឋាភិបាល​កម្ពុជា តាម​ចាប់​ខ្លួន​លោក ក្រោយ​ពេល​បាន​ចូល​រួម​ចុះ​ហត្ថលេខា លើ​សេចក្តី​ថ្លែងការណ៍​រួម រួម​ជាមួយ​លោក រ៉ុង ឈុន លោក ជា មុន្នី និង​លោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (មាន​ឯកសារ) ស្តីពី​ការ​ប្រឆាំង​នឹង​ សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​​រដ្ឋ រវាង​កម្ពុជា និង​វៀតណាម (មាន​ឯកសារ) កាលពី​ខែ​តុលា ឆ្នាំ២០០៥។

សូម​​ទាញ​យក​សេចក្តី​ថ្លែងការណ៍ ឬ​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
សូមដោះលែង​លោក អៀ ចាន់ណា ដោយ​គ្មាន​លក្ខខណ្ឌ

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពិនិត្យ​ឃើញថា សកម្មជន​ព្រំដែន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក អៀ ចាន់ណា គ្មាន​កំហុស​ដូចការ​ចោទ​ប្រកាន់ ពីសំណាក់​សាលា​ដំបូង​រាជធានី​ភ្នំពេញទេ។ ការចាប់​ឃុំខ្លួន​លោក អៀ ចាន់ណា ជា​ការធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ ខណៈពេល​លោក ទៅ​ចូល​រួម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​ឃុំ​សង្កាត់ ជាមួយគណ​បក្ស​ភ្លើង​ទៀន។ ការ​ចាប់​ឃុំ​ខ្លួន​នេះ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់​ធ្ងរ។

លោក អៀ ចាន់ណា មានសិទ្ធិ​ពេញ​លេញ​ចូលរួម​សកម្មភាព​នយោបាយ សកម្មភាព​សង្គម ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ និង ជា​សកម្មជន​នយោបាយ ដូច​ពលរដ្ឋ និង​អ្នកនយោបាយ​ឯទៀត​ដែរ ដោយ​ស្រប​តាម​ខ្លឹមសារ​នៃ​រដ្ឋ​ធម្មនុញ្ញ មាត្រា៣៥ «ប្រជាពលរដ្ឋ​ ខ្មែរ​ទាំងពីរ​ភេទ​ មាន​​សិទ្ធិ​​ចូល​​រួម​​យ៉ាង​​សកម្ម​​ក្នុង​​ជីវភាព​​នយោបាយ​ សេដ្ឋកិច្ច​ សង្គម​កិច្ច​ និង​ វប្បធម៌​​របស់​ប្រទេស​​ជាតិ»

ដោយរំលឹក​ឡើង​វិញថា រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​សច្ចាប្រណិធាន និង​ប្តេជ្ញា​យ៉ាង​មុតមាំ គោរព​ខ្ជាប់ខ្ជួន​នូវ​រដ្ឋ​ធម្មនុញ្ញរ​បស់​ខ្លួន គោរព​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​គោរព​អនុសញ្ញា កតិការសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង របស់​អង្គការសហ​ប្រជា​ជាតិ អ.ស.ប. (UN) និងអង្គការ​អន្តរជាតិ​នានា ដែល​ជាមាគា​៌​របស់​កម្ពុជា ធានា​​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ ការគោរពសិទ្ធិ មនុស្ស និងនីតិរដ្ឋ​ពេញលញ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវ​ដល់​តុលាការ​រាជធានី​ភ្នំពេញ និង​រដ្ឋាភិបាល​នៃ​លោក ហ៊ុន សែន ដោះលែង​លោក អៀ ចាន់ណា ដោយគ្មាន​លក្ខខណ្ឌ, ម្លាក់ចោល​បទចោទ​នានា​ទៅ​លើ​សកម្មជន​នយោបាយ សកម្មជន​សង្គម និងទម្លាក់​បទចោទ​លើ​សំណុំរឿង​លោក កឹម សុខា ដើម្បីស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។

ទីក្រុងគ្រីស្ទានសាន់ (ន័រវែស) ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២

ម៉ែន ណាត (ហត្ថលេខា និងត្រា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

Members of CWCI Cambodia 2002
Members of CWCI Cambodia 2002