អត្ថបទ CWCI Cambodia
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានមូលដ្ឋាននៅប្រទេសន័រវេស៍ លោក ម៉ែន ណាត ជាប្រធាន បានប្រតិកម្មជំទាស់នឹងព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីពិធីសារខណ្ឌសីមា និងបង្គោលព្រំដែនគោក រវាងកម្ពុជាជាមួយវៀតណាម។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាឯកបក្ស អនុម័តជាការប្រញាប់រួចហើយ កាលពីថ្ងៃទី០២ វិច្ឆិកា កន្លងទៅ។
លោក ម៉ែន ណាត បានចោទប្រកាន់រដ្ឋាភិបាល លោក ហ៊ុន សែន ថាបានបញ្ជាឲ្យស្ថាប័ននីតិបញ្ញត្តិទាំងពីរ អនុម័តសេចក្តីព្រាងច្បាប់នេះ ដែលជាការធ្វើសម្បទានថ្មីទៀត នូវការកាត់ឆ្វៀលបូរណភាពទឹកដីកម្ពុជា ទៅឲ្យភាគីវៀតណាម។
ខាងក្រោមនេះ គឺខ្លឹមសារអត្ថបទទាំងស្រុង ៖
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ «ជំទាស់ព្រឹទ្ធសភា អនុម័តច្បាប់ពិធីសារខណ្ឌសីមាព្រំដែន ជាមួយវៀតណាម»
ច្បាប់ស្តីពីពិធីសារខណ្ឌសីមា និងបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម បានដល់ដៃព្រឹទ្ធសភានៃលោក សាយ ឈុំ ហើយ។ តាមដំណឹងមកថា គេត្រូវអនុម័តច្បាប់នេះជាការប្រញាប់ ដូចគ្នានឹងរដ្ឋសភានៃលោក ហេង សំរិន បានធ្វើដែរ។
ច្បាប់ស្តីពីពិធីសារខណ្ឌសីមា និងបង្គោលព្រំដែនគោក ជាមួយវៀតណាម គឺជាការធ្វើសម្បទានថ្មីបន្ថែមទៀត នូវការកាត់ឆ្វៀលបូរណភាពទឹកដីខ្មែរ ទៅឲ្យវៀតណាម តាមបំណងមហិច្ឆតារបស់វៀតណាម បន្ទាប់ពីសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥, ឆ្នាំ២០១៩ និងការធ្វើផែនទីថ្មី ខ្នាត ១លើ២៥ពាន់ (១/២៥.០០០) ឆ្នាំ២០២០ ដែលបានប្រថាប់ខ្លឹមសារទៅលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ«ខុសច្បាប់» ឆ្នាំ១៩៨៥ ជាម័យវៀតណាមត្រួតត្រាប្រទេសកម្ពុជាមួយផ្នែកនោះ។
យើងខ្ញុំជាអ្នកធ្វើកិច្ចការព្រំដែន និងស្រាវជ្រាវឯកសារព្រំដែនខ្មែរ សូមប្រឆាំងជំទាស់ដាច់ខាត ចំពោះការអនុម័តយល់ព្រមនានា ទៅលើសេចក្តីព្រាងច្បាប់ខាងលើ ដែលជាប្រភេទឯកសារមិនប្រក្រតី លាក់លៀម និងអាថ៌កំបាំង ក្នុងន័យគប់គិត ជាមួយវៀតណាម ដើម្បីបន្តរក្សាអំណាច និងផែនការផ្ទេរអំណាចទៅឲ្យកូន របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
យើងខ្ញុំសូមអំពាវនាវជាថ្មី សូមគ្រប់ភាគីនយោបាយ និងពលរដ្ឋខ្មែរទាំងអស់ ជំរុញយ៉ាងណាឲ្យផ្អឹប ឬធៀបច្បាប់នេះចោលមួយអន្លើ រហូតដល់កម្ពុជា អាចផ្សះផ្សា និងមានឯកភាពជាតិជាធ្លុងមួយជាមុនសិន ហើយនិងងាកទៅគោរពរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ព្រមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលអាចធានាបាន នូវការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិគង់វង្សយូរអង្វែង។
ទីក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០
ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើកម្ពុជា

.
.