ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស៍ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ចាប់​ឃាត់​ខ្លួន​លោក សួង សុភ័ណ្ឌ ប្រធាន​​គណបក្ស​ខ្មែរ​ឈ្នះ នៅថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ ក្រោម​បទ​ចោទ​ប្រកា​ន់ «ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​បង្ក​អសន្តិសុខសង្គម​លើ​បញ្ហា​ព្រំដែន» ដូចការ​ចោទ​ប្រកាន់​ទៅ​លើ​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែរ។ សេចក្តីថ្លែងការណ៍នេះ ចុះហត្ថលេខា​ដោយ​លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ក៏​បានថ្កោល​ទោស​ផង​ដែរ ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល ដែល​ចាប់ឃាត់​ខ្លួន​សមាជិក​ក្រុមខ្មែរ​ថាវរៈ កាល​​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ដែល​រួមមាន​យុវតី ឈឿន ដារ៉ាវី លោក ហ៊ុ​ន វណ្ណៈ យុវតី ថា ឡាវី យុវតី ជា គន្ធីន លោក យ៉ង សៀងហៃ និង​លោក ស្វាយ សំណាង។ សូមទាញយក សេចក្តីថ្លែងការណ៍ (Download)

មកទាល់ល្ងាចថ្ងៃទី១៤ ខែសីហា ដដែលនេះ យុវជន ៤ នាក់ត្រូវបានអាជ្ញាធរភ្នំពេញ ដោះលែងឲ្យមានសេរីភាព​​វិញ​​ហើយ បន្ទាប់​ពី​ពួកគេ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន។ យុវជនទាំង ៤​ នាក់​នោះ រួម​មាន​យុវតី ថា ឡាវី យុវតី ជា គន្ធីន លោក យ៉ង សៀងហៃ និងលោក ស្វាយ សំណាង។ នេះ​បើតាម​ការចុះផ្សាយ​ព័ត៌មានចុង​ក្រោយ​របស់​គេហទំព័រ​វីអូឌី (VOD) នៅ​វេលា​ម៉ោង ៧ៈ៣៦ នាទី​ល្ងាចថ្ងៃទី​១៤ សីហា។

ដោយឡែក លោក សួង សុភ័ណ្ឌ លោក ហ៊ុន វណ្ណៈ និង​យុវតី ឈឿន ដារ៉ាវី ត្រូវ​បាន​អាជ្ញាធរ​បន្ត​ឃុំ​ខ្លួន និងបញ្ជូន​សំណុំ​រឿង​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ។

(បញ្ចូលអត្ថបទ និងព័ត៌មានបន្ថែមដោយ នគរ)


ខាងក្រោមនេះ គឺជាខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីថ្លែង​ការណ៍​របស់ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា៖

សេចក្តីថ្លែងការណ៍
រដ្ឋាភិបាលកម្ពុជា ដោះលែង​សកម្មជន​សេរីភាព​ទាំងអស់​ជា​បន្ទាន់

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោស​​យ៉ាងដាច់​​អហង្កា ចំពោះ​​អាជ្ញាធរ​​រដ្ឋាភិបាល​​កម្ពុជា ដែល​​ចាប់​ឃាត់​​ខ្លួន សមាជិក​​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ជា​បន្ត​បន្ទាប់ នៅ​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២០ រួម​មាន​យុវតី ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក យ៉ង សៀងហៃ, យុវតី ថា ឡាវី, យុវតី ជា គន្ធីន និងលោក ស្វាយ សំណាង ហើយ​នៅថ្ងៃទី​១៤ ខែសីហា លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរឈ្នះ ក៏​ត្រូវបាន​ចាប់​ឃាត់​ខ្លួន​ផង​ដែរ ខណៈពេល​ពួកគាត់​ធ្វើយុទ្ធនាការ​រួមគ្នា នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​យុត្តិធម៌​ជូន លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក្នុង​រយៈពេល ​២​សប្តាហ៍​​មក​នេះ។ ករណីការចាប់ឃាត់​ខ្លួន​ក្រុម​សកម្មជន​ទាំង​នេះ គឺជាការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ ទៅ​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រង់​កថា​ខណ្ឌ​ទី១ នៃ​មាត្រា​៣៥ និង​កថាខណ្ឌ​ទី១ នៃ​មាត្រា​៤១ ព្រមទាំង​រំលោភ​លើ​មាត្រា​១៩ នៃ​សេចក្តីប្រកាស​ជាសកល ស្តីពី​សិទ្ធិមនុស្ស។

រដ្ឋាភិបាលកម្ពុជា​របស់​លោក ហ៊ុន សែន កំពុង​រុញ​ច្រាន​ស្ថានការ​ប្រទេស​កម្ពុជា ឲ្យ​បន្ត​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់​ធ្ងរ នៃ​ការ​អនុវត្ត​អំណាច​ផ្តាច់ការ ដែល​ប្រាស​ចាក​ពីខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ ឆ្នាំ​​១៩៩៣ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១។ ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​ជា​ការរំលោភ​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិប​តេយ្យ និង​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ដែល​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន ក្នុង​ការទាម​ទារ​យុត្តិធម៌​សង្គម ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​ដីធ្លី និង​ទាមទារ​ឲ្យ​មាន​តម្លាភាព​​ក្នុង​​ការដោះ​ស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​អំពាវ​ដល់រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ត្រូវ​ដោះ​លែង​ក្រុម​​សកម្មជន​ទាំង​​អស់ ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​មនុស្ស សិទ្ធិ​បញ្ចេញ​មតិ ​សិទ្ធិ​​ជួប​ប្រជុំ​ជាសាធារណៈ​របស់​ពលរដ្ឋ​ឡើង​វិញ ហើយ​រួបរួម​គ្នា​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹក​ដី​ខ្មែរ ស្រប​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា គោលការណ៍​ច្បាប់​អន្តរជាតិ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស ឆ្នាំ​១៩៩១។

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

សែន និង ម៉ែន ណាត ២០២០

សែន និង រ៉ុង ឈុន

.