(VODNews /កញ្ញា ខាន់ លក្ខិណា /០២ ធ្នូ ២០១៩)
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជំរុញទៅរដ្ឋាភិបាល ​ឱ្យ​ដោះស្រាយបញ្ហាដីធ្លីឱ្យ​មាន​តម្លាភាព​រវាង​ពលរដ្ឋ​វៀតណាម​ខុសច្បាប់ និង ពលរដ្ឋម្ចាស់ស្រុក​។

ការជំរុញនេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដី​​ ទំហំ​ ៤០ ហិកតា នៅភូមិ​ដំបូកកកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ឱ្យប្រជាពលរដ្ឋចំនួន ៤,៥៦៣ គ្រួសារ ដែលរស់នៅលើផ្ទះបណ្តែតទឹក លើដងទន្លេសាប បន្ទាប់​ពី​ពួកគេ ​ត្រូវ​បាន​ជម្លៀស​ពី​រស់​នៅ​​លើ​ផ្ទៃ​ទឹកទន្លេ​សាប​ នៅ​ក្នុង​ខេត្ត​នេះ។ ក្នុង​ចំណោម​ប្រជាពលរដ្ឋជាង ៤ ​ពាន់​គ្រួសារ​នោះ​ គឺមានពលរដ្ឋជន​ជាតិ​វៀតណាម ២,៣៨៧ ​គ្រួសារ។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ​​ចុះថ្ងៃទី ២ ខែធ្នូ​នេះ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ​បានច្រាន​ចោល​ ចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដែលបានផ្ដល់​ដី ៤០ ​ហិកតា ឱ្យជនអន្តោប្រវេសន៍ ដោយថា​ រដ្ឋាភិបាល ត្រូវពិនិត្យមើលឡើងវិញ ចំពោះជនអន្តោប្រវេសន៍​វៀតណាម ដែលទទួលបានសញ្ជាតិខ្មែរ ​និងជនអន្តោប្រវេសន៍ រស់នៅខុសច្បាប់។

{ខ្លឹមសារសេចក្តីថ្លែងការណ៍ បញ្ជាក់ថា} «រដ្ឋាភិបាលកម្ពុជា មិនត្រូវផ្ដល់ដីធ្លីដល់ជនអន្តោប្រវេសន៍​វៀតណាម​​ណាម្នាក់ ធ្វើជា​លំនៅឋាន​ដាច់ខាត។ សម្រាប់ជនជាតិវៀតណាម ដែលទទួលបានសញ្ជាតិខ្មែររួចហើយ ពួកគេត្រូវ​តែរក​លទ្ធភាពទិញ ឬ​ជួលផ្ទះ សម្រាប់​ស្នាក់​នៅដោយខ្លួន‍‍‍‍‍(ឯង)»

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ឱ្យដឹងថា រដ្ឋាភិបាល ត្រូវបញ្ជូនជនអន្តោប្រវេសន៍​​​វៀត​ណាមដែល​​រស់នៅកម្ពុជា​ដោយខុសច្បាប់ ទៅប្រទេសដើមកំណើតរបស់ខ្លួន ជាជាង​ការសម្រេចផ្ដល់ដី​ ឱ្យជនអន្តោប្រវេសន៍វៀតណាមទាំងនោះ ធ្វើជាលំនៅឋាន ហើយត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិវាទដីធ្លី ជូនប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានអ្នកមានអំណាច និងក្រុម​​ឈ្មួញ​ខិលខូច​ រំលោភបំពានដីធ្លី។

តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ការផ្ដល់ដី​របស់រដ្ឋាភិបាល ឱ្យជនអន្តោប្រវេសន៍​វៀតណាម ស្នាក់​នៅ​នេះ កំពុង​ធ្វើឱ្យប្រទេសជាតិ ប្រឈម​នឹងហានិភ័យ ដោយសារ វៀតណាម ជាប្រទេសនៅជាប់ព្រំដែនកម្ពុជា និង​​មាន​ប្រវត្តិ​យក​ទឹក​ដី​កម្ពុជា ​នា​ពេល​អតីត​កាល។

លោក រ៉ុង ឈុន៖ «ក្នុងអំឡុងពេល ៣០ ឆ្នាំ ទៅ ៥០ ឆ្នាំខាងមុខ ពេលហ្នឹង កម្ពុជាយើងនឹងមានហានិភ័យខ្ពស់មែនទែន អាចបង្កើតរដ្ឋក្នុងរដ្ឋ។ អាហ្នឹងដែលជាបញ្ហាចោទ​មែន​ទែន»

អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ប្រាប់វីអូឌី (VOD) នៅថ្ងៃនេះថា នៅក្នុងប្រទេស​កម្ពុជា មិនមាន​ច្បាប់​តម្រូវ​ឱ្យរដ្ឋាភិបាល ផ្ដល់ដីឱ្យអន្តោប្រវេសន៍ សម្រាប់ធ្វើលំនៅឋានទេ។ លោកបន្តថា រដ្ឋាភិបាលផ្ដល់ដី ៤០ ​ហិកតា ដើម្បីបញ្ចៀស​ការរិះគន់​ថា រដ្ឋាភិបាល រំលោភសិទ្ធិមនុស្ស​ ដែលបណ្ដោយឱ្យ​ប្រជាពលរដ្ឋ​ រស់នៅលើផ្ទៃទឹក មិនមានអនាម័យ មិនមាន​សាលារៀន និង​មិនគិត​អំពីបរិស្ថាន​ នៅដងទន្លេសាប។

លោក ស៊ុន សុវណ្ណារិទ្ធ៖ «យើងរៀបចំ​ពីទឹក មក​គោក​នេះ ដើម្បីបរិស្ថាន ជីវៈចម្រុះនៅក្នុងទន្លេឱ្យមានភាពប្រសើរ ការគ្រប់គ្រង​ជនអន្តប្រវេសន៍​មានប្រសិទ្ធភាព និង​មាន​លក្ខណៈពិសេស​ច្រើនទៀត ដែលពាក់ព័ន្ធនឹង​ការនៅ​លើគោកនេះ វាល្អជាងនៅក្នុងទឹក។ នៅក្នុងទឹកនេះ បើយើងទុកពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រជាជននៅបឹងទន្លេសាប វាចេះតែច្រើនៗទៅ អ៊ីចឹងបរិស្ថាននៅបឹងទន្លេសាប វាកាន់តែកខ្វក់ទៅៗ។ អ៊ីចឹង សូម្បីតែនៅទីនេះ ខេត្តខ្ញុំនេះ បើសិននៅខែ៣ និង​ខែ៤ ខាប់ដូចទឹកគ្រឿងអ៊ីចឹង ភាពកខ្វក់ អ៊ីចឹងសូម្បីតែត្រីក៏នៅមិនបានដែរ»។

អ្នកជំនាញផ្នែកច្បាប់ លោក​មេធាវី សុក សំអឿន មានប្រសាសន៍ថា រដ្ឋាភិបាល​មាន​សិទ្ធិសម្រេច​ក្នុងការផ្ដល់​ដី ដល់ជនអន្តោប្រវេសន៍ ដែលរស់នៅ​ក្នុង​ប្រទេស​ស្របច្បាប់ ប៉ុន្តែ បើសិនជន​អន្តោប្រវេសន៍​ទាំងអស់នោះ រស់នៅខុសច្បាប់ លោកថា រដ្ឋាភិបាល​ ត្រូវចាប់បញ្ជូនពួកគេ ទៅប្រទេសកំណើតវិញ។ លោក សុក សំអឿន៖ «បើសិនជាអន្តោប្រវេសន៍ស្របច្បាប់ ហើយ​ជាអន្តោប្រវេសន៍​ស្នាក់នៅយូរ អាហ្នឹង រដ្ឋាភិបាល មានសិទ្ធិចាត់ចែង តែបើសិនជាអន្តោប្រវេសន៍ខុសច្បាប់ អាហ្នឹង វាអត់ត្រូវវិញ ព្រោះបើសិនជាយើង ធ្វើអ៊ីចឹង ដូចទទួលស្គាល់ខុសច្បាប់ ទៅជាស្របច្បាប់វិញ»

ទោះជាយ៉ាងណា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវទៅរដ្ឋាភិបាល លុបចោល ចំពោះសេចក្ដីសម្រេចការផ្ដល់ដី ៤០ ​ហិកតាដល់ជនអន្តោប្រវេសន៍​វៀតណាម ដើម្បីជាការឆ្លើយតបនឹងការទាមទាររបស់ប្រជាពលរដ្ឋខ្មែរ នៅលើបណ្ដាញសង្គម។

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំ បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយបកស្រាយពីការផ្ដល់ដី ៤០ ហិកតា ឱ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក លើដងទន្លេសាប បម្លាស់ទីទៅរស់នៅលើដីគោក ចំនួន ៤៥៦៣ គ្រួសារ ដោយក្នុងនោះ មានទាំងខ្មែរ ខ្មែរ-អ៊ីស្លាម និងវៀតណាម៕