អត្ថបទ CWCI Cambodia
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស៍ (Norway) បានចេញសេចក្តីថ្លែងការណ៍មួយ ចុះហត្ថលេខាដោយលោក ម៉ែន ណាត នៃក្រុមប្រឹក្សានេះ ក្នុងខួប ១៧ឆ្នាំនៃឃាតកម្មលើរូបលោក ជា វិជ្ជា ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១។ សូមទាញយកសេចក្កីថ្លែងការណ៍ (Download) ឬអានខ្លឹមសារទាំងស្រុងខាងក្រោម៖
សេចក្តីថ្លែងការណ៍
តើពន្លឺយុត្តិធម៌នៅឯណាសម្រាប់លោក ជា វិជ្ជា រយៈពេល ១៧ឆ្នាំមកនេះ?
លោក ជា វិជ្ជា ជាមេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤ ជាឃាតកម្ម មានជាប់ពាក់ព័ន្ធនឹងលោក ហុក ឡងឌី មេប៉ូលីសជាតិនៃក្រសួងមហាផ្ទៃ និងជាដន្លងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កត់សម្គាល់ឃើញថាលោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ គឺជាសាក្សីយ៉ាងសំខាន់បំផុត ក្នុងសំណុំរឿងលោក ជា វិជ្ជា។ ក្រៅពីនេះ នៅមានមន្រ្តីប៉ូលីសមួយចំនួនទៀត ក៏មានពាក់ព័ន្ធក្នុងសំណុំរឿងសម្លាប់លោក ជា វិជ្ជា ក្រោមអំណាចបញ្ជារបស់លោក ហុក ឡងឌី កាលនោះ។
កាលនៅរស់ លោក ជា វិជ្ជា ត្រូវបានគេគំរាមសម្លាប់ នៅខែសីហា ឆ្នាំ២០០៣ តាមសារជាអក្សរផ្ញើចូលទូរស័ព្ទរបស់លោក ដែលជាលេខទូរស័ព្ទរបស់មន្រ្តីប៉ូលីសជាន់ខ្ពស់នៃ ក្រសួងមហាផ្ទៃ។ ពេលនោះលោក ជា វិជ្ជា ក៏ធ្លាប់និយាយប្រាប់ពួកយើងខ្ញុំ ជាមិត្តជិតស្និទ្ធផង និងជាក្រុមការងារនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដោយបញ្ជាក់ទាំងទឹកមុខស្ងួតថា «មន្រ្តីជាន់ខ្ពស់ពីក្រសួងមហាផ្ទៃ នៅក្រោមបញ្ជាមេប៉ូលីសកំពូល គំរាមសម្លាប់ខ្ញុំ»។
សំណុំរឿងនេះ នៅតែមិនទាន់អាចរកពន្លឺយុត្តិធម៌បាននៅឡើយ មកទល់សព្វថ្ងៃ។ ដោយឡែក ការធ្វើមិនដឹងមិនឮរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសំណុំរឿងឃាតកម្មលោក ជា វិជ្ជា នេះ បានធ្វើឲ្យពលរដ្ឋខ្មែរ មានមន្ទិលសង្ស័យពីការរួមគំនិត ឬគប់គិតណាមួយ ក្នុងផែនការសម្លាប់លោក ជា វិជ្ជា ដើម្បីព្រមានដោយប្រយោលដល់គណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យជាប់ឆ្នោត ២ ទៀត គឺបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និងបក្សសម-រង្ស៊ីរបស់លោក សម រង្ស៊ី ដែលធ្វើឲ្យជាប់គាំងនយោបាយជិត ១ឆ្នាំ តាំងពីក្រោយការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ ២០០៣ រហូតដល់ខែឧសភា ឆ្នាំ ២០០៤ ទើបមានដំណោះស្រាយនយោបាយបាន ស្របតាមរដ្ឋធម្មនុញ្ញ រូបមន្ត ២ ភាគ ៣ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
យើងខ្ញុំសូមរំលឹកថា ក្នុងចំណោមអង្គការជាសមាជិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (មាន ៦ អង្គការ សមាគម និងសហជីព ជាសមាជិក) មានតែសហជីពរបស់លោក ជា វិជ្ជា ដែលមានកម្លាំងកម្មករច្រើនជាងគេបំផុត គាំទ្ររាល់ការព្រមានរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ នាំមុខដឹកនាំមហាបាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ ២០០៣ និង មិនទទួលស្គាល់បេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តនៅអាណត្តិថ្មីទៀត។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវយ៉ាងទទូចថា ដើម្បីជម្រះមន្ទិលសង្ស័យនានា និងបំបាត់អំពើនិទណ្ឌភាព រដ្ឋាភិបាលលោក ហ៊ុន សែន និងតុលាការកម្ពុជា ត្រូវជំរុញការស៊ើបអង្កេតឲ្យសកម្ម រួចផ្តល់យុត្តិធម៌ជូនសាច់ញាតិ ក្រុមគ្រួសារ និងអ្នកគាំទ្រលោក ជា វិជ្ជា ជានិមិត្តរូបនៃការពង្រឹងនូវប្រព័ន្ធយុត្តិធម៌ថ្លៃថ្នូរ ការអនុវត្តច្បាប់ជាក់លាក់ និងនីតិរដ្ឋស្អាតស្អំ។
ទីក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

.
.