(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងលោក អ៊ុំ សំអាន តំណាងរាស្រ្ត / ២២ ធ្នូ ២០១៨)

ឯកសារព្រំដែន និង កោះត្រល់ (វៀតណាមហៅថា កោះហ្វូកុក)៖ អ្នកជំនាញ​ផែនទី​ខ្មែរ​ លោក ស៊ាន ប៉េងសែ អតីតរដ្ឋមន្រ្តី​​ក្រសួង​​ឧស្សាហកម្ម-រ៉ែ ក្នុង​​សម័យ​សាធារណរដ្ឋ​ខ្មែរ​ បង្ហាញ​ផ្ទាំង​ផែនទី​​សមុទ្រ​ខ្មែរ ដែល​លោក និង​ក្រុម​​អ្នកជំនាញផែនទីបារាំង បាន​ចងក្រងឡើង ក្នុងអំឡុង​ឆ្នាំ ១៩៦៥-១៩៧៣។ សូមបញ្ជាក់ថាលោក ស៊ាន ប៉េងសែ ជា​ប្រធាន​នាយកដ្ឋាន​​ភោគម្ពសាស្រ្ត នៃ​ក្រសួង​​​ឧស្សា​ហកម្ម​-​រ៉ែ ក្នុងសម័យ​សង្គមរាស្រ្តនិយម របស់​សម្តេច នរោត្តម សីហនុ ដែលជាអ្នកទទួលខុសត្រូវផ្ទាល់ លើការពង្រីកខ្នាតផែនទី និងធ្វើផែន​ទី​សមុទ្រខ្មែរ ខ្នាត ១/២០០.០០០ ក្នុង​បំណង​រុករករ៉ែ​ប្រេងកាត នៅក្នុង​ផ្ទៃសមុទ្រខ្មែរ។ ហើយលោក បានក្លាយជារដ្ឋមន្រ្តី នៃ​ក្រសួង​នេះ នៅសម័យ លន់ នល់ បន្តទទួលភារៈធ្វើ​ផែនទី​​ដដែល រួចបាន​បោះពុម្ពផ្សាយ​នៅឆ្នាំ​ ១៩៧៣។

ក្រុមការងារកិច្ចការព្រំដែន កាលថ្ងៃទី២២ កុម្ភៈ ២០១៦ បានជួបពិគ្រោះយោបល់គ្នា នៅទីក្រុងប៉ារីស ប្រទេស​បារាំង។ ក្រុមការងារនេះ មានសមាសភាពពី គណៈកម្មាធិការព្រំដែនកម្ពុជា ដឹកនាំដោយលោក ស៊ាន ប៉េងសែ និងលោកបណ្ឌិតច្បាប់ ឌី ការ៉េត និង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (លោក ម៉ែន ណាត, លោក ឆាំ ឆានី ពី​ប្រទេស​ន័រវែស, លោកស្រី សម ទ្រី (សម សុខា) ពីអាល្លឺម៉ង និងលោក ប៉ាង សុខឿន ពីប្រទេសស៊ុយអែត) ហើយ​ក៏​មាន​វត្តមាន​សកម្មជនព្រំដែន លោក អ៊ុំ សំអាន ជាសមាជិកសភា នៃគណបក្សសង្គ្រោះជាតិ។

ក្រុមការងារ បានពិគ្រោះយោបល់គ្នា សំដែងការព្រួយបារម្ភទាំងក្នុងពេល​​បច្ចុប្បន្ន ក៏​ដូចជា​ពេល​អនាគត គឺ​ជា​ហានីភ័យធ្ងន់ធ្ងរ ក្នុង​រឿងទឹកដី និង​​ព្រំដែនខ្មែរ ក្រោមការដឹកនាំរបស់​រដ្ឋាភិបាលលោក ហ៊ុន សែន ដែល​មិន​អាច​រំដោះ​ខ្លួនរួច ចេញគំនាបនយោនបាយ​វៀតណាម ដោយសាររបបដឹកនាំរបស់គាត់ បាន​ចុះ​ហត្ថលេខា​លើ​​​​​​​​​​​​​​​​​​​​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ជាច្រើន ជាមួយវៀតណាម តាំងពីទសវត្សរ៍ទី៨០ មកនោះ។

លោក ស៊ាន ប៉េងសែ បាពន្យល់លំអិតពីបច្ចេកទេស នៅលើផ្ទាំងផែនទី ផ្សារ​ភ្ជាប់​ជាមួយ​ផ្ទៃដី ឬផ្ទៃទឹក អំពី​សមុទ្រ​ខ្មែរ និងប្រជុំកោះខ្មែរ រួមទាំង កោះត្រល់ (ក្រឡាផ្ទៃ ៥៧៤ គ.ម.ការេ) និង កោះក្រចកសេះ ផង។ លោក បញ្ជាក់ថា បើតាមខ្សែបន្ទាត់ប្រេវីយេ (Brévié) គឺកោះត្រល់ ត្រូវស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ប្រទេស​កម្ពុជា ពីព្រោះវា មានផ្ទៃដីខ្ពង់រាបាត​សមុទ្រ ជាប់នឹងឆ្នេរសមុទ្រខ្មែរ ខេត្តកំពត។ វាមានចម្ចាយ ១៥ គីឡូម៉ែត្រ ពី​ខេត្ត​កំពត ហើយ​មានចម្ងាយ ៤៥ គីឡូម៉ែត្រ ពីតំបន់ហាទៀង ប្រទេសវៀតណាម (ឬកម្ពុជាក្រោម)។

មានមតិមួយយល់ច្រឡំថា កោះត្រល់ ត្រូវបានវៀតណាម កាន់កាប់តាំងពីថ្ងៃទី ២៧ កញ្ញា ១៩៤៩ បន្ទាប់ពី​អាណា​និគម​បារាំង ផ្ទេរ ឬប្រគល់ទឹកដីកម្ពុជាក្រោម (ឬ ​កូសាំងស៊ីន) ទៅឲ្យ​វៀតណាម។ ហើយរដ្ឋាភិបាល​លោក ហ៊ុន សែន ក៏ខំ​និយាយតាមគេ ជាពិសេសគឺ​និយាយតាម​វៀតណាម ដើម្បីតម្រូវចិត្តរបស់វៀតណាម។

នៅក្នុងលិខិតរបស់លោក ប្រេវីយេ (Brévié) ជាអាណាព្យាបាលរបស់ បារាំង ប្រចាំ​​នៅ​ឥណ្ឌូចិន ថ្ងៃទី ៣១ មករា ១៩៣៩ ត្រូវបាន​បកប្រែ​ក្រៅផ្លូវការថា កោះត្រល់ ត្រូវបានដាក់ឲ្យ​ខាងកូសាំងស៊ីន «គ្រប់​គ្រង​ខាងផ្នែករដ្ឋបាល និងប៉ូលីស»​ប៉ុណ្ណោះ ប៉ុន្តែកោះនេះ នៅ​តែ​ជាកម្មសិទ្ធិ​របស់​ខ្មែរ។ លោក ប្រេវីយេ បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំ​សូម​ជម្រាប​លោកថា ខ្ញុំទើបនឹងបាន​ពិនិត្យមើលសារ​ជាថ្មី ម្តងទៀត នៅលើចំណោមរឿងចង្កោម​កោះ ដែល​នៅក្នុង​ឈូងសមុទ្រ សៀម ដែលមាន​​ការទាស់ទែងគ្នា រវាងប្រទេស​កម្ពុជា និង កូសាំងស៊ីន។ ស្ថានភាពនៃ ចង្កោម​កោះ​នេះ ដែលមានរាយ នៅតាមបណ្តោយ ឆ្នេរសមុទ្រខ្មែរ ហើយ​ដែល​មានខ្លះ ស្ថិត​នៅ​សែនជិត​ឆ្នេរសមុទ្រ របស់​ខ្មែរ ដែលដី(ល្បាប់) ដែល​កំពុងដុះ និង​ចេះ​តែ​បន្ត​ដុះ​នេះ នឹងភ្ជាប់កោះទំាងនេះ ទៅនឹងឆ្នេរសមុទ្រ របស់​ប្រទេស​​កម្ពុជា ក្នុង​រយៈ​ពេល​ដ៏ខ្លី​ខាង​​មុខ។ តាម​ការ​សមហេតុ​សមផល និង តាមរបៀប​ភោគម្ពសាស្រ្ត ជាការចាំបាច់ ត្រូវ​តែ​ដាក់កោះទំាងនេះ ឲ្យនៅក្រោមការត្រួតត្រា នៃរាជការ​ប្រទេសកម្ពុជា»

លោក ស៊ាន ប៉េងសែ បានស្តីបន្ទោសលោក ហ៊ុន សែន ថា«មិនចេះស្រឡាញ់ជាតិ» បានកាត់​កង​ខ្សែ​បន្ទាត់​ព្រំដែន និងដែនសមុទ្រមួយភាគ ទៅឲ្យវៀតណាម។ លោក ប៉េងសែ បញ្ជាក់ថា កោះត្រល់ ត្រូវបានវៀតណាម ចាប់ផ្តើមកាន់កាប់ បន្ទាប់ពីមានសន្ធិសញ្ញា ឬ ​កិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ (ថ្ងៃទី ៧ ខែកក្កដា ១៩៨២) ធ្វើឡើងក្នុងសម័យ វៀតណាម ត្រួតត្រាកម្ពុជា។ កាល​នោះ​លោក ហ៊ុន សែន ជា​រដ្ឋមន្រី្ត​ក្រសួង​ការបរទេស នៃសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា ដែលត្រូវបានលើកបន្តុបដោយ​វៀតណាម។

សន្ធិសញ្ញាដែនទឹក ១៩៨២ និង សន្ធិសញ្ញាព្រំដែនគោក ១៩៨៥ ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​អនុវត្ត​ដដែល ហើយនៅឆ្នាំ ២០០៥ លោក ហ៊ុន សែន និងវៀតណាម បានផ្តល់សច្ចាប័នរួមគ្នា ​លើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ថ្មី (សន្ធិសញ្ញាព្រំដែនគោក) បើទោះជាវាខុសច្បាប់ក៏ដោយ។ សន្ធិសញ្ញាព្រំដែនទាំងនេះ វាផ្ទុយនឹងមាត្រា១​ ចំណុច ២.ឃ​ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១, វាផ្ទុយពីមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។

បញ្ជាក់៖ លោក ស៊ាន ប៉េងសែ កើតនៅថ្ងៃទី ០១ មករា ១៩៣៦ ហើយទទួលមរណភាព​ថ្ងៃ​ទី ​២៣ មករា ២០១៨ នៅក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៨២ ឆ្នាំ។ លោក មានស្រុកកំណើតនៅ​ ​ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។

……………………
ឯកសារភ្ជាប់៖ លោក ប្រេវីយេ អះអាងថា កោះត្រល់ ជាកោះរបស់ខ្មែរ៖
តាម​​​លិខិត​ស្នើសុំ និងសេចក្តីសម្រេច លោកអគ្គទេសាភិបាល​ឥណ្ឌូចិន ឈ្មោះ ប្រេវីយេ (BREVIE) នៅហាណូយ ដែលផ្ញើទៅ លោក ទេសាភិបាល កូសាំងស៊ីន ចុះថ្ងៃទី​៣១ ខែមករា ឆ្នាំ១៩៣៩ លោក បានសរសេរ ដូច​ខាង​ក្រោម​​​ថា៖
ខ្ញុំសូមជម្រាបលោកថា ខ្ញុំទើបនឹងបានពិនិត្យមើលសារជាថ្មី ម្តងទៀត នៅ​លើ​ចំណោម​រឿង​ចង្កោម​កោះ ដែល​នៅ​ក្នុង​ឈូងសមុទ្រ សៀម ដែលមានការទាស់ទែងគ្នា រវាងប្រទេសកម្ពុជា និងកូសាំងស៊ីន។

ស្ថានភាព​​​នៃ​​ចង្កោម​កោះ​នេះ ដែលមានរាយ នៅ​តាម​បណ្តោយ ឆ្នេរសមុទ្រខ្មែរ ហើយ​ដែល​មាន​ខ្លះ ស្ថិតនៅ​សែនជិតឆ្នេរសមុទ្រ របស់ខ្មែរ ដែលដី(ល្បាប់) ដែលកំពុងដុះ និងចេះតែបន្តដុះនេះ នឹងភ្ជាប់កោះទំាងនេះ ទៅនឹងឆ្នេរសមុទ្រ របស់ប្រទេសកម្ពុជា ក្នុង រយៈពេលដ៏ខ្លីខាងមុខនេះ។ តាមការសមហេតុសមផល និង តាមរបៀបភោគម្ពសាស្រ្ត ជា​​ការចាំបាច់ ត្រូវតែដាក់កោះទំាងនេះ ឲ្យនៅក្រោមការត្រួតត្រា នៃរាជការ​ប្រទេស​កម្ពុជា។

ខ្ញុំមិនអាចនឹងទុកស្ថានភាព ដែលមានសព្វថ្ងៃនេះ ដែលបង្ខំឲ្យ ប្រជាពលរដ្ឋ ដែល​រស់​នៅ​លើ​កោះ​ទាំងនេះ បង្ខំចិត្ត ឬមួយ ឆ្លង កាត់សមុទ្រយ៉ាងឆ្ងាយ ឬមួយ​ត្រូវ​វាងកាត់តាមទឹកដី​ប្រទេស កម្ពុជា ដើម្បីទៅទាក់ទង​នឹងរដ្ឋការ​កូសាំងស៊ីន បន្តទៅមុខទៀត​បាន នោះទេ។

ហេតុនេះ ខ្ញុំសម្រេចថា កោះទំាងឡាយណា ដែលនៅខាងជើងខ្សែ បន្ទាត់មួយ ដែល​​កាត់​កែង នឹង​ឆ្នេរសមុទ្រ គិត​ពី​ចំណុច​​ព្រំប្រទល់ រវាងប្រទេស​កម្ពុជា និង កូសំាងស៊ីន ហើយដែល​​មានមុំ ១៤០ អង្សារ ជាមួយ​​​​នឹងភាគ​ខាង​ជើង នៃ​ខ្សែវណ្ឌ ដូច​មានក្នុង​​ផែនទី ដែល មាន​ភ្ជាប់​មក​​ជាមួយនេះ ចាប់ពីថ្ងៃនេះតទៅ នឹង​ត្រូវគ្រប់គ្រង ដោយ​ប្រទេសកម្ពុជា។ រដ្ឋការ​​​អាណាព្យាបាល​ មាន​ភារកិច្ច​ជាពិសេស នៅ​ក្នុង​ផ្នែកប៉ូលីស នៅ​លើ​កោះទំាងនេះ។
កោះ​ទំាងឡាយ ដែល​ស្ថិត​នៅ​ខាងត្បូង ខ្សែបន្ទាត់នេះ សរុបទំាង កោះហ្វូកុក​ ​ទំាង​​មូល ត្រូវ​នៅ​ក្រោម​​ការ​គ្រប់​គ្រង​របស់ កូសាំងស៊ីន តទៅទៀត។ ត្រូវដឹងថា ខ្សែបន្ទាត់​ខណ្ឌ​សីមា ដែល​​​បាន​កំណត់នេះ ព័ទ្ធ​កោះ​ហ្វូកុក តាម​ភាគ​​ខាងជើង ដោយ​​​នៅចម្ងាយ ៣ គីឡូម៉ែត្រ ពីចំណុច​​នានា ដែល​នៅ​ខាងជើង​បំផុត នៃកោះនេះ។

ការធ្វើរបៀបនេះ អំណាចរដ្ឋបាល និងអំណាចប៉ូលីស នៅលើកោះទំាងអស់នេះ នឹង​ត្រូវ​ចែក​យ៉ាង​ដាច់ពីគ្នា រវាង​កូសាំងស៊ីន និង ប្រទេសកម្ពុជា ដើម្បីចៀសវាង​ការទាស់​ទែង​គ្នា ទៅអនាគត។ ក៏ប៉ុន្តែ នេះ​គ្រាន់​តែ​ជា​ការ​គ្រប់​គ្រង​ផ្នែករដ្ឋបាល និង​ប៉ូលីសប៉ុណ្ណោះ ចំណែក​​បញ្ហា​អនិស្សរភាព (ក្រោមចំណុះ) (De pendanco) នៃដែនដី នៃកោះទំាងនេះ នៅទុក​ដោយឡែកដដែល

សូមលោក ចាត់វិធានការណ៍ ដើម្បី​ឲ្យការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រេច​​​របស់​ខ្ញុំនេះ ចូល​​ជាធរ​មាន​​ដោយ​ប្រញាប់។

(ហត្ថលេខា)
ប្រេវីយេ (Jules Brévié)
……………………