សម្រួល និងបញ្ចូលអត្ថបទដោយលោក ម៉ែន ណាត

សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​មូលដ្ឋាន​នៅប្រទេស​បារាំង ដែល​ចុះហត្ថ​លេខា​​ដោយ​លោក​បណ្ឌិត​ច្បាប់ ឌី ការ៉េត នៅ​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២០ បាន​ហៅ​ការធ្វើ​ផែនទី​ថ្មី ខ្នាត ១/២៥.០០០ និង​ការបោះ​បង្គោល​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម ដោយ​ដាក់ចំណង​ជើង​ថា «ផែនទី ​បង្គោល​ព្រំដែន នៃ​អាណានិគម​និយម​យួន»។ សូម​ទាញ​​យក​សេចក្តី​ថ្លែងការណ៍ នៅ​ត្រង់​នេះ (Download) ឬ​អាន​ខ្លឹមសារ​លំអិត​ទាំង​ស្រុង​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
ផែនទី បង្គោលព្រំដែន​ នៃ​អាណានិគម​និយម​យួន

ផែនទី​បង្គោលព្រំដែន ឬ​ផែនទី​ឋានលេខា​ព្រំដែន​គោក ដែល​គេប្រកាស កាល​ពីថ្ងៃទី​១ សីហា ២០២០​ នេះ ជា​ផែនទី​នៃ​ការរំលោភ​​ជាក់ស្តែង​​មួយ​​ទៀត នៃ​យៀកណាម មក​លើ​​ឯករាជ្យ អធិបតេយ្យ និង​​បូរណ​ភាព​ទឹកដី នៃ​ប្រទេស​កម្ពុជា​ជាប្រាកដ។

នៅក្នុងសេចក្តី​ប្រកាសព័ត៌​មាន​​នៃ​រដ្ឋាភិបាល ហ៊ុន សែន (ថ្ងៃ​០៤​/​០៨​/​២០២០)​ គេថា «ខ្សែព្រំដែន ដែលមាន​នៅលើ​ផែនទីឋានលេខាព្រំដែន ខ្នាត​ ១/២៥.០០០ ត្រឹម​​ត្រូវ​តាម​ខ្សែ​ព្រំដែន ដូច​មាន​នៅ​លើ​ផែនទី បោន ខ្នាត ១/១០០.០០០ បោះពុម្ពដោយ ក្រុមភូមិសាស្ត្រ​ឥណ្ឌូចិន ស្រប​តាម​មាត្រា២ នៃ​រដ្ឋ​ធម្ម​នុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា…»។ {ត្រង់នេះ មានខ្លឹមសារលំអិត}។​ រីឯ​នៅ​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​ នៃទីក្រុង​ហាណូយ​វិញ (ថ្ងៃ​០១/​០៨/​២០២០) គេ​គ្មាន​និយាយ​អំពីផែនទី ​បោន ខ្នាត ១/១០០.០០០ ហ្នឹង​ទេ ប៉ុន្តែ​គេ​អះអាង​​ថា ជាផែនទី​នៃ​ការកំណត់​ព្រំដែន និង​ការបោះ​បង្គោល​ព្រំដែន​គោក យៀកណាម​-​កម្ពុជា ដោយ​​យោង​​តាម​សន្ធិសញ្ញា​ព្រំ​ដែន​​ជាតិ ឆ្នាំ​១៩៨៥ និង​​សន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥ លើ​សន្ធិ​សញ្ញា ​ឆ្នាំ​​១៩៨៥ នោះ​ ​(https://fr.vietnamplus.vn/ceremonie-de-reception-de-la-carte-topographique-de-la-frontiere-vietnamcambodge/142771.vnp)។ ​

យើង​ត្រូវរំលឹកជាថ្មីដែរ អំពីលក្ខណៈ​ច្បាប់ និង​ទិន្នន័យ​បច្ចេកទេស​នៃ​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ និង​​សន្ធិសញ្ញា​ បំពេញ​បន្ថែម ឆ្នាំ​២០០៥ របស់​យួន​ នោះ ៖

សន្ធិសញ្ញាឆ្នាំ​១៩៨៥ ត្រូវ​បាន​ធ្វើឡើង បន្ទាប់​ពី​កងទ័ព​យួន បាន​មក​វាយ​ប្រហារ ឆ្នាំ​​១៩៧៨ និង​កាន់កាប់​កម្ពុជា ជា​ចំហ ហើយ​បាន​ចាត់តាំង​អាជ្ញាធរ​ខ្មែរ​មួយ ហៅ​ថា «សាធារណរដ្ឋ​​ប្រជាមានិត​កម្ពុជា (ស.ប.ក.)» ឲ្យ ចុះ​សន្ធិសញ្ញាន​យោបាយ និង​សន្ធិសញ្ញា​ទឹកដី​ថ្មី រវាង​យៀកណាម​-​កម្ពុជា ដែល​ត្រូវ​បាន​អន្តរជាតិ រួមទាំង អ.ស.ប.​ (UN) ថ្កោល​ទោស ពីព្រោះ​វាផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​ទាំង​ស្រុង។

​កិ​ច្ចព្រមព្រៀង​​ទីក្រុង​ប៉ារីស ឆ្នាំ​​១៩៩១ ​និង​​រដ្ឋធម្មនុញ្ញ​​នៃ​កម្ពុជា ឆ្នាំ​​១៩៩៣ ក៏​បាន​ឲ្យ​លុប​​ចោល​​សន្ធិសញ្ញា​ទាំង​អស់ នៃ​សម័យ​យួន​កាន់​កាប់​កម្ពុជា​នោះ ដែល​ប៉ះពាល់​បូរណ​ភាព​ទឹកដី នៃ​ប្រទេស​កម្ពុជា។

អ្នកជំនាញការផែនទីភូមិសាស្រ្ត នៃ​គណៈកម្មាធិការ​យើង បាន​សិក្សា​ឃើញ​ថា៖ ) និយាមកា ភូមិសាស្រ្ត​ទាំង​អស់ ដែល​គេ​បាន​កំណត់​ក្នុង​សន្ធិសញ្ញា​ឆ្នាំ ១៩៨៥ នោះ មាន​លក្ខណៈ​មិន​ច្បាស់​លាស់ និង​មិនអាច​ប្រើការបាន នៅ​លើផែនទី​ភូមិសាស្រ្ត​ណាមួយ​ទេ។ ) ផែនទី ដែ​លយួន​បាន​គូស​ជាបន្ទាប់ សម្រាប់​ការ​កំណត់​ខ្សែ​ព្រំដែន និង​​ការ​បោះ​បង្គោល​​ព្រំដែន មិន​មាន​ទិន្នន័យ​បច្ចេកទេស សម្រាប់​ការ​កំណត់នៅ​លើ​ទីដី​បាន​​ទេ ហើយ​​វា​​មិន​មែន​ជា​ផែនទី«បោន» ខ្នាត ១/១០០.០០០ ដូចអ្នក​ខ្លះ បាន​អះអាង​នោះ​ទេ។ យើង​គួររំលឹក​ទៀត​ថា ព្រះករុណា នរោត្តម សីហនុ ក៏លោកបានយល់ថា ផែនទីកម្ពុជា ដែលលោក វ៉ា គិម ហុង បាន​យក​មក​ថ្វាយ​លោក​ទត ជា​«ផែនទី​ក្លែងក្លាយ​សុទ្ធសាធ» ដែរ។

៤- សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ​២០០៥ ​ដែល​ជាការបន្ថែម​សេចក្តី​ លើសន្ធិសញ្ញា​ឆ្នាំ ១៩៨៥ ​ដែល​ជា​សន្ធិសញ្ញា​ខុសច្បាប់ ក៏វា​ត្រូវ​ជា​សន្ធិសញ្ញា​ខុស​ច្បាប់ដូចគ្នា។ ភាពខុសច្បាប់​មួយទៀត គឺ​សន្ធិសញ្ញា​ឆ្នាំ ​២០០៥ ត្រូវ​បាន​ទទួល​សច្ចាប័ន​ពីសភា និង​ពីព្រះមហាក្សត្រ​ ក្រោម​ការគម្រាម​កំហែង​យ៉ាង​ខ្លាំង​​ នៃនាយករដ្ឋ​មន្រ្តី ហ៊ុន សែន ថា​នឹង​ផ្លាស់ប្តូររបបរដ្ឋ ដោយ​មាន​ការ​រំលាយ​ស្ថាប័ន​រាជាធិបតេយ្យ​ចោល បើព្រះមហា​ក្សត្រ មិន​ព្រម​ផ្តល់​សច្ចាប័ន លើសន្ធិសញ្ញា​ ឆ្នាំ ២០០៥ នោះ ដែល ហ៊ុន សែន បាន​សម្រេច ជាមួយ​យួន​ហាណូយ រួចហើយ។

នៅថ្ងៃទី១៥ កក្កដា ២០១៥ នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​សំបុត្រ​ជាផ្លូវការ​មួយ​ច្បាប់ ទៅ​ប្រធានា​ធិបតី​បារាំង ហ្រង់ស្វ័រ ហូឡង់ (François Hollande) សុំ​ឲ្យ​បារាំង​ បញ្ជូន​អ្នក​ជំនាញ​ការ​ផែនទី ​ជួយ​ដោះស្រាយ ចំណុច​ទំនាស់​ខ្លះ នៃ​ការកំណត់​ខ្សែ​ព្រំដែន​យៀកណាម-កម្ពុជា។ លោក ហ្រង់ស្វ័រ ហូឡង់ បាន​ឆ្លើយ​តប​វិញ​ថា នឹង​ព្រមទទួល​សំណើ​នោះ​ បើ​ភាគី​ទាំងពីរ​​ធ្វើសេចក្តី​ស្នើទៅ លោក ដូចគ្នា។ ​ប៉ុន្តែនៅ​ទីបំផុត ហ៊ុន សែន មិនព្រម ឲ្យ​អ្នកជំនាញ​ការ​ផែនទីបារាំង មក​ជួយ​ដោះស្រាយ ចំណុច​ទំនាស់នោះ​វិញទេ ដោយ​ពិត​ជាមិន​ចង់​ឲ្យ​បារាំង យក​ផែនទី​«បោន» ខ្នាត ១/១០០.០០០ របស់បារាំង មក​ធ្វើ​ជាមូលដ្ឋាន ​នៃ​ការដោះស្រាយ​នោះ ទេ។

ការបោះបង្គោលព្រំដែនថ្មី យៀកណាម​-​កម្ពុជា បាន​ផ្តើមធ្វើ​ជាសម្ងាត់ នៅបាវឹត (ខែត្រ​​ស្វាយ​រៀង) នៅ​ថ្ងៃ ២៤/​០៤/​១៩៨៦។ ​ការសម្ភោធ​ជាផ្លូវការ​លើកទី១ នៃ​បង្គោល​ព្រំដែន​​ថ្មី បាន​ធ្វើឡើង​នៅ​ថ្ងៃ ២៧​/០៩/​២០០៦ នៅបាវឹត ដែល​ពេល​នោះ នាយករដ្ឋមន្រ្តី​យួន ង្វៀន តន់យុង បាន​ថ្លែង​ថា ជា«ព្រឹត្តិការណ៍នៃជ័យជំនះ​ជាប្រវត្តិសាស្ត្រ នៃ​ប្រជាជន​យើង​ទាំង​ពីរ»។​ ទីភ្នាក់ងារព័ត៌មានចិន «ស៊ីនហួ» (XINHUA) ដែល​បាន​ទៅ​ទីនោះ​ដែរ បាន​ធ្វើការ​សង្កេត​ថា «តាំងពី​ឆ្នាំ​១៩៧៩ មក ការកំណត់​ខ្សែ​បន្ទាត់​​ព្រំដែន​ថ្មី យៀក​ណាម​-​កម្ពុជា មិន​ដែល​បាន​ធ្វើ​ឡើង​ដោយ​ប្រជាជន​ទាំងពីរ​ ដឹងឮ ​និង​យល់ព្រមទេ»។​ ការពិត​ គឺ​ប្រជាពលរដ្ឋ​ខ្មែរ តាំង​ពី​ខែត្រ​រតនគីរី មណ្ឌល គីរី ចុះរហូត​មក​ដល់​ ខែត្រ​តាកែវ កំពត តែងតែ​បាន​ជំទាស់ និង​ស្រែក​តវ៉ា​ឥត​ឈប់ឈរ នឹង​ការកំណត់​បង្គោល​ព្រំដែន​ថ្មី តាម​ភូមិឃុំ​របស់​ខ្លួន ជាប់​ព្រំដែន​នោះ ប៉ុន្តែរដ្ឋាភិបាល​យួន និង ហ៊ុន សែន ធ្វើ​មិន​ដឹង​មិន​ឮ​ទេ​ បើគេ​មិន​ចាប់​អ្នកជំទាស់ ​និង​អ្នក​ស្រែក​តវ៉ា​ទាំងនោះ​ ទៅធ្វើ​ទុក្ខ​ទោស​ទេ។​ នេះ​ជាការរំលោភ​អំណាច​ជាក់ស្តែង ដោយ​គេ​មិន​គោរព​តាម​​គោលការណ៍ និងការប្រព្រឹត្តអន្តរជាតិ​ ក្នុង​ការ​កំណត់ព្រំដែន ដែល​តម្រូវ​ឲ្យ​មាន​ការយល់ព្រម អំពី​អ្នក​ស្រុក នៅ​តាមព្រំដែន​នោះ ជាចាំបាច់។

ជាបញ្ចប់ យើងឃើញច្បាស់ថា យៀកណាម​កុម្មុយនីស្ត ដែល​អួតអាង​ខ្លាំងណាស់ ក្នុង​ជម្លោះ​ទឹកដី ជាមួយ​ចិន ថា​ខ្លួន​ជា​អ្នក​គោរព​ច្បាប់​អន្តរជាតិ​យ៉ាងហ្មត់ចត់​ណាស់ ​យៀកណាម​នេះ មិន​បាន​គោរ​ពច្បាប់អន្តរជាតិ​​អ្វី​ទាំង​អស់ ក្នុង​ការកំណត់​ព្រំដែន​ទឹកដី ជាមួយ​កម្ពុជា។ តាំងពីជាង​ ៤០​ឆ្នាំមក​នេះ យៀក​ណាម បាន​ចាត់​ការ​​រឿង​ព្រំដែន​ទឹកដី​ហ្នឹង ដូចជា​កម្ពុជា ជាដែន​អាណានិគ​មរបស់​ខ្លួន ដែល​ខ្លួន​បានវាយ​ប្រហារ​យក​បាន។ រដ្ឋាភិបាល ហ៊ុន សែន ក៏​បាន​ខំលាក់បំបាំង និង​ភរភូតជានិច្ចជាកាល អំពី​​ការកំណត់​ព្រំដែន​ទឹកដី​ហ្នឹង មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ និង មតិ​អន្តរជាតិ ដឹង​ឮ​ទេ ពីព្រោះ… វាបាន​ធ្វើ​​ឲ្យ​ខាត​បង់ច្រើន​ណាស់​ ដល់​កម្ពុជា!។

ប្រជាពលរដ្ឋខ្មែរ​គ្រប់ស្រករ និង​នៅគ្រប់ទិសទី មិន​អាច​ទទួល​អំណាច​អាណានិគម​និយម នៃយៀកណាមនោះ​ឡើយខ្សែព្រំដែន និង​បង្គោលព្រំដែន​ទាំង​នោះ នឹង​ត្រូវទុក​ជាមោឃៈ និង​ត្រូវកំណត់​ជាថ្មី​ ស្របតាម​ច្បាប់​អន្តរជាតិ នៅ​ក្នុងអនាគត​កាល ជាចាំបាច់។

ទីក្រុងប៉ារីស ថ្ងៃទី័៧ សីហា ២០២០

ឌី ការ៉េត
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា 

.

.