កែសម្រួល និងបញ្ចូលអត្ថបទដោយ លោក ម៉ែន ណាត
អគ្គលេខាធិការនៃគណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង លោក ហម ប៊ុនឆាយ បានសង្ខេបខ្លឹមសារលើអត្ថបទអង្កេតមួយរបស់លោកបណ្ឌិត ឌី ការ៉េត ថា «នៅមុខអស្ថិរភាពនៃស្ថានភាពភូមិសាស្ត្រនយោបាយ ក្នុងតំបន់យួន (យៀកណាម) បានពន្លឿន កិច្ចអាណានិគមរបស់ខ្លួន នៃតំបន់ហៅថា «ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-លាវ-យៀកណាម (Cambodia, Laos, Vietnam – CLV)» ដែលគេបានបង្កើតឡើង នៅឆ្នាំ ១៩៩៩។
លោក ហម ប៊ុនឆាយ សរសេរបញ្ជាកើថា នៅឆ្នាំ ២០១៨ ថ្មីៗនេះ ក្រុងហាណូយ បាន «ស្នើ» ឲ្យពង្រីកតំបន់ត្រីកោណហ្នឹង ទៅលើខេត្តមួយចំនួន នៃប្រទេសទាំងបី។ លោកបន្ថែមថា គេបានសម្រេចចិត្តរួចជាស្រេចទៀត «ឲ្យធ្វើការតភ្ជាប់
អត្ថបទដែលភ្ជាប់មកនេះ គឺជាការសិក្សារបស់លោក ឌី ការ៉េត បណ្ឌិតច្បាប់ និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង។ សូនអាន ឬទាញយកជា ភាសាខ្មែរ / ភាសាអង់គ្លេស / ភាសាបារាំង។
ត្រីកោណឥណ្ឌូចិន៖ អាណានិគមយួនស្ងាត់ៗ នៃភូមិភាគឦសាន នៃកម្ពុជា
សព្វថ្ងៃនេះ គេហៅថាជា តំបន់ «ត្រីកោណកម្ពុជា-លាវ-យៀកណាម»។ ពីដំបូង យៀកណាមបានដាក់ ឈ្មោះថា «ត្រីកោណឥណ្ឌូចិន» ហើយជាបន្ទាប់មក គេប្តូរជា «តំបន់ត្រីកោណអភិវឌ្ឍន៍ យៀកណាម – កម្ពុជា – លាវ (Cambodia-Laos-Vietnam – CLV)» ។ ម្យ៉ាងទៀត ពួកយួនតែងតែបញ្ជាក់ថា ការបង្កើតត្រីកោណនេះ បានធ្វើឡើង «តាមសំណើរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា” ក្នុងកិច្ចប្រជុំនៃនាយករដ្ឋមន្ត្រី ប្រទេសទាំងបី នៅទីក្រុងវៀងចន្ទន៍ (ប្រទេសលាវ) នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៩៩។
I.- ទិន្នន័យភូមិសាស្ត្រ
– នៅឆ្នាំ ១៩៩៩ នោះ មានតែខេត្តចំនួន ៤ ប៉ុណ្ណោះ ដែលគេផ្តុំគ្នាជាតំបន់ «ត្រីកោណ»៖ ខេត្តយ៉ាឡៃ, កុនទុំ (យៀកណាម) អាតាពី (លាវ) និង រតនគិរី (កម្ពុជា)។
– នៅខែមករា ឆ្នាំ ២០០២ នៅ{ក្នុងកិច្ចប្រជុំមេដឹកនាំប្រទេសទាំង៣} នៅទីក្រុងហូជីមីញ គេបានសម្រេចពង្រីកទៅ ៧ ខេត្ត គឺខេត្តយ៉ាឡៃ, កុនទុំ, ដាក់ឡាក់ (យៀកណាម) អាតាពី, សេកុង (លាវ) និងកម្ពុជាមានខេត្ត រតនគីរី, ស្ទឹងត្រែង។
– ខែកញ្ញា ឆ្នាំ ២០០៣ នៅកិច្ចប្រជុំ នៅផ្លៃគូ គេត្រូវបានពង្រីកទៅដល់ ៨ ខេត្ត ៖ ៣ ខេត្តពីយៀកណាម (យ៉ាឡៃ, កុនទុំ, ដាក់ឡាក់), ២ ខេត្តមកពីលាវ (អាតាពឺ, សេកុង) និង ៣ ខេត្តពីកម្ពុជា (រតនគិរី, ស្ទឹងត្រែង, មណ្ឌលគីរី)។
– នៅឆ្នាំ ២០០៤ ភាគីលាវ បានស្នើពង្រីកវាបន្ថែមទៀត ដល់ចំនួន ១០ ខេត្ត៖ យ៉ាឡៃ, កុនទុំ, ដាក់ឡាក់, ដាក់ណុង (យៀកណាម), អាតាពឺ, សេកុង, សារ៉ាវ៉ាន់ (លាវ) និង រតនគីរី, ស្ទឹងត្រែង, មណ្ឌលគីរី (កម្ពុជា)។
– ដល់ឆ្នាំ ២០០៩ ត្រីកោណនេះ បានរីកដល់ ១៣ ខេត្តគឺ ៥ ខេត្តពីយៀកណាម (យ៉ាឡៃ, កុនទុំ, ដាក់ ឡាក់ ដាក់ណុង, ប៊ិញភឿក), ៤ ខេត្តពីលាវ (អាតាពឺ, សេកុង, សារ៉ាវ៉ាន់, ចំប៉ាសាក់) និង ៤ ខេត្តពីកម្ពុជា (រតនគីរី, ស្ទឹងត្រែង, មណ្ឌលគីរី, ក្រចេះ)។
រហូតមកដល់ពាក់កណ្តាលសតវត្សរ៍ទី២០ តំបន់ទាំងមូលនេះ ដែលជាទីលំនៅរាប់ពាន់ឆ្នាំមកហើយ នៃពពួកជនជាតិភាគតិចជាច្រើន រួមជាមួយជនជាតិខ្មែរ ជាអ្នកកាន់កាប់ដំបូង នៃឧបទ្វីបនេះ។ សព្វថ្ងៃនេះ គេហៅពពួកគេនេះ ក្រោមឈ្មោះរួមតែមួយ ថាជាពួក «ម៉ុងតាញ៉ា» (ពួកជនរស់នៅលើភ្នំ)។ ក្នុងអំឡុងពេលប៉ុន្មានទសវត្សចុងក្រោយនេះ នៅយៀកណាម ក៏ដូចជានៅលាវ ជនជាតិ «ម៉ុងតាញ៉ា» ទាំងនេះ ត្រូវបានគេដកហូតទឹកដីដូនតារបស់ពួកគេ ហើយបានជំរុញឱ្យទៅរស់នៅតំបន់ ដែលនៅឆ្ងាយៗទៀត ដែលពីបាកនិងចូលទៅដល់បាន។ អ្នករឹងរុសមិនព្រមចេញ ត្រូវបានអាជ្ញាធរកុម្មុយនីស្ត នៃប្រទេសនោះ បង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ឬ ត្រូវបានសម្លាប់រង្គាលតែម្តង។
នៅខេត្តរតនគីរី និងមណ្ឌលគីរី នៃកម្ពុជា មានជនជាតិភាគតិច ស្ទើរតែទាំងអស់ រស់នៅ រួមមាន៖ ជន ជាតិប្រាវ, ទំពួន, ក្រវេត, បនណូង, ស្ទៀង, ចារ៉ាយ, ស្អូច, គួយ, ភ្នង, រ៉ាដេ… ដែលពលរដ្ឋខ្មែរហៅថា ពួក “ខ្មែរលើ” គឺជនជាតិខ្មែរ នៅតំបន់ខ្ពង់រាប។
ខេត្តទាំង ៤ របស់កម្ពុជា ដែលគេដាក់ក្នុងតំបន់ត្រីកោណ មានផ្ទៃដីសរុប ៤៧.២៥៦ គីឡូម៉ែត្រក្រឡា គឺច្រើនជាងមួយភាគបួន {១/៤} ឬ (២៦,១០%) នៃប្រទេស ដោយមានដង់ស៊ីតេប្រជាជន (នៅឆ្នាំ ២០១១) ប្រមាណ ៤៧១.០០០ នាក់ (គឺ ១០នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា) ប៉ុណ្ណោះ។ នៅខែតុលា ឆ្នាំ ២០១៣ លោក ហ៊ុន សែន បានសម្រេច បំបែកខេត្តកំពង់ចាមជាពីរ ដោយយកទន្លេមេគង្គជាព្រំប្រទល់ គឺខេត្តកំពង់ចាមថ្មី នៅខាងលិច និងនៅខាងកើត ហៅថាខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសយៀកណាម។ តើខេត្តត្បូងឃ្មុំនេះ នឹងត្រូវចូលរួម ក្នុងតំបន់ត្រីកោណនោះ ក្នុងពេលខាងមុខដែរឬ?
តារាងខាងក្រោម បង្ហាញពីតួលេខ នៃសមាសភាពផ្សេងៗ នៃតំបន់ត្រីកោណ៖
ប្រទេស
(ចំនួនខេត្តចូលរួម) |
ផ្ទៃដី
(គីឡូម៉ែត្រក្រឡា) |
ចំនួនប្រជាជន (ឆ្នាំ២០១១) | % ប្រជាជន
ក្នុងតំបន់ |
ដង់ស៊ីតេ
(ប្រជាជន/គ.ម២) |
យៀកណាម (៥) | ៥១.៧៤០ | ៥.០២០.០០០ | ៧៦,០% | ៩៦ |
លាវ (៤) | ៤៦.៧៤៦ | ១.១១០.០០០ | ១៦,៨% | ២៤ |
កម្ពុជា (៤) | ៤៧.២៥៦ | ៤៧១.០០០ | ៧,២% | ១០ |
សរុប | ១៤៥.៧៤២ | ៦.៦០១.០០០ | ១០០,០% |
ខេត្តរតនគីរី និងមណ្ឌលគីរី មានសម្បូរដោយទីទឹក ទន្លេ ស្ទឹង បឺង ជាច្រើនជាអាទិគឺ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ហើយសម្បូរទៅដោយដីក្រហម ដ៏មានជីជាតិល្អណាស់។ ជាការពិតមួយទៀត គឺ រតនគីរី និងមណ្ឌលគីរី សម្បូរទៅដោយដើមឈើប្រណីតៗ (មានកំពស់ពី ៤០ ទៅ ៥០ ម៉ែត្រ និងមានវិជ្ឈមាត្រ ជាង ២ ម៉ែត្រផង)។ ខេត្តពីរនេះ ក៏សម្បូរទៅដោយត្បូងមានតម្លៃកណ្តាល (ដូច ជាត្បូងថៃ ត្បូងកណ្តៀង និងត្បូងទទឹម ជាដើម នៅបរកែរ និងមាស នៅបរខាំ) ព្រមទាំងរ៉ែផ្សេងៗ ដូចជា ហ្សីកូញ៉ូម បុកស៊ីត ដែក ធ្យូងថ្ម និងទ្រព្យសម្បត្តិ ដែលអាចបង្កើតបាន ដូចជាការចិញ្ចឹមសត្វ នៅតំបន់ដីខ្ពស់ នៃរតនគីរី ។ ទោះយ៉ាងណា រហូតដល់ឆ្នាំ ១៩៥៩ ខេត្តរតនគីរី និងមណ្ឌលគីរី បានរស់នៅ ដោយភាពគ្រប់គ្រាន់ដោយខ្លួនឯង មួយភាគធំមកពីការកាប់ និងដុតកូនរុក្ខជាតិ ដើម្បីធ្វើចំការ ពីកន្លែងមួយ ទៅកន្លែងមួយទៀត ជាទម្លាប់ប្រពៃណី នៃអ្នកស្រុកនៅទីនោះ។
ដោយសារមូលហេតុជាច្រើន ខេត្តរតនគីរី មណ្ឌលគីរី និងស្ទឹងត្រែង ដែលមានប្រជាជនរស់នៅ តិចតួចនោះ មិនបានធ្វើឲ្យខ្មែរ នៃភូមិភាគឯទៀតៗ នៃប្រទេស យកចិត្តទុកដាក់អ្វីទេ។ ចាប់ពីឆ្នាំ ១៩៥៨ ទើបរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់អាទិភាពបញ្ជូនជនជាតិខែ្មរ ពីខេត្តដទៃទៀត មកតាំងទីលំនៅ នៅខេត្ត រតនគីរី និងមណ្ឌលគីរី ក្នុងបំណងអភិវឌ្ឍតំបន់នេះ និងដើម្បីប្រឆាំង នឹងលំហូរ នៃជនជាតិយួន ពីខេត្តដាក់ឡាក់ និង ផ្លៃគូ នៃយៀកណាម ជាប់និងព្រំដែននោះ។
II.- ទិន្នន័យនយោបាយ
តំបន់ត្រីកោណនេះ ស្ថិតនៅចំកណ្តាល នៃអតីតឥណ្ឌូចិនបារាំង ដែលជាទីកន្លែងឆ្លងកាត់ នៃកង កម្លាំងប្រយុទ្ធពិសេស នៃកងទ័ពកុម្មុយនិស្តយួន ក្នុងអំឡុងពេល សង្គ្រាមឥណ្ឌូចិន មុនៗនោះ។
នៅឆ្នាំ ១៩៧៩ លោក សាល ម៉េយែរ (Charles Meyer) ជាអ្នកភូមិសាស្ត្របារាំង ដែលធ្លាប់បានរស់នៅ ក្នុងប្រទេសកម្ពុជា ជាច្រើនឆ្នាំ បានសរសេរថា «នៅឆ្នាំ ១៩៧០ សង្គ្រាមយៀកណាម បានផ្ទុះឡើង នៅកម្ពុជា ហើយពួកកុម្មុយនិស្តយួន បានកាន់កាប់ខេត្តទាំងពីរ រតនគិរី និងមណ្ឌលគីរី។ ចាប់ពីខេត្តពីរ នេះទៅ ពួកគេអាចត្រួតត្រា គ្រប់តំបន់ទាំងអស់ នៅភាគខាងកើត នៃកម្ពុជា ទោះជាខ្មែរក្រហម បានចូលកាន់កាប់ភ្នំពេញ ហើយក្តី។ ម្យ៉ាងទៀត នៅមុនឆ្នាំ ១៩៧០ ក៏ពួកយួន ទាំងនេះ តែងតែឆ្លៀតគ្រប់ឱកាស ដើម្បីជម្រុញពួកខ្មែរលើ ឲ្យធ្វើកុបកម្ម និងការបះបោរ ប្រឆាំងនឹងអាជ្ញាធរនៃក្រុងភ្នំពេញ ដែលនៅពេលនោះ ក្រុងភ្នំពេញ កំពុងខំពុះពារ រៀបចំកិច្ចអភិវឌ្ឍ នៃតំបន់នេះ»។
នៅឆ្នាំ ១៩៧៣ និងជាថ្មីទៀត នៅឆ្នាំ ១៩៧៥ និង ១៩៧៧ ប៉ុល ពត បានទាមទារ ឱ្យកងទ័ពកុម្មុយនិស្តយួន ដកខ្លួនចេញ ពីខេត្តរតនគិរី ប៉ុន្តែយួន មិនធ្វើដឹងឡើយ។
ថ្ងៃទី ២៧ មករា ២០០២ នាយករដ្ឋមន្ត្រីយៀកណាម លោក ផាន់ វ៉ាន់ ខាយ បានប្រកាសថា «ការបង្កើត តំបន់ត្រីកោណ កម្ពុជា-លាវ-យៀកណាម គឺជាការចូលរួមចំណែក ដល់សន្តិភាព និងស្ថេរភាព នៃតំបន់ ជាមួយគ្នា និងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងបី និងដើម្បីប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំង ទល់នឹងការវាយប្រហារ ភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែន និងការជួញដូរគ្រឿងញៀនផង»។
នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០០៤ នៅក្រុងសៀមរាប ផាន់ វ៉ាន់ ខាយ បានបញ្ជាក់ថា «តំបន់ត្រីកោណនេះ ជាតំបន់យុទ្ធសាស្ត្រ សម្រាប់ប្រទេសទាំង៣ លើផ្ទៃនយោបាយផង លើផ្ទៃសេដ្ឋកិច្ចផង លើផ្ទៃសង្គមផង លើផ្ទៃបរិស្ថាន និងអេកូឡូស៊ីផង ប៉ុន្តែនាបច្ចុប្បន្ននេះ វាជានៅជាអនុតំបន់ក្រីក្រជានិច្ច ដែលជាមូលដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច នៅខ្សត់ខ្សោយណាស់ … »។
ដល់ថ្ងៃទី ២៨ វិច្ឆិកា ២០០៤ នៅទីក្រុងវៀងចន្ទន៍ ផាន់ វ៉ាន់ ខាយ បានរំលឹកជាថ្មី នូវការអះអាង របស់ពួកអាណានិគមនិយមយួន ពីឆ្នាំ ១៩៧៩ ថា «ប្រវត្តិសាស្ត្របានផ្សារភ្ជាប់ប្រទេសយើងទាំង៣ ហើយ …តម្រូវការ នៃការអភិវឌ្ឍប្រទេសយើងនីមួយៗ នៅក្នុងស្ថានភាពបច្ចុប្បន្ន ទាមទារឲ្យយើងផ្សារភ្ជាប់គ្នា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីផលប្រយោជន៍សន្តិភាព សន្តិសុខ និងវិបុលភាព… ដូច្នេះតំបន់ត្រីកោណ ជាការរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពជាប្រពៃណី រវាងប្រជាជនទាំង៣ របស់យើង …»។
III.- ការគ្រប់គ្រងត្រីកោណ
ដូចក្នុងប្រវត្តិសាស្ត្រកន្លងមកនោះ យួននឹងគ្រប់គ្រងតំបន់ត្រីកោណនេះទៀត។ នៅថ្ងៃទី ២៨ វិច្ឆិកា ២០០៤ នៅទីក្រុងវៀងចន្ទន៍ លោក ផាន់ វ៉ាន់ ខាយ បានស្នើបង្កើត «គណៈកម្មាធិការ សម្របសម្រួលមួយ ដើម្បីផ្តល់យោបល់ ដល់មេដឹកនាំ នៃប្រទេសទាំងបី ក្នុងការរៀបចំតំបន់ត្រីកោណ និងធ្វើឱ្យមាន កិច្ចសហការជិតស្និទ្ធ រវាងប្រទេសទាំងបី ក្នុងការសម្រេច នូវវិធានការរួមគ្នា នៃការរៃអង្គាសធនធាន ជាថវិកា សម្រាប់គម្រោងនានា នៃផែនការអភិវឌ្ឍន៍ទាំងមូល»។
នៅឆ្នាំ ២០០៧ «គណៈកម្មាធិការសម្របសម្រួលចម្រុះ» ត្រូវបានបង្កើតឡើង មិនត្រឹមតែនៅថ្នាក់រដ្ឋាភិ បាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅថ្នាក់ខេត្តផង ដើម្បីសម្រេចអំពីថវិកា និងការតាំងទី នៃកិច្ចការគ្រប់ប្រភេទ នៅក្នុងតំបន់ និងគ្រប់កំរិតតែម្តង។ គេនឹងឃើញថា ក្នុងការគ្រប់គ្រងបែបនេះ ការវិនិយោគ របស់ភាគីយួន បានរីករាលដាល ទៅដល់បណ្តាខេត្តខ្មែរផ្សេងទៀត ដូចជាខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ដែលនៅជិតខាងត្រីកោណនោះ។
លោក ហ៊ុន សែន ស្នើយៀកណាម ឲ្យទទួលបន្ទុកកិច្ចការទាំងអស់
នៅក្នុងកិច្ចប្រជុំនៅក្រុងសៀមរាប ថ្ងៃទី ២១ កក្កដា ឆ្នាំ ២០០៤ លោក ហ៊ុន សែន បានលើកអំពីកង្វះខាតរបស់កម្ពុជា សម្រាប់ខេត្តរបស់ខ្លួន នៃត្រីកោណនោះ ជាអាទិ៍គឺ ខ្វះខាតលុយ ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងគ្រូពេទ្យ បុគ្គលិកមានសមត្ថភាព ប្រជាជនមានសុខភាពល្អ សម្រាប់ធ្វើការ។ល។ ដូច្នេះ ហ៊ុន សែន ក៏ស្នើសុំឱ្យយៀកណាម ទទួលខុសត្រូវ ក្នុងការកសាងផ្លូវនៅទីនោះ បណ្តុះបណ្តាល ពួកខ្មែរលើ ក្នុងកិច្ចការអភិវឌ្ឍតំបន់ និងផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំទីផ្សារ និង ការបង្កើតផលិតកម្ម និងផលិតផលរួម នៃត្រីកោណ… ហើយក្នុងករណីនេះ «ប្រទេសដៃគូណា ដែលបានចូលរួមវិភាគទានច្រើនបំផុត (ដល់ការរៀបចំ និងការធ្វើអាជីវកម្ម ក្នុងត្រីកោណ) នឹងត្រូវទទួលបានប្រាក់ចំណេញកាន់តែច្រើន ពីវិភាគទានរបស់ខ្លួននោះ មិនខាន»។
តាមពិត ទីផ្សារតែមួយគត់ សម្រាប់ផលិតផលនៃតំបន់ត្រីកោណ គឺមានតែនៅខាងយៀកណាម ប៉ុណ្ណោះ ដោយសារគេមានការរៀបចំល្អជាស្រេច ជាងនៅកម្ពុជា និងលាវ ហើយជនជាតិខ្មែរ ក៏នឹងត្រូវទិញ ពីយៀកណាមវិញ នូវផលិតផល ដែលបានកើត ពីទឹកដីរបស់ខ្លួននោះ។
យើងបានឃើញជាបន្ទាប់មកថា នៅកម្ពុជា និងលាវ អ្នកវិនិយោគ និងជាអ្នកទទួលបានដីសម្បទានធំៗ (២០០.០០០ ហិកតា នៅកម្ពុជា និងលាវ ក្នុងឆ្នាំ ២០០៧) គឺជាសហគ្រាសយួន។ មានសហគ្រិនខ្មែរ តិចតួចណាស់ ដែលចូលធ្វើវិនិយោគ នៅក្នុងខេត្តខ្មែរ។ ប៉ុន្តែ មិនមានជនជាតិខ្មែរ (ឬ លាវ) បានចេញ ទៅធ្វើវិនិយោគ នៅតាមបណ្តាខេត្តយៀកណាម នៃត្រីកោណទេ ទោះបីជាគេបើកឲ្យប្រជាជន នៃប្រទេសទាំងបីជា «បងប្អូន» ធ្វើចរាចរ និងតាំងទីលំនៅ នៅក្នុងតំបន់ត្រីកោណទាំងមូល ដោយសេរី ក៏ដោយ។
រកការចូលរួម នៃអន្តរជាតិ
នៅខែវិច្ឆិកា ឆ្នាំ ២០០៤ លោក ផាន់ វ៉ាន់ ខាយ នាយករដ្ឋមន្រ្តីវៀតណាម បានផ្តល់ «អនុសាសន៍ អំពីការរកប្រភពថវិកា សម្រាប់គម្រោងអភិវឌ្ឍន៍ ដែលបានព្រមព្រៀងរួចហើយ»៖ ប្រទេសនីមួយៗ នៃប្រទេសទាំង ៣ នៅក្នុងការទទួលខុសត្រូវរៀងខ្លួន ត្រូវអំពាវនាវដល់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (ធនាគារអភិវឌ្ឍន៍អាស៊ី ADB, មូលនិធិ រូបិយវត្ថុអន្តរជាតិ IMF, …) និងរដ្ឋាភិបាលបរទេស (ជាពិសេស ជប៉ុន) ដើម្បីផ្តល់ជំនួយ ឬ ផ្តល់ប្រាក់កម្ចី សម្រាប់ការអភិវឌ្ឍនៃតំបន់ត្រីកោណ។ ជាមួយគ្នានេះ ប្រទេសនីមួយៗ ក៏ត្រូវ «កំណត់ចំណែក អាទិភាព នៃថវិកាជាតិរបស់ខ្លួន សម្រាប់ផ្តល់ជាមូលនិធិផ្ទាល់ខ្លួនដែរ…»។ ការអំពាវនាវឱ្យមាន មូលនិធិបរទេស គឺជាបំណងឲ្យមានការទទួលស្គាល់ ជាអន្តរជាតិ អំពីគុណប្រយោជន៍ នៃការបង្កើត ត្រីកោណ ដែលក្រុងហាណូយ ចង់បាន។ ទីបំផុត ជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី បាននាំយកថវិកាមួយចំនួន ទៅឲ្យហាណូយ សម្រាប់គម្រោងនេះ។ នេះក៏ជាការបង្ហាញថា សំណង់អាណានិគមថ្មី របស់យៀកណាម នៅកម្ពុជា និងលាវ ត្រូវបានទទួលការយល់ព្រមពីសាម៉ីប្រទេសផង និងពីជំនួយអន្តរជាតិផងដែរ – កុំឲ្យនរណា អាចចោទប្រកាន់ ថាជាការរំលោភបំពានអ្វី របស់យៀកណាមបាន។
ម្យ៉ាងទៀត ដើម្បីសម្រួលចិត្តប្រទេសថៃឡង់ដែរ នៅឆ្នាំ ២០០០ ភ្លាម យួនពិតជាជម្រុញ លោក ហ៊ុន សែន ឲ្យស្នើសៀម ឲ្យបង្កើតត្រីកោណរួមគ្នាមួយដែរ ហៅថា «ត្រីកោណមរកត» ថៃ-លាវ-កម្ពុជា សម្រាប់វិស័យ ទេសចរណ៍។ សៀម បានយល់ព្រម ការដាក់ខេត្តចំនួន ៧ ក្នុងត្រីកោណមរកតនោះ គឺខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង (កម្ពុជា) ចំប៉ាសាក់ សារ៉ាវ៉ាន់ (លាវ) ឧបុន រាឆាថានី ស៊ីសាកេត (ថៃ) ។ នៅឆ្នាំ២០០៣ ពួកគេបានស្នើសុំ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងអង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) ឲ្យផ្តល់ហិរញ្ញប្បទាន ដល់គម្រោងនេះ។ ប៉ុន្តែ ដោយគេឃើញថា មិនមានទេសចរច្រើនគ្នា ចូលមកឡើយ គម្រោងកសាងត្រីកោណមរកត ក៏ត្រូវបាន «ផ្អាកទុក» ទៅវិញទៅ។
ការគ្រប់គ្រង ដោយកងទ័ពយួន
នៅខែកញ្ញា ឆ្នាំ២០០៧ អ្នកតំណាងរាស្ត្រ លោក សុន ឆ័យ {បក្សប្រឆាំង} ដែលបាននាំគណៈប្រតិភូរដ្ឋសភា ទៅធ្វើទស្សនកិច្ច នៅតំបន់ត្រីកោណ បានប្រកាសជាបន្តបន្ទាប់ តាមវិទ្យុអាស៊ីសេរី ថា «តាមពិត គឺពួកទាហានយៀកណាម ដែលបន្ទាប់ពីត្រូវបានជម្លៀសចេញពីកម្ពុជា មួយផ្នែក (ក្នុងឆ្នាំ ១៩៨៩) បានបង្កើត ចលនាយោធា សម្រាប់គ្រប់គ្រង ចម្ការកៅស៊ូ ចម្ការកាហ្វេ និងចម្ការតែ របស់គេ… ហើយឥឡូវនេះ ពួកគេបានតាំងទីលំនៅជាច្រើន នៅទល់មុខ ខេត្តជាប់ព្រំដែនរបស់យើង ដោយមានឧបករណ៍គ្រប់ប្រភេទ និងដាក់នៅក្រោមបញ្ជាការ នៃឧត្តមសេនីយ៍ និងនាយទាហាន របស់ពួកគេ – ដូចជាសេនាធិការ យោធាមួយ យ៉ាងប្រាកដ… »។
លោក សុន ឆ័យ បានលើកឧទាហរណ៍ នៅប្រទេសលាវ ថា «ចម្ការកៅស៊ូមួយ ទំហំ ១០,០០០ ហិកតា ត្រូវ បានគ្រប់គ្រងដោយវរសេនីយឯក និងអនុសេនីយឯកយៀកណាម ចំនួន ១៧៦ នាក់ ដែលហៅខ្លួនឯង ថាជា «អ្នកជំនាញការ»។ ក្នុងចម្ការ ១០.០០០ ហិកតា មានកម្មករលាវ ប្រមាណ ១.០០០ នាក់ ធ្វើការងារ ជាមួយកម្មកយៀកណាម ជាង ៣.០០០ នាក់ ដូច្នេះសម្រាប់ដីសម្បទាន ១០០.០០០ ហិកតា របស់យើង សម្រាប់ចម្ការដូចគ្នានោះ (នៅខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ … ដែលមានជនជាតិខ្មែររស់នៅ តិចណាស់) ចំនួន «អ្នកជំនាញការ» និងកម្មករ (និងក្រុមគ្រួសារ របស់ពួកគេ) វាត្រូវគុណយ៉ាងតិច ១០ ដង និងតួលេខខាងលើនេះ ហើយបានក្លាយជាអំណាចគ្រប់គ្រង របស់យៀកណាម នៅក្នុងស្រុកយើង តែម្តង។ លោកសុន ឆ័យ បានបញ្ជាក់ម្យ៉ាងទៀត អំពីការប៉ះពាល់ ដល់បរិស្ថានរបស់កម្ពុជាថា «ព្រៃឈើរបស់យើង ត្រូវបានបំផ្លាញ ដោយក្រុមហ៊ុនទាំងនោះ ដោយគ្មានញញើតញញើម និងគ្មានសំណងអ្វី ឲ្យយើងវិញទេ។ ព្រៃឈើដ៏ធំធេង នៃកម្ពុជា កំពុងតែរលាយរលត់ អស់ហើយ។
ជាបញ្ចប់ លោក សុន ឆ័យ បានឲ្យដឹងថា «យើងជាអ្នកតំណាងរាស្ត្រ មិនអាចដាក់សំណួរណាមួយ ទៅរដ្ឋាភិបាល បានទេ ពីព្រោះរដ្ឋាភិបាល បានប្រាប់ថា រឿងដីសម្បទាន និងឯកសារផ្សេងៗ ដែលទាក់ទង សុទ្ធតែជាការសម្ងាត់ទាំងអស់»។ លោក ហ៊ុន សែន ក៏មិនមានប្រតិកម្មអ្វី ចំពោះការបរិហារដ៏ធ្ងន់ធ្ងរទាំងនេះរបស់ លោក សុន ឆ័យ ទេ។
ប្រាំបីឆ្នាំក្រោយមក នៅថ្ងៃទី ២៤ ធ្នូ ២០១៥ របាយការណ៍វែងមួយ របស់កាសែត «ឌឺខេមបូឌា ដេលី (The Cambodia Daily)» បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត៖ នៅខេត្តរតនគិរី ដីសម្បទានសេដ្ឋកិច្ច ទៅឱ្យក្រុមហ៊ុនយួន ត្រូវបានគ្រប់គ្រង ដោយអង្គភាពយោធាផ្សេងៗ នៃកងពលធំលេខ ១៥ នៃកងទ័ព ប្រជាជនយៀកណាម ដែលមានមូលដ្ឋាន នៅក្នុងខេត្តយ៉ាឡៃ ដែលជាខេត្តមួយ របស់យៀកណាម នៅក្នុងតំបន់ត្រីកោណនោះ…។ ពីរខែក្រោយមក គឺនៅខែ កុម្ភៈ ២០១៦ គេផ្សាយដំណឹងធំមួយថា លោក ហ៊ុន សែន បានលុបចោល រាល់កិច្ចសន្យា នៃដីសម្បទាន ដែលគ្រប់គ្រងដោយកងទ័ព យៀកណាម ហើយ។ ទោះយ៉ាងណាក្តី នៅថ្ងៃទី ២៤ វិច្ឆិកា ២០១៦ កាសែតយួន Le Courrier du Vietnam បានឲ្យដឹងថា «ការវិនិយោគរបស់យៀកណាម មានចំនួនជាង ១០០ គម្រោង ដោយទឹកប្រាក់ ប្រមាណ ៣,៨ ពាន់លានដុល្លារ» សម្រាប់បង្កើតឧស្សាហកម្មកៅស៊ូ និងការអភិវឌ្ឍទេសចរណ៍។
បង្កើតស្ថាប័នផ្លូវការរួមគ្នា នៃតំបន់ត្រីកោណ
លុះដល់ឆ្នាំ ២០១៣ ទើបសភាជាតិនៃប្រទេសទាំងបី បានចាប់អារម្មណ៍ នឹងវត្តមាននៃត្រីកោណ។ នៅ ថ្ងៃទី២៣ មេសា ២០១៣ នៅមណ្ឌលគីរី កិច្ចប្រជុំមួយត្រូវបានធ្វើឡើង រវាងគណៈកម្មការទំនាក់ទំនង អន្តរជាតិ នៃសភាទាំង ៣ ដើម្បីកំណត់ «តួនាទីរបស់សភាជាតិ ក្នុងការជ្រោមជ្រែង តំបន់ត្រីកោណ អភិវឌ្ឍន៍» និង «រៀបចំការបង្កើតស្ថាប័នថ្មីមួយ ហៅថា ស្ថាប័នអន្តរសភា កម្ពុជា-លាវ-វៀតណាម»។
នៅថ្ងៃទី ១៧ កក្កដា ២០១៤ កិច្ចប្រជុំមួយទៀត នៃគណៈកម្មការសន្តិសុខ និងការពារជាតិ នៃសភាទាំងបី បានចុះហត្ថលេខាលើអនុស្សរណៈចំនួន ៩ ចំណុច ដោយបញ្ជាក់ជាពិសេស លើសារៈសំខាន់ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ ទាក់ទងនឹងសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការត្រីភាគី ផ្នែកច្បាប់។
ដល់ថ្ងៃទី ៣១ មីនា ២០១៨ ក្នុងកិច្ចប្រជុំកំពូល លើកទី១០ រវាងនាយករដ្ឋមន្ត្រី នៅទីក្រុងហាណូយ (យោងតាមអ្នកស្រាវជ្រាវ ឈាង វណ្ណារិទ្ធ) «យៀកណាម បានស្នើឱ្យធ្វើការពង្រីកតំបន់ត្រីកោណ ទៅលើទឹកដីទាំងមូល នៃប្រទេសទាំងបី តែម្តង (ប៉ុន្តែកម្ពុជា និងលាវ មិនទាន់ឆ្លើយតបជាផ្លូវការ ដល់សំណើនេះទេ)»។ ទោះយ៉ាងណាក្តី ពួកគេបានអនុម័ត «ផែនការសកម្មភាពមួយ ស្តីពីការតភ្ជាប់គ្នា នៃសេដ្ឋកិច្ច កម្ពុជា លាវ និងយៀកណាម នៅឆ្នាំ២០៣០ ដោយផែនការនេះ ត្រូវជាការតម្រង់ទិស សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណ និងជំរុញការតភ្ជាប់គ្នា នៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និង ការតភ្ជាប់គ្នានៃមនុស្សម្នាផង» ទៀត…។ ហេតុនេះ តំបន់ត្រីកោណហ្នឹង មិនត្រឹមតែជាតំបន់ នៃសកម្មភាព សេដ្ឋកិច្ច ប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជា សមូហភាពនយោបាយស្វយ័តមួយ នៅក្រោមបញ្ជាការ នៃក្រុងហាណូយ ជាប្រាកដ។
សេចក្តីសន្និដ្ឋាន
ក្នុងរយៈកាល ២០ ឆ្នាំកន្លងមក តើជនជាតិខ្មែរ នៃខេត្តក្នុងតំបន់ត្រីកោណ បានទទួលផលប្រយោជន៍ ពីរឿងដែលគេថា «ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមកិច្ច យ៉ាងឆាប់រហ័ស» នៃតំបន់ត្រីកោណនោះទេ? គឺគ្មានទេ នៅមុខសេចក្តីឈឺចាប់ឥតស្រាកស្រាន្ត របស់ពួកគេ ក្នុងការបាត់បង់ជាបន្តបន្ទាប់ មកទល់ថ្ងៃនេះ (ឆ្នាំ ២០២០) នូវដីធ្លីកេរ្ត៍ដូនតា និងបរិវេណធម្មជាតិ សម្រាប់ការចិញ្ចឹមជិវិត របស់ពូកគេនោះ។
«មនុស្សខ្លាំង» ហ៊ុន សែន ដែលចាប់តាំងពីឆ្នាំ ១៩៧៩ មក មិនដែលហ៊ានតវ៉ាប្រឆាំង នឹងយៀកណាម ដែលបានកាត់យក និងបន្តកកេរយកទឹកដីកម្ពុជា សោះឡើយ បានអះអាងថា កិច្ចព្រមព្រៀងរបស់ គាត់ ចំពោះតំបន់ត្រីកោណ គឺ «សំដៅទៅការពារ អធិបតេយ្យ និង បូរណភាពទឹកដី នៃកម្ពុជា» (!)។
តាមពិត ក្នុងនាមជានាយករដ្ឋមន្រ្តី នៃកម្ពុជា សំណើរបស់ ហ៊ុន សែន នៅឆ្នាំ ១៩៩៩ ឲ្យយួនបង្កើត តំបន់ត្រីកោណ គឺជាការទទួលស្គាល់ជាផ្លូវការ រួចទៅហើយ ឲ្យយៀកណាម បន្តកាន់កាប់ ខេត្តរតនគិរី នោះចុះ។ នាពេលនោះសោត ហ៊ុន សែន គ្មានបានស្នើ និងរង់ចាំ ការយល់ព្រមពីរដ្ឋសភា និងពីព្រះ មហាក្សត្រកម្ពុជា ជាប្រមុខរដ្ឋទេ។
នៅថ្ងៃនេះ ភូមិភាគឦសាន នៃកម្ពុជា បានក្លាយជាដែនអាណានិគម របស់វៀតណាម ជាប្រាកដហើយ។ ការបង្កើតតំបន់ត្រីកោណនេះ គឺជាការបន្តអំណាចក្តោបក្តាប់ នៃយៀកណាម លើប្រទេសលាវ (ពីឆ្នាំ ១៩៧៧) និងលើប្រទេសកម្ពុជា (ពីឆ្នាំ ១៩៧៩) ដើម្បីសម្រេចការបង្កើត «ឥណ្ឌូចិនរបស់យៀកណាម» ដែល ហូ ជី មិញ ចង់បានខ្លាំងណាស់។ ពេលនេះ គេបានពង្រីកតំបន់ត្រីកោណ ទៅដល់ត្រើយខាងឆ្វេង នៃទន្លេមេគង្គ។ មិនយូរប៉ុន្មានទៀតទេ គេនឹងពង្រីកវា ទៅខេត្តខាងជើង និង ខាងលិច នៃកម្ពុជា មិនខានឡើយ។
តំបន់ត្រីកោណនេះ គឺជាការរំលោភជាក់ស្តែង លើឯកភាព និងអធិបតេយ្យភាពនៃកម្ពុជា ដោយយៀកណាម ជាមួយនឹងការឃុបឃិត នៃលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។
ឌី ការ៉េត
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
ទីក្រុងប៉ារីស ថ្ងៃទី២០ ឧសភា ២០២០

.