បញ្ចូលនិងបន្ថែមអត្ថបទដោយ ម៉ែន ណាត / ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

លោកបណ្ឌិត ឌី ការ៉េត ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង កាលពីថ្ងៃទី ០១ ខែ​សីហា ឆ្នាំ​២០២០ បាន​ហៅ​ការចាប់ខ្លួនលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង​ជាប្រធាន​សហភាព​កម្ពុជា គឺក្នុងចេតនា​បង្ក្រាបការតវ៉ា​របស់​ក្រុម​សហជីព និង​ក្រុមកម្មករ នៅ​ពេលក្រុមកម្មករ​បាត់បង់ការ​ងារ ដែល​កើត​មាន​ឡើង​ក្នុង​ស្ថានភាព​វិបត្តិ​សង្គម​កម្ពុជា​សព្វថ្ងៃ។

លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីយប់ថ្ងៃទី​៣១ ខែ​កក្កដា ថ្មីៗនេះ ហើយ​ត្រូវ​​បាន​តុលាការ​​ចោទប្រកា​ន់ជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ រួច​ត្រូវ​បញ្ជូន​ទៅឃុំខ្លួន​នៅ​ពន្ធនាគារព្រៃស។

សូមទាញយក «សេចក្តីថ្លែងការណ៍» ឬអានលំអិតខាងក្រោម។

សេចក្តីថ្លែងការណ៍
រ៉ុង ឈុន នៅកម្ពុជា ការទាមទារសិទ្ធិ ត្រូវជាប់គុក

ការទាមទារសិទ្ធិដ៏ត្រឹមត្រូវ​របស់ពលរដ្ឋ ឬដើម្បីប្រយោជន៍ពលរដ្ឋ មិនមែន​ជា​«ការញុះញង់» និង​មិន ​មែន​ធ្វើ​ឲ្យ​ខូច​ខាត ដល់​«សន្តិសុខសង្គម»​ទេ។ រឿងជាក់ស្តែងគឺលោក រ៉ុង ឈុន បានរិះគន់​រដ្ឋាភិបាល ហ៊ុន សែន ក្នុង​បញ្ហាព្រំដែន​កម្ពុជា-យៀកណាម ត្រង់​ចំណុច​ឃុំ​ត្រពាំងផ្លុង (ខែត្រត្បូងឃ្មុំ) ថា​មិន​បាន​ការពារ​ប្រយោជន៍​ពលរដ្ឋ ដែល​បាន​បាត់បង់ដីធ្លី​របស់​ខ្លួន ដោយសារ​ការកំណត់​ព្រំដែន​ថ្មី នៅ​ទីនោះ ​ហើយ​គាត់​បាន​ទាមទារ ឲ្យ​រដ្ឋាភិបាល​នេះ រកដីធ្លី​ជាសំណង ឲ្យ​ពលរដ្ឋទាំង​នោះ​ផង ពីព្រោះ​វាជាករណី​យកិច្ច​ធម្មតា នៃ​រដ្ឋាភិបាល។

ការរិះគន់ និងការទាមទារ​នេះ គ្រាន់​តែជាការ​ផ្តល់ព័ត៌មាន​ និងឆន្ទៈ​របស់​ពលរដ្ឋ ដោយ​លោក រ៉ុង ឈុន ប៉ុណ្ណោះ ដោយ​គាត់​មិន​បាន​អំពាវនាវ ឲ្យ​ពលរដ្ឋ​ទាំងនោះ បះបោរ​ឡើង ទម្លាក់​រដ្ឋាភិបាល​នោះ​ទេ។ បើ រដ្ឋាភិបាល​នោះ យល់ថា ការផ្តល់ព័ត៌មាន​ និងឆន្ទៈរបស់​ពលរដ្ឋ មិនស្រប​នឹង​ការពិត​ជាផ្លូវការ​ទេ រដ្ឋាភិបាល​​​អាចធ្វើការ​កែតម្រូវ និង​បង្ហាញ​នូវសភាពការណ៍ ពិតប្រាកដ​វិញទៅ វាចប់​បញ្ហា​ទៅ​​ហើយ។ ដូច្នេះ ការចាប់​លោក រ៉ុង ឈុន ដាក់គុក ពីយប់ថ្ងៃ​សុក្រមុន​នេះ គឺជាការរំលោភ​អំណាច​ជាថ្មី​ទៀត នៃ រដ្ឋាភិបាល ហ៊ុន សែន ដែលក្រម​ព្រហ្មទណ្ឌ​កម្ពុជា គ្មាន​មាត្រា​ណា​មួយ ថ្កោលទោស​បានទេ។

ប៉ុន្តែយើងយល់ថា ការចាប់ខ្លួន​លោក រ៉ុង ឈុន ហ្នឹង​មិនមែន​ដោយ​សារ​ការប៉ះពាល់នឹង​បញ្ហា​ព្រំដែន កម្ពុជា​-យៀកណាម​នោះ​ទេ ពីព្រោះ​លោក រ៉ុង ឈុន ក៏ធ្លាប់​បាន​រិះគន់​រដ្ឋាភិបាល ក្នុង​បញ្ហាព្រំដែន ជារឿយៗ ជាយូរ​មក​ហើយ។ ការពិត ដែល​យើង​មើល​ឃើញ ក្នុង​ពេល​នេះ គឺ​រដ្ឋាភិបាល ហ៊ុន សែន បាន ចាប់​ឃុំឃាំង​លោក រ៉ុង ឈុន ទាំង​តក់ក្រហល់ នៅយប់ថ្ងៃទី​ ៣១ កក្កដា ដោយសារ​តែ រ៉ុង ឈុន កាល​ពីថ្ងៃទី​២៤ និង ថ្ងៃទី​២៩ កក្កដា មុននោះ បាន​ដឹកនាំ​បាតុកម្មកម្មករ ដែល​ទាមទារ​ជំនួយ​ពី​រដ្ឋាភិបាល បន្ទាប់ពីពួកគេ បានបាត់បង់ការងារ និងប្រាក់ចំណូលចិញ្ចឹមជីវិត នៅពេលនេះ។ គឺបាតុកម្មកម្មករហ្នឹងហើយ ដែល​ប៉ះពាល់​ដល់ «សន្តិសុខសង្គម»របស់គេ។ ដោយសារ​តែ​កំហុស និង​ការធ្វសប្រហែស​របស់​ខ្លួន ក្នុងបញ្ហាវិបត្តិ​កូវិដ-១៩ រដ្ឋាភិបាល​ជាច្រើន​ខែ​មក​ហើយ បាន​បញ្ចេញ​វិធានការ​គ្រប់​បែប​បំបាត់​សិទ្ធិ​សេរីភាពគ្រប់​យ៉ាង​នៃ​ប្រជាពលរដ្ឋ ដោយ​គេ​ភ័យណាស់ និង​ការបះបោរ នៃ​កម្មករ​រាប់សែន​នាក់ និង​ប្រជាពលរដ្ឋ​អត់​ឃ្លាន​រាប់​លាន​នាក់​ទៀត​នោះ។ ដូច្នេះការ​ចាប់ រ៉ុង ឈុន ដាក់គុក និង​ការបំបិទ​មាត់ កម្មករ​បាតុករ គឺជា​ការចាំបាច់​បំផុត របស់​រដ្ឋាភិបាល ហ៊ុន សែន។

ទីក្រុងប៉ារីស ថ្ងៃទី១ សីហា ២០២០

ឌី ការ៉េត

CFC, រ៉ុង ឈុន ៖ នៅកម្ពុជា ការទាមទារសិទ្ធិ ត្រូវជាប់គុក, DK 01aug2020