បញ្ចូលអត្ថបទដោយលោក ម៉ែន ណាត
សូមទាញយកឯកសារ៖ ភាសាខ្មែរ និង ភាសាបារាំង (in French)។
ការលុកលុយកម្ពុជា នៃ ពួកអាណានិគមយួន
(L’Invasion des Colons vietnamiens au Cambodge)
(ដោយ{បណ្ឌិតច្បាប់} ឌី ការ៉េត ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា)
ច្បាប់ពិសេស នៃ«អន្តោប្រវេសន៍»យួន
តាំងពីឆ្នាំ១៩៧៩ ដែលយួនកុម្មុយនីស្ត៍ បានវាយលុកលុយខ្លាំងក្លា និងចូលកាន់កាប់ប្រទេសកម្ពុជា គេបានយកកម្ពុជា ជាប្រទេសអាណានិគមរបស់គេ សម្រាប់ចម្រាញ់យកភោគផលផង និងសម្រាប់អន្តោប្រវេសន៍ នៃជនជាតិយួន មករស់នៅផង។ អំពើចក្រពត្តិនិយមនេះ ជាការរំលោភជាក់ស្តែងលើច្បាប់អន្តរជាតិ នៃសតវត្សទី២០។ ប៉ុន្តែយួនកុម្មុយនីស្ត៍ មិនដែលញញើត និងប្រព្រឹត្តបំពានលើច្បាប់អន្តរជាតិទេ ក្នុងករណីណាដែលច្បាប់នេះ រារាំងមហិច្ឆតាវាតទីនិយមរបស់ខ្លួន ទៅលើប្រទេសទន់ខ្សោយដទៃ។
យើងដឹងថា ក្រោយសង្គ្រាមលោកលើកទី២ អ.ស.ប. (UN) បានរៀបចំប្រជុំសន្និសិទ្ធមួយ នៅទីក្រុងហ្សឺណែវ ស្តីពីហេតុផលនៃសង្គ្រាម និងសម្រេចបាននូវអនុសញ្ញា ចុះថ្ងៃទី១២ សីហា ១៩៤៩ ស្តីពី«កិច្ចការពារជនស៊ីវិល ក្នុងពេលមានសង្រ្គាម»។ មាត្រា៤៩ វគ្គទី៦ ស្តីពី«ប្រទេសដែលត្រូវគេកាន់កាប់»នៃអនុសញ្ញាដ៏វែងនេះ ថ្លែងច្បាស់ថា៖ «ប្រទេសដែលចូលកាន់កាប់ប្រទេសមួយទៀត មិនត្រូវបញ្ជូន ឬផ្ទេរជនស៊ីវីលរបស់ខ្លួនមួយភាគ ឲ្យទៅនៅលើទឹកដី នៃប្រទេសដែលខ្លួនកាន់កាប់ឡើយ»(1)។
នៅឆ្នាំ១៩៨០ នាយករដ្ឋមន្ត្រី ហេង សំរិន បានផ្តើមជំទាស់នឹងការហូរចូល«ខុសច្បាប់» នៃជនជាតិយួនរាប់ម៉ឹនសែននាក់ មកក្នុងស្រុកខ្មែរ។ ប៉ុន្តែបក្សប្រជាជនបដិវត្តកម្ពុជា (ក្រោយមកប្រែជា«បក្សប្រជាជនកម្ពុជា») និងនាយករដ្ឋមន្ត្រីបន្ទាប់មកនៃ ស.ប.ក. (សាធារណរដ្ឋប្រជាមានិតកម្ពុជា) បានបញ្ចេញសារាចរ ទទួលយកពួកនិគមយួនស៊ីវីលនោះវិញ។ លោក ហ៊ុន សែន ដែលត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មី ដោយកងទ័ពយួន នៅខែធ្នូ ឆ្នាំ១៩៨៥ បានចេញសារាចរដ៏វែងមួយ ចុះថ្ងៃទី២៦ កុម្ភៈ ១៩៨៦ បញ្ជាក់បង្គាប់ឲ្យធ្វើការឧបត្ថម្ភគ្រប់យ៉ាង ដល់ពួកយួនទាំងនោះ។ សារាចរ ហ៊ុន សែន បានបន្ទោសអ្នកទទួលខុសត្រូវគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលរបស់គាត់ អំពី«ការយឹតយ៉ាវ និងការអនុវត្តន៍ មិនទាន់បានល្អ» នូវសេចក្តីណែនាំពីមុនៗ របស់បក្ស និងក្រុមប្រឹក្សារដ្ឋមន្ត្រី។ ហ៊ុន សែន បានរំឮកអំពីកាតព្វកិច្ច របស់អ្នកទទួលខុសត្រូវទាំងអស់ ឲ្យខ្នះខ្នែងផ្តល់និងជួយដល់ពួកនិគមយួន៖ ការតាំងទីលំនៅ ផ្តល់លិខិតសម្គាល់ខ្លួន ឬប័ណ្ណគ្រួសារ ព្រមទាំងផ្តល់ដីស្រែ-ចំការ ការងារ និងអ្វីៗ សំរាប់ចិញ្ចឹមជីវិត ការព្យាបាលក្នុងពេលឈឺថ្កាត់ ការអប់រំ និងការរស់នៅ តាមទំនៀមទម្លាប់ និងប្រពៃណី នៃពួកយួនទាំងនោះ… ដើម្បី «ពង្រឹងភាតរ:ភាព នៃប្រជាជនទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង ចំពោះចេតនារបស់សត្រូវទាំងឡាយ ដែលមានបំណងបំបែកបំបាក់ ប្រជាជាតិយើង ទាំងពីរ… » (2)។
សារាចរនៃវិធានការទាំងនេះ ប្រាកដជាយោងតាមគោលការណ៍នយោបាយ នៃកិច្ចព្រមព្រៀង(សម្ងាត់)មួយ រវាងបក្សកុម្មុយនីស្ត៍យៀកណាម និងបក្សប្រជាជនបដិវត្តកម្ពុជា នាពេលនោះ។ គឺសារាចរហ្នឹងហើយ ដែលជាច្បាប់ពិសេស នៃ«អន្តោប្រវេសន្ត៍»យួន មកកម្ពុជា រហូតមកដល់សព្វថ្ងៃ។
ការចូលលុកលុយ ឥតឈប់ឈរ នៃ«អន្តោប្រវេសន៍»យួន
ជនបរទេសខ្លះបានលើកនូវបុព្វហេតុនៃការហូរចូលជាបន្តបន្ទាប់ នៃជនជាតិយួនមកកម្ពុជាថា ដោយហេតុក្រោយពីសង្គ្រាមយៀកណាមដ៏ឃោរឃៅ(ជាមួយអាមេរិក) សេដ្ឋកិច្ចយៀកណាម បានខូចបង់ជាខ្លាំងបណ្តាលឲ្យជនជាតិយួនច្រើនលាននាក់ បានស្គាល់សេចក្តីអត់ឃ្លាន ហេតុនេះបានជាគេនាំគ្នារត់ទៅក្រៅស្រុក មានមកកម្ពុជា ជាដើម។ការលើកនូវបុព្វហេតុសេដ្ឋកិច្ចហ្នឹង មិនសមហេតុផលទេ ត្បឹតក្រោយពីសង្គ្រាមយួន (ឆ្នាំ១៩៧០–៧៥) និងការបំផ្លាញអស្ចារ្យនៃរបប ប៉ុល ពត ស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ចនៃកម្ពុជា ក៏បានធ្លាក់ក្រតោកយ៉ាកជាខ្លាំងជាងនៅយៀកណាមផង។ ម្យ៉ាងទៀត តាំងពីឆ្នាំ២០០០ មក សេដ្ឋកិច្ចយៀកណាម បានឡើងកម្លាំងយ៉ាងលឿន ហើយកំពុងក្លាយជាសេដ្ឋកិច្ចទី១ នៃអាស៊ីអគ្នេយ៍ផង។ ប៉ុន្តែ«អន្តោប្រវេសន៍»យួន មកកាន់កាប់កម្ពុជា បានបន្តជាប់រហូតឥតស្រាកស្រាន្តទេ។
ចលនាអន្តោប្រវេសន៍នេះ ហាក់ដូចជាធ្វើដំណើរតាមផ្លូវមួយ ដែលគេបានគូសទុក ជាមុនស្រេចហើយ។ ពីមុនឆ្នាំ១៩៩១ ពួកនិគមយួន បានចូលកាន់កាប់ខែត្រខ្មែរខាងកើត និងខាងត្បូង មកដល់មាត់ទន្លេមេគង្គខ្មែរឡើងទៅភ្នំពេញ និងបឹងទន្លេសាប រួចបន្តទៅខាងជើង (កំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ)។ ជាបន្ទាប់គេចូលចុះទៅខាងលិចដល់ខែត្រព្រះសីហនុ កោះកុង និងកំពង់ រុលចូលជួរភ្នំក្រវាញទៀត។ ការជាក់ច្បាស់មួយគឺ ជនជាតិយួន មិនរស់នៅលាយឡំជាមួយជនជាតិខ្មែរទេ គេផ្តុំគ្នារស់នៅជាក្រុមផ្ទះ ដែលរីកជាភូមិរបស់គេដាច់មុខ។ រដ្ឋាភិបាលយៀកណាម និងជនជាតិយួន នៅខែត្រជិតខាងកម្ពុជា និងនៅក្រៅប្រទេស (សហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី…) ក៏តែងតែបញ្ជូនលុយកាក់ មកជួយឧបត្ថម្ភ ពួកនិគមយួន នៅកម្ពុជា ដែលជួបប្រទះនឹងការលំបាកក្នុងជីវភាព។
ចាប់ពីឆ្នាំ២០០៣ សមាគមយួននៅកម្ពុជា ដែលនៅក្រោមការឧបត្ថម្ភនៃស្ថានទូតយៀកណាម នៅភ្នំពេញ បានពង្រាយសាខារបស់ខ្លួនជាបន្តបន្ទាប់ទៅគ្រប់ក្រុងខែត្រខ្មែរទាំងអស់ដោយមានភារៈកិច្ចចាំទទួលថែរក្សាដោះស្រាយបញ្ហាគ្រប់ប្រភេទ នៃពួក”អន្តោប្រវេសន្ត៍”យួនថ្មីៗ មកទៀត៖ សុខភាព ទីលំនៅ សំបុត្រស្នាមផ្លូវការ ការងារ ការសិក្សាភាសាខ្មែរ របៀបរបបរស់នៅក្នុងសង្គមខ្មែរ ការដោះស្រាយទំនាស់ឯកជន រវាងយួន និងខ្មែរ… ដោយមានអ្នករដ្ឋបាល គ្រូពេទ្យ គ្រូបង្រៀនយួន មកជួយណែនាំ ឬធ្វើអន្តរាគមន៍ទៅអជ្ញាធរខ្មែរ បើសិនជាចាំបាច់។ ម្យ៉ាងទៀត រាល់ពេលជាញឹកញាប់ ដែលគេបានជួបអ្នកដឹកនាំជាន់ខ្ពស់ខ្មែរ អ្នកដឹកនាំជាន់ខ្ពស់យៀកណាម តែងរំលឹកដាស់តឿនជានិច្ច ឲ្យភាគីខ្មែរផ្តល់លក្ខខន្តិកៈត្រឹមត្រូវ ស្របតាមច្បាប់អន្តរជាតិដល់ពួកអន្តោប្រវេសន៍យួន មកកម្ពុជានោះ។
អាណានិគមកិច្ចរបស់យួននៃតំបន់ «ត្រីកោណអភិវឌ្ឍន៍»
ជំនន់នៃអន្តោប្រវេសន៍យួន មកស្រុកខ្មែរដ៏សន្ធឹកសន្ធាប់មួយ ដោយគ្មានការត្រួតពិនិត្យអ្វីទាំងអស់ ពីអាជ្ញាធរខ្មែរ បានកើតមាននៅខែត្រខ្មែរ ភាគឦសាន ដែលចូលរួម ក្នុងតំបន់ហៅថា «ត្រីកោណអភិវឌ្ឍន៍»។
នៅឆ្នាំ១៩៩៩ លោក ហ៊ុន សែន ដែលទើបនឹងបានឡើងជានាយករដ្ឋមន្ត្រី នៃអាណតិទី២ កាន់អំណាចពេញដៃម្នាក់ឯងនោះ បានផ្តើមគំនិតស្នើរដ្ឋាភិបាលយួន និងរដ្ឋាភិបាលលាវ ឲ្យបង្កើតរួមគ្នា នូវតំបន់ពិសេសមួយ នៅព្រំដែននៃប្រទេសទាំង ៣ ហៅថា «តំបន់ត្រីកោណឥណ្ឌូចិន» ក្រោយមកកែជា «ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-លាវ-យៀកណាម»។ ការសម្រេចចិត្តដែលប៉ះពាល់ដោយចំពោះ ដល់បូរណភាពទឹកដី និងអធិបតេយ្យ នៃកម្ពុជានេះ ជា«ការសម្ងាត់»របស់ ហ៊ុន សែន ដែលគ្មានបានស្នើ និងរង់ចាំការយល់ព្រមពី រដ្ឋសភា និងពីព្រះមហាក្សត្រ ប្រមុខរដ្ឋនៃកម្ពុជាទេ។
នៅឆ្នាំ១៩៩៩ មានតែខែត្រចំនួន ៤ប៉ុណ្ណោះ នៅតំបន់«ត្រីកោណ»នោះ គឺខែត្រ៖ យ៉ាឡៃ, កុនទុំ (យៀកណាម), អាតាពើ (លាវ) និង រតនគិរី (កម្ពុជា) ។ ដល់ឆ្នាំ ២០០៩ តំបន់ត្រីកោណនេះ បានរីកដល់ ១៣ ខែត្រ គឺ ៥ខែត្ររបស់យៀកណាម (យ៉ាឡៃ, កុនទុំ, ដាក់ឡាក់ ដាក់ណុង, ប៊ិញភឿក = (៥១.៧៤០ គ.ម.ក្រឡា), ៤ ខេត្តរបស់លាវ (អាតាពើ, សេកុង, សារ៉ាវ៉ាន់, ចំប៉ាសាក់ = ៤៦.៧៤៦ គ.ម.ក្រឡា) និង ៤ ខែត្ររបស់កម្ពុជា (រតនគីរី, ស្ទឹងត្រែង, មណ្ឌលគីរី, ក្រចេះ = ៤៧.២៥៦ គ.ម.ក្រឡា)។ ផ្ទៃក្រឡានៃខែត្រទាំង ៤ ខ្មែរ វាស្មើ និង ២៦.១% នៃផ្ទៃក្រឡា នៃប្រទេសកម្ពុជាទាំងមូល។ រីឯចំនួនប្រជាជនខ្មែរ នៅទីនោះ មានជារួម ៤៧១.០០០នាក់ (ស្ថិតិឆ្នាំ២០១១) គឺ ១០នាក់ប៉ុណ្ណោះក្នុង១គីឡូម៉ែត្រក្រឡា ឬស្មើនិងប្រមាណ ៩% នៃចំនួនប្រជាជនយួន នៃខែត្រទាំង ៥ របស់គេនោះ។
នៅថ្ងៃទី២១ កក្កដាឆ្នាំ ២០០៤ នៅទីក្រុងសៀមរាប នាយករដ្ឋមន្រ្តីយួន ផាន់ វ៉ាន់ខាយ បានបញ្ជាក់ថា ៖ «ត្រីកោណនេះ ជាតំបន់យុទ្ធសាស្ត្រ សម្រាប់ប្រទេសទាំង ៣ លើផ្ទៃនយោបាយផង លើផ្ទៃសេដ្ឋកិច្ចផង លើផ្ទៃសង្គមផង លើផ្ទៃបរិស្ថាន និងអេកូឡូស៊ីផង ប៉ុន្តែនាបច្ចុប្បន្ននេះ វានៅជាអនុតំបន់ក្រីក្រជានិច្ច ដែលមូលដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធ សង្គម-សេដ្ឋកិច្ច នៅខ្សត់ខ្សោយណាស់»។
នៅពេលនោះ ដោយលើកអំពីកង្វះខាតរបស់កម្ពុជា ហ៊ុន សែន ក៏បានសុំឱ្យយៀកណាម ទទួលបន្ទុកការកសាងហេដ្ឋារចនាសម្ព័នទាំងអស់នៅទីនោះ និងបណ្តុះបណ្តាលពួកខ្មែរលើ ក្នុងកិច្ចការអភិវឌ្ឍតំបន់ ផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីការរៀបចំផលិតកម្មផ្សេងៗ និងរៀបចំទីផ្សារនៃផលិតផលរបស់តំបន់ត្រីកោណ។
ក្នុងគោលការណ៍ ជនជាតិទាំង ៣ ប្រទេស មានសិទ្ធិចូលរស់នៅ និងប្រកបមុខរបរដោយសេរី ក្នុងខែត្រទាំងអស់នៃត្រីកោណ ប៉ុន្តែក្នុងភាពជាក់ស្តែង គឺមានតែជាសហគ្រាស និងជនជាតិយួនទេ ដែលចូលមកខែត្រខ្មែរ ឬលាវ។ នៅកម្ពុជា និងលាវ អ្នកវិនិយោគ ដែលទទួលបានដីសម្បទានធំៗ សម្រាប់រយៈកាល ៩០ ឆ្នាំៗ (២០ម៉ឹនហិកតារ នៅកម្ពុជា និងលាវ – ស្ថិតិឆ្នាំ២០០៧) គឺសហគ្រាសយួន។
គេបានឃើញឧទាហរណ៍ថា នៅលាវ ក្នុងចំការកៅស៊ូ ១ម៉ឹនហិកតារ វាមានកម្មករលាវ ១ពាន់នាក់ កម្មករយួន ៣០០០នាក់ ធ្វើការ ដែលមករស់នៅទាំងគ្រួសារផ្ទាល់ៗខ្លួនគេជានិរន្ត ហើយត្រូវបានគ្រប់គ្រង ដោយវរសេនីយឯក និងអនុសេនីយឯកយៀកណាម ចំនួន ១៧៦នាក់ ដែលហៅខ្លួនឯងថា ជា«អ្នកជំនាញការ»។ នៅខែធ្នូ ២០១៥ របាយការណ៍វែងមួយរបស់កាសែត«ឌឺខេបូឌាដែលី (The Cambodia Daily)» បានផ្តល់ព័ត៌មានលម្អិត៖ នៅខេត្តរតនគិរី ដីសម្បទានសេដ្ឋកិច្ច ទៅឱ្យក្រុមហ៊ុន យួន ត្រូវបានគ្រប់គ្រង ដោយអង្គភាពយោធាផ្សេងៗ នៃកងពលធំ លេខ១៥ នៃកងទ័ពប្រជាជនយៀកណាម ដែលមានមូលដ្ឋាន នៅក្នុងខែត្រយ៉ាឡៃ ដែលជាខែត្រមួយ របស់យៀកណាម នៅក្នុងតំបន់ត្រីកោណនោះ… (3)។
ហេតុការណ៍ទាំងនេះ ជាការបោះបង់អធិបតេយ្យភាពនៃកម្ពុជា ទៅក្នុងដៃយៀកណាមទាំងស្រុង។ ខែត្រខ្មែរទាំង ៤ នៅភាគឦសាននោះ បានក្លាយជាដែនអាណានិគមរបស់យួន ជាផ្លូវការ។
គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ចំពោះកម្ពុជា
នៅឆ្នាំ១៩៨៦ សម្តេច នរោត្តម សីហនុ, លោក សឺន សាន នៃអង្គការតស៊ូកម្ពុជាប្រឆាំងនឹងយួន បានប្រកាសថា ជននិគមយួនស៊ីវីល បានចូលកាន់កាប់កម្ពុជា ជាង ១ លាននាក់ហើយ។ នៅឆ្នាំ២០០៤ ដោយយោងតាមឯកសារ នៃអ្នកស្រាវជ្រាវបារាំង អ.ស.ប. (អ៊ុនតាក់-UNTAC) និងធនាគារពិភពលោក យើងបានសិក្សាឃើញថា ចំនួនយួនថ្មីនៅកម្ពុជា ពីក្រោយឆ្នាំ១៩៧៩ មានប្រមាណពី ៤ លាន ទៅ ៤លានកន្លះនាក់ គឺពី ៣០% ទៅ ៣៥% ទៅហើយ នៃប្រជាជនទាំងអស់នៃកម្ពុជា ដែលមាន ១៣ លាននាក់នាពេលនោះ (4)។ តើមកដល់ពេលនេះ ចំនួនពួក«អន្តោប្រវេសន៍»យួន ដែលបានបន្តហូរចូលឥតឈប់ឈរ បានកើនឡើងដល់ប៉ុន្មានហើយ? (នៅឆ្នាំ១៩៦២ ចំនួនជនជាតិយួន នៅកម្ពុជា មានប្រមាណ ២៥ ម៉ឹននាក់ គឺ ៤.២% នៃប្រជាជនទាំងអស់ក្នុងស្រុក)។
ចំនួនជនបរទេសដ៏ធំធេងយ៉ាងនេះ ជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរជាប្រាកដ ដល់ឯកភាពជាតិខ្មែរ ដែលមានជាអាទិ៍ វប្បធម៌ របៀបរស់នៅ ទំនៀមទម្លាប់ ភាសា ប្រវត្តិសាស្ត្រ និងជាពិសេសសិទ្ធិ-សេរីភាព របស់ជនជាតិខ្មែរ ក្នុងការសម្រេចចិត្ត កំណត់នូវរបបនយោបាយនៃប្រទេសខ្លួន និងវាសនាជាតិខ្លួនដោយខ្លួនឯង។
យើងត្រូវដឹងនិងចាំថា ការបាត់បង់ដែនកម្ពុជាក្រោម បានផ្តើមពីការហូរចូលឥតឈប់ឈរនៃអន្តោប្រវេស៍យួន ពីកណ្តាលសតវត្សទី១៩ ដោយបានការលើកទឹកចិត្ត និងឧបត្ថម្ភ អំពីអំណាចអាណានិគមបារាំង នៅកូសាំងស៊ីន។ ដល់ខែមិថុនា ១៩៤៩ បារាំងបានកាត់ដែនកូសាំងស៊ីនទាំងមូល ឲ្យទៅយួន ដោយបំពានជាក់ស្តែង លើច្បាប់អន្តរជាតិ។ ពេលនេះ យើងត្រូវដឹងទៀតថា នៅខែកុម្ភៈ ១៩៧៩ បន្ទាប់ពីបានបង្កើត «កិច្ចព្រមព្រៀង សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ» ជាមួយ ហេង សំរិន តំណាងរដ្ឋាភិបាលខ្មែរ ដែលបានកើតថ្មីៗ នៅភ្នំពេញ នាយករដ្ឋមន្រ្តីយួន ផាំ យ៉ាង ដុង (Pham Van Dong) ប្រកាសជាសាធារណៈថា «ស្ថានភាពនៃកម្ពុជា មិនវឹលទៅក្រោយ វិញឡើយ» (“La situation du Cambodge est irréversible”!)។ ដូច្នេះ កម្ពុជា«កណ្តាល» (ឬ កម្ពុជា«លើ») បានចូលទៅក្នុងផ្លូវចាស់ នៃកម្ពុជាក្រោម ហើយ៕
ទីក្រុងប៉ារីស – ថ្ងៃទី៤ មិថុនា ២០២១
– អត្ថបទយោងខ្លះ ៖
(1): – Convention de Genève, 12 août 1949, sur Protection Personnes civiles en temps de guerre, cf. Art.49-§6 https://www.ohchr.org/FR/ProfessionalInterest/Pages/ProtectionOfCivilianPersons.aspx
(Extrait) Art.49, §6 : « La puissance occupante ne pourra procéder à la déportation ou au transfert d’une partie de sa propre population civile dans le territoire occupé par elle. »
(2) – សារាចរណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ នៃលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងការពារពលរដ្ឋវៀតណាម នៅកម្ពុជា សូមទាញយក (Download)។
(3) – ឯកសារ៖ បណ្ឌិត ឌី ការ៉េត ថាអាណានិគមយួនស្ងាត់ៗ នៃភូមិភាគឦសាន នៅតំបន់ត្រីកោណអភិវឌ្ឍ CLV ។
(4) – ឯកសារ៖ ចំនួនជនជាតិយួន នៅកម្ពុជា (១៩៥១-២០០៣) ដោយបណ្ឌិត ឌី ការ៉េត។
.