លោក អ៊ាប គឹមសេង ដែលមានឈ្មោះក្នុងបញ្ជីជាតិថា អ៊ាប សេង គឺជាសមាជិកស្ថាបនិក នៃអតីតចលនានិស្សិតដើម្បីលទ្ធិប្រជាធិបេយ្យ ចេញពីវត្តនាគវ័ន ជាអ្នកតស៊ូដ៏អង់អាចក្លាហាន ក្នុងចំណោមមេដឹកនាំក្រុមនិស្សិត នៅខែកញ្ញា ឆ្នាំ ១៩៩៨ ដឹកនាំមហាបាតុកម្មប្រឆាំងលទ្ធផលការបោះឆ្នោតជាតិ និងទាមទារទម្លាក់លោក ហ៊ុន សែន ពីបេក្ខភាពនាយករដ្ឋមន្រ្តី។
នៅក្នុងចលនាមហាបាតុកម្មរបស់ក្រុមនិស្សិត និងព្រះសង្ឃ ប្រមូលផ្តុំគ្នានៅខាងមុខព្រះបរមរាជវាំង ភ្នំពេញ ដែលផ្ទុះឡើងនៅព្រឹកថ្ងៃទី ០២ កញ្ញា ១៩៩៨ លោក អ៊ាប សេង គឺជាអ្នកឃោសនិក នៅលើក្បាលឡាន ជួរមុខជាមួយលោក សារ៉ូ ស៊ីវត្ថា (សារ៉ូ សុវិជ័យ), លោក អ៊ុំ សំអាន និងសមាជិកស្ថាបនិកមួយចំនួនទៀត។
ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៨ កញ្ញា ១៩៩៨ ក្រុមចលនានិស្សិតនេះ បានដឹកនាំបាតុករប្រមាណ ១ម៉ឺននាក់ នៅថ្ងៃដំបូង រួចកើនឡើងដល់ជាង ១០ ម៉ឺននាក់នៅថ្ងៃបន្តបន្ទាប់ បានដង្ហែរក្បួនបាតុកម្ម ទៅកាន់ក្រសួងសំខាន់ៗ ដូចជាក្រសួងព័ត៌មាន ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការបរទេស និងដង្ហែរទៅកាន់ស្ថានទូតនានា ដូចជាស្ថានទូតសហរដ្ឋអាមេរិក អង់គ្លេស សភាពអឺរ៉ុប ទូតចិន ទូតវៀតណាម ទូតថៃ និងទូតរ៉ុស្សី ទូតបារាំង និងទូតឥណ្ឌូនេស៊ី {ដែលជាសហប្រធាននៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១}។
មហាបាតុកម្មនេះ ត្រូវបានបង្ក្រាបពីអាជ្ញាធររដ្ឋាភិបាលចាំផ្ទះរបស់លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី ០៨ កញ្ញា ១៩៩៨ គឺបង្ក្រាបទាំងក្រុមនិស្សិត ព្រះសង្ស និងក្រុមគណបក្សសម្ព័ន្ធភាពនយោបាយ ដែលបោះតង់ នៅខាងមុខរដ្ឋសភា ខាងត្បូងព្រះបរមរាជវាំង បណ្តាលឲ្យក្រុមបាតុករ ស្លាប់ របួស និងបាត់ខ្លួនជាច្រើន។ សម្រាប់របាយការណ៍ស្រាវជ្រាវរបស់ ចលនាស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុ ឆ្នាំ២០០២ តាក់តែងដោយ លោក ម៉ែន ណាត ជាសមាជិកស្ថាបនិកនៃចលនានិស្សិតដែរនោះ បានបញ្ជាក់ថា «បាតុករចំនួន ៣២ នាក់ បានបាត់បង់ជីវិតក្នុងពេលអាជ្ញាធរ បង្ក្រាបបាតុកម្ម ចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៦ កញ្ញា ហើយ ១១៤ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងបាត់ខ្លួន»។
គួរបញ្ជាក់ថា បរិបទដែលនាំឲ្យមានចលនាមហាបាតុកម្មនោះ បានកើតឡើងដោយសារការបោះឆ្នោតជាតិ នៅអាណត្តិទី២ (១៩៩៨-២០០៣) មិនយុត្តិធម៌ មិនស្មើភាព តាមរយៈការលួចបន្លំសន្លឹកឆ្នោត និងក្រោមបរិយាសគំរាមកំហែង ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ក្រោយរដ្ឋប្រហារ ឆ្នាំ១៩៩៧។ បក្សហ៊ុនស៊ិនប៉ិច (មាន ៤៣ អាសនៈ ក្នុងចំណោមអាសនៈសរុប ១២២ ក្នុងរដ្ឋសភា) ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ, គណបក្សសមរង្ស៊ី (អតីតគណបក្សជាតិខ្មែរ) (ទទួលបាន ១៥ អាសនៈ) ដឹកនាំដោយលោក សម រង្ស៊ី, គណបក្សលោកតា ស៊ឺនសាន (ទទួលបានសូន្យអាសនៈ) និងគណបក្សមួយចំនួនទៀត បានចងសម័ន្ធភាព ប្រឆាំងលទ្ធផលការបោះឆ្នោត ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន (ទទួលបាន ៦៤ អាសនៈក្នុងរដ្ឋសភា)។
កាលនោះ ក្រុមមេដឹកនាំចលនានិស្សិត ក៏មានសមាសភាពចម្រុះ ចេញពីចំណោមយុវជនគណបក្សមួយចំនួន ដែលតវ៉ាប្រឆាំងលទ្ធផលការបោះឆ្នោតដែរ ជាពិសេសបក្សហ្វ៊ុនស៊ិនប៉ិច និងបក្សសម រង្ស៊ី។ លុះដល់ថ្ងៃទី ១៦ ខែកញ្ញា ១៩៩៨ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បានប្រកាសឲ្យក្រុមចលនានិស្សិត ព្រះសង្ឃ បញ្ឈប់ការធ្វើបាតុកម្ម ដោយទុកលទ្ធភាពឲ្យព្រះអង្គ និងលោក សម រង្ស៊ី ចូលរួមតុចរចាជាមួយលោក ហ៊ុន សែន។ នៅទីបំផុត សម្តេចក្រុមព្រះ យល់ព្រមចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយលោក ហ៊ុន សែន ហើយគណបក្សសម រង្ស៊ី ក្លាយជាបក្សប្រឆាំង នៅក្នុងរដ្ឋសភា ក្រោយការចូលរួមកិច្ចប្រជុំដំបូងរបស់រដ្ឋសភា នៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ១៩៩៨ ដដែលនោះ ស្របតាមរដ្ឋធម្មនុញ្ញ និងក្រោមការសម្របសម្រួលពីព្រះមហាក្សត្រ នរោត្តម សីហនុ។
លោក អ៊ាប សេង បានភៀសខ្លួនភ្លាមៗ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅប៉ុន្មានថ្ងៃ ក្រោយពេលអាជ្ញាធររដ្ឋាភិបាល លោក ហ៊ុន សែន បង្ក្រាបបាតុកម្ម ថ្ងៃទី ០៨ កញ្ញា រួចមកនោះ។ នៅទីក្រុងបាងកក លោក សេង បានទទួលការជ្រោមជ្រែងពី អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ក្នុងចំណោមជនភៀសខ្លួនជាច្រើនទៀត ដែលក្នុងនោះក៏មាន លោក សារ៉ូ ស៊ីវត្ថា (មេដឹកនាំចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ) និង លោក ញ៉យ ចំរើន ផងដែរ {លោក ញ៉យ ចំរើន អតីតក្រុមការងារដឹកនាំ នៃចលនានិស្សិតនេះ ហើយក្រោយមកបានទៅរស់នៅសហរដ្ឋអាមេរិក។ លោក បានក្លាយជាតំណាងរាស្ត្រនៃ គណបក្សសង្គ្រោះជាតិ អាណត្តិ៥ ឆ្នាំ២០១៣-២០១៨)។ ចំណែក លោក ស៊ារ៉ូ ស៊ីវត្ថា បានវិលមកដឹកនាំចលនានិស្សិត នៅទីក្រុងភ្នំពេញវិញ នៅពាក់កណ្តាលខែ មករា ឆ្នាំ ១៩៩៩ ជាការឆ្លើយតបតាមសំបុត្ររបស់សមាជិកស្ថាបនិក នៃចលនានិស្សិតនេះ គឺលោក អ៊ុំ សំអាន, លោក ឃុន រ៉ន, លោក ធឹម ស៊ា, លោក ម៉ែន ណាត និងលោក ស៊ុត ខុន (សាច់ញាតិឆ្ងាយ) នៅវត្តនាគវ័ន ចំណុះកុដិលេខ២ ជាមួយគ្នា។ សព្វថ្ងៃលោក ឃុន រ៉ន ជាមន្រ្តីរាជការរដ្ឋសភា, លោក ធឹម ស៊ា ជាមន្រ្តីរាជការរដ្ឋសភា និងលោក ស៊ុត ខុន ជាអភិបាលស្រុកគីរីវង់ ខេត្តតាកែវ។
លោក អា៊ប សេង បានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ ទៅរស់នៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០០០ មកទល់សព្វថ្ងៃ។ នៅសហរដ្ឋអាមេរិក លោកបានចូលរួមជាមួយជួយកិច្ចការមួយចំនួន នៅក្នុង គណបក្សសង្គ្រោះជាតិ នៅអាមេរិក និងក្រុមការងារកិច្ចការព្រំដែនកម្ពុជា នៅអឺរ៉ុប។
ប្រវត្តិការសិក្សា
ឯកសារប្រវត្តិរូបតម្កល់នៅក្នុងចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នាឆ្នាំ១៩៩៩ បានឲ្យដឹងថា លោក អាប សេង កើតនៅថ្ងៃទី ១២ កុម្ភៈ ១៩៧៤ (តែក្នុងបញ្ជីជាតិ ថ្ងៃទី ១២ កុម្ភៈ ១៩៧៧)។ លោកបានធំដឹងក្តីនៅក្នុងគ្រួសារអ្នកលក់ដូរ នៅផ្សារព្រៃល្វា ក្នុងភូមិ/ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក មានបងប្អូន ៧ នាក់ ក្នុងគ្រួសារជាប់ខ្សែចិន។
លោក អ៊ាប សេង សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក មានកូន ៣ នាក់ (កូនស្រី ១)។ ភរិយារបស់លោកគឺ អ្នកស្រី នេត ឧសភា អតីតជាជនភៀសខ្លួនដូចលោកដែរ។ អ្នកទាំងពីរ ធ្លាប់មានប្រវត្តិកំសត់កម្រជាមួយគ្នា តាំងពីនៅរៀនក្នុងទីក្រុងភ្នំពេញ ដែលស្គាល់គ្នា ខណៈពេលនៅវត្តនាគវ័ន។ កាលនៅរៀន លោកបានប្រឡងជាប់ចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ហៅសាលា តិចណូ) ផ្នែកគីមីចំណីអាហារ ឆ្នាំ ១៩៩៥ ក្នុងទីក្រុងភ្នំពេញ។ នៅភ្នំពេញ លោក សេង បានស្នាក់នៅតូបលេខ៦ កុដិលេខ២ វត្តនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ពេលរស់នៅសហរដ្ឋអាមេរិក ពីឆ្នាំ២០០២ ដល់ ២០០៥ លោកបានបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រអគ្គីសនី នៅមហាវិទ្យាល័យ Mohawk Valley ។ ពីឆ្នាំ២០០៥ ដល់ ២០០៧ លោកបានបញ្ចប់សញ្ញាប័ត្រវិស្វករ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យា SUNY។
លោក អ៊ាប សេង បានបញ្ចាថា គោលបំណងដំបូងក្នុងការសិក្សាផ្នែកបច្ចេកវិទ្យានេះ គឺគ្រាន់តែចង់រកចំណូលសមរម្យ ដើម្បីជីវភាពក្រុមគ្រួសាររបស់លោក។ លោកបន្ថែមថា ប៉ុន្តែឧត្តមគតិរបស់លោក នៅតែស្រឡាញ់ការងារតស៊ូមតិ ដូចធ្លាប់បានធ្វើកន្លងទៅ»៕
អត្ថបទដោយលោក ម៉ែន ណាត / ២៣ ឧសភា ២០២០
.