28-2-2021
សារព័ត៌មាន The Cambodia Daily
បញ្ញវន្តខ្មែរនៅក្រៅប្រទេស លើកឡើងថា គំនិតទុច្ចរិតរបស់អ្នកនយោបាយមួយចំនួន គឺជាចេតនាបង្កើតកំហុសយុទ្ធសាស្ត្រនយោបាយដដែលៗ ដើម្បីបង្គ្រប់អំណាចឲ្យលោក ហ៊ុន សែន ដោយស្របច្បាប់ ឬធ្វើនយោបាយត្រឹមតែកំដរអំណាចជនផ្តាច់ការប៉ុណ្ណោះ។
អនុប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ាប សេង បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដែលទំនងចង់សំដៅដល់ក្រុមលោក សម រង្ស៊ី។ លោកថា ក្រុមប្រឆាំងមិនមានយុទ្ធសាស្ត្រអ្វីឲ្យពិតប្រាកដ ដើម្បីផ្លាស់ប្ដូរការដឹកនាំផ្តាច់ការរបស់លោក ហ៊ុន សែន បានទេ ក្រៅពីការសម្ដែងយុទ្ធសាស្ត្រនយោបាយ ស្រាតខោជនផ្តាច់ការ តាមហ្វេសប៊ុកបែប Live Show (សម្តែង) ប៉ុណ្ណោះ។
លោក អ៊ាប សេង អះអាងថា ការដឹកនាំប្រទេសបែបផ្តាច់ការព្រៃផ្សៃ សាហាវយង់ឃ្នង អគុណធម៌របស់លោក ហ៊ុន សែន ទោះជាកេណ្ឌខ្មែរមួយនគរ មកធ្វើការបរិយាយមួយជីវិតទៀត ក៏មិនអស់ដែរ ប៉ុន្តែថា តើ ហេតុអ្វីបានជាអ្នកនយោបាយខ្លះ នៅតែធ្វើនយោបាយត្រឹមតែកំដរអំណាចឲ្យលោក ហ៊ុន សែន ទៅវិញ ឬយ៉ាងណា?
លោក រិះគន់ថា សមិទ្ធិផលនៃការសាងកំហុសយុទ្ធសាស្ត្រនយោបាយដដែលៗ របស់ក្រុមប្រឆាំងជាង ២៥ ឆ្នាំ មកនេះ នាំឲ្យលោក ហ៊ុន សែន អាចក្តោបក្តាប់អំណាចបានកាន់តែខ្លាំងឡើងៗ នៅក្នុងដៃ។ ជាងនេះទៀត លោកតែហ៊ានរំលោភបំពានច្បាប់គ្រប់បែបយ៉ាងដែលនឹកស្មានមិនដល់។ ចំណែកក្រុមប្រឆាំងវិញ បានត្រឹមតែបែកបាក់ និរាសព្រាត់ប្រាស់ គ្រួសារយ៉ាងខ្លោចផ្សាជាទីបំផុត។ លោក ចោទសួរថា តើពេលវេលាជាង ២៥ ឆ្នាំ មកនេះ មិនទាន់គ្រប់គ្រាន់សម្រាប់ធ្វើការផ្លាស់ប្តូរការដឹកនាំផ្តាច់ការដូចជាលោក ហ៊ុន សែន ទេឬយ៉ាងណា?
លោក អ៊ាប សេង បញ្ជាក់ថា «ការពិតជាក់ស្តែង ចរន្តនៃការរួមគ្នាក្នុងការបង្កើតចេញជា គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏មានសក្តានុពល គឺពិតជាអាចធ្វើការផ្លាស់ប្ដូរការដឹកនាំផ្តាច់ការរបស់លោក ហ៊ុន សែន បានយ៉ាងពិតប្រាកដ ប្រសិនបើពួកគេចេះកែប្រែ ឬក៏ហ៊ានទទួលយកនូវការរិះគន់គ្រប់មជ្ឈដ្ឋាន។ ផ្ទុយទៅវិញ ពួកគេមិនគ្រាន់តែ មិនព្រមទទួលយកការរិះគន់ប៉ុណ្ណោះទេ តែថែមទាំងបង្កើតក្រុមហ្វេសប៊ុកសកម្ម ចាំជេរប្រទេច មួលបង្កាច់ លាបពណ៌បន្ថោកតម្លៃសីលធម៌ខ្មែរ ដើម្បីតែបិទបាំងទុច្ចរិតភាពនយោបាយរបស់ខ្លួនថែមទៀត»។
ការអះអាងនេះ ធ្វើឡើងស្របពេលក្រុមប្រឆាំងនៅក្រៅប្រទេស តែងបង្កើតកំហុសយុទ្ធសាស្ត្រនយោបាយម្តងហើយម្តងទៀត ដែលនាំឲ្យមានការខកខានដល់ការផ្លាស់ប្តូរការដឹកនាំរបស់ជនផ្តាច់ការនៅកម្ពុជា ដោយស្របច្បាប់ និងបណ្តាលឲ្យអ្នកចូលរួមរងទុក្ខទោសថែមទៀត។
កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ លោក សម រង្ស៊ី បានប្រកាសធ្វើមាតុភូមិនិវត្តន៍ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្នុងនោះលោក បានអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសសមាជិកនៃគណបក្សសង្គ្រោះជាតិ ឲ្យចូលរួមជាមួយនឹងលោក ប៉ុន្តែផែនការមាតុភូមិនិវត្តន៍នោះ ត្រូវបរាជ័យទាំងស្រុង។ ជាងនេះទៀត មន្ត្រីជាន់ខ្ពស់ សមាជិក និងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមលើកម្រាម ៩ ក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី កាលពីឆ្នាំ ២០១៩ នោះ ត្រូវបានតុលាការកម្ពុជា ចោទប្រកាន់ពីបទ មានបំណងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបានកោះហៅសាកសួរ ហើយនិងចាប់ខ្លួន ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។
ដោយឡែក អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុហួរ កាលពីដើមខែ មករា ឆ្នាំ ២០២១ នេះ បានប្រកាសធ្វើមាតុភូមិនិវត្តន៍ ដើម្បីរកការផ្សះផ្សាជាតិ ជាមួយលោក ហ៊ុន សែន តែមាតុភូមិនិវត្តន៍នោះ ក៍ត្រូវបរាជ័យផងដែរ បើទោះជាអ្នកស្រីបានថ្វាយលិខិតសុំការអន្តរាគមន៍ ពីព្រះមហាក្សត្រយ៉ាងណាក្តី។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា កំហុសយុទ្ធសាស្ត្រនានារបស់មន្ត្រីបក្សប្រឆាំងមួយចំនួន សូមទុកជារឿងអតីតកាលមួយទៅចុះ។ លោកបន្តថា អ្វីដែលសំខាន់គឺ អ្នកនយោបាយគ្រប់ភាគី ត្រូវនាំគ្នារកមធ្យោបាយ ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលកំពុងជាប់គាំងក្នុងពេលនេះឲ្យបានទាន់ពេលវេលា ប្រសើរជាងបន្ទោសគ្នាទៅវិញទៅមក ដែលនាំឲ្យមានការបែកបាក់សាមគ្គីជាតិកាន់តែខ្លាំង។
លោកអះអាងថា បញ្ហានយោបាយនៅកម្ពុជា កើតមានឡើងដោយសារការមិនទុកចិត្តគ្នា រវាងភាគីនយោបាយនីមួយៗ ដែលនាំឲ្យមានការបែកបាក់រហូតដល់សព្វថ្ងៃ។ ដូច្នេះអ្នកដឹកនាំនយោបាយ ត្រូវបញ្ឈប់ការប្រកួតប្រជែងគ្នាដោយគំនុំ តែត្រូវបែរមកប្រកួតប្រជែងលើគោលនយោបាយ ដើម្បីប្រយោជន៍ជាតិ និងប្រជាជន ជាជាងយកទីលាននយោបាយកម្ពុជា ធ្វើជាកន្លែងសងសឹកគ្នា។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា វាសនាកម្ពុជាកំពុងធ្លាក់ចូលក្នុងគំនុំរបស់អ្នកនយោបាយ ប្រសិនបើពួកគេមិនអាចស្រាយគំនុំនេះបានទេ កម្ពុជាគ្មានវាសនាល្អបានឡើយ។ ជាងនេះទៀត ក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរលើអ្នកនយោបាយទាំងនោះ នឹងរលាយសាបសូន្យជាមិនខាន។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធសំណុំរឿងរបស់លោក កឹម សុខា ព្រមទាំងបានហាមឃាត់សិទ្ធិនយោបាយមន្ត្រីបក្សប្រឆាំង ១១៨ រូបផងដែរ។ បញ្ហានេះ បណ្តាលឲ្យមន្ត្រីបក្សប្រឆាំងបែកខ្ញែកគ្នាបន្តិចម្តងៗ ដោយខ្លះត្រូវបានចាប់ខ្លួន និងខ្លះទៀតបាននិរទេសខ្លួនមករស់នៅស្រុកក្រៅរហូតដល់សព្វថ្ងៃនេះ។ រីឯខ្លះទៀត បានចុះចូលជីវិតនយោបាយជាមួយបក្សកាន់អំណាច និងខ្លះទៀតដឹកនាំកម្លាំងបង្កើតគណបក្សថ្មី ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត នៅឆ្នាំខាងមុខជាដើម៕
.