អត្ថបទ The Cambodia Daily
07th-10-2022
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា ចំណូលពន្ធគយរបស់កម្ពុជា ប្រឈមនឹងការបាត់បង់ចន្លោះពី ៣៧០ លានដុល្លារទៅ ៤០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដោយសារតែការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុណ ញឹម បានលើកឡើងក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធក្នុងប្រទេស កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២ ថា ការអនុវត្តកិច្ចព្រមព្រៀងនានា ដូចជាកិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន ជាដើម នឹងធ្វើឱ្យកម្ពុជា ប្រឈមការបាត់បង់ចំណូលពន្ធគយចន្លោះពី ៣៧០ លានដុល្លារទៅ ៤០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ នាពេលខាងមុខនេះ។
លោក គុណ ញឹម រៀបរាប់ថា ការនាំចូលទៅកម្ពុជា ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ឬកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានអត្រាពន្ធគយ ៣៥% នឹងត្រូវកាត់បន្ថយចុះមកត្រឹម ១៥% ឬមកត្រឹម ៧% និងមកដល់ ០% ថែមទៀត ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ចំណូលគយដោយផ្ទាល់យ៉ាងធ្ងន់ធ្ងរ។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាកររូបនេះ បញ្ជាក់ថា បើមើលតែមួយជ្រុង កម្ពុជានឹងរងការខាតបង់លើការប្រមូលពន្ធគយ ប៉ុន្តែបើមើលពីជ្រុងមួយទៀត ទាក់ទងនឹងការធ្វើពាណិជ្ជកម្ម ឬការនាំចេញទំនិញរបស់កម្ពុជា តាមរយៈនៃការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក កម្ពុជានៅតែអាចជំរុញដល់ការនាំចេញកាន់តែកើនឡើង ទៅថ្ងៃមុខដដែល ដែលជាកត្តាប៉ះប៉ូវលើការបាត់បង់នៃ ការប្រមូលពន្ធគយនេះទៅវិញ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងប្រឈមនឹងការបាត់ចំណូល តាមរយៈនៃការប្រមូលពន្ធគយកាន់តែធំឡើងៗទៅថ្ងៃមុខ នៅពេលដែលកម្ពុជា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លើកលែងពន្ធនាំចូលកាន់តែច្រើន។
លោក គុណ ញឹម បានអះអាងថា ដើម្បីបង្ហាញពីលទ្ធផល នៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ រយៈពេល ៩ខែ ឆ្នាំ២០២២ នេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែកញ្ញា នេះ ខ្លួនបានប្រមូលចំណូលពន្ធ និងអាករបានចំនួនជាង ២០២២ លានដុល្លារអាមេរិកហើយ ដែលស្មើនឹង ៧៨,៦១% នៃផែនការច្បាប់ថវិកាជាតិ ដែលបានអនុម័តកាលពីពេលកន្លងទៅ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ តុលា នេះថា ការលើកឡើងរបស់ លោក គុណ ញឹម ជាចំណុចគន្លឹះមួយដែលបុរសខ្លាំង លោក ហ៊ុន សែន គួរតែគិតគូរពិចារណាឡើងវិញ នូវការកែលំអការគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងដោះលែង លោក កឹម សុខា ឲ្យមានសេរីភាពពេញលេញ ដើម្បីទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកបន្តទៀត ដែលជាអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។
លោក ម៉ែន ណាត លើកឡើងថា តាមរយៈនៃកិច្ចព្រមព្រៀងដែលកម្ពុជា បានចុះហត្ថលេខាជាមួយប្រទេសកូរ៉េ និងចិន ជាដើម នាពេលកន្លងមក កម្ពុជាមិនអាចទទួលបានផលចំណេញពីកិច្ចព្រមព្រៀងនេះច្រើននោះទេ ប៉ុន្តែវាជាឱកាសសម្រាប់ប្រទេសដៃគូទាំងនោះ បង្កើតនូវប្រាក់ចំណេញរបស់ពួកគេ ឲ្យកាន់តែច្រើនទៅវិញ ត្បិតទំនិញដែលគេនាំចូលទៅកម្ពុជាកាន់តែច្រើនឡើងៗ ហើយការបង់ពន្ធ ត្រូវបានលុបចោលថែមទៀត។
លោកបន្តថា ចំណែកកម្ពុជា នាំចេញបានតែបន្តិចបន្តួច ដូច្នេះការព្រួយបារម្ភរបស់លោក គុណ ញឹម លើបញ្ហានេះ គឺជារឿងសមហេតុសមផល។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងកាលពីពេលកន្លងទៅថា ទំហំពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ សម្រេចបានដល់ប្រមាណ ៦ ពាន់លានដុល្លារ ប៉ុន្តែការនាំចេញជាក់ស្តែងរបស់កម្ពុជា ទៅកាន់ទីផ្សារចិន សម្រេចបានក្នុងទំហំទឹកប្រាក់តែជាង ៦០០ លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈសម្រាប់ការនាំចេញរបស់ចិន មកកាន់កម្ពុជាវិញ មានទំហំទឹកប្រាក់ដល់ទៅប្រមាណជាង ៤៣០០លានដុល្លារអាមេរិក៕

.