អត្ថបទដោយ TCD / 08th-7-2020

អ្នកឃ្លាំមើលសង្គមអះអាងថា យុទ្ធសាស្ត្រន​យោបាយ​អហិង្សា​របស់លោក កឹម សុខា ទាមទារ​ឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដើម្បី​សិទ្ធិ​នយោបាយ សិទ្ធិ​បញ្ចេញ​មតិ​ សម្រាប់​ពលរដ្ឋ​ គឺជា​សម្លេង​តំណាង​ឲ្យឆន្ទៈ​របស់ម្ចាស់​ឆ្នោត​ពាក់កណ្តាល​ប្រទេស។

លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ (CCIM) លើក​ឡើង​ថាដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​ កំពុង​ជាប់​គាំង​នា​ពេលនេះ​ មិន​អាច​ពឹង​លើប​រទេស​ ដើម្បី​ផ្តួល​រំលំរដ្ឋាភិបាល​លោក ហ៊ុន​ សែន បានទេ។ លោកបន្តថា ការធ្វើ​នយោបាយ​តស៊ូ​មតិ​ដោយ​អហិង្សា​​តាម​ផ្លូវច្បាប់​ ដើម្បី​ប្រមូល​កម្លាំង​អ្នកគាំទ្រ​ឡើងវិញ និង​ពង្រឹង​នយោបាយការ​ទូត​ ជាមួយ​អន្តរជាតិ​ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ និង​គោរពសិទ្ធិ​មនុស្ស នោះ​ទើប​ជា​ដំណោះស្រាយ​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​ពិតប្រាកដ។ នេះ​បើតាម​ការអះអាង​របស់​​លោក ប៉ា​ ងួនទៀង បាន​ធ្វើឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារ​ព័ត៌មាន ឌឹខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​រាត្រីថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ។

ចំណែកអតីត​តំណាងរាស្ត្រ​ នៃអតីតគណបក្សសង្គ្រោះជាតិ លោក សួន រីដា ដែល​ចូល​រួម​ក្នុង​កម្មវិធី​នេះដែរ ថ្លែង​ថា​ លោក កឹម សុខា កំពុងធ្វើនយោបាយការទូតអហិង្សាតទល់ជាមួយលោក ហ៊ុន​ សែន ដើម្បីទាមទារ​នូវ​អ្វី​ដែល​​គណបក្សសង្គ្រោះជាតិ​ បាន​បាត់បង់​ឲ្យ​ត្រឡប់​មកវិញ ដោយ​មាន​សហគមន៍​អន្តរជាតិ​ចូល​រួម​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​ ក្នុង​ការ​សម្រប​សម្រួល​​រកដំណោះស្រាយ​កណ្តាល​មួយ​ឲ្យ​បាន​ល្អ ទាំងសង​ខាង​ និង​បាន​ចំណេញ​ដល់​ជាតិ​ទាំងមូល។ លោក​លើក​ឡើង​ថា ដោយ​សារ​ឥទ្ធិពលន​យោបាយ​ការ​ទូត របស់​​​គណបក្សសង្គ្រោះជាតិ​ បាន​​ធ្វើ​ឲ្យ​សហគមន៍​អ៊ឺរ៉ុប សម្រេច​ចិត្ត​ដក​ប្រព័ន្ថ​អនុគ្រោះពន្ធ EBA ២០% «អ្វី​គ្រប់​​យ៉ាង​​លើកលែង​​សព្វាវុធ​ (Everything But Arms)» ដែល​នឹង​ចូល​ជាធរ​មាន​ នៅ​ថ្ងៃទី​ ១២ ខែសីហា​ ឆ្នាំ​២០២០ ខាង​មុខ​នេះ​ហើយ។ លោក​បន្តថា សហរដ្ឋអាមេរិក​ បាន​សម្រេច​​ប្រកាស​ផ្អាក​ទិដ្ឋាការ ទៅលើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាន់​ខ្ពស់​មួយ​ចំនួន​ មិន​អនុញ្ញាត​ឲ្យ​ចេញ​ចូល​សហរដ្ឋអាមេរិក​បន្ត​ទៀត ​ក្នុង​គោល​បំណង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​​លោក ហ៊ុន សែន ដើរ​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ និងគោរព​គោលការណ៍​សិទ្ធិមនុស្ស​ជា​ដាច់ខាត។

ចំណែកលោក ប៉ា ងួនទៀង លើក​ឡើង​ថា ការដឹកនាំ​របស់​លោក ហ៊ុន សែន ក្នុង​អំណាច​របស់​លោក ធ្វើ​ឲ្យ​ខ្មែរ​បែក​បាក់​សាមគ្គី​ ប្រទេសជាតិអន់ថយ ជំពាក់​បំណុល​បរទេស​កាន់​តែច្រើន​ទៅៗ វិបត្តិនយោយបាយ​កើន​ឡើង​ជា​លំដាប់ វិបត្តិសេដ្ឋកិច្ច​ក៏គ្មាន​ផែនការ​ច្បាស់លាស់​ ក្នុង​ការ​ដោះស្រាយជីវភាព​ប្រជាពលរដ្ឋ​កាន់​តែ​ដុនដាប​ទៅៗ ព្រោះអ្វី​ដែល​សំខាន់​សម្រាប់​លោក ហ៊ុន សែន មិន​មែន​ប្រទេស​ជាតិ និង​ប្រជាជនទេ នោះគឺអំណាច។

កាលពីថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ២០១៩ សភា​​តំណាង​រាស្ត្រ​​សហរដ្ឋ​អាមេរិក បាន​​អនុម័ត​​ជា​ឯកច្ឆ័ន្ទ ​លើ​​សេចក្តី​​ស្នើ​​ច្បាប់​ ​ស្តីពី​​លទ្ធិ​​ប្រជា​ធិបតេយ្យ​​កម្ពុជា ដែល​​មាន​​ឈ្មោះ​ថា (Cambodia Democracy Act ឬ H.R. 526)។ ខ្លឹម​សារ​​នៃ​សេចក្តី​​ស្នើ​ច្បាប់​​នេះ ​គឺ​នឹង​ត្រូវ​ដាក់​​ទណ្ឌកម្ម​​លើ​​មន្រ្តី​ជាន់​​ខ្ពស់​​នៅ​​កម្ពុជា​ ដែល​​ស្និទ្ធ​នឹង​​លោក​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ជាប់​​ពាក់​ព័ន្ធ​​នឹង​​ការ​​រំលោភសិទ្ធិមនុស្ស ដែល​គេ​សំដៅ​ដល់​ការរំលាយ​គណបក្ស​សង្រ្គោះជាតិ។

គណៈកម្មការអឺរ៉ុប បាន​​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ កាល​ពីថ្ងៃទី ១២ ខែ​កុម្ភៈ ឆ្នាំ២០២០ កន្លង​ទៅ សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​បាន​ផ្តល់​ឱ្យ​កម្ពុជា ក្រោម​គម្រោង​ពាណិជ្ជកម្ម​អ្វី​គ្រប់យ៉ាង​លើក​លែង​តែអាវុធ EBA ២០% ដោយសារ​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ និង​ជាប្រព័ន្ធ​នៃ​គោលការណ៍​សិទ្ធិ​មនុស្ស​ ដែល​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ ស្តីពីសិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ ដើម្បី​ឱ្យប្រព័ន្ធអនុគ្រោះ​ពាណិជ្ជកម្ម​នេះ ដូច​ដើម​ឡើង​វិញ រដ្ឋាភិបាលកម្ពុជា ចាំ​បាច់​ត្រូវ​ចាត់​វិធាន​ការ​ជាបន្ទាន់ដើម្បី​ស្តារ​លទ្ធិប្រជា​ធិបតេយ្យ និង​សទ្ធិមនុស្ស​​ឡើង​វិញ។

រហូតមក​ដល់​ពេល​នេះ មាន​ឯកអគ្គរដ្ឋទូត​ប្រទេស​លោក​សេរី​ បាន​ចូល​ជួប​លោក កឹម សុខា ជា​បន្ត​បន្ទាប់ រួម​មាន ឯកអគ្គរដ្ឋទូត​បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន ស្វីស និង​ឯកអគ្គរាជទូត​អង់គ្លេស ជាដើម។ តំណាងរដ្ឋាភិបាល​នៃ​ប្រទេសសេរី​ធំៗ​ទាំង​នេះ នៅ​តែ​ជំរុញ​ដល់រដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្ដារលទ្ធិ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស​ឡើង​វិញ។

អ្នកវិភាគ​នយោបាយបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ដែល​​ឯកអគ្គរាជ​ទូត​​​បរទេស​​ធំៗ ចូល​​ជួប​​លោក កឹម សុខា ជា​បន្តបន្ទាប់​នេះ គឺជា​​ការ​អបអរ​សាទរ ចំពោះ​​លទ្ធផល​​បណ្ដើរៗ ដែល​រដ្ឋាភិបាល​ ​និង​​ស្ថានទូត​​ទាំង​នោះ បាន​​ទាមទារ​​រហូត​​មក ឱ្យ​​ដោះលែង​​​លោក កឹម សុខា ស្ដារ​​លទ្ធិ​ប្រជា​ធិបតេយ្យ និង​​ការ​គោរព​​សិទិ្ធ​មនុស្ស​​ឡើងវិញ ហើយ​ក៏​ជា​សារ​​បង្ហាញ​​ថា ពួក​គេ​​មិន​​បោះ​បង់​​ការទាម​ទារ​​ត្រឹម​នេះ​​ទេ​។

ជាងនេះ​ទៅទៀតលោក ប៉ា ងួនទៀង បាន​អះអាង​ថា ទោះ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ជា​ផ្លូវ​ការ​ លើ​បញ្ជី​គណបក្ស​នយោបាយ​ក៏ដោយ តែកម្លាំង​សង្គ្រោះជាតិ​ ដែល​ប្រឆាំង​នឹង​ការដឹកនាំ​របស់​លោក ហ៊ុន សែន នៅ​តែ​កម្រើក​ជានិច្ច។ លោក​បញ្ជាក់​ថា រចនាសម្ព័ន្ធ​ថ្នាក់​ជាតិ​​អាច​នឹង​មាន​ការបែក​បាក់ តែ​​កម្លាំង​គាំទ្រ​​នៅ​មូលដ្ឋាន​ នៅ​តែ​ផ្តុំ​គ្នា​ជា​ធ្លុង​មួយ​ដដែល ពី​ព្រោះ​ប្រជាពលរដ្ឋ​ ផ្តល់​ក្តី​សង្ឃឹម​លើ​គណបក្ស​សង្គ្រោះជាតិ​ ដើម្បី​ការផ្លាស់ប្តូរ ដោយ​​ពួកគាត់​ប្រកាន់​គោល​ជំហរ​ថា មាន​សង្គ្រោះជាតិ ទើប​មាន​ការផ្លាស់​ប្តូរ។

រីឯលោក សួន រីដា​ លើកឡើងថា អ្នក​នយោបាយ​ខ្មែរ​ គួរ​តែ​រក​ផ្លូវ​ចរចា​ឲ្យ​បាន​ឆាប់​ ដើម្បី​រក​ដំណោះស្រាយ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ ព្រោះ​ស្ថាន​ភាព​ប្រទេស​កម្ពុជា​ពេលនេះ មិន​ត្រឹម​តែ​វិបត្តិ​ន​យោបាយ​តែម្យ៉ាង​ទេ​ ដែល​គម្រាម​កំហែង​ប្រជាពលរដ្ឋ មានទាំង​ជំងឺ​កូវីដ១៩ មក​បន្ថែ​មួយ​ទៀត​ ដែល​កាន់​តែ​ធ្វើ​ឲ្យប្រជាជន​រងការគម្រាម​កំហែង​កាន់​តែ​ខ្លាំង៕

.