The Cambodia Daily
14-9-2022
លោក ហ៊ុន សែន អះអាងថា ព្រះមហាក្សត្រិយ៍ចក្រភពអង់គ្លេស អេលីហ្សាប៊ែត ទី២ (Elizabeth II) ដែលទើបនឹងយាងចូលទិវង្គត ជាឥស្សរជនដ៏គួរឲ្យស្ញប់ស្ញែងមួយអង្គ ដែលតែងតែប្រកាន់ខ្ជាប់នូវរាជកិច្ច រាជវិន័យ និងប្រកបដោយព្រះរាជបញ្ញាញាណ។
លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី២ នៅស្ថានទូតអង់គ្លេស កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ថា ព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែត នឹងគង់នៅក្នុងការចងចាំ របស់ប្រជាជនអង់គ្លេសគ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀតក្នុងពិភពលោកជារៀងរហូត។
មេដឹកនាំខ្មែរ ដែលឧស្សាហ៍គំរាមកំហែងពលរដ្ឋខ្លួនឯងរូបនេះ អះអាងថា ការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី២ នេះ គឺជាការបាត់បង់ដ៏មហិមា មិនត្រឹមតែចំពោះចក្រភពអង់គ្លេសប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះពិភពលោកទាំងមូលផងដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា លោកសូមសម្ដែងនូវការសោកស្តាយ និងភាពក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹង នៃការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី២ នៃចក្រភពអង់គ្លេស ដែលបានសោយទិវង្គត នៅប្រទេសស្កុតឡែន កាលពីពេលថ្មីៗនេះ។
ម្ចាស់ក្សត្រិយ៍នៃចក្រភពអង់គ្លេស មានព្រះនាមផ្លូវការ Elizabeth Alexandra Mary Windsor ទ្រង់ប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ និងបានឡើងគ្រងរាជ្យ ក្នុងអំឡុងខែមិថុនា ឆ្នាំ១៩៥៣ ដែលបានក្លាយជាព្រះមហាក្សត្រី Elizabeth II ក្នុងព្រះជន្មត្រឹមតែ ២៥ ព្រះវស្សាប៉ុណ្ណោះ។ ក្រោយគ្រងរាជ្យអស់រយៈពេលប្រមាណជា ៧០ ឆ្នាំ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ទ្រង់បានសោយទិវង្គត នៅក្នុងប្រទេសស្កុតឡែន ក្នុងព្រះជន្ម ៩៦ ព្រះវស្សា ប៉ុន្តែព្រះសពរបស់ទ្រង់ បានបន្សល់ទុកនូវព្រះកិត្តិនាមដ៏ល្អអស្ចារ្យ ក្រោយទ្រង់បានដឹកនាំចក្រភពអង់គ្លេស ឱ្យរីកចម្រើន និងសុខសន្តិភាពអស់រយៈពេល ៧០ ឆ្នាំកន្លងមកនេះ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ កញ្ញា នេះថា ការលើកឡើងរបស់លោក ហ៊ុន សែន ដែលបានលើកតម្កើង និងគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍ នៃចក្រភពអង់គ្លេស គឺជារឿងត្រឹមត្រូវ ព្រោះទ្រង់បានធ្វើសមិទ្ធផលជូនជាតិអង់គ្លេសយ៉ាងធំធេង។
លោកបន្តថា ប៉ុន្តែលោក ហ៊ុន សែន ភ្លេចរំឭកឲ្យចំសាច់រឿងថា ព្រះមហាក្សត្រិយានីអង់គ្លេស អាចបំពេញព្រះរាជតួនាទីរបស់ទ្រង់បានជោគជ័យ ក៏ដោយសារតែអ្នកដឹកនាំ និងអ្នកនយោបាយអង់គ្លេស ចេះគោរពឱវាទរបស់ទ្រង់ ហើយក៏មិនរំលោភរដ្ឋធម្មនុញ្ញរបស់ប្រទេសដែរ។
លោក គឹម សុខ រិះគន់ថា ចំណែកឯនៅកម្ពុជាវិញ ពួកអ្នកដឹកនាំ និងអ្នកនយោបាយខ្លះ មិនត្រឹមតែមិនគោរពព្រះរាជតួនាទីរបស់ព្រះមហាក្សត្រខ្មែរទេ ប៉ុន្តែពួកគេហ៊ានបំពាន ប្រមាថ គំរាម និងរហូតដល់កែរដ្ឋធម្មនុញ្ញបន្សាបឥទ្ធិពលរបស់ព្រះអង្គថែមទៀត។ ដូច្នេះ ពេលលោក ហ៊ុន សែន សរសើរព្រះមហាក្សត្រិយានីអង់គ្លេស គាត់គួរចេះខ្មាសអៀនក្រុមអ្នកការទូតអង់គ្លេស ក្នុងពិធីនោះផង ចំពោះទង្វើរបស់លោក ដែលបានបំពានព្រះមហាក្សត្រខ្លួនឯងគ្រប់រូបភាពសព្វថ្ងៃនេះ។
ប្រធានវេទិកាពលរដ្ឋរូបនេះ ចោទសួរថា តើលោក ហ៊ុន សែន ដែលធ្លាប់គោរពតាមព្រះរាជតួនាទីរបស់អតីតព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្របច្ចុប្បន្ននេះ ដែលមានព្រះរាជបំណងឲ្យពួកមេដឹកនាំផ្សះផ្សាជាតិ នាពេលកន្លងមកដែរឬទេ?
កាលពីឆ្នាំ២០០៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញ នូវរបបសាធារណរដ្ឋ ប្រសិនបើព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមស្ដីពីព្រំដែនកម្ពុជា-វៀតណាម តាមការចង់បានរបស់លោកទេនោះ។ [កែតម្រូវ ៖ ស្តេច នរោត្តម សីហមុនី ជាមហាក្សត្រ ចាប់តាំពីឆ្នាំ២០០៤ មក។]
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៧ ចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយព្រះអង្គទ្រង់នឹងគង់ជាព្រះប្រមុខរដ្ឋពេញមួយជីវិត។ ជាងនេះទៀត ព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ៕
.