(អត្ថបទដោយលោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)

សេចក្ដីថ្លៃងការណ៍មួយ ចេញផ្សាយ​នៅថ្ងៃទី ២៤ ខែ​មេសា ឆ្នាំ​២០២០ ក្រសួងបរិស្ថាន របស់​លោក សាយ សំអាល់ ជា​កូន​របស់​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ ទៅ​លើ​ក្រុម​សកម្មជន​បរិស្ថាន ដែល​មកពីអង្គការ សមាគម​មិនមែន​រដ្ឋាភិបាល ចូលរួមយ៉ាង​សកម្មភាព​​ក្នុងយុទ្ធនាការ ១​​សប្តាហ៍ (ថ្ងៃទី ២២-២៧ ខែមេសា) ដើម្បី​ការពារ​ព្រៃឈើ​ធម្មជាតិ នៅ​តំបន់​ព្រៃឡង់ កំពុង​រងការ​កាប់​បំផ្លាញ ក្រោម​រូបភាព​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច និង​អំពើពុក​រលួយ​របស់​មន្រ្តី​អនុត្ត​ច្បាប់។ {លោក សាយ សំអាល់ ត្រូវ​បាន​សារព័ត៌មាន​ជាច្រើន ធ្លាប់​ចុះ​ផ្សាយថា ជាអ្នកជិស្និទ្ធ​ជាមួយ​លោក ទ្រី ភាព ឧកញ៉ា​ដ៏ល្បី​ឈ្មោះ​ រកស៊ី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុសច្បាប់​ យ៉ាង​​ឧក្រិដ្ឋ​នៅ​កម្ពុជា។ ហើយ​លោក ទ្រី ភាព ក៏​ជា​មនុស្ស​ជិតស្និទ្ធ​ក្នុង​គ្រួសារ​លោក ហ៊ុន សែន ផង​ទៀត}

ការព្រមាន​របស់​ក្រសួងបរិស្ថាន​នេះ ធ្វើ​​ឡើង​នៅក្រោម​លេស​ថា ក្រុម​សកម្មជន​​បរិស្ថាន ធ្វើ​សកម្មភាព ​មិន​​​បាន​ចុះ​បញ្ជី និង​ចុះ​កិច្ចសន្យា​ត្រឹមត្រូវតាមច្បាប់។ សេចក្ដីថ្លៃងការណ៍​របស់​ក្រសួងនេះ សរសេរ​ថា «សកម្មភាព​​បំពាន​លើច្បាប់​​យ៉ាង​​គឃ្លើន​​បែបនេះ ដោយ​​ជ្រក​ក្រោមស្លាក​ជា​អ្នក​ស្រឡាញ់​​បរិស្ថាន និងធនធាន​​ធម្មជាតិ គឺ​ជា​​ចេតនា​ទុច្ចរិត ក្នុង​​ការធ្វើវិទ្ធង្សនា​​ ប្រឆាំងនឹង​រាជរដ្ឋាភិបាល លើ​ការងារ​​គ្រប់គ្រង និង​​អភិរក្ស​ធនធាន​ធម្មជាតិ តែ​ប៉ុណ្ណោះ»

វិទ្យុវីអូឌី (VOD) នៅថ្ងៃទី ២៥ ខែមេសានេះ បាន​ដកស្រង់សម្តី​ លោក ស ម៉ូរី ប្រធាន​​​កម្មវិធី​នៃ​​​បណ្ដាញ​យុវជន​កម្ពុជា ថា «សកម្មជន​បរិស្ថាន ឬ​សហគមន៍ និង​អង្គការ សមាគម មិន​បាន​ធ្វើ​សកម្មភាព​បំពាន​លើ​ច្បាប់​នោះ​ទេ ប៉ុន្តែ​សកម្មភាព​ដែល​ពួកគាត់​ធ្វើនោះ គឺ​ដើម្បី​ជួយការពារ​ព្រៃឈើ ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណ:​តែ​ប៉ុណ្ណោះ»។ លោក​ ម៉ូរី​ បន្ថែម​ថា «សកម្មភាព​កាប់​បំផ្លាញ និង​​ដឹកជញ្ជូន​ឈើ កាត់​ភូមិ​ និងកាត់​មុខ​ទីស្នាក់​ការ​មន្ត្រី​ឧទ្យានុរក្ស​ បាន​កើត​ឡើង ដោយ​មិន​មាន​ការទប់ស្កាត់​ឡើយ»

ក្រសួងបរិស្ថាន បានឲ្យដឹងថា «បច្ចុប្បន្ននេះ មានតំបន់ការពារ​ធម្មជាតិ និង​​របៀង​អភិរក្ស​ជីវៈ​ចម្រុះ ​សរុប​​​​ចំនួន ៦០ កន្លែង ដែល​គ្របដណ្តប់​លើ​ផ្ទៃដី ប្រមាណ​ជាង ៧,២ លាន​ហិកាតា ស្មើប្រមាណ ៤១% នៃផ្ទៃដី​​សរុប​របស់កម្ពុជា»

សកម្មជន​បរិស្ថាន​ លោក ហេង ស្រស់ ដែល​ចូលរួម​ក្នុងយុទ្ធនាការ ជាមួយ​ក្រុមសកម្មជន​ដទៃ​ទៀត ក្នុងការចុះថត និងឃ្លាំមើល​សកម្មភាព​បទល្មើស​ព្រៃឈើ នៅ​ព្រៃឡង បាន​ប្រាប់វិទ្យុ​អាស៊ីសេរី (RFA) កាល​​ពី​ថ្ងៃទី ២៤ ខែ​មេសា ​ថា «កម្លាំង​​សមត្ថកិច្ច​​ចម្រុះ​ ទាំង​ ៤ ​ខេត្ត ​ជុំវិញ​​តំបន់​ព្រៃ​ឡង់ (ខេត្ត​​កំពង់ធំ ក្រចេះ ស្ទឹង​ត្រែង និង​ ព្រះវិហារ) នៅ​​តែ​​បន្ត​​ចុះ​ស្វែង​​រក​​តាម​​ចាប់​ខ្លួន​ សកម្មជន​​ព្រៃឈើ​ ៤ ​នាក់ ដែល​​ចុះ​​ល្បាត និង​​ប្រមូល​​យក​ភស្តុតាង​ អំពី​កាប់​បំផ្លាញ​​ព្រៃ​ឈើ ក្នុង​​តំបន់​​របស់​​ក្រុមហ៊ុន ស៊ីង បាយអូថិក (Think Biotech)» ជា​ក្រុមហ៊ុន ដែល​មានអ្នកមាន​អំណាច កាង​នៅខាង​ក្រោយខ្នង។

លោក ហេង ស្រស់ និយាយ​​ថា «កម្មករ​​ជា​ច្រើន​ក្រុម ​សម្រុក​​កាប់​ផ្ដួល​​ឈើ​​ហ៊ុប​ធំៗ ក្នុង​​ព្រៃ​ឡង់ ដឹក​​លក់​ឱ្យ​​ក្រុមហ៊ុន ក្នុង​​មួយ​​ម៉ែត្រ​គូប មាន​តម្លៃ ៩០ ម៉ឺន​រៀល។ ឈើ​​ហ៊ុប​​ធំៗ​ទាំងនោះ ​មិន​​ទាន់​​ត្រូវ​​បាន​​គេ​​ដឹក​ចេញ​​ក្រៅ​​ព្រៃ​អភិរក្ស​នៅ​ឡើយ​ទេ»

វិទ្យុអាស៊ីសេរី បាន​ផ្សាយ​ដែរថា ក្រុម​សកម្មជនបរិស្ថាន ប្រទះ​​ឃើញ​​បទ​ល្មើស​ព្រៃ​​ឈើ ៥ ទីតាំង​​ផ្សេង​គ្នា ក្នុង​​ដែន​​ជម្រក​​សត្វ ក្នុង​​ព្រៃ​ឡង់​ ដែល​​ក្រុមហ៊ុន​​ឯកជន​ខាង​លើ បាន​​បញ្ជា​​ឱ្យ​កម្លាំង​​កម្មករ​ កាប់​​ឈើ​ហ៊ុប ដឹក​​លក់​ឱ្យ​ខ្លួន។ ក្រុមសកម្មជន​បរិស្ថាន ធ្វើ​​យុទ្ធនាការ ជិះ​ម៉ូតូ​ចុះ​​ល្បាត​​ជុំវិញ​តំបន់​​ព្រៃ​ឡង់ ​ចាប់​ពី​ថ្ងៃ​ទី ២២ ដល់​​ថ្ងៃ​ទី ២៧ មេសា ជា​សកម្មភាព​ពោរពេញ​ដោយ​ការគំរាម​កំហែង ពី​អាជ្ញាធរ​សមត្ថកិច្ចពុករលួយ និង​ក្រុមហ៊ុន​កាប់បំផ្លាញព្រៃឈើខ្មែរ៕

អត្ថបទទាក់ទង
ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី ថាមិន​​ទាន់​​​បាន​ទទួល​​ពន្លឺ​​យុត្តិធម៌! តើលោកស្រី ហ៊ុន ម៉ាណា ជា​អ្វី​នៅ​ក្នុង​ក្រុមហ៊ុន Timber Green កាល​នោះ?
គម្រប​ព្រៃ​ឈើ​ខ្មែរ សល់​ជាង ៤០% ​កំពុង​រង​ការ​កាប់​បំផ្លាញ​បន្ថែម
ឯកសារ៖ លោក ហ៊ុន សែន «សន្យា​កាត់​ក» ឆ្នាំ​២០០២ បរាជ័យ​​រឿង​​ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​ឈើ រួច​មក​ប្តូរពាក្យ​ថា ​កាប់​​បំផ្លាញ​​ព្រៃ​ឈើ​ «ដូច​​កាប់​​ក្បាល ហ៊ុន សែន​»

Cambodia Deforestation 2020
Cambodia Deforestation 2020

.