អត្ថបទ​សារព័ត៌មាន The Cambodia Daily
24-3-2021

មន្ត្រី​ជាន់ខ្ពស់​​នៃ​​ក្រសួង​​បរិស្ថាន អះអាង​​ថា រដ្ឋមន្ត្រី​​ការបរទេស​​អង់គ្លេស កោត​សរសើរ​​ចំពោះ​​ការ​​អភិវឌ្ឍ​​រីក​ចម្រើន​​របស់​​កម្ពុជា​​ទាក់​ទង​​នឹង​​វិស័យ​​បរិស្ថាន ដូចជា​​ការ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ការ​​ប្រែប្រួល​​អាកាស​ធាតុ ការ​​អភិរក្ស​​ធនធាន​​ធម្មជាតិ ជីវចម្រុះ និង​​ការ​ប្រយុទ្ធ​​ប្រឆាំង​​ការ​​ជួញ​ដូរ​​សត្វ​ព្រៃ​​ឆ្លង​​ដែន​​ ជាដើម។

ការ​អះអាង​នេះ ធ្វើ​ឡើង​​ក្នុង​​ជំនួប​​ពិភាក្សា​​រវាង​​រដ្ឋមន្ត្រី​​ក្រសួង​​បរិស្ថាន ជាមួយ​​នឹង​​រដ្ឋមន្ត្រី​​ការ​បរទេស​​របស់​​អង់គ្លេស ដែល​​បាន​​ធ្វើ​​ដំណើរ​​ទស្សនកិច្ច​​នៅ​​កម្ពុជា នៅ​​ថ្ងៃ​ទី​ ​២៣ ខែ​​មិថុនា ឆ្នាំ​​២០២១ នេះ ដោយ​​បាន​​ជួប​​ពិភាក្សា​​ពី​​ប្រធានបទ​​មួយ​​ចំនួន​​ទាក់​ទង​​នឹង​​វិស័យ​​បរិស្ថាន ដូចជា​​ការ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ការ​​ប្រែប្រួល​​អាកាសធាតុ និង​​ការ​​អភិ​រក្ស​​ធនធាន​​ធម្មជាតិ​​របស់​​កម្ពុជា ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​​អះអាង​​ទៅ​កាន់​​រដ្ឋមន្ត្រី​​ការ​បរទេស​​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) ថា​​ក្រសួង​​បរិស្ថាន​​សម្រេច​​បាន​​នូវ​​សមិទ្ធផល​​ល្អ​​ប្រសើរ​​ក្នុង​​កិច្ចការពារ​​បរិស្ថាន និង​​ការ​​អភិរក្ស​​ធនធាន​​ធម្មជាតិ​​ពី​​ការ​បំផ្លិច​បំផ្លាញ​​នានា ទាំង​​ព្រៃឈើ និង​​ជីវចម្រុះ​​របស់​​ខ្លួន។

លោក សាយ សំអាល់ បាន​​បញ្ជាក់​​ទៅ​កាន់​​រដ្ឋមន្ត្រី​​ការ​បរទេស​​រូប​នេះ​​ថា អ្វី​​ដែល​​អង់គ្លេស អាច​​ជួយ​​កម្ពុជា​​បាន​​ក្នុង​​វិស័យ​បរិស្ថាន គឺ​ការ​​បណ្តុះ​បណ្តាល​​ធនធាន​​មនុស្ស​​ក្នុង​​កិច្ច​ការ​​បរិស្ថាន និង​​ធនធាន​​ធម្មជាតិ ដើម្បី​​បង្កើន​​ភាព​​ជា​ដៃគូ​​ផ្នែក​​ពាណិជ្ជកម្ម​រវាង​​អង់គ្លេស និង​​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​​បរិស្ថាន​​រូប​​នេះ​គូស​បញ្ជាក់​ថា ក្នុង​​ភាព​​ជា​​ដៃគូ​​ពាណិជ្ជកម្ម អង់គ្លេស ​អាច​​ជួយ​​ទិញ​​ឥណទាន​​កាបូន​​របស់​​កម្ពុជា​ ឲ្យ​​បាន​​កាន់​​តែ​​ច្រើន ហើយ​​ថវិកា​​ដែល​​បាន​​មក​ពី​​លក់​​កាបូន​​នេះ នឹង​​​ត្រូវ​​​ប្រើប្រាស់​​​ដើម្បី​​បម្រើ​​ឱ្យ​ការ​​អភិរក្ស​​ព្រៃឈើ និង​​​សត្វព្រៃ និង​​ការ​​អភិវឌ្ឍ​​សេដ្ឋកិច្ច​​មូលដ្ឋាន​​តាម​រយៈ​ការ​​ផ្តល់​​មុខរបរ និង​​ចំណូល​​ទៅ​ដល់​​ប្រជាជន​​កម្ពុជា។

ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា និង​​ជា​​ប្រធាន​​ក្រុមប្រឹក្សា​ភិបាល​​នៃ ​ចលនា​​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ លោក ម៉ែន ណាត បាន​​ប្រាប់​​សារព័ត៌មាន The Cambodia Daily នៅ​​ថ្ងៃ​ទី​២៣ មិថុនា នេះ​ថា ការ​​លើក​ឡើង​​របស់​​រដ្ឋមន្ត្រី​​ក្រសួង​​បរិស្ថាន​ ​ប្រហែល​​គ្រាន់​តែ​​ជា​​ការ​​លើក​ឡើង​​តែ​​មួយ​​ជ្រុង​​នៃ ​ការ​​លើក​ឡើង​​របស់​​រដ្ឋមន្ត្រី​​ការ​បរទេស​​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ តែ​ប៉ុណ្ណោះ។

លោក​​អះ​អាង​ថា ជា​​ទម្លាប់​​របស់​​មន្ត្រី​​រដ្ឋាភិបាល​​កម្ពុជា តែង​​ឆ្លៀត​​ឱកាស​​កេង​​ចំណេញ​​នយោបាយ​​បក​ស្រាយ​​បំភ័ន្ត​​ការ​ពិត​​ក្រោយ​​កិច្ច​ប្រជុំ​​ចប់​​សព្វគ្រប់ ជាក់​ស្តែង​​ដូចជា​​ជំនួប​​ជាមួយ​​ឧបការី​​សហរដ្ឋ​​អាមេរិក កាល​ពី​​ដើម​​ខែ​​មិថុនា នេះ លោក ហ៊ុន សែន ប្រកាស​​ប្រាប់​​ពលរដ្ឋ​​ខ្មែរ​​ត្រឹម​​ពី​​ការ​​ដោះ​​បំណុល​​ដែល​​កម្ពុជា ជំពាក់​​អាមេរិក​​ប៉ុណ្ណោះ ខណៈ​​ការ​រិះគន់​​ពី​​តំបន់​​សមុទ្រ​​រាម​​ដែល​​ជា​​ការ​​សង្ស័យ​​ពី​​ការ​​បោះ​​មូលដ្ឋាន​​យោធា​​ចិន ពី​​អនុ​រដ្ឋមន្ត្រី​​ការ​បរទេស​​រូប​​នេះ លោក ហ៊ុន សែន មិន​​បាន​​ប្រកាស​​ជា​សាធារណៈ​​នោះ​​ទេ។

លោក ម៉ែន ណាត បញ្ជាក់​ថា អង់​គ្លេស​​ជា​​ប្រទេស​​ដែល​​មាន​​គោល​ជំហរ​​ លើ​​ប្រព័ន្ធ​​លទ្ធិ​ប្រជា​ធិបតេយ្យ​​ ដូច​​សហរដ្ឋ​​អាមេរិក​​ដែរ ដូច្នេះ​​ទស្សនកិច្ច​​ការ​ទូត​​ទៅ​​កម្ពុជា នេះ​​មិន​​ត្រឹម​តែ​​និយាយ​​ពី​​បញ្ហា​​បរិស្ថាន និង​​សេដ្ឋកិច្ច ឬ​​ពាណិជ្ជកម្ម​​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​​ប្រហែល​​ជា​​មាន​​ការ​​លើក​ឡើង​​អំពី​​​«ការ​គោរព​​សិទ្ធិ​មនុស្ស និង​​ការ​​ស្ដារ​​លទ្ធិ​ប្រជា​ធិបតេយ្យ​​»​ផង​​ដែរ ដូច្នេះ​​ហើយ​​ទើប​​ លោក ហ៊ុន សែន ប្រើ​​លេស​​ធ្វើ​​ចត្តាឡីស័ក​​ ដើម្បី​​គេចវេស​​ពី​​ការ​​ជួប​​រដ្ឋមន្ត្រី​​ការបរទេស​​របស់​​អង់គ្លេស​​រូប​​នេះ។

កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​​២០២១ នេះ ក្រសួង​​ការបរទេស និង​​សហ​ប្រតិបត្តិ​ការ​​អន្តរជាតិ បាន​​ចេញ​​សេចក្តី​​ប្រកាស​​ព័ត៌មាន​​របស់​​ខ្លួន​​ថា ក្នុង​​ដំណើរ​​ទស្សនកិច្ច​​នៅ​​កម្ពុជា​ ​របស់​​រដ្ឋមន្ត្រី​​ការបរទេស​​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ នៅ​​ថ្ងៃ​ទី​​២៣ ខែ​​មិថុនា ​នេះ នឹង​​ជួប​​ជាមួយ​​រដ្ឋមន្ត្រី​​ការបរទេស​ ​លោក ប្រាក់ សុខុន និង​​រដ្ឋមន្ត្រី​​ក្រសួង​​បរិស្ថាន លោក សាយ សំអាល់ ផង​​ដែរ បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​​ធ្វើ​​ចត្តាឡីស័ក​​រយៈ​ពេល ១៤ ​ថ្ងៃ​​រួច​មក។

ទាក់ទង​​អំពី​​បញ្ហា​​បរិស្ថាន និង​​ព្រៃ​ឈើ​​នៅ​​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​ ​១៧ ខែ​​មិថុនា ឆ្នាំ​​២០២១ សហរដ្ឋ​​អាមេរិក​ ​បាន​​សម្រេច​​បញ្ចប់​​ជំនួយ​​ដល់​​រដ្ឋាភិបាល​​កម្ពុជា លើ​​គម្រោង​​ព្រៃឡង់​​បៃតង​ ​ដែល​​មាន​​ទំហំ​​ទឹកប្រាក់​​ជាង ១០០ ​លាន​​ដុល្លារ​​អាមេរិក ក្រោម​​ហេតុ​ផល​​ថា ​អាជ្ញាធរ​​កម្ពុជា​ ​មិន​​បាន​​ធ្វើ​ការ​​កាត់​ទោស ឬ​​ចាត់​​វិធានការ​​ច្បាប់​ ​ចំពោះ​​ឈ្មួញ​​ទុច្ចរិត​​ដែល​​បាន​​ប្រព្រឹត្ត​​បទ​ល្មើស​​បំផ្លាញ​​ព្រៃឈើ​​ដោយ​​ខុស​ច្បាប់​ ​ក្នុង​​តំបន់​​អភិរក្ស​​ព្រៃឡង់​​នេះ​​ទេ។ ប៉ុន្តែ​​ពួក​គេ​​បែរ​ជា​​ព្យាយាម​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​សហគមន៍​​មូលដ្ឋាន និង​​សង្គម​​ស៊ីវិល ​ដែល​​ជា​​ដៃគូ​​របស់​​ខ្លួន ស្រប​​ពេល​​ដែល​​អ្នក​​ទាំង​នោះ​ បាន​​បង្ហាញ​​ពី​​កង្វល់​​ដ៏​​សម​​ហេតុផល​​លើ​​ការ​​បាត់​បង់​​ធនធាន​ធម្មជាតិ​​របស់​​កម្ពុជា​​ទៅ​វិញ៕

.