អត្ថបទដោយ TCD /17-6-2020
សកម្មជនការពារបរិស្ថាន បានថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ពីការលក់ទ្រព្យសម្បត្តិប្រទេសជាតិ ក្រោមលេសសម្បទានឲ្យទៅក្រុមហ៊ុនឯកជនថា «នាំឲ្យមានការរំលោភរដ្ឋធម្មនុញ្ញ ត្រង់ជំពូកទី៥ មាត្រា៥៨ យ៉ាងធ្ងន់ធ្ងរ»។
តំណាងយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ បានថ្លែងថា «នៅក្នុងតំបន់អាស៊ី កម្ពុជាកំពុងរងវិនាសកម្មធនធានធម្មជាតិធ្ងន់ធ្ងរបំផុត ក្រោមរូបភាពអភិវឌ្ឍ ដែលក្រុមហ៊ុនឯកជន ទទួលបានសិទ្ធិកាន់កាប់ពីរដ្ឋាភិបាល»។ ការលើកឡើងនេះ បានធ្វើឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន ឌីខេមបូឌា ឌែលី (The Cambodia Daily) កាលពីល្ងាចថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។
ក្នុងកម្មវិធីនេះដែរ លោក ថុន រដ្ឋា សកម្មជនចលនាមាតាធម្មជាតិ បានអះអាងថា «រដ្ឋាភិបាល បានលាក់បាំងអំពើល្មើសច្បាប់របស់ខ្លួន ជាមួយក្រុមហ៊ុន ដែលខ្លួនបានចូលដៃជាមួយ ក្នុងការកេងផលចំណេញពីសម្បត្តិជាតិ ដើម្បីក្រុមគ្រួសារ និងបក្ខពួកខ្លួនតែប៉ុណ្ណោះ»។
លើគេហទំព័រចលនាមាតាធម្មជាតិ បានចុះផ្សាយថា «លោក ហ៊ុន សែន បានលួចលក់កោះកុងក្រៅ ឲ្យទៅលោកឧកញ៉ា លី យ៉ុងផាត់ ជាម្ចាស់ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី ( Koh Kong SEZ CO,LTD- Koh Kong Special Economic Zone) ដែលជាកោះធំជាងគេរបស់កម្ពុជា ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៩»។
ជុំវិញបញ្ហានេះ លោក ហ៊ុន វណ្ណៈបានបញ្ជាក់ពីភស្តុតាង តាមរយៈផ្កាយរណបថា «ក្រុមហ៊ុននេះ កំពុងធ្វើសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើជាទ្រង់ទ្រាយធំ ក្នុងឆ្នេរទី៣ និងឆ្នេរទី៤ នៃតំបន់នោះ»។ លោកព្រមានថា «ដើម្បីរក្សាធនធានធម្មជាតិឲ្យនៅស្រស់បំព្រងដូចដើម រដ្ឋាភិបាលត្រូវតែលុបកិច្ចសន្យា ជាមួយក្រុមហ៊ុនជាបន្ទាន់ មុននឹងធនធានធម្មជាតិទាំងនោះ ត្រូវវិនាសទាំងស្រុង»។
ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិច (ឈ្មោះពេញ៖ Alejandro Gonzalez Davidson) អះអាងថា «រដ្ឋាភិបាល បានប្រគល់កោះកុងក្រៅ ទៅឱ្យក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ ដើម្បីធ្វើការអភិវឌ្ឍន៍នេះ»។ ជាងនេះទៅទៀត លោកមិនទុកចិត្តការអះអាងរបស់ក្រសួងបរិស្ថាន ដែលថានឹងដាក់ «កោះកុងក្រៅ» ជាឧទ្យានជាតិសមុទ្រឡើយ បើពិនិត្យមើលប្រវត្តិរបស់ក្រុមហ៊ុន Koh Kong SEZ នេះកន្លងមក។
កញ្ញា អ៊ីលាណ័រ នីកូល (Eleanor Nicole) មន្ត្រីកម្មវិធីសម្រាប់តំបន់អាស៊ី នៃអង្គការ Global Witness ប្រចាំក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបញ្ជាក់ថា «តាមការស៊ើបអង្កេតអំពីអំពើពុករលួយកម្រិតខ្ពស់ នៅកម្ពុជា បានរកឃើញថា លោក លី យ៉ុងផាត់ ដើរតួយ៉ាងសំខាន់ក្នុងជួររដ្ឋាភិបាលកម្ពុជា»។
កញ្ញា Nicole បន្តបន្តថា «លោក លី យ៉ុងផាត់ មានសណ្ឋាគារជាច្រើន មានក្រុមហ៊ុនកសិ-ឧស្សាហកម្ម ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនអគ្គិសនី និងបនល្បែងស៊ីសងកាស៊ីណូ នៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ។ កាលពីឆ្នាំ២០០៨ លោក លី យ៉ុងផាត់ បានកាន់កាប់ផ្ដាច់មុខ ក្នុងការបូមយកខ្សាច់ល្មើសច្បាប់ នៅខេត្តកោះកុង ដែលអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយអ្នកភូមិនៅទីនោះ បាននាំគ្នាតវ៉ាដល់ការបូមយកខ្សាច់នោះ ដោយសារធ្វើឲ្យប៉ះពាល់ដល់មុខរបរនេសាទ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេ»។
ផ្អែកតាមគេហទំព័ររបស់សភាពាណិជ្ជកម្មកម្ពុជា បានចេញផ្សាយថា លោក លី យ៉ុងផាត់ ជាអនុប្រធានសភាពាណិជ្ជកម្ម ជាសមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមហ៊ុនចំនួន ៩ ដូចជាក្រុមហ៊ុន Hero King, ក្រុមហ៊ុន VINA, ក្រុមហ៊ុន Koh Kong plantation, ក្រុមហ៊ុន Koh Kong Sugar Industry, ក្រុមហ៊ុន Koh Kong Sugar SeaBoard, ក្រុមហ៊ុន Electricity Private, ក្រុមហ៊ុន LP Oil Co., LTD., ក្រុមហ៊ុន ក្លឹបកម្សាន្តអន្តរជាតិ កោះកុង, ក្រុមហ៊ុន Duty Free Shop ដែលបច្ចុប្បន្នបានប្តូរមកជាក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី ( Koh Kong SEZ CO,LTD- Koh Kong Special Economic Zone) និងជាម្ចាស់កាស៊ីណូមួយចំនួន តាមព្រំដែនផងដែរ។
កោះកុងក្រៅ មានទំហំផ្ទៃដី ១០៣ គីឡូម៉ែត្រក្រឡា ទទឹងប្រវែង ៧ គីឡូម៉ែត្រ បណ្តោយ ១៩ គីឡូម៉ែត្រ ព្រមទាំងមានឆ្នេរខ្សាច់ ៦ កន្លែង៖ «ឆ្នេរទី១ ប្រវែង ១៨០០ ម៉ែត្រ។ ឆ្នេរទី២ ប្រវែង ២០៥០ ម៉ែត្រ។ ឆ្នេរទី៣ ប្រវែង ៧០០ ម៉ែត្រ។ ឆ្នេរទី៤ ប្រវែង ៩០០ ម៉ែត្រ។ ឆ្នេរទី៥ ប្រវែង ៧៥០ ម៉ែត្រ។ ឆ្នេរទី៦ ប្រវែង ៦៥០ ម៉ែត្រ»។ ហើយកោះនេះ មានតំបន់ទឹកធ្លាក់ ៩ កន្លែង និងកូនភ្នំជាច្រើន ស្ថិតនៅក្នុងភូមិកោះកាពិ ឃុំកាំកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយត្រឹមតែ ៣០ គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងខេរភូមិន្ទ។
ក្រុមសកម្មជនការពារបរិស្ថាន បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ ចូលរួមជួយការពារសម្បត្តិជាតិ ព្រោះពលរដ្ឋខ្មែរជាម្ចាស់ឆ្នោត ម្ចាស់ជោគវាសនាលើទឹកដីរបស់ខ្លួន។ បើប្រជាពលរដ្ឋ ធ្វើមិនដឹងមិនឮទេ នោះទ្រព្យសម្បត្តិជាតិ នឹងត្រូវបាត់បង់ដោយសាររដ្ឋាភិបាលពុករលួយ និងក្រុមឈ្មួញទុច្ចរិតជាមិនខាន៕
.