បញ្ជាក់៖ ពានរង្វាន់ Right Livelihood ធ្វើឡើងនៅទីក្រុងស្តុកខូម (Stockholm) ប្រទេសស៊ុយអែត Sweden) ថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០២៣។ សកម្មជនបរិស្ថានពីកម្ពុជា ៣រូប មានលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានអញ្ជើញឲ្យទទួលពានរង្វាន់នេះ។ – អត្ថបទបន្ថែមដោយលោក ម៉ែន ណាត
វិទ្យុអាស៊ីសេរី RFA /ដោយ ទីន ហ្សាការីយ៉ា
06th-10-2023
ក្រុមយុវជនចលនាមាតាធម្មជាតិ រុំខ្លួននឹងច្រវាក់ ស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីអនុញ្ញាតឲ្យពួកគេ បានចេញទទួលពានរង្វាន់កម្រិតអន្តរជាតិ នៅប្រទេសស៊ុយអែត (Sweden)។ មន្ត្រីអង្គការសង្គមស៊ីវិលថា ក្រសួងយុត្តិធម៌ និងតុលាការ គួរតែអនុញ្ញាតឲ្យក្រុមយុវជន បានទៅទទួលពានរង្វាន់ដោយផ្ទាល់ ដើម្បីបង្ហាញទៅពិភពលោកថា កម្ពុជាមានធនធានយុវជន ដែលមានឆន្ទៈការពារបរិស្ថាន។
ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រមាណ ១០នាក់ នៅរសៀលថ្ងៃទី៦ តុលា បានប្រមូលផ្ដុំគ្នា នៅផ្សាររាត្រីជាប់មាត់ទន្លេ ដើម្បីដង្ហែញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ ក្នុងគោលបំណងស្នើសុំកិច្ចអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឲ្យតុលាការ អនុញ្ញាតឲ្យពួកគេ បានទៅទទួលពានរង្វាន់កម្រិតអន្តរជាតិរ៉ៃត៍ ឡាយលីហូដ (Right Livelihood) នៅប្រទេសស៊ុយអែត (Sweden)។
ក្រុមយុវជនចលនាមាតាធម្មជាតិ នៅថ្ងៃនេះ បានរុំដៃ និងជើងដោយច្រវាក់ ដង្ហែគ្នាជាជួរក្រោមដំណក់ទឹកភ្លៀង បង្ហាញពីសិទ្ធិសេរីភាព របស់យុវជននៅប្រទេសកម្ពុជា គឺកំពុងស្ថិតនៅក្នុងការរឹតត្បិតកម្រិតធ្ងន់ធ្ងរមួយ។
ការដង្ហែញត្តិទៅក្រសួងយុត្តិធម៌នេះ ក៏ត្រូវបានឃ្លាំមើលពីមន្ត្រីអង្គការសង្គមស៊ីវិល រួមមាន អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) មជ្ឈមណ្ឌលការពារសិទ្ធិមនុស្សកម្ពុជា (CCHR) និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ ជាដើម។
ពួកគេទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋតាមដងផ្លូវ ហើយពលរដ្ឋបានសួរនាំថា តើយុវជនទាំងនោះ កំពុងធ្វើអ្វី?។ រំពេចនោះ ស្រាប់តែសមត្ថកិច្ចស្លៀកពាក់ស៊ីវិលថា ពួកហ្នឹងជាក្រុមបម្រើផលប្រយោជន៍បរទេស និងនាំរឿងអាក្រក់ៗរបស់កម្ពុជា ទៅឆាកអន្តរជាតិ។ ក្រុមយុវជន បានលើកឡើងថា ពួកគេមិនមែនស៊ីឈ្នួលបម្រើប្រយោជន៍បរទេសនោះទេ ពោលគឺ ពួកគេត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ជាអ្នកការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិ ហើយមានតែកម្ពុជាទេ ដែលចាត់ទុកយុវជនទាំងនោះ ជាអ្នកបម្រើផលប្រយោជន៍បរទេស។
យុវជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ថ្លែងថា ការដែលក្រុមយុវជន នៅតែបន្តទាមទារឲ្យ ក្រសួងយុត្តិធម៌ ជំរុញដល់តុលាការ អនុញ្ញាតឲ្យក្រុមយុវជនចលនាមាតាធម្មជាតិ បានទៅទទួលពានរង្វាន់ដោយផ្ទាល់ នៅប្រទេសស៊ុយអែត គឺជារឿងចាំបាច់មួយ សម្រាប់នាំកេរ្តិ៍ឈ្មោះកម្ពុជា ទៅលើឆាកអន្តរជាតិ និងបង្ហាញថា កម្ពុជា មានធនធានយុវជនក្លាហាន ចេញមុខការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិ។ «»
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៦ តុលា។
ទោះជាយ៉ាងណា នាយកផ្នែកតស៊ូមតិនៃ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា មានប្រសាសន៍ថា ការអនុញ្ញាតឲ្យក្រុមយុវជន បានទៅទទួលពានរង្វាន់កម្រិតពិភពលោកនេះ គឺនឹងនាំកេរ្តិ៍ឈ្មោះកម្ពុជា កាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ លោកស្នើដល់ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការ គួរតែអនុញ្ញាតឲ្យពួកគេ បានទៅទទួលពានរង្វាន់ដោយផ្ទាល់។ «»
យុវជនមាតាធម្មជាតិទាំងនោះ បាននាំគ្នាដាក់ញត្តិនៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ កញ្ញា ដើម្បីសុំការអនុញ្ញាតចាកចេញពីប្រទេសកម្ពុជា ទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិ រ៉ៃត៍ ឡាយលីហូដ (Right Livelihood) នៅក្រៅប្រទេស។ ប៉ុន្តែនៅថ្ងៃទី២ ខែតុលា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានច្រានចោលសំណើរបស់យុវជនចលនាមាតាធម្មជាតិ ដោយចាត់ទុកថា គ្មានភាពចាំបាច់ និងមិនអនុញ្ញាតឲ្យពួកគេ បានទៅទទួលពានរង្វាន់នោះដោយផ្ទាល់នោះទេ។
ទោះជាយ៉ាងនេះក្ដី យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល នៅតែទទូចដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញដល់តុលាការ ដើម្បីឲ្យក្រុមយុវជនចលនាមាតាធម្មជាតិ បានទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតពិភពលោក ដោយផ្ទាល់នៅប្រទេសស៊ុយអែត (Sweden)៕