អត្ថបទដោយ TCD / 21-6-2020

អ្នកឃ្លាំមើលសង្គម លើកឡើងថា កម្ពុជា​កំពុង​ធ្លាក់​ទៅ​ជាកូនអុក​ភូមិសាស្ត្រ​នយោបាយ​​របស់​​ប្រទេស​​​កុម្មុយនិស្ត {ឥទ្ធិពល​ចិន-វៀតណាម} ក្រោម​ប្រសែ​ភ្នែក​​មហាអំណាច​លោកសេរី។ ពួកគេ​​និយាយ​​ថា ការបោះ​ជំហាន​​របស់​​រដ្ឋាភិបាល​កម្ពុជា ទៅ​រកប្រទេស​កុម្មុយនិស្ត​ {ចិន} នៅ​ពេលនេះ គឺ​ជា​ខ្នង​​បង្អែក និង​​ទាត់​ចោល​លទ្ធិ​ប្រជាធិបតេយ្យ ធ្វើ​ឲ្យ​សហគមន៍​អ៊ឺរ៉ុប ដក​សេចក្តី​ទុកចិត្ត​ជាបន្ត​បន្ទាប់។

អ្នកស្រាវជ្រាវ​​ការអភិវឌ្ឍ​សង្គម លោកបណ្ឌិត មាស នី លើក​ឡើង​ថា «ខណៈកម្ពុជា​កំពុង​រង​អោនភាព​សេដ្ឋកិច្ច ដែល​បណ្តាល​មក​ពីជំងឺកូវីដ១៩ គណៈកម្មាធិការ​សហភាពអ៊ឺរ៉ុប បាន​សម្រេច​ប្រកាស​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ព្រមទាំង​បាន​ចាត់​កម្ពុជា ចូល​ទៅ​ក្នុង​ចំណោម​ប្រទេស លាង​លុយ​កខ្វក់ទៀត​ផង»។ នេះ​បើតាម​ការលើក​ឡើង​របស់​លោក ក្នុងកម្មវិធី Idea Talk នៃ​សារព័ត៌មាន ឌឹខេមបូ ឌែឌាលី (The Cambodia Daily) កាលពីរាត្រី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។

ក្នុងកម្មវិធី Idea Talk នេះដែរ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​លោក ហ៊ីង សុខសាន្ត​ ទាមទារ​ឲ្យ​រដ្ឋាភិបាល លើកលែង​ការចោទ​ប្រកាន់​លើរូប​លោក កឹម សុខា {មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ​} និង​ការ​រស់​ឡើង​វិញ​​របស់​គណបក្សនេះ ពីព្រោះ​ការបែកបាក់ផ្ទៃក្នុង​របស់​អ្នកនយោបាយ បាន​ទាញ​ទម្លាក់​ប្រទេស​​កម្ពុជា ឲ្យ​ដល់​ផ្លូវទ័លច្រក បណ្តាល​ឲ្យមាន​ទាំង​វិបត្តនយោបាយ និង​វិបត្តិសេដ្ឋកិច្ច។ លោកបញ្ជា្កក់​ថា «ដើម្បី​ដោះស្រាយ​អោនភាព​សេដ្ឋកិច្ច​កម្ពុជា និងសង្គ្រោះ EBA ២០% ត្រឡប់​មកវិញ អ្នកនយោបាយ​ត្រូវផ្សះផ្សា ឯកភាព​ជាតិ ស្តារ​លទ្ធិប្រជាធិបតេយ្យ បើក​ឲ្យមានសិទ្ធិសេរីភាព​បញ្ចេញ​មតិ និង​លុបបំបាត់ការរំលោភ​សិទ្ធិមនុស្ស​ជាដើម»

ចំណែកលោកបណ្ឌិត មាស នី មានប្រសាសន៍ថា «កម្ពុជា​នឹងបាត់បង់​ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យ​ជាតិ បើ​អ្នកនយោបាយ​ នៅ​តែរក្សា​ជំហរ​វប្បធម៌​រើសអើង​នយោបាយ ​ដូចសព្វថ្ងៃនះ»

សេចក្តីប្រកាសព័ត៌មាន​របស់គណៈកម្មការ​អឺរ៉ុប ចេញនៅ​ល្ងាចថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ បាន​ឱ្យ​ដឹង​ថា ការដកប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០% នឹង​ចូល​ជាធរមាន​នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០២០ ដ៏ខ្លីខាង​មុខ​នេះ​។

តំណាងជាន់ខ្ពស់​ទទួលបន្ទុកកិច្ចការ​បរទេស ​គោលនយោបាយ​សន្តិសុខ និងជាអនុប្រធាន​​គណៈ​កម្មការ​អឺរ៉ុប លោក Josep Borrell បាន​ព្រមាន​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ថា ដោយសារ​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ លើប្រព័ន្ធ​នៃ​គោលការណ៍​សិទ្ធិមនុស្ស ដែល​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដូច្នេះ​សហភាពអឺរ៉ុប គ្មាន​ជម្រើស​អ្វីក្រៅ​ពីការដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA នៃ​ការធ្វើ​ពាណិជ្ជកម្មនេះ​ឡើយ។ លោក​បន្តថា ដើម្បី​ឱ្យប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដូច​ដើម​ឡើង​វិញ អាជ្ញាធរ​កម្ពុជា​ ចាំបាច់​ត្រូវ​ចាត់វិធាន​ការជា​ចាំបាច់។

នៅថ្ងៃទី​២៩ ខែឧសភា កន្លងទៅ ធនាគារពិភពលោក World Bank បាន​ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុង​ក្រោយ សម្រាប់​ប្រទេស​កម្ពុជា «កម្ពុជា​នៅ​ក្នុង​កាលៈទេសៈមាន​វិបត្តិ​កូវីដ​-​១៩ (Cambodia in the Time of COVID-19)» ថា សេដ្ឋកិច្ចកម្ពុជា​ នឹង​ធ្លាក់​ចុះយ៉ាង​គំហុគ​រហូតដល់ -២.៩% ជា​វិបត្តិ​ដ៏អាក្រក់​បំផុត

ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុង​បង្កការប៉ះទង្គិច​យ៉ាង​ដំណំ ទៅ​លើ​ក្បាលម៉ាស៊ីន​សំខាន់ៗ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០២០ នេះ ក្នុងនោះ​មានវិស័យទេសចរណ៍ វិស័យ​ឧស្សាហកម្ម​នាំចេញ និង​ផ្នែកសំណង់​ជាដើម ដែលទាំងអស់នេះ តំណាង​ឱ្យ​ជាង ៧០% នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។

​លោក ហ៊ីង សុខសាន្ត លើក​ឡើង​ថា សហគមន៍​អន្តរជាតិ​កំពុង​យកចិត្ត​ទុកដាក់​លើ​យុទ្ធសាស្ត្រ​ចរចា​របស់លោក កឹម សុខា ដើម្បីស្តារ​វិបត្តិនយោបាយ និង​សង្គ្រោះ​សេដ្ឋកិច្ចជាតិ ឲ្យ​ងើប​ឡើង​វិញ។ លោកបន្តថាលោក កឹម សុខា ជាតួអង្គ​យ៉ាង​សំខាន់ និង​ជា​​និមិត្តរូប​ក្នុងការប្រមូល​កម្លាំង​ឲ្យ​មាន​ការួបរួម​ខ្មែរ និងខ្មែរ ឈាន​ទៅ​រកការផ្លាស់ប្តូរ​មួយ​ដោយសន្តិវិធី តាម​រយៈ​នៃការបោះឆ្នោត​ដោយ​ត្រឹមត្រូវ​ សេរី​ និង​​យុត្តិធម៌។

លោកបណ្ឌិត មាស នី លើក​ឡើង​ដែរ​ថា គណបក្សសង្គ្រោះជាតិ ត្រូវពិនិត្យ​មើល​ជំងឺផ្ទៃក្នុង​របស់​ខ្លួន​ឡើង​វិញ ជាជាង​ស្តីបន្ទោស​អ្នកដទៃ ព្រោះ​ការបែកបាក់​ផ្ទៃក្នុង​របស់​ខ្លួន​នេះ​ហើយ ដែល​ជាការផ្តល់​ឱកាស​ឲ្យគណបក្ស​កាន់អំណាច ទាញ​កម្ពុជា​ឲ្យធ្លាក់​ដុនដាប ដូច​សព្វថ្ងៃ​នេះ។

លោក​វាគ្មិនទាំងពីររូប មាន​ទុទិដ្ឋិនិយម​ថា ប្រព័ន្ធ ៥០%+១ {ប្រព័ន្ធ​បង្កើត​រដ្ឋាភិបាល ក្រោយ​ការបោះ​ឆ្នោត​ជាតិ} ជាដើម​ចម​ធ្វើឲ្យ​កម្ពុជា​ឯកោ និង​ធ្លាក់ចូល​ក្នុង​វិបត្តិគ្រប់​បែប​យ៉ាង ផ្ទុយ​ពី​ប្រព័ន្ធ ២/៣ ដែល​​សម្បទាន​ដោយ​អ៊ុនតាក់ (UNTAC) តម្រូវ​ឲ្យ​មាន​ការចរចា​នយោបាយ ដោយ​មិន​អាច​ទាត់​ចោល​ភាគី​ណាមួយ​បាន​ឡើយ៕

Cambodia EU - EBA

.