ដោយ CWCI Cambodia / 01st-6-2020

អតីត​សមាជិកសភា​អូស្ត្រាលី ដើមកំណើតខ្មែរ លោក ហុង លីម និង​​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្រ្តីជាន់​ខ្ពស់​គណ​បក្ស​​ប្រឆាំង (គណបក្ស​សង្គ្រោះជាតិ) យល់​ស្របគ្នា​ថា វៀតណាម​នៅ​តែ​ចញ្ចឹម​ចិត្ត ឈ្លាន​ពាន​បូរណភាព​ទឹកដីកខ្មែរ។ នេះបើ​តាម​កម្មវិធីជជែក​ពិភាក្សា Idea Talk នៃ​​សារព័ត៌មាន ឌឹ​ខេមបូឌា ដេលី (The Cambodia Daily) កាល​​ពី​ល្ងាច​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០។

លោក ហុង លីម អតីតសមាជិកសភា​អូស្ត្រាលី នៃ​រដ្ឋវិតូរៀ បាន​​ប្រតិកម្មថា វៀតណាម​​មាន​បំណង​​ឈ្លាន​​ពាន​​ចូល​ប្រទេស​កម្ពុជា ជា​លើកទី២ ដើម្បី​​ធ្វើ​​ឲ្យ​​កម្ពុជា​​កណ្តាល ក្លាយ​​ជាកម្ពុជា​ក្រោម​ទី២។ លោក​បាន​លើក​​ឡើង​​ធ្ងន់ៗ​ថា វៀតណាម​ ​គឺ​ជា​ចៅហ្វាយ​​ពិតប្រាកដ​​​របស់​ លោក ហ៊ុនសែន។ លោក​​បាន​កត់​​សម្គាល់​ចំពោះ​​​ទង្វើ​​របស់​វៀតណាម ថ្មីៗនេះ​ថា «ជាការឈ្លាន​ពាន​ចូល​​មក​បោះតង់​ ឬ​បោះជំរំ ក្នុង​​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា»។ លោកបន្ត​​ថា ទង្វើនោះ​គឺជា​ការបំបាក់​មុខ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​​ជាការ​បង្ហាញ​​ទង្វើ​ឈ្លានពាន​ ដោយ​​មិន​កោត​ញញើត​ មក​​លើ​កម្ពុជាផង​ដែរ។

ចំណែកព្រះអងម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​​មន្ត្រី​ជាន់ខ្ពស់​​គណបក្ស​សង្គ្រោះជាតិ​ បាន​​រំលឹកថា គណ​បក្ស​ប្រជាជន​​កម្ពុជា ត្រូវ​​បាន​​បង្កើត​​ឡើង​​ដោយ​​ប្រទេស​​វៀតណាម។ ព្រះអង្គ​បន្ត​ថា ខ្មែរ​​មិន​​​ត្រូវ​ភ្លេច​​រឿងនេះ និង​ដើម​កំណើត​គណបក្ស​នេះ​ឡើយ។ ព្រះអង្គ បាន​លើក​ឡើងថា «​មិន​សង្ឃឹម​ថា​ របបដឹកនាំ​ដោយគណបក្ស​ប្រជាជន​កម្ពុជា អាច​ដោះ​ដៃ​ ចេញ​ពីប្រទេស​វៀតណាម​បាន​ឡើយ ព្រោះ​ថ្នាក់ដឹកនាំ​គណបក្សនេះ សុទ្ធសឹង​ជាអតីត​កម្មាភិបាល​ នៃ​បក្សកុម្មុយ​កុម្មុយនីស្ត​វៀតណាម»

គណបក្ស​ប្រជាជន​កម្ពុជា ដែល​​មាន​ឈ្មោះ​​ដើម​​ថា «គណបក្ស​​ប្រជាជន​​បដិវត្ត​​កម្ពុជា» ត្រូវ​​បាន​​បង្កើត​ឡើង​​ដោយ លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន នៅ​ឆ្នាំ​ ១៩៥១។ លោក សឺន ង៉ុកមិញ ដែល​​មាន​​ឈ្មោះ​ជា​​ភាសា​​វៀតណាមថា ផាម យ៉ាំង ហូវ (Phạm Văn Hua) ​ដែល​​មាន​​ឪពុក​ជា​​ខ្មែរ​​ក្រោម និង​​ម្តាយ​​ជា​ជនជាតិ​​វៀតណាម នៅ​​ខេត្ត​​ព្រះត្រពាំង ក្នុង​ទឹកដីកម្ពុជា​​ក្រោម​នោះ គឺ​ជា​​អតីត​​សមាជិក​​គណបក្ស​​កុម្មុយនីស្ត​​ឥណ្ឌូចិន ដែល​​ត្រូវ​​បាន​បង្កើត​​ឡើង​ដោយ លោក ហូ ជីមិញ (Ho Chi Minh) តាំង​​ពី​ឆ្នាំ​១៩៣០។

បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា ​ក្រុង​ហ្សឺណែវ នៅ​ ខែ​​កក្កដា ឆ្នាំ ​១៩៥៤ ដែល​​ជា​​សន្ធិសញ្ញា​​បញ្ចប់​​ជា​ផ្លូវ​ការ​ ​នូវ​​អាណានិគម​​​បារាំង ក្នុង​​ភូមិ​ភាគ​​ឥណ្ឌូចិន ពេលនោះ​សមាជិក​គណ​​បក្ស​​ប្រជាជន​​បដិវត្ត​​កម្ពុជា ក៏​បាន​​បែក​​ចេញ​​ជា ៣ ​ក្រុម។ ក្រុម​ទី​១ ដឹក​នាំ​​ដោយ លោក សឺន ង៉ុកមិញ ហើយ​ដែល​​មាន​​យុទ្ធជន​​ប្រមាណ ២.៥០០ ​នាក់ ​ផ្សេង​ទៀត ក្នុង​នោះ​​ក៏​មាន លោក ប៉ែន សុវណ្ណ ផង​​ដែរ ត្រូវ​​បាន​​គេ​​បញ្ជូន​​ទៅ​​កាន់​ទីក្រុង​​ហាណូយ ប្រទេស​​វៀតណាម ដើម្បី​​ធ្វើ​ការ​​បណ្តុះ​បណ្តាល​​ផ្នែក​​នយោបាយ។ ក្រុម​ទី​២ ដឹក​​នាំ​​ដោយ លោក ទូ សាមុត លោក នួន ជា និង​លោក សោ ភឹម ជាដើម នៅ​​ធ្វើ​ចលនា​​នៅ​​ក្នុង​​ប្រទេស​កម្ពុជា​ បន្ត​​ទៀត ដោយ​​ជ្រក​ក្រោម​​ស្លាក ​«បក្ស​ប្រជាជន​​បដិវត្ត​​កម្ពុជា»។ ចំណែក ​ក្រុម​ទី​៣ បាន​​ប្រមូល​​ផ្តុំ​​គ្នា​​បង្កើត​​ជា​​គណបក្ស​នយោបាយ​​ស្រប​​ច្បាប់​​មួយ​​ឈ្មោះ​ថា «គណបក្ស​​ប្រជាជន»។

នៅ​ខែ​កញ្ញា ឆ្នាំ ​១៩៦០ ក្រោម​ការ​ដឹក​នាំ​​របស់ ទូ សាមុត បក្ស​ប្រជាជន​​បដិវត្ត​​កម្ពុជា បាន​​ប្រមូល​​ផ្តុំ​​គ្នា​​ធ្វើ​​មហា​​សន្និបាត​​បក្ស​​ លើក​ទី​​២ ក៏បាន​​ប្ដូរ​ឈ្មោះ​​ទៅ​​ជា «​បក្ស​​ពលករ​​កម្ពុជា» ដែល​​មាន​លោក ទូ សាមុត ជា​​លេខា​​បក្ស។

នៅ ២ ​ថ្ងៃ​មុន​​កងទ័ព​វៀតណាម ចូល​ឈ្លានពាន កាន់​​កាប់​​ក្រុង​ភ្នំពេញ នៅខែមករា ១៩៧៩ «រណសិរ្ស​​សាមគ្គី​​សង្គ្រោះ​​ជាតិ​​កម្ពុជា» បាន​​​ធ្វើ​​មហា​សន្និបាត​​បក្ស​​ ​ដើម្បី​​រៀបចំ​ស្ដារ និង​​កសាង​​នូវ​​រចនាសម្ព័ន្ធ​​ដឹក​នាំ​​បក្ស​​ប្រជាជន​​បដិវត្ត​​កម្ពុជា​ ឡើង​​វិញ។ មហា​សន្និបាត​​បក្ស​នេះ ត្រូវ​បាន​​ថ្នាក់​ដឹក​នាំ​​រណសិរ្ស​​សាមគ្គី​​សង្គ្រោះ​ជាតិ​​កម្ពុជា មានលោក ប៉ែន សុវណ្ណ លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន ជា​ដើម​ បាន​ចាត់​​ទុក​​ថា ជា​មហា​សន្និបាត​​លើក​ទី​៣ របស់​​បក្ស​​ប្រជាជន​​បដិវត្តកម្ពុជា។ ឈ្មោះ​បក្ស​ប្រជាជន​បដិវត្ត​​កម្ពុជា ត្រូវ​បាន​​គេ​​ប្រើប្រាស់​​ឡើង​​វិញ​​ តាំង​​ពី​​ ខែ​មករា ឆ្នាំ​ ១៩៧៩ នោះ​​មក​រហូត​​ដល់​​ឆ្នាំ​ ១៩៩១ នៅ​​ពេល​​ដែល​​ឈ្មោះ​​នេះ​​ ត្រូវ​​បាន​​គេ​ប្ដូរ​​ទៅ​​ជា​ គណបក្ស​​ប្រជាជន​​កម្ពុជា ហើយ​​ដែល​ត្រូវ​​គេ​ស្គាល់​​រហូត​​មក​ទល់​​ពេល​​បច្ចុប្បន្ន​នេះ។ ​

គួរបញ្ជាក់ថា ទាហាន​វៀតណាម ចូល​បោះតង់ ឬ​បោះ​ជំរំ នៅតំបន់​ព្រំដែន​កម្ពុជា ខេត្តកណ្តាល ចំនួន ៣១ កន្លែង តាំង​ពីថ្ងៃទី ២៦ មេសា ឆ្នាំ ២០២០។ លុះមក​ដល់​ថ្ងៃទី ២៨ ឧសភា ពួកគេ​ទើប​រុះរើ​ចេញ​បាន ៩ កន្លែង​ប៉ណ្ណោះ។ ចំណែក​នៅខេត្តតាកែវ ទាហាន​វៀតណាម បានបោះជំរំ ៨៣ កន្លែង មានចម្លាយពី ៣០ ម៉ែត្រ ពីព្រំដែន។ នេះ​បើតាម​អភិបាល​ខេត្តតាកែវ បាន​ថ្លែង​នៅ​ថ្ងៃទី ២៨ ឧសភា។

ក្រុមអ្នកឃ្លាំមើល​ព្រំដែន​កម្ពុជា បាន​ចាត់​ទុកទាហានវៀតណាម ដែលចូលបោះតង់ ឬ​បោះ​ជំរំ នៅ​ព្រំដែន​​កម្ពុជា ​ថា​ ជាការរួមចំណែក​នៃ​គណបក្សកាន់អំណាច​ របស់​លោក ហ៊ុន សែន ដែល​បាន​​​​​​ជួយ​​សម្រូល​​​​ដល់​​ប្រទេស​​វៀតណាម​ ឈ្លានពាន​​​កម្ពុជា តាមរយៈ​សន្ធិសញ្ញា និង​ឯកសារ​ខុសច្បាប់​ជាច្រើន ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ​១៩៩១។ ក្រុមអ្នកឃ្លាំមើល​ បញ្ជាក់ដែរ​ថា​​ជនជាតិ​វៀតណាម ដែល​មិន​ទាន់​ស្រប​​ច្បាប់​ នៅ​​​កម្ពុជា​ មិន​សូវ​​គ្រោះ​​ថ្នាក់​​ដូច​ជនជាតិ​វៀតណាម​ ដែល​កំពុង​សំងំ​​នៅ​ក្នុង​ជួរ​​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​កាន់​អំណាច នោះ​​ទេ។

លោក ហុង លីម បានបញ្ជាក់​ថា ប្រទេសអាស៊ាន ទាំង ១០ បាន​ចាត់ទុក​កម្ពុជា ជាប្រទេស​មាន​វិបត្តិនយោបាយ​​ធ្ងន់ធ្ងរ​ ជាមួយ​ប្រទេស​វៀតណាម ដែល​នាំភាពចង្រៃ​ដល់​ប្រទេស​សមាជិក​អាស៊ាន ទាំងនោះ។ លោក បាន​ផ្តល់អនុសាសន៍​ថា «លោក​ ហ៊ុន សែន គួរតែ​​ធ្ចើ​កិច្ចការ​ជារដ្ឋបុរស វិញម្តង ហើយ​ក៏ល្មម​ដល់ពេល​បញ្ឈប់​ទង្វើ​លេង​ល្បិច​ដាក់​ខ្មែរ​គ្នាឯង​ទៀតហើយ»

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏បាន​​សង្កត់ធ្ងន់​ផង​ថា «បើខ្មែរ​ មិន​រួបរួម​ដើម្បីឲ្យ​មាន​ការឯកភាព​ជាតិទេ​ ខ្មែរ​មិន​អាច​បញ្ចប់​វិបត្តិ​នយោបាយ​បាន​ឡើយ»

.