វិទ្យុអាស៊ីសេរី RFA /ដោយ ខាន់ លក្ខិណា
14-11-2023

រដ្ឋាភិបាល​អាណត្តិ​ទី៧​ បាន​សម្រេច​ផ្ដល់​យន្តការ​មួយ​ចំនួន​ សម្រាប់​បើកឱកាស​ដល់​ជន​បរទេស​ ឱ្យទិញ ​និង​កាន់កាប់​អចលន​ទ្រព្យ​​នៅ​កម្ពុជា​បាន បន្ទាប់​ពី​ក្រុម​ឧកញ៉ា​ ស្នើ​សុំ​ទៅ​កាន់​រដ្ឋាភិបាល។

ជុំវិញ​រឿង​នេះ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​សម្ដែង​ក្ដី​បារម្ភ និង​ចាត់​ទុក​ការ​បើក​ផ្លូវ​ដល់​ជន​បរទេស ​ឱ្យ​អាច​ទិញ និង​កាន់​កាប់​អចលន​ទ្រព្យ​នៅ​កម្ពុជា​នេះ​ថា ជា​ដំណោះ​ស្រាយ​ដោះ​ទ័ល ដើម្បី​ការពារ​អំណាច​របស់​រដ្ឋាភិបាល។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ផ្ដល់​យន្តការ​ចំនួន ៣ ដើម្បី​បើក​ផ្លូវ​ឲ្យ​ជន​បរទេស អាចទិញ និង​កាន់​កាប់​​អចលន​ទ្រព្យ​​នៅ​ប្រទេស​កម្ពុជា​បាន ក្រោម​ហេតុ​ផល ដោះស្រាយ​វិស័យ​សំណង និង​អចលនទ្រព្យ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ។

ការ​ប្រកាស​របស់​លោក ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រុម​អ្នកឧកញ៉ា ឧកញ៉ា​មក​ពី​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២៣ បាន​ស្នើ​ដល់​រដ្ឋាភិបាល​ ឱ្យ​ជួយ​ដោះ​ស្រាយ​វិបត្តិ​លើ​វិស័យ​​សំណង់ និង​វិស័យ​អចលន​ទ្រព្យ ដែល​ពួកគេ​ថា កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ នា​ពេល​បច្ចុប្បន្ន។

អំឡុង​ពេល​នោះ ក្រុម​អ្នក​ឧកញ៉ា ឧកញ៉ា ដែល​ជា​ម្ចាស់​បុរី​នៅ​កម្ពុជា ស្នើ​រដ្ឋាភិបាល ជួយ​សម្រួល​ដល់​ជន​បរទេស​​ឱ្យ​ពួក​គេ មាន​សិទ្ធិ​ទិញ​ដី ផ្ទះ នៅ​កម្ពុជា ដើម្បី​ជួយ សង្គ្រោះ​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​ឱ្យ​ងើប​ឡើង​វិញ។

ក្នុង​វេទិកា​រដ្ឋាភិបាល និង ផ្នែក​ឯកជន​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​ មិន​អនុញ្ញាត​ឱ្យ​ជន​បរទេស​ ទិញ​ដី ផ្ទះ និង​អចលន​ទ្រព្យ​នៅ​កម្ពុជា ក៏​ពិត​មែន​ ប៉ុន្តែ​មាន​យន្តការ​​ចំនួន ៣ ដែល​ផ្តល់ សិទ្ធិ​ឱ្យ​ជន​បរទេស​អាច​ទិញ និង​កាន់​កាប់​អចលន​ទ្រព្យ​ ដោយ​មាន​សិទ្ធិ​ស្ទើរ​តែ​ដូច​គ្នា​ នឹង​សិទ្ធិ​របស់​កម្មសិទ្ធិករ

យន្តការ​ទាំង​ ៣ នោះ​រួម​មាន យន្តការ​តាម​រយៈ​តំណាង​ជា​ជន​ជាតិ​ខ្មែរ ដែល​យន្តការ​នេះ អនុញ្ញាត​ឱ្យ​ជន​បរទេស​អាច​ទិញ​ដី​បាន តាម​រយៈ​តំណាង​ជន​ជាតិ​ខ្មែរ ប៉ុន្តែ​នៅ​លើ​ប័ណ្ណ​កម្មសិទ្ធិ ត្រូវ​ដាក់​ឈ្មោះ​អ្នក​តំណាង​ជា​ជន​ជាតិ​ខ្មែរ ហើយ​ដើម្បី​ការពារ​ដល់​អ្នក​វិនិយោគ​បរទេស​ទាំង​នោះ ពួក​គេ​ត្រូវ​តែ​មាន​ កិច្ច​សន្យា​ធានា ជាមួយ​អ្នក​តំណាង​របស់​ខ្លួន។

យន្តការ​មួយ​ទៀត គឺ​ជា​យន្តការ​តាម​រយៈ​ក្រុមហ៊ុន​បរធនបាល ឬ ក្រុមហ៊ុន ដែល​ទុក​ចិត្ត (Trust Company) ដែល​ជន​បរទេស ​អាច​ទិញ​ទ្រព្យសម្បត្តិ ដោយ​មាន​ក្រុមហ៊ុន​បរធនបាល​ដើរ​តួ​ជា​អ្នក​គ្រប់គ្រង​ទ្រព្យសម្បត្តិ​នេះ តែ​ក្រុមហ៊ុន​នោះ​ គ្មាន​សិទ្ធិ​យក​ទៅ​លក់​បន្ត​ឡើយ ដរាបណា​មិន​មាន​ការ​ យល់​ព្រម​ពី​ជន​បរទេស ដែល​ជា​ម្ចាស់​ទ្រព្យ។

ចំណែក​យន្តការ​ទី៣ គឺ​ជា​យន្តការ​វិនិយោគ​តំបន់​ទេសចរណ៍​ពិសិដ្ឋ ដែល​ក្នុង​នោះ ម្ចាស់​តំបន់ ដៃ​គូ​តំបន់ ឬ​ទេសចរ​ពិសេស អាច​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ជា​ដើម។

ក្រៅ​ពី​យន្តការ​ទាំង​បី​នេះ លោក ហ៊ុន ម៉ាណែត បាន​លើក​អនុសាសន៍​ផ្ដល់​យន្តការ​មួយ​បន្ថែម​ទៀត​ ក្នុង​ការ​បើក​ឱកាស​ឱ្យ​ជន​បរទេស​ មាន​សិទ្ធិ​កាន់​កាប់​ដី​ធ្លី និង​ផ្ទះ ប្រហាក់​ប្រហែល​នឹង​សិទ្ធិ​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ នៅ​ប្រទេស​កម្ពុជា​ដែរ តាម​វិធី​ឱ្យ​ជន​បរទេស​ ជួល​រយៈពេល​វែង ដោយ​មិន​ចាំ​ធ្វើ​វិសោធនកម្ម ឬ​កែ​រដ្ឋធម្មនុញ្ញ​ឡើយ។

លោក ហ៊ុន ម៉ាណែត៖ «ទោះ​បី​ជា​ជន​បរទេស មិន​មាន​សិទ្ធិ​ទិញ​ដី ភូមិ​គ្រឹះ ផ្ទះ​នៅ​ជាន់ ផ្ទាល់ ដី​ជា​កម្ម​សិទ្ធិ​បាន​ក៏​ដោយ ជន​បរទេស​អាច​ចុះ​កិច្ច​សន្យា​ជួល ​អចិន្ត្រៃយ៍​ ជួល​រយៈ ​ពេល​វែង​នូវ​អចលនទ្រព្យ​ទាំង​នោះ ​ក្នុង​រយៈពេល​ចាប់​ពី ​១៥​ ឆ្នាំ​ដល់​ ៥០ ​ឆ្នាំ​ នឹង​អាច​បន្ត​ការ​ជួល​រយៈពេល​ដល់ ​៥០ ​ឆ្នាំ​ទៀត ដោយ​ពិនិត្យ​ ទទួល​បាន​នៅ​សិទ្ធិ​ប្រត្យក្ស​ ស្ទើរ​តែ​ដូច​នឹង​សិទ្ធិ​ របស់​កម្មសិទ្ធិករ​ដែរ​ រួម​មាន​សិទ្ធិ​ប្រើប្រាស់ ​សិទ្ធិ​អាស្រ័យ​ផល​ សិទ្ធិ​ផ្ទេរ​តាម​រយៈ​អំណោយ កាដូ ការ​ទិញ​លក់ ការ​ទិញ​បន្ត និង​សន្តិកម្ម​ជាដើម»។

រយៈពេល​ជាង​ ១​ខែ​ចុង​ក្រោយ​នេះ អតិថិជន ​របស់​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ រាប់​រយ​នាក់​ បាន​ផ្ទុះ​ការ​តវ៉ា​ នៅ​ពេល ​ដែល​ក្រុមហ៊ុន​ មិន​បាន​ទទួល​ទិញ​ផ្ទះ​ពី ​ពួកគេ​វិញ។  ការ​លក់​ផ្ទះ​ទៅ​ឱ្យ​ក្រុមហ៊ុន ​វិញ​នេះ ពលរដ្ឋ​អះអាង​ថា ​ពួក​គេ​​អស់​ លទ្ធភាព​រក​ប្រាក់​បង់​រំលស់​បន្ត​ ដោយសារ​ ជួប​បញ្ហា​សេដ្ឋកិច្ច។

តែ​យ៉ាង​ណា ​ម្ចាស់​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ ឧកញ៉ា ​ហុង ពីវ​ ប្រកាស​ពី​ការ​ក្ស័យធន​ បើ​សិន​ធ្វើ​តាម​ការ​ ទាមទារ​របស់​ អតិថិជន​មួយ​ចំនួន​ ក្រោម​ហេតុ​ផល​ថា ​ក្រុមហ៊ុន​របស់​លោក​ ក៏​កំពុង​តែ​ជាប់​ជំពាក់​​បំណុល​​គេ​​ដែរ ។

ជុំវិញ​រឿង​នេះ អតីត​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​ អ៊ុំ សំអាន បារម្ភ​ថា​ ការ​ផ្តល់​លទ្ធភាព​ឱ្យ​ជន​បរទេស កាន់​កាប់ ជួល​ផ្ទះ និង​ដី នៅ​កម្ពុជា​ រយៈ​ពេល​យូរ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បូរណភាព​​ទឹក​ដី​កម្ពុជា។

លោក អ៊ុំ សំអាន យល់​ថា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ រដ្ឋាភិបាល​ មិន​រហូត​ដល់​ចាំ​បាច់​រៀបចំ ឬ​បង្កើត​យន្តការ​ផ្តល់​ឱកាស​ឱ្យ​ជន​បរទេស ​អាច​ទិញ និង​កាន់កាប់​អចលនទ្រព្យ​នៅ​កម្ពុជា​នោះ​ទេ រដ្ឋាភិបាល​ត្រូវ​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​ដោះ​ស្រាយ​បញ្ហា​គ្រឿង​ញៀន រួម​ទាំង​ការ​ជួញ​ដូរ​មនុស្ស​ ជា​ដើម ដើម្បី​ឱ្យ​វិនិយោគិន​បរទេស​ល្អៗ មក​បណ្ដាក់​ទុន​រក​ស៊ី បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ខ្មែរ។

លោក អ៊ុំ សំអាន៖ «ឱ្យ​ជន​បរទេស​មាន​សិទ្ធិ​ជួល​រយៈ​ពេល​វែង មិន​មែន​ជា​រឿង​ល្អ ប៉ុន្មាន​ទេ ព្រោះ​គាត់​ថា នឹង​ឱ្យ​ជន​បរទេស​ជួល​រយៈ​ពេល ១៥ ឆ្នាំ ទៅ ៥០ ឆ្នាំ​ហើយ អាច​ពន្យារ​រហូត​ដល់ ៥០ ឆ្នាំ​ទៀត។ អ៊ីចឹង ៥០ឆ្នាំ​ពីរ​ដង វា ១០០ ឆ្នាំ​​បាត់​​ហើយ។ អ៊ីចឹង វា​ប៉ះពាល់​ដល់​ជន​បរទេស ដូច​ជា វៀតណាម​ជា​ដើម ជួល​ដី ឬ ​ជួល​ផ្ទះ​នៅ ​តាម​ជាយ​​ដែន​អី​ហ្នឹង វា​អាច​ប៉ះពាល់​ទៅ​ដល់​បូរណភាព​​ទឹក​ដី​កម្ពុជា​ដែរ។ អា​ហ្នឹង យើង​ត្រូវ​ពិនិត្យ​ចំណុច​ហ្នឹង ជា​ពិសេស សម្រាប់​ជន​បរទេស ​ដែល​នៅ​ជិត​ខាង​យើង​ហ្នឹង»។

ប្រធាន​​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត ព្រួយ​បារម្ភ​ខ្លាច​ការ​បើក​លទ្ធភាព​ឱ្យ​ជន​បរទេស​ ទិញ និង​កាន់​កាប់​ អចលន​ទ្រព្យ រួម​ទាំង​អាច​ជួល​ដី និង​ផ្ទះ នៅ​កម្ពុជា ធ្វើ​ឡើង​មិន​មាន​តម្លាភាព ដោយសារ​រដ្ឋាភិបាល​បច្ចុប្បន្ន គិត​តែ​ពី​ដោះស្រាយ​​នយោបាយ ដើម្បី​​ការពារ​អំណាច​ ដោយ​មិន​គិត​អំពី​ផល​ប្រយោជន៍​​ជាតិ​​ជា​សំខាន់​ឡើយ។

លោក​ហៅ​យន្តការ​របស់​លោក ហ៊ុន ម៉ាណែត ថា ជា​យន្តការ​ដោះ​ទ័ល តែ​ប៉ុណ្ណោះ ​ហើយ​យន្តការ​នេះ លោក​ថា វា​ហាក់​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​ របស់​ជាតិ។

លោក ម៉ែន ណាត​៖ «ហួស​ព្រំដែន​នៃ​រដ្ឋធម្មនុញ្ញ​ហើយ ហើយ​ហួស​ព្រំដែន​នៃ​រដ្ឋ​ធម្មនុញ្ញ​ វា​ចូល​នឹង​កម្រិត​មួយ​លក់​អធិបតេយ្យ​ហើយ ហើយ​បើ​សិន​បណ្ដោយ​ឱ្យ​ជន​បរទេស ជា​ពិសេស ជន​បរទេស ​ដែល​មាន​មហិច្ឆតា​​ឈ្លាន​​ពាន​​កម្ពុជា គេ​នាំ​គ្នា​មក​ទិញ​ដី ទិញ​ធ្លី​ ទិញ​ផ្ទះ​សម្បែង​ នៅ​ពេល​ស្រុក​​ខ្មែរ ហើយ​ថ្ងៃ​ណា​មួយ វា​ធ្វើ​វិទ្ធង្សនា អបគមន៍​​អី​​នោះ តើ​រដ្ឋាភិបាល​កម្ពុជា ​គិត​យ៉ាង​ម៉េច​(?) អា​នេះ​វា​ជា​ក្ដី​បារម្ភ​ធំ​ណាស់​​សម្រាប់​កម្ពុជា»។

ក្រុម​អ្នក​តាម​បញ្ហា​សង្គម​នៅ​កម្ពុជា សម្ដែង​ការ​ព្រួយ​បារម្ភ​ថា យន្តការ​របស់​លោក ហ៊ុន ម៉ាណែត ដែល​បើក​ឱកាស​​ឱ្យ​ជន​បរទេស ​កាន់​កាប់​ដីធ្លី និង​ផ្ទះ នៅ​​ប្រទេស​កម្ពុជា​នេះ អាច​បង្ក​ជា​បញ្ហា​អសន្តិសុខ និង​នាំ​ហានិភ័យ​ដល់​បូរណភាព​ទឹក​ដី​​កម្ពុជា ​នៅ​ពេល​អនាគត ស្រប​ពេល​កម្ពុជា​ មាន​ប្រព័ន្ធ​ដឹក​នាំ​ខ្សោយ បក្ខពួក​និយម និង​អំពើ​ពុករលួយ​ ជា​ដើម។

ក្រៅ​ពី​ព្រួយ​បារម្ភ អ្នក​តាម​បញ្ហា​សង្គម ក៏​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ​ឱ្យ​​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ​ក្នុង​គោល​ដៅ​ផ្សះផ្សា​ស្មារតី​ជាតិ​ខ្មែរ​និង​ខ្មែរ​ឡើង​វិញ។

ពួកគេ​ថា​ បើ​សិន​ជា​រដ្ឋាភិបាល​ធ្វើ​បាន​នោះ ​កម្ពុជា​នឹង​ទទួល​បាន​​អត្ថ​ប្រយោជន៍​​យ៉ាង​ច្រើន ​ត្រឡប់​មក​វិញ ​ដូច​ជា​ ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក​ ហើយ​មន្ត្រី​ធំៗ​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ អាច​រួច​ផុត​ពី​ទណ្ឌ​កម្ម​របស់​សហរដ្ឋ​អាមេរិក​ ខណៈ​វិស័យ​វិនិយោគទុន ​ក៏​អាច​ប្រសើរ​ឡើង​ ដែល​ធ្វើ​ឱ្យ​ជីវភាព​ប្រជា​ពលរដ្ឋ ល្អ​​ជាង​បច្ចុប្បន្ន ​ជា​ដើម៕