
សិក្សាច្បាប់៖ របៀបបង្កើតរដ្ឋាភិបាលថ្មី តាមរូបមន្ត ២ភាគ៣ (២/៣) និង ៥០បូក១ (៥០%+១)
សូមទាញយក Download ។
១. រូបមន្ត ២ភាគ៣ (២/៣) ត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ពីឆ្នាំ១៩៩៣ ដល់ថ្ងៃទី ១៤ កុម្ភៈ ២០០៦ ជារូបមន្តដ៏ស្មុគស្មាញ សម្រាប់គណបក្សនយោបាយ ដែលឈ្នះការបោះឆ្នោតជាតិ ជាប់លំដាប់ទី១ ពិបាកបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន ម្ល៉ោះហើយត្រូវរកចាប់ដៃគូចរចា ជាមួយគណបក្សជាប់ឆ្នោតផ្សេងទៀត ដើម្បីបង្គ្រប់កូរ៉ុម ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដែលហៅថា «រដ្ឋាភិបាលចម្រុះ» ដែលអាចធានាបាននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ រក្សាតុល្យភាពអំណាច និងធ្វើឲ្យមានភាពប្រសើរឡើងនូវការគោរពច្បាប់។
រូបមន្តនេះ គឺគេយកចំនួនសមាជិកសភាសរុប គុននឹង ២ រួចចែកនឹង ៣។ ឧទហរណ៍ នៅអាណត្តិទី៣ (២០០៣-២០០៨)៖ ១២៣ x ២ = ២៤៥ ។ រួចយកលទ្ធផល ២៤៦/៣ = ៨២។
ដូច្នេះគណបក្សឈ្នះឆ្នោត ទាល់តែរកបានសម្លេង ៨២ យ៉ាងតិច ដើម្បីបង្កើតរដ្ឋាភិបាលបាន។ ជាមួយគ្នានេះ នៅមានលក្ខខណ្ឌបន្ទាប់សន្សំមួយចំនួនទៀត ដើម្បីបង្គ្រប់យន្តការផ្លូវការ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
២. រូបមន្ត ៥០បូក១ ឬ ៥០%+១ (រដ្ឋធម្មនុញ្ញ មាត្រា៩០ ថ្មី) ត្រូវបានរដ្ឋសភាជាតិ អនុម័តដោយសម្លេងគាំទ្រ ១០១ ក្នុងចំណោមសមាជិកសភា សរុប ១២៣ នៅថ្ងៃទី ០២ មីនា ២០០៦។ ការឈានទៅរកការអនុម័តរូបមន្តនេះ បានកើតឡើងដោយកិច្ចប្រជុំសម្ងាត់ តែ ២ នាក់ រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី រយៈ ៣ ម៉ោង ក្នុងរដ្ឋសភា ថ្ងៃទី ១២ កុម្ភៈ ២០០៦។ ការអនុម័តកែប្រែរដ្ឋធម្មនុញ្ញនោះ មានការចូលរួមពីបក្សប្រឆាំង (២៤ អាសនៈ) ដឹកនាំដោយលោក សម រង្ស៊ី, បក្សប្រជាជនកម្ពុជា (៧៣ អាសនៈ) ដឹកនាំដោយលោក ជា ស៊ីម និងលោក ហ៊ុន សែន និងគណបក្សហ៊្វុនស៊ិនប៉ិច (២៦ អាសនៈ) ដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ (ប៉ុន្តែព្រះអង្គខ្លួនឯង បានលាលែងពីប្រធានរដ្ឋសភា តាំងពីថ្ងៃទី ៣ មីនា ដោយសារការខ្វែងគំនិតគ្នា ក្នុងរឿងកែប្រែរូបមន្តនេះ)។
រូបមន្ត ៥០%+១ នេះ គឺគេយកចំនួនអាសនៈសរុបរបស់រដ្ឋសភា ចែកជា ២ រួចបូក ១ បន្ថែម។ ឧទាហរណ៍៖ ១២៣/២ = ៦១,៥ គឺគេកំណត់យក ៦២+១ = ៦៣ ។
ដូច្នេះគណបក្សដែលឈ្នះការបោះឆ្នោត ទទួលបានអាសនៈរដ្ឋសភា ចាប់ពី ៦៣ កៅអីឡើងទៅ អាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន ដោយគ្រាន់តែបំពេញលក្ខខណ្ឌមួយចំនួន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
អាសនៈរដ្ឋភាជាតិ ត្រូវបានបង្កើនឡើងរហូត ១២៥ តាមការអនុម័តរបស់រដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ និងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន នៅថ្ងៃទី ២០ មិថុនា ឆ្នាំ ២០១៧។ ការអនុម័នេះ ត្រូវបានអនុវត្តចាប់ពីការបោះឆ្នោតជាតិ ឆ្នាំ ២០១៨ តទៅ។
គួបញ្ជាក់ថា ចាប់ពីអាណត្តិទី៤ ក្នុងឆ្នាំ ២០០៨ រហូតសព្វថ្ងៃ គឺគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំរដ្ឋាភិបាលម្នាក់ឯង ដែលនាំឲ្យមាន «ការរំលោភអំណាច និងរំលោភលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ»។
(ដោយលោក ម៉ែន ណាត អតីតមន្រ្តីនាយកដ្ឋាននីតិវិធី នៃរដ្ឋសភា ឆ្នាំ១៩៩៩-២០០៦ និងសព្វថ្ងៃជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)
.
បុព្វហេតុក្នុងការប្រែរដ្ឋធម្មនុញ្ញ ពីរូបមន្ត ២ភាគ៣ (២/៣) មក ៥០%+១
(អត្ថបទដោយ CWCI Cambodia)
នៅក្នុងសារវីដេអូខ្លីមួយ ធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៥ ហើយបានផ្សាយឡើងវិញលើបណ្តាញសង្គម នៅថ្ងៃទី ២១ ឧសភា ២០២០ នេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានរំលឹកអំពីមូលហេតុ ២ ចំណុច ដែលនាំឲ្យលោក សម រង្ស៊ី ចូលរួមជាមួយលោក ហ៊ុន សែន ក្នុងការកែប្រែរដ្ឋធម្មនុញ្ញ ពី ២ភាគ៣ (២/៣) មក ៥០%+១ នៅដើមឆ្នាំ ២០០៦ ដែលកាលនោះ លោក សម រង្ស៊ី នៅជាប្រធានគណបក្សសម-រង្ស៊ី មានអាសនៈ ២៤ ក្នុងចំណោមអាសនៈសរុប ១២៣ ក្នុងរដ្ឋសភាជាតិ ជាបក្សប្រឆាំង (អាណត្តិទី៣ ឆ្នាំ២០០៣-២០០៨)។ ចំណែក បក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មានអាសនៈ ២៦ ក្នុងរដ្ឋសភា បានចូលរួមធ្វើរដ្ឋាភិបាលចម្រុះ ជាមួយបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ដែលមាន ៧៣ អាសនៈ។
តាមរូបន្ត ២ភាគ៣ (២/៣) ក្នុងអាណត្តិទី៣ កាលនោះសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ត្រូវបានតែងតាំងជាប្រធានរដ្ឋសភា ហើយលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី។ ក្រសួង និងស្ថាប័ននយោបាយនានារបស់រដ្ឋាភិបាល ត្រូវបានចែកគ្នាដឹកនាំ តាមគោលការណ៍នៃកិច្ចព្រមព្រៀង រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច នៅគ្រានោះ។
លោក ម៉ែន ណាត បានថ្លែងបញ្ជាក់ក្នុងវីដេអូថា «ជាថ្នូរក្នុងការធ្វើមាតុភូមិនិវត្តិន៍» លោក សម រង្ស៊ី បានយល់ព្រមជាមួយលោក ហ៊ុន សែន ចំនួន ២ ចំណុច៖ «ទី១. រំសាយពាក្យបណ្តឹង ឬដកពាក្យបណ្តឹងពីតុលាការ នៅទីក្រុងញូវយក សហរដ្ឋអាមេរិក ដែលលោក រ៉ន អាប់នី (Ron Abney) អតីតប្រធានអង្គការ IRI របស់អាមេរិកនៅកម្ពុជា និងលោក សម រង្ស៊ី បានប្តឹងលោក ហ៊ុន សែន និងជនពាក់ព័ន្ធ អំពីករណីគប់គ្រាប់បែកដៃ ចូលក្នុងហ្វូងបាតុករ នៅថ្ងៃទី ៣០ មីនា ១៩៩៧ ខាងមុខរដ្ឋសភាជាតិ {បណ្តាលឲ្យបាតុករ ១៦ នាក់ស្លាប់ និងជាង ១០០ នាក់រងរបួស}។ ទី២. យល់ព្រមចូលរួមកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០%+១ (រដ្ឋធម្មនុញ្ញ មាត្រា៩០ ថ្មី)»។
លោក សម រង្ស៊ី បានវិលត្រឡប់ពីការភៀសខ្លួននៅប្រទេសបារាំង មកកាន់កម្ពុជាវិញ កាលពីថ្ងៃទី ១០ កុម្ភៈ ២០០៦ តាមព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងថ្ងៃទី ០៥ ខែកុម្ភៈដដែល បន្ទាប់ពីលោក បានសរសេរលិខិតសុំទោស ទៅកាន់លោក ហ៊ុន សែន។
នៅថ្ងៃទី ១២ កុម្ភៈ ២០០៦ លោក សម រង្ស៊ី បានជួបប្រជុំដោយឡែកជាមួយលោក ហ៊ុន សែន រយៈពេល ៣ ម៉ោង ជុំវិញយន្តការប្រែរដ្ឋធម្មនុញ្ញ ពី ២ភាគ៣ (២/៣) មក ៥០%+១។ លុះនៅថ្ងៃទី ០២ មីនា ២០០៦ រដ្ឋសភាជាតិ បានអនុម័តកែប្រែរូបមន្ត ពី ២ភាគ៣ មក ៥០%+១ (រដ្ឋធម្មនុញ្ញ មាត្រា៩០ ថ្មី) នេះជាផ្លូវការ ដែលមានសម្លេងអនុម័ត ១០១ សម្លេង ក្នុងចំណោមសមាជិកសភាសរុប ១២៣។
នៅក្នុងភាពចម្រូងចម្រាសនៃការកែប្រែរដ្ឋធម្មនុញ្ញ ទៅលើរូបមន្តបង្កើតរដ្ឋាភិបាលថ្មី នេះហើយ ធ្វើឲ្យសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រកាសលាលែងពីប្រធានរដ្ឋសភា នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០០៦ គឺរយៈពេលជាងមួយសប្តាហ៍ មុនពេលដែលរដ្ឋធម្មនុញ្ញត្រូវបានអនុម័តកែប្រែ។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងវេទិកាចែកសញ្ញាបត្រដល់ក្រុមនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ៣ មិថុនា ២០១៩ និយាយចំអកថា «លោក សម រង្ស៊ី ជាមនុស្សដែលស្រួលប្រើ»។ លោក បានរំលឹកយ៉ាងខ្លីថា លោកជាអ្នកបបួល លោក សម រង្សី ឲ្យចូលរួមកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០បូក១ កាលពីឆ្នាំ២០០៦។
អត្ថបទាក់ទង
– ស្វែងយល់៖ ហេតុអ្វីលោក សម រង្ស៊ី ចូលរួមកែប្រែរដ្ឋធម្មនុញ្ញ មក ៥០%+១ ក្លាយជាកំហុសឆ្គង និងនាំមកវិបត្តិនយោបាយ?

.
.