សិក្សាច្បាប់៖ របៀបបង្កើតរដ្ឋាភិបាលថ្មី តាម​រូបមន្ត ២​ភាគ​៣ (២/៣) និង ៥០បូក១ (៥០%+១)

សូមទាញយក Download

១. រូបមន្ត ២ភាគ៣ (២/៣) ត្រូវ​បានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ពី​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី ១៤ កុម្ភៈ ២០០៦ ជា​​រូបមន្ត​​​ដ៏​​ស្មុគ​​ស្មាញ សម្រាប់​​​គណបក្ស​នយោបាយ ដែល​​ឈ្នះ​ការ​​បោះ​​ឆ្នោត​​​ជាតិ ជាប់​លំដាប់ទី១ ពិបាក​​បង្កើត​​រដ្ឋាភិបាល​ម្នាក់​ឯង​​បាន ម្ល៉ោះ​ហើយ​ត្រូវរក​ចាប់​ដៃ​គូចរចា ជាមួយ​គណបក្សជាប់​ឆ្នោត​ផ្សេង​ទៀត ដើម្បី​​បង្គ្រប់​កូរ៉ុម ក្នុង​ការបង្កើត​រដ្ឋា​ភិបាល​ថ្មី ដែល​​​ហៅថា «រដ្ឋាភិបាលចម្រុះ» ដែល​អាចធានា​បាន​​​នូវ​គោលការណ៍​​​លទ្ធិ​ប្រជាធិបតេយ្យ រក្សា​តុល្យភាព​​អំណាច និង​​ធ្វើឲ្យ​​មាន​​ភាពប្រសើរ​​ឡើង​​នូវ​​ការ​គោរព​ច្បាប់។

រូបមន្តនេះ គឺគេយកចំនួនសមាជិកសភាសរុប គុននឹង ២ រួចចែកនឹង ៣។ ឧទហរណ៍ នៅ​អាណត្តិទី៣ (២០០៣-២០០៨)៖ ១២៣ x​ ២ = ២៤៥ ។ រួចយកលទ្ធផល ២៤៦/៣ = ៨២

ដូច្នេះគណបក្សឈ្នះ​ឆ្នោត ទាល់​តែ​រកបានសម្លេង ៨២ យ៉ាងតិច ដើម្បី​បង្កើត​​រដ្ឋា​ភិបាល​​បាន។ ជាមួយ​គ្នា​​នេះ នៅ​​មាន​​លក្ខខណ្ឌ​​បន្ទាប់​សន្សំមួយ​ចំនួន​​ទៀត ដើម្បី​​​បង្គ្រប់​​យន្តការ​​​ផ្លូវការ ក្នុង​​ការបង្កើត​រដ្ឋាភិបាល​​ថ្មី។

២. រូបមន្ត ៥០បូក១ ឬ ៥០%+១ (រដ្ឋធម្មនុញ្ញ មាត្រា៩០ ថ្មី) ត្រូវបាន​រដ្ឋសភា​ជាតិ ​អនុម័ត​​​ដោយ​សម្លេង​គាំទ្រ ១០១ ក្នុង​​​ចំណោម​​​សមាជិក​​​សភា​​​ សរុប ១២៣ នៅ​ថ្ងៃ​ទី ០២ មីនា ២០០៦។ ការ​ឈាន​​ទៅ​​រក​ការ​អនុម័ត​​រូបមន្ត​​នេះ បាន​​កើត​ឡើង​​ដោយ​​កិច្ច​ប្រជុំ​​សម្ងាត់ តែ ២ នាក់​ រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី រយៈ ៣ ម៉ោង ក្នុង​រដ្ឋសភា ថ្ងៃ​ទី ១២ កុម្ភៈ ២០០៦។ ការអនុម័ត​​កែប្រែ​​រដ្ឋធម្មនុញ្ញ​នោះ មាន​​​ការ​​ចូល​រួម​​ពី​បក្ស​ប្រឆាំង (២៤ អាសនៈ) ដឹកនាំ​​ដោយ​​លោក សម រង្ស៊ី, ​​បក្សប្រជាជនកម្ពុជា (៧៣ អាសនៈ) ដឹកនាំ​​ដោយ​​លោក ជា ស៊ីម និង​លោក ហ៊ុន សែន និង​គណ​បក្ស​​​ហ៊្វុន​ស៊ិន​ប៉ិច (២៦ អាសនៈ) ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ (ប៉ុន្តែព្រះអង្គខ្លួន​ឯង បាន​​លាលែង​ពី​ប្រធាន​រដ្ឋសភា តាំងពីថ្ងៃទី ៣ មីនា ដោយ​សារ​ការ​ខ្វែង​គំនិត​គ្នា ក្នុង​រឿង​កែប្រែ​រូបមន្ត​នេះ)។

រូបមន្ត ៥០%+១ នេះ គឺគេយកចំនួន​អាសនៈ​សរុប​របស់​រដ្ឋសភា ចែក​ជា ២ រួច​បូក ១ បន្ថែម។ ឧទាហរណ៍៖ ១២៣/២ = ៦១,៥ គឺគេកំណត់យក ៦២+១ = ៦៣

ដូច្នេះគណបក្សដែលឈ្នះការបោះឆ្នោត ទទួលបានអាសនៈរដ្ឋសភា ចាប់ពី ៦៣ កៅអី​ឡើង​ទៅ អាច​​បង្កើត​​​រដ្ឋាភិបាល​​​ម្នាក់​ឯង​​បាន ដោយ​​គ្រាន់​​តែ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

អាសនៈរដ្ឋភាជាតិ ត្រូវបានបង្កើនឡើងរហូត ១២៥ តាម​​ការអនុម័ត​​របស់​​រដ្ឋសភា មក​ពី​​គណ​បក្ស​​សង្គ្រោះ​ជាតិ និង​​​គណបក្ស​​កាន់អំណាច​​របស់​​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី ២០ មិថុនា ឆ្នាំ ២០១៧។ ការអនុម័នេះ ត្រូវ​បាន​អនុវត្ត​ចាប់​ពីការ​បោះឆ្នោត​ជាតិ ឆ្នាំ ២០១៨ តទៅ។

គួបញ្ជាក់ថា ចាប់​ពីអាណត្តិទី៤ ក្នុង​​ឆ្នាំ​ ២០០៨ រហូត​សព្វថ្ងៃ គឺ​​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​​អ្នក​​ដឹកនាំ​​​រដ្ឋាភិបាល​​ម្នាក់​​ឯង ដែល​​នាំ​​ឲ្យ​​មាន «ការ​រំលោភ​​អំណាច និង​​រំលោភ​​លទ្ធិ​ប្រជា​ធិបតេយ្យ​​ធ្ងន់ធ្ងរ»

(ដោយលោក ម៉ែន ណាត អតីតមន្រ្តីនាយកដ្ឋាននីតិវិធី នៃរដ្ឋសភា ឆ្នាំ​១៩៩៩​-​២០០៦ ​និង​​សព្វថ្ងៃ​​ជា​ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)

.


បុព្វហេតុ​​ក្នុង​​ការប្រែ​រដ្ឋធម្មនុញ្ញ ពី​រូបមន្ត ២​ភាគ​៣ (២/៣) មក ៥០%+១

(អត្ថបទដោយ CWCI Cambodia)

នៅ​ក្នុងសារ​វីដេអូខ្លី​មួយ ធ្វើឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​​បាន​​ផ្សាយ​​ឡើង​វិញ​​​លើ​បណ្តាញ​​សង្គម នៅ​ថ្ងៃទី ២១ ឧសភា ២០២០ នេះ លោក ម៉ែន ណាត ប្រធាន​ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​​កម្ពុជា បាន​​​រំលឹក​​​អំពី​​មូលហេតុ ២ ចំណុច ដែល​​​នាំ​ឲ្យ​​លោក សម រង្ស៊ី ចូល​រួម​​ជាមួយ​លោក ហ៊ុន សែន ក្នុង​​​ការ​​កែប្រែ​​​រដ្ឋ​ធម្មនុញ្ញ ពី ២ភាគ៣ (២/៣) មក ៥០%​+​១ នៅ​​ដើម​​ឆ្នាំ​ ២០០៦ ដែល​​កាល​នោះ​ លោក សម រង្ស៊ី នៅ​​​ជា​ប្រធាន​​​គណបក្ស​​​សម​-​រង្ស៊ី មាន​​​​អាសនៈ ២៤ ក្នុង​​ចំណោម​អាសនៈ​សរុប ១២៣ ក្នុង​​រដ្ឋសភាជាតិ ជាបក្ស​ប្រឆាំង (អាណត្តិ​ទី៣ ឆ្នាំ​​២០០៣-២០០៨)។ ចំណែក​ ​បក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ មាន​​អាសនៈ ២៦ ក្នុង​​រដ្ឋសភា បាន​​​ចូលរួម​​ធ្វើ​​រដ្ឋាភិបាល​ចម្រុះ ជាមួយ​​​បក្ស​ប្រជាជន​​​កម្ពុជា ​របស់​​​លោក ហ៊ុ​ន សែន ដែល​មាន ៧៣ អាសនៈ។

តាមរូបន្ត ២ភាគ៣ (២/៣) ក្នុង​អាណត្តិទី៣ កាល​​នោះ​​​សម្តេច​​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ ត្រូវ​​​​បាន​​​តែង​​តាំង​​​ជា​ប្រធាន​​​រដ្ឋសភា ហើយ​​​​លោក ហ៊ុន សែន ធ្វើ​​ជា​​នាយក​រដ្ឋមន្រ្តី។ ក្រសួង និង​ស្ថាប័ន​​នយោបាយ​​នានា​​​​របស់​​រដ្ឋាភិបាល ត្រូវ​​បាន​​​ចែក​​គ្នា​ដឹក​នាំ តាម​​គោលការណ៍​​នៃ​​កិច្ចព្រមព្រៀង រវាង​​គណបក្ស​​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច នៅ​គ្រានោះ។

លោក ម៉ែន ណាត បាន​​ថ្លែង​​​បញ្ជាក់​​ក្នុង​​​វីដេ​អូ​​​​​ថា «​ជា​ថ្នូរ​​​ក្នុង​​​ការ​​​ធ្វើ​​មាតុភូមិ​​និវត្តិន៍» ​លោក សម រង្ស៊ី បាន​យល់ព្រម​​ជាមួយ​លោក ហ៊ុន សែន ចំនួន ចំណុច៖ «ទី១. រំសាយ​ពាក្យ​​បណ្តឹង ឬ​ដក​ពាក្យ​បណ្តឹង​ពី​តុលាការ​ នៅ​ទី​ក្រុង​ញូវយក សហរដ្ឋ​អាមេរិក ដែល​​លោក រ៉ន អាប់នី (Ron Abney) អតីត​ប្រធាន​​អង្គការ IRI របស់​អាមេរិក​នៅ​​កម្ពុជា និង​​​លោក សម រង្ស៊ី បាន​ប្តឹងលោក ហ៊ុន សែន និង​ជនពាក់ព័ន្ធ អំពី​ករណី​​គប់គ្រាប់បែកដៃ ចូល​ក្នុង​ហ្វូងបាតុករ នៅ​ថ្ងៃទី ៣០ មីនា ១៩៩៧ ខាង​មុខ​រដ្ឋសភា​​ជាតិ {បណ្តាលឲ្យបាតុករ ១៦ នាក់ស្លាប់ និង​ជាង ១០០ នាក់​រងរបួស}។ ទី២. យល់​ព្រម​ចូល​រួម​កែប្រែ​រដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០%+១ (រដ្ឋធម្មនុញ្ញ មាត្រា៩០ ថ្មី)»

លោក សម រង្ស៊ី បាន​វិលត្រឡប់​​ពី​ការ​ភៀសខ្លួន​នៅ​ប្រទេស​បារាំង មក​​​កាន់​​​​កម្ពុជា​វិញ កាល​​ពី​​​ថ្ងៃទី ១០ កុម្ភៈ ២០០៦ តាម​​ព្រះរាជក្រឹត្យ​​លើក​លែង​​​ទោស​​​ពី​​​ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុង​​ថ្ងៃទី ០៥ ខែកុម្ភៈ​ដដែល បន្ទាប់​​ពី​លោក បាន​​សរសេរ​​លិខិត​សុំទោស​ ទៅ​​​កាន់​​​​លោក ហ៊ុន សែន

នៅថ្ងៃទី​ ១២ កុម្ភៈ ២០០៦ លោក សម រង្ស៊ី បាន​ជួប​​ប្រជុំ​​ដោយ​ឡែក​​​ជាមួយ​​​លោក ហ៊ុន សែន រយៈ​ពេល ៣ ម៉ោង ជុំវិញ​យន្តការ​ប្រែរដ្ឋធម្មនុញ្ញ​ ពី ២ភាគ៣ (២/៣) មក ៥០%​+​១។ លុះ​នៅថ្ងៃទី ០២ មីនា ២០០៦ រដ្ឋសភា​ជាតិ បាន​អនុម័ត​កែប្រែរូបមន្ត ពី ២ភាគ៣ មក ៥០%+១ (រដ្ឋធម្មនុញ្ញ មាត្រា៩០ ថ្មី) នេះ​ជា​ផ្លូវការ ដែល​​​​មាន​​​សម្លេង​​អនុម័ត ១០១ សម្លេង ក្នុង​​ចំណោម​សមាជិក​​សភា​ស​រុប ១២៣។

នៅ​ក្នុងភាពចម្រូងចម្រាស​នៃ​ការកែប្រែ​រដ្ឋធម្មនុញ្ញ ទៅ​លើ​រូបមន្ត​បង្កើត​រដ្ឋា​ភិបាល​ថ្មី នេះ​ហើយ ធ្វើ​ឲ្យ​សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រកាស​លាលែង​ពី​ប្រធាន​រដ្ឋសភា នៅថ្ងៃទី ៣ ខែ​មីនា ឆ្នាំ​២០០៦ គឺ​រយៈពេល​ជាង​មួយ​សប្តាហ៍ មុនពេល​ដែល​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​អនុម័ត​កែប្រែ។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុង​វេទិកា​​ចែក​​សញ្ញាបត្រ​​ដល់​​ក្រុម​និស្សិត​ នៅ​​​សាកល​​​វិទ្យាល័យ​​​​ភូមិន្ទ​​ភ្នំពេញ កាល​​​ពីថ្ងៃទី ៣ មិថុនា ២០១៩ ​និយាយ​​ចំអក​​​ថា «​លោក សម រង្ស៊ី ​ជា​ម​នុស្ស​​ដែល​​ស្រួល​​ប្រើ»​។ លោក បាន​​រំលឹក​​​យ៉ាង​ខ្លី​ថា លោក​ជាអ្នក​បបួល ​​លោក សម រង្សី ឲ្យ​ចូល​រួម​កែ​រដ្ឋធម្មនុញ្ញ​ពី​ ២​ភាគ​៣ មក ​៥០​បូក​១ កាល​ពី​ឆ្នាំ​​​២០០៦។

អត្ថបទាក់ទង
– ស្វែងយល់៖ ហេតុអ្វីលោក សម រង្ស៊ី ចូល​រួមកែ​ប្រែ​រដ្ឋធម្មនុញ្ញ មក ៥០%+១ ក្លាយ​ជា​កំហុស​​ឆ្គង​​ និង​នាំ​មក​វិបត្តិ​​នយោបាយ​?

លោក ម៉ែន ណាត / Mr. Men Nath

.

.