អត្ថបទវេទិកាពលរដ្ឋ
វេទិកាពលរដ្ឋ បានសេចក្តីថ្លែងការណ៍ ដែលចុះហត្ថលេខាដោយលោក គឹម សុខ ជាប្រធាននៃវេទិកានេះ ផ្សព្វផ្សាយកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។ សូមទាញយក «សេចក្តីថ្លែងការណ៍ (Download)» ឬអានអត្ថបទខាងក្រោម។
សេចក្តីថ្លែងការណ៍
យើងពលរដ្ឋខ្មែរ ត្រូវការប្រើសិទ្ធិអំណាចតាមរដ្ឋធម្មនុញ្ញ និង កិច្ចព្រមព្រៀងប៉ារីស៍
លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺជាមូលដ្ឋានធានា នូវអនាគតល្អប្រសើររបស់ប្រជាពលរដ្ឋខ្មែរ និង អាយុជីវិតជាតិសាសន៍ខ្មែរ មិនឲ្យបាត់បង់ដោយប្រការណាមួយ។ ប្រជាធិបតេយ្យសេរីពហុបក្សកម្ពុជា មានការធានា ដោយស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីស៍ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងខ្លឹមសារនៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣។ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស៍ មានហត្ថលេខារបស់មហាអំណាចនានានៅលើពិភពលោក ដែលនៅតែមានករណីកិច្ចជ្រោមជ្រែងកម្ពុជា ឲ្យដើរលើផ្លូវប្រជាធិបតេយ្យ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង ជប៉ុន អូស្ត្រាលី និង រដ្ឋហត្ថលេខីដទៃទៀត។ ពួកគេនៅតែទទួលស្គាល់តម្លៃកិច្ចព្រមព្រៀងនេះ។
កាលៈទេសៈនេះ គឺជាឱកាសល្អណាស់ សម្រាប់អ្នកនយោបាយ សង្គមស៊ីវិល សកម្មជន និង ប្រជាពលរដ្ឋខ្មែរ ដែលប្រាថ្នាប្រជាធិបតេយ្យ គួរនាំគ្នាចេញមុខជាសាធារណៈ ទាមទារយុត្តិធម៌ប្រជាធិបតេយ្យ នៅស្របពេលប្រមុខរដ្ឋ និងរដ្ឋាភិបាល នៃរដ្ឋហត្ថលេខីមានសក្ដានុពលទាំងឡាយ មានវត្តមាននៅប្រទេសកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក។ ការចេញមុខបង្ហាញសំឡេងកាន់តែខ្លាំងក្លា និងជំហរទទូចចង់បានលទ្ធិ ប្រជាធិបេតេយ្យនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់។ ទី១. អាចលើកទឹកចិត្តឲ្យមេដឹកនាំរដ្ឋាភិបាល ឬ ប្រមុខរដ្ឋនៃបស្ចិមប្រទេស រួមទាំងសហរដ្ឋអាមេរិក មានសារនយោបាយត្រូវស្ថានការណ៍ ដើម្បីរំឭកលោក ហ៊ុន សែន អំពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ និង ទី២. អាចចងជាប់ ក្នុងចិត្តនៃពួកគេថា អនាគតប្រជាជាតិខ្មែរ ដែលត្រូវដើរលើផ្លូវប្រជាធិបតេយ្យសេរីនោះ ប្រជាពលរដ្ឋខ្មែរត្រូវការពឹងពាក់លើអន្តរាគមន៍របស់ពួកគេជា រដ្ឋហត្ថលេខីជាចាំបាច់ ដូច្នេះ ពួកគេមិនអាចបន្តធ្វើព្រងើយកន្តើយ ឬបោះបង់ប្រជាពលរដ្ឋខ្មែរឡើយ។
ម្យ៉ាងទៀត គួរណាស់តែពេលនេះ យើងជាពលរដ្ឋខ្មែរ មិនគួរនៅបន្តញញើតខ្លាចអំណាចនាយករដ្ឋមន្ត្រីហួសហេតុពេកទេ ពីព្រោះអំណាច នាយករដ្ឋមន្ត្រី មិនមានអ្វីហួសពីសេចក្ដីចែងក្នុងខ្លឹមសារនៃរដ្ឋធម្មនុញ្ញឡើយ គឺត្រូវទទួលស្គាល់សិទ្ធិរបស់ពលរដ្ឋខ្មែរ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាកសល ស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។ កាលណាលោក ហ៊ុន សែន អនុវត្តរំលោភបំពានហួសបញ្ញត្តិនេះ គាត់ចៀសមិនផុតពីត្រូវប្រឈមធ្ងន់ធ្ងរឡើង ពីសម្ពាធរបស់សហគមន៍ អន្តរជាតិសេរីប្រជាធិបតេយ្យ ដែលនឹងរុញឲ្យគាត់និងកូនប្រុសរបស់គាត់ កាន់តែថប់ដង្ហើមអំណាច។
រដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិ មិនមែនចែងតែពីអំណាចនាយករដ្ឋមន្ត្រីទេ ក៏មានចែងអំពីសិទ្ធិអំណាចរបស់យើង ដែលជាប្រជាពលរដ្ឋដែរ។ គឺយើងពលរដ្ឋខ្មែររួមគ្នា ជាម្ចាស់វាសនាប្រទេសកម្ពុជា។ យើងពលរដ្ឋខ្មែរ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។ យើងពលរដ្ឋខ្មែរ មានសិទ្ធិធ្វើកូដកម្ម និងបាតុកម្ម ដោយសន្តិវិធី។ សេចក្ដីស្នើរបស់យើងជាពលរដ្ឋ ត្រូវតែទទួលបាន ការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ ពីអង្គការរដ្ឋ។ សព្វថ្ងៃ យើងពលរដ្ឋខ្មែរ កំពុងមានទុក្ខជាទម្ងន់ពីការរំលោភសិទ្ធិរបស់យើង ដោយរដ្ឋអំណាច គ្រប់ជាន់ថ្នាក់នៃរដ្ឋាភិបាលលោក ហ៊ុន សែន ហេតុនេះ តើយើងនៅទ្រាំដល់ពេលណា ទើបយើងហ៊ានប្រើសិទ្ធិយើង ចេះចេញតវ៉ាជាចំហ ដើម្បីទាមទារយុត្តិធម៌ប្រជាធិបតេយ្យ ដែលជាផលប្រយោជន៍របស់យើងជាប្រជាពលរដ្ឋម្ចាស់ប្រទេសជាតិ?
វេទិកាពលរដ្ឋ លើកទឹកចិត្តពលរដ្ឋ ចេញតវ៉ាទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣ វិច្ឆិកា ជាថ្ងៃចុងក្រោយនៃការប្រជុំអាស៊ាន។
បងប្អូនរួមជាតិ គួរតែពិចារណាថា រដ្ឋធម្មនុញ្ញជាតិចែងប្រគល់សិទ្ធិឲ្យយើងហើយ ហើយបើយើងមិនប្រើសិទ្ធិបង្ហាញជាសាធារណៈទេ សហគមន៍អន្តរជាតិប្រជាធិបតេយ្យ ក៏ពិបាករកហេតុផលរឹងមាំ ដើម្បីនឹងធ្វើអន្តរាគមន៍ជួយយើងដែរ។
សហរដ្ឋអាមេរិក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២
គឹម សុខ
ប្រធានវេទិកាពលរដ្ឋ
