អត្ថបទ វេទិកាពលរដ្ឋ
វេទិកាពលរដ្ឋ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ជាបន្ទាន់ នូវគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ សេចក្តីថ្លែងការណ៍នេះ ចុះហត្ថលេខាដោយលោក គឹម សុខ ប្រធានវេទិកាពលរដ្ឋ ហើយផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។ សូមទាញយក «សេចក្តីថ្លែងការណ៍ / Download» ឬអានអត្ថបទខាងក្រោម។
សេចក្ដីថ្លែងការណ៍
ដោយយល់ឃើញថា វិបត្តិនយោបាយ វិបត្តិប្រជាធិបតេយ្យជាតិ វិបត្តិដីធ្លី ការហិនហោចនៃធនធានធម្មជាតិ វិបត្តិអយុត្តិធម៌សង្គម ឱនភាពសេដ្ឋកិច្ចពាណិជ្ជកម្ម បញ្ហាប្រេងឥន្ធនៈ/សាំងឡើងថ្លៃ កំណើនអត្រាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ កំណើនពលរដ្ឋចំណាកស្រុក ទំហំបំណុលជាតិជំពាក់បរទេស ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលក៏កំពុងប្រឈមនឹងវិបត្តិបំណុលស្ទើរគ្រប់ក្រុមគ្រួសារ និង រឿងទឹកដីព្រំដែនជាតិកម្ពុជា គឺជាបញ្ហាដែលត្រូវដោះស្រាយជាអាទិភាព …
ក្រុមអ្នកកាន់អំណាចនៅភ្នំពេញ គួរផ្ដោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនេះ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និង មិនត្រូវកែរដ្ឋធម្មនុញ្ញ ដើម្បីបំពេញសេចក្ដីត្រូវការអំណាចអ្នកដឹកនាំ ធ្វើឲ្យជាតិកាន់តែស្មុគស្មាញនោះទេ។
វេទិកាពលរដ្ឋ សូមស្នើឲ្យលោក ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលបច្ចុប្បន្ន រដ្ឋសភាឯកបក្ស និង ក្រុមប្រឹក្សាធម្មនុញ្ញ ដែលកើតពីការបោះឆ្នោតមិនយុត្តិធម៌ ត្រូវបញ្ឈប់ជាបន្ទាន់ នូវគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលមានគោលដៅ ត្រឹមតែជាការអនុវត្តផែនការផ្ទេរអំណាចឲ្យលោក ហ៊ុន ម៉ាណែត។
យើងខ្ញុំមើលឃើញថា ការកែមាត្រា ១២៥ថ្មី មានខ្លឹមសារ ដើម្បីគ្រាន់តែ បើកផ្លូវឲ្យមានការចាត់តាំងនាយករដ្ឋមន្ត្រីថ្មី និង បង្កើតរដ្ឋាភិបាលថ្មីមួយ នៅពេលណាក៏បាន តាមការចង់បានរបស់លោក ហ៊ុន សែន។ ការកែមាត្រា ១១៩ថ្មី ធ្វើឡើងដើម្បីគ្រាន់តែ បង្កភាពងាយស្រួលចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី តាមវិធីប្រគល់អំណាចឲ្យគណបក្ស នយោបាយមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ជាអ្នកស្នើឲ្យព្រះមហាក្សត្រ ចាត់តាំងនាយករដ្ឋមន្ត្រីថ្មី ដែលជាការបំបាត់ចោល នូវអំណាចរដ្ឋសភា ប្រធាន និងអនុប្រធាននៃរដ្ឋសភា ពោលគឺផ្ទុយពីអំណាចដឹកនាំជាតិ តាមគោលការណ៍សភានិយម។ ការកែមាត្រា ៩៨ថ្មី និង មាត្រា ៨៩ ជាដើម គឺដើម្បីគ្រាន់តែ ការពារអំណាចរដ្ឋាភិបាលថ្មីមួយ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត នៅពេលខាងមុខ កុំឲ្យមានអ្នកណាប៉ះពាល់បានប៉ុណ្ណោះ។
ជារួម អំពើកែរដ្ឋធម្មនុញ្ញលើកនេះ គឺជាការប្រមាថមើលងាយប្រជាពលរដ្ឋខ្មែរមួយនគរ ដែលជាម្ចាស់ប្រទេសកម្ពុជា។
សហរដ្ឋអាមេរិក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២
គឹម សុខ (ហត្ថលេខា)
ប្រធានវេទិកាពលរដ្ឋ
