អត្ថបទ៖ វេទិកា​ពលរដ្ឋ

ប្រធាន​វេទិកាពលរដ្ឋ​ លោក គឹម សុខ បាន​ចុះ​ហត្ថលេខា​លើ​​សេចក្តី​ថ្លែងការណ៍ ជំរុញ​ឲ្យ​អ្នក​ប្រជា​ធិបតេយ្យ បង្កើត​កម្លាំង​រួប​រួម បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ដ៏​អាក្រក់​បំផុត។ សេចក្តីថ្លែងការណ៍​នេះ ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ​២០២២។ សូម​ទាញ​យក​«សេចក្តីថ្លែងការណ៍ / Download» ឬ​​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្ដីថ្លែងការណ៍
ជំរុញ​ការបង្កើត​កម្លាំង​រួបរួម

ក្នុងនាម​ជាអ្នកឃ្លាំមើល ជាមួយ​ព្រឹត្តិន័យ វេទិកា​ពលរដ្ឋ ធ្វើ​ការ​កត់​សម្គាល់ និង ​វាយ​តម្លៃ​ថា ព្រឹត្តិការណ៍​បោះ​ឆ្នោត ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃទី​០៥ ខែ​មិថុនា ឆ្នាំ​២០២២ ថ្មីៗ​នេះ គឺជា​ឧក្រិដ្ឋកម្ម​ប្លន់​លទ្ធផល​បោះ​ឆ្នោត បំភ្លៃ​ឆន្ទៈ​របស់​​ប្រជា​ពលរដ្ឋ ដ៏​អាក្រក់​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​បោះ​ឆ្នោត នៅ​ប្រទេស​កម្ពុជា។

គណបក្សខ្លះ ដូចជា គណបក្ស​ភ្លើង​ទៀន ជាដើម ពី​ដំបូង​បង្ហាញ​ជំហរ​មិន​យល់​ស្រប នឹង​សេចក្ដី​វាយ​តម្លៃ​​របស់​យើង​ខ្ញុំ ប៉ុន្តែ នៅ​ទីបំផុត នៅ​ក្រោយ​ការ​បោះ​ឆ្នោត គណបក្ស​នេះ​ក៏​បាន​ប្រើ​ពាក្យ «ការ​បោះ​ឆ្នោត​អាក្រក់​មែន​ទែន» ដូច​ដែល​យើង​បាន​ប្រើ​ប្រាស់ ដោយ​ការ​ថ្លឹង​ថ្លែង តាំង​ពី​ពេល​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ម្ល៉េះ។

ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​ជា​វិបត្តិ ពី​ការ​បោះ​ឆ្នោត​ដ៏​អាក្រក់​បែប​នេះ​ វេទិកា​ពលរដ្ឋ សូម​អំពាវនាវ​ដល់​គណបក្សក្រៅ​រដ្ឋាភិបាល​ទាំង​ឡាយ​ មេត្តា​ស្វែង​រក​ការ​ជួប​ជជែក​គ្នា ដោយ​សុទ្ធចិត្ត និង ស្មារតី​សុចរិត​ជាតិ​ជា​មូលដ្ឋាន ដើម្បី​បង្កើត​កម្លាំង​រួបរួម ដ៏​មាន​សក្ដានុពល​ធំ​មួយ ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន តាម​មធ្យោបាយ​និង​វិធី​អហិង្សា ឲ្យ​បាន​តាម​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ។

«ការបង្កើត​កម្លាំង​រួបរួម​នេះ» គួរ​តែ​ធ្វើ​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ ឬ កាន់​តែ​ឆាប់​កាន់​តែ​ល្អ ចៀស​វាង​ការ​ចាយ​ពេល​ចោល​អសារឥត​ការ​រៀង​មក ដូច​កាល​ពី​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

សហរដ្ឋអាមេរិក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២

គឹម សុខ (ហត្ថលេខា)
ប្រធាន វេទិកាពលរដ្ឋ