អត្ថបទ វេទិកាពលរដ្ឋ
វេទិកាពលរដ្ឋ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសេចក្តីថ្លែងការណ៍ថ្កោលទោសលោក ផែង វណ្ណៈ ដែលជាមនុស្សជិតស្និទ្ធនឹងគ្រួសារលោក ហ៊ុន សែន គំរាមសម្លាប់លោក តាំង សារ៉ាដា ប្រធានការផ្សាយនៃសារព័ត៌មាន The Cambodia Daily ជាភាសាខ្មែរ។ សេចក្តីថ្លែងការណ៍នេះ ចុះហត្ថលេខាដោយលោក អ៊ាប សេង អគ្គលេខាធិការនៃវេទិកាពលរដ្ឋ ចុះផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ សូមទាញយក «សេចក្តីថ្លែងការណ៍ (Download)» ឬអានអត្ថបទខាងក្រោម។
សេចក្តីថ្លែងការណ៍
វេទិកាពលរដ្ឋ សូមថ្កោលទោសបុគ្គល ផែង វណ្ណៈ ដែលបានជេរប្រមាថ បែបអវិជ្ជាបំផុត រហូតដល់គំរាមសម្លាប់ ដោយពាក្យ«ពុះក្បាលនឹងពូថៅ» បែបចរិតឃាតកចេញមុខ លើលោក តាំង សារ៉ាដា ប្រធានការផ្សាយនៃសារព័ត៌មាន The Cambodia Daily ជាភាសាខ្មែរ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
សម្ដីរបស់បុគ្គល ផែង វណ្ណៈ ដែលថា «ពុះក្បាលនឹងពូថៅ ប្រសិនបើ តាំង សារ៉ាដា ហ៊ានមកជាន់ទឹកដីខ្មែរ» បែបនេះ ជាការបង្ហាញថា របបដឹកនាំសង្គមកម្ពុជាសព្វថ្ងៃ ក្រោមអំណាចរបស់លោក ហ៊ុន សែន គឺស្រដៀងនឹងរបបប៉ុលពតខ្លាំងណាស់ បើបុគ្គល ផែង វណ្ណៈ មិនប្រឈមនឹងការផ្ដន្ទាទោសទេ ពីព្រោះ មានតែរបបប៉ុលពតប៉ុណ្ណោះ ដែលពួកកាន់ការងាររបស់អង្គការគ្រប់លំដាប់ថ្នាក់ មានសិទ្ធិសម្លាប់ពលរដ្ឋគ្មានកំហុស តាមទំនើងចិត្ត និង បែបឥតសាសនា។ ឯណាទៅ សិទ្ធិរស់រានមានជីវិតជាមូលរដ្ឋាន របស់ពលរដ្ឋខ្មែរ ដែលមន្ត្រីរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា សូត្រឃោសនារាល់ថ្ងៃ និងអះអាងថា ត្រូវតែអនុវត្តឲ្យបាននោះ?
ដោយបានស្ដាប់ប្រតិកម្មរបស់ប្រជាពលរដ្ឋទូទៅ យើងខ្ញុំដឹងច្បាស់ថា ពួកគាត់ទទួលយកមិនបានឡើយ ពេលឮសារសំឡេង ដែលបង្ហាញចេតនាជាឃាតករបស់បុគ្គល ផែង វណ្ណៈ ពីព្រោះ ការប៉ុនប៉ងសម្លាប់មនុស្ស និង ការសម្លាប់មនុស្ស ដោយចេតនា ដោយបុគ្គលណាម្នាក់ ជាការបំពានធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ច្បាប់សិទ្ធិមនុស្សសកល និង ច្បាប់សាសនាផង។
វេទិកាពលរដ្ឋ ដាស់តឿនលោក ហ៊ុន សែន ថា កាលណារដ្ឋាភិបាលចេះតែបណ្ដោយឲ្យបុគ្គល ដែលមានចរិតជាឃាតកដូចឈ្មោះ ផែង វណ្ណៈ នេះ នៅតែបន្តបំពានច្បាប់ និង បង្កអសន្តិសុខដល់ពលរដ្ឋស្លូតត្រង់តទៅទៀត ទាំងមិនញញើត បន្តិចសោះ ដោយសកម្មភាពក្ដី និងដោយពាក្យសម្ដីគំរាមក្ដី វានឹងរីករាលដាលទៅជាកំហឹងមហាជនចលាចលសង្គមនៅថ្ងៃណាមួយ។ ការចាត់ការបុគ្គល ផែង វណ្ណៈ តាមច្បាប់ជាធរមាន គឺជាជម្រើសត្រឹមត្រូវតែមួយគត់។
សហរដ្ឋអាមេរិក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣
អ៊ាប សេង
អគ្គលេខាធិការវេទិកាពលរដ្ឋ
.
