អត្ថបទ វេទិកាពលរដ្ឋ
វេទិកាពលរដ្ឋ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍ ទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងសកម្មជនសង្គម លោក ធែល ធីលែន និងសកម្មជនឯទៀត។ សេចក្តីថ្លែងការណ៍នេះ ចុះហត្ថលេខាដោយលោក អ៊ាប គឹមសេង (អ៊ាប សែង) អគ្គលេខាធិការវេទិកាពលរដ្ឋ បានចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។ សូមទាញយក «សេចក្តីថ្លែងការណ៍ (Download)» ឬអានអត្ថបទខាងក្រោម។
សេចក្តីថ្លែងការណ៍
ការចាប់ខ្លួនលោក ធែល ធីលែន
ជាការលេីកតម្កើងមហិច្ឆតាឈ្លានពានរបស់វៀតណាម
វេទិកាពលរដ្ឋ ថ្កោលទោសអាជ្ញាធរនៃលោក ហ៊ុន សែន ដែលបានចាប់ខ្លួនសកម្មជនសង្គមយ៉ាងតក់ក្រហល់ ខណៈពេលយុវជនរូបនេះ ធ្វើយុទ្ធនាការបាតុកម្មអហិង្សា ទាមទារឲ្យរដ្ឋាភិបាល ទម្លាក់ចោលគម្រោងផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រែយ៍ដល់ជនអន្តោប្រវេសន្ដនៅកម្ពុជា ដែលស្ទើរតែទាំងអស់ ជាជនអន្តោប្រវេសន្តវៀតណាមខុសច្បាប់ និង ស្នើរំសាយផែនការបង្កើតដេប៉ាតឺម៉ង់(Département) ភាសាវៀតណាម នៅសាកលវិទ្យល័យភូមិន្ទភ្នំពេញ។
ការលេចចេញភ្លាមៗនូវដីកាបង្គាប់ឲ្យឃុំខ្លួន លោក ធែល ធីលែន ភ្ជាប់សាច់រឿង«លួចលក់អចលនវត្ថុរបស់អ្នកដទៃ» តាំងពីអំឡុងឆ្នាំ២០១៦ នៅចំពេលយុវជន ធែល ធីលែន ធ្វើសកម្មភាពតស៊ូមតិការពារពូជសាសន៍ខ្មែរនៅពេលនេះ នោះបង្ហាញពីចំណាត់ការ ដែលមានចរិតអាជ្ញាទំនើងចិត្ត បំបាក់ស្មារតីកូនខ្មែរ ដែលមានឆន្ទៈគិតគូរអាយុជីវិតជាតិខ្មែរ។ វាពិតជារឿងអកុសលខ្លាំងណាស់ សម្រាប់ពូជសាសន៍ខ្មែរយើង ដែលបច្ចុប្បន្នមានរដ្ឋាភិបាលលោក ហ៊ុន សែន ហ៊ានប្រើគ្រប់ឧបាយកល ក្នុងការបំផ្លាញទឹកចិត្តតស៊ូដើម្បីជាតិខ្មែររបស់កូនខ្មែរ ក្នុងគោលដៅជ្រោមជ្រែងយុទ្ធសាស្ត្រឈ្លានពានរបស់វៀតណាម។
វេទិកាពលរដ្ឋ ពិតជាសោកស្ដាយពន់ពេក ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ជាមិត្តដ៏ស៊ីជម្រៅរបស់វៀតណាម មិនរៀនមេរៀនលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ឲ្យការពារអធិបតេយ្យជាតិខ្មែរ ដូចគំរូរបស់មេដឹកនាំវៀតណាម ដែលបំពាក់ស្មារតីជាតិដល់ពលរដ្ឋរបស់គេ។ មេរៀនគំរូ ដែលមេដឹកនាំវៀតណាមអនុវត្តសម្រាប់ពង្រឹងស្មារតីការពារជាតិខ្លួន គឺក្នុងខែមិថុនា ឆ្នាំ២០១៨ រដ្ឋាភិបាលវៀតណាម មិនត្រឹមតែមិនធ្វើទុក្ខបុកម្នេញបាតុករវៀតណាមនោះទេ ថែមទាំងបានលើកសរសើរនូវពាក្យ «ជាអ្នកការពារទឹកដីវៀតណាម ដ៏អង់អាចក្លាហាន» ទោះបីជាបាតុករទាំងនោះ បានធ្វើបាតុកម្មប្រឆាំងនឹងការវិនិយោគដីសម្បទានរបស់ក្រុមហ៊ុនចិន រហូតដល់ក្លាយជាកុប្បកម្ម ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើនក៏ដោយ។
យើងខ្ញុំមើលឃើញថា បើដ្ឋាភិបាលលោក ហ៊ុន សែន មិនធ្វើជាឧបករណ៍ឈ្លានពានរបស់វៀតណាមទេ គួរណាស់ រៀនមេរៀន លើកទឹកចិត្តពលរដ្ឋខ្មែរ ឲ្យការពារជាតិខ្មែរ ដូចមេដឹកនាំវៀតណាម ដែលលើកតម្កើងប្រជាជនរបស់គេដែរ។ តាមគំរូនេះ លោក ធែល ធីលែន និង សកម្មជនសង្គមឯទៀត ត្រូវតែទទួលបានការដោះលែងឲ្យមានសេរីភាព ពីសកម្មភាពតស៊ូមតិអហិង្សារបស់ពួកគាត់ ដើម្បីបុព្វហេតុជាតិ។ បើមិនដូច្នោះទេ លោក ហ៊ុន សែន គឺជាភ្នាក់ងារបន្តសម្រួលការឈ្លានពានរបស់វៀតណាម មិនអាចប្រកែកបាន។
សហរដ្ឋអាមេរិក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២
អ៊ាប គឹមសេង
អគ្គលេខាធិការវេទិកាពលរដ្ឋ


.